នៅពេលក្រុមមន្ត្រី និងមេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានគេរំលាយកាលពីឆ្នាំមុនបន្តធ្វើយុទ្ធនាការជំទាស់នឹងការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលពួកគេចោទថា ជាការបោះឆ្នោតក្លែងក្លាយ និងឥតអៀនខ្មាស់ព្រោះតែមិនមានវត្តមានគណបក្សប្រឆាំងនោះ ក្រុមសមាគមខ្មែរអូស្រា្តលី និងនូវែលសេឡង់ចំនួន៦ បានចេញមុខកោតសរសើរតាមសេចក្តីថ្លែងការណ៍មួយថា ការបោះឆ្នោតនាពេលថ្មីៗ អាចចាត់ទុកជា «គំរូដល់ប្រទេសមួយចំនួនក្នុងតំបន់» ដោយសារមានចំនួនអ្នកចេញទៅបោះឆ្នោតច្រើនជាង៨០ភាគរយ និងអ្នកសង្កេតការណ៍មកពីជាង៥០ប្រទេស។ នេះបើយោងតាមសេចក្តីរាយការណ៍របស់អង្គភាពព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលប្រទេសកម្ពុជា និងសេចក្តីថ្លែងការណ៍របស់ក្រុមសមាគមខ្មែរទាំង៦។
តួលេខបឋមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា (គ.ជ.ប)បានឱ្យដឹងថា មានពលរដ្ឋជាង៨២ភាគរយបានចេញទៅបោះឆ្នោត បើទោះបីជាគណបក្សសង្គ្រោះជាតិបានអំពាវនាវឱ្យពលរដ្ឋនៅផ្ទះកុំចេញទៅបោះឆ្នោតក៏ដោយហើយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅទូទាំងពិភពលោកបានធ្វើបាតុកម្មព្រមៗគ្នាប្រឆាំងនឹងការបោះឆ្នោតនេះ។
សេចក្តីប្រកាសរបស់ក្រុមសមាគមទាំងប្រាំមួយធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ បាននិយាយថា៖
«ដោយបានចូលរួមធ្វើជាអ្នកសង្កេតការណ៍អន្តរជាតិ យើងសូមអបអរសាទរប្រជាជនកម្ពុជាសម្រាប់ការចូលរួមចំណែករបស់ពួកគេ ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសរបស់ពួកគេ ដោយបានបង្ហាញឆន្ទៈចេញទៅបោះឆ្នោតក្នុងចំនួនច្រើនលើសលុប ស្របទៅតាមច្បាប់ និងរដ្ឋធម្មនុញ្ញកម្ពុជា ជាមួយជម្រើសជាច្រើន ហើយត្រូវបានការពារដោយប្រព័ន្ធបោះឆ្នោតសម្ងាត់»។
សេចក្តីប្រកាសបានសរសេរបន្តថា៖
«ស្របពេលជាមួយគ្នានេះ យើងពេញចិត្តជាទីបំផុត ចំពោះកិច្ចខិតខំដ៏គួរឲ្យកោតសរសើររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ការធ្វើឲ្យការបោះឆ្នោតនេះ ក្លាយជាគំរូសម្រាប់ប្រទេសក្នុងតំបន់មួយចំនួន ដោយបានធានានូវភាពសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងដោយគ្មានការគំរាម»។
សមាគមមិត្តភាពខ្មែរក្រៅស្រុកនៅប្រទេសបារាំង ក៏បានប្រកាសគាំទ្រដល់ការបោះឆ្នោតនេះ និងបានសំដែងទស្សនៈស្រដៀងគ្នានឹងក្រុមសមាគមទាំងប្រាំមួយខាងលើនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់អង្គភាពព័ត៌មាន Freshnews ដែលស្និទ្ធនឹងរដ្ឋាភិបាលប្រទេសកម្ពុជា។
ផ្ទុយពីការថ្លែងរបស់ក្រុមសមាគមទាំងប្រាំមួយ ដែលគេមិនសូវស្គាល់ក្នុងប្រទេសកម្ពុជានោះ អ្នកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានរិះគន់ការបោះឆ្នោតថ្មីៗនេះថា បានធ្វើឡើង ដោយគ្មានភាពសេរី និងយុត្តិធម៌នោះទេ។
ថ្លែងក្នុងសនិ្នសីទព័ត៌មានសង្ខេបមួយ ធ្វើឡើងកាលពីថ្ងៃទីអង្គារ អ្នកស្រី Heather Nauert បានលើកឡើងក្នុងន័យដើមថា៖
«ការបោះឆ្នោតនោះ គឺពិតប្រាកដណាស់មិនសេរី និងយុត្តិធម៌នោះទេ ហើយមិនបានតំណាងដល់ឆន្ទៈរបស់ប្រជាជនកម្ពុជានោះឡើយ។ យើងបានឃើញរឿងរ៉ាវជាច្រើនអំពីថា ប្រជាពលរដ្ឋត្រូវបានគេលើកទឹកចិត្តខ្លាំងប៉ុណ្ណា ដើម្បីឲ្យពួកគេទៅបោះឆ្នោតនោះ។ ហើយតើពួកគេត្រូវធ្វើយ៉ាងម៉េចពេលត្រូវសម្រេចចិត្តបោះឆ្នោតនោះ? ពួកគេបានបញ្ចប់រឿងនេះ ដោយការគូរគំនូរ ឬដាក់ឈ្មោះជាច្រើនដែលមែនទែនទៅមិនមានលើសន្លឹកឆ្នោត ដែលការណ៍នេះជាទម្រង់នៃការជំទាស់»។
អ្នកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយបន្តថា អ្វីទាំងអស់ដែលបានកើតឡើង រាប់ចាប់តាំងពីការណ៍ដែលរដ្ឋាភិបាលបានធ្វើឲ្យមានការពិបាកកាន់តែខ្លាំងសម្រាប់អង្គភាពព័ត៌មានអាចបំពេញការងាររបស់ពួកគេបាននោះ គឺជាការដើរថយក្រោយយ៉ាងខ្លាំងនៃការជឿនលឿនខាងសេដ្ឋកិច្ច និងប្រជាធិបតេយ្យ ដែលបានកើតមាននៅប្រទេសកម្ពុជា។
«យើងស្នើដល់រដ្ឋាភិបាលកម្ពុជា ឲ្យចាត់វិធានការដែលអាចឲ្យមានការប្រែប្រួលពិតប្រាកដដើម្បីជំរុញការផ្សះផ្សា ដោយអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលអាចធ្វើប្រតិបត្តិការបាន។ ពួកគេគួរតែដោះលែងអ្នកទោសនយោបាយផងដែរ។ មានកិច្ចការច្រើនណាស់ដែលកម្ពុជាត្រូវធ្វើនោះ»។
រីឯលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង និងជាប្រធានចលនាសង្គ្រោះជាតិ បានហៅការបោះឆ្នោតកាលពីថ្ងៃអាទិត្យថា ជាការឆបោក និងគួរឲ្យអៀនខ្មាស ដោយបង្ហាញលទ្ធផលដែលមិនគួរឱ្យភ្ញាក់ផ្អើល។ លោកសម រង្ស៊ី បាននិយាយរិះគន់អំពីចំនួនអ្នកទៅបោះឆ្នោតថា មានចំនួនច្រើនខុសពីប្រក្រតី។ លោកអះអាង ថាសូម្បីក្នុងការបោះឆ្នោតឆ្នាំ២០១៣ ដែលគណបក្សសង្គ្រោះជាតិមិនបានធ្វើពហិការផងនោះ មានអ្នកចេញទៅបោះឆ្នោតតែ៦៩,៦១%។ ដូច្នេះតួលេខអ្នកចេញទៅបោះឆ្នោត៨២%នេះ មិនអាចទទួលបាននោះទេ។
ក៏ប៉ុន្តែ ក្រសួងការបរទេសកម្ពុជានិងសហប្រតិបត្តិការអន្តរជាតិ បដិសេធដាច់អហង្ការចំពោះការរិះគន់នានានិងជំទាស់រាល់ការមាក់ងាយលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។
ក្រសួងការបរទេសកម្ពុជា បានអះអាងក្នុងសេចក្តីប្រកាសមួយធ្វើឡើង នៅថ្ងៃអង្គារកន្លងទៅថា៖
«ក្រសួងមានការសោកស្តាយចំពោះការវាយតម្លៃដោយមូលហេតុនយោបាយរបស់រដ្ឋាភិបាលបរទេសមួយចំនួន ដែលបានបដិសេធមិនបញ្ជូនអ្នកសង្កេតការណ៍ ប៉ុន្តែបែរជាប្រកាសតាំងពីពេលចាប់ផ្តើមរហូតដល់ពេលបញ្ចប់ថា ការបោះឆ្នោតនេះមិនសេរី និងយុត្តិធម៌។ ការមិនអើពើទៅដល់គុណភាពបច្ចេកទេសនៃដំណើរការបោះឆ្នោត គឺមានន័យស្មើនឹងការមិនឲ្យតម្លៃដល់ឆន្ទៈរបស់ប្រជាជនកម្ពុជា ដែលបានសំដែងចេញតាមរយៈសន្លឹកឆ្នោតចំនួន ៦ ៩៤៦ ១៦៤»។
ក្រសួងការបរទេសរបស់កម្ពុជាបាននិយាយថា ការបោះឆ្នោតគឺត្រូវបានធ្វើឡើង «ពោរពេញដោយសន្តិភាព និងរីករាយ ទាំងនៅក្នុងយុទ្ធនាការរកសំឡេងឆ្នោត និងថ្ងៃបោះឆ្នោត» ដោយគ្មានការរារាំងរំខាន និងមានសេរីភាពក្នុងការផ្សព្វផ្សាយគោលនយោបាយគណបក្សចំនួន២០ ដែលបានចូលរួមក្នុងការបោះឆ្នោត។
រដ្ឋាភិបាលប្រទេសអាល្លឺម៉ង់បានកត់សម្គាល់ឃើញថា ការបោះឆ្នោតសភានៅប្រទេសកម្ពុជា ត្រូវបានធ្វើឡើងដោយសន្តិវិធី។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអាល្លឺម៉ង់លើកឡើងថា ការណ៍នេះមិនគ្រប់គ្រាន់ទេ ដើម្បីញ៉ាំងឲ្យលទ្ធផលបោះឆ្នោតមានភាពស្របច្បាប់នោះ ខណៈដែលការបោះឆ្នោត ត្រូវបានធ្វើឡើងបន្ទាប់ពីមានការចាប់មេដឹកនាំគណបក្សប្រឆាំងដ៏ធំបំផុតនៅខែកញ្ញា ឆ្នាំ២០១៧ ការរំលាយគណបក្សប្រឆាំងនៅខែវិច្ឆិការ ឆ្នាំ២០១៧ និងបម្រាមលើអ្នកនយោបាយជំទាស់នាំមុខ១១៨នាក់ មិនឲ្យពាក់ព័ន្ធនឹងសកម្មភាពនយោបាយ។
រដា្ឋភិបាលប្រទេសអាល្លឺម៉ង់បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយតាមន័យដើមថា៖
«រដ្ឋាភិបាលអាល្លឺម៉ង់ អំពាវនាវជាបន្ទាន់ដល់ប្រទេសកម្ពុជាឲ្យវិលទៅរកគោលការណ៍ប្រជាធិបតេយ្យដែលបានតម្កល់ទុកក្នុងរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយកំពុងត្រៀមខ្លួនគាំទ្រប្រទេសកម្ពុជាឲ្យវិលទៅរកគន្លងនេះ»។
ចំណែករដ្ឋាភិបាលបារាំង ក៏បាននិយាយក្នុងសេចក្តីប្រកាសមួយថា ការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងនៅក្នុងបរិយាកាសមួយ ដែលមិនអនុញ្ញាតឲ្យគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល ធ្វើការដោយមិនមានការរាំងខ្ទប់។ ប្រទេសប្រជាធិបតេយ្យផ្សេងទៀតរួមមានអូស្រា្តលី នូវែលសេឡង់ និងសហភាពអឹរ៉ុប បានបានបង្ហាញការមិនពេញចិត្ត ក្តីបារម្ភ និងការសោកស្តាយចំពោះការបោះឆ្នោត ដោយមិនមានការចូលរួមរបស់គណបក្សប្រឆាំង។
ដោយឡែករដ្ឋាភិបាលចិនកុម្មុយនីស្ត បានប្រកាសអបអរទទួលស្គាល់លទ្ធផលការបោះឆ្នោត ខណៈដែលប្រទេសជប៉ុន បានបដិសេធមិនផ្ដល់ការយល់ឃើញអ្វីទាំងអស់ចំពោះការបោះឆ្នោតដែលបានទទួលការរិះគន់យ៉ាងសន្ធឹកពីបណ្ដារដ្ឋាភិបាលបស្ចិមលោក។
មានគណបក្សនយោបាយចំនួន២០បានប្រកួតប្រជែងគ្នាដើម្បីដណ្តើមអាសនៈសភាចំនួន១២៥និងដើម្បីឈានទៅបង្កើតរដ្ឋាភិបាលថ្មី។ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលកាន់អំណាចជិត៤០ឆ្នាំត្រូវបានគេមើលឃើញជាមុន មុនការបោះឆ្នោតថានឹងទទួលបានជ័យជម្នះយ៉ាងច្រើននិងដោយងាយស្រួល ដោយសារតែគ្មានគូប្រជែងណាដែលមានកម្លាំងប្រហាក់ ប្រហែល នៅពេលដែលគណបក្សសង្គ្រោះជាតិដែលទទួលបានការគាំទ្រជាង៤០ភាគរយក្នុងការបោះឆ្នោតពីរលើកចុងក្រោយកន្លងមកត្រូវបានគេដាក់ឲ្យឆ្ងាយពីទីលានប្រកួត។
នៅក្រោយការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដានេះ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនក៏បានបង្ហាញរូបភាពថ្លុកកំប្លែង និងវីដេអូឃ្លីបខ្លីៗមួយចំនួន ក្នុងនោះរូបថ្លុកកំប្លែងមួយ បានបង្ហាញពីអ្នកប្រកួតម្នាក់ បានឈ្នះក្នុងការប្រកួត ពេលដែលអាជ្ញាកណ្តាលគំរាមអ្នកប្រកួតឯទៀត ឲ្យនៅស្ងៀមជាដើម៕