កុងតឺន័រ​​ពីរ​ត្រូវ​បាន​ទម្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ដើម្បី​អភិរក្ស​ជីវចម្រុះ

សកម្ម​ភាព​ដាក់​កុងតឺន័រក្នុង​សមុទ្រ​នៃ​តំបន់​កោះរុងសន្លឹម​​ក្នុង​ខេត្ត​ព្រះសីហនុ។ (រូបថតពីទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ)

ផ្កា​ថ្ម​ប្រភេទ​ស្នែង​ព្រិល​ជា​ច្រើន​ដុំ​ ត្រូវ​បាន​ចង​ភ្ជាប់​ទៅ​នឹង​កុងតឺន័រ​​ទាំង​ពីរ​នោះ។ ហើយ​នៅ​ក្នុង​រយៈ​ពេល​ពី​៣​ទៅ​៦​ខែ​ខាង​មុខ​ ​ផ្កា​ថ្ម​នឹង​ចាក់ឫស ហើយ​អាច​បង្កើត​ជា​ចំណី​ និង​ជា​ជម្រក​សត្វ​នា​នា​ក្នុង​សមុទ្រ។​

​កុងតឺន័រ​ចាស់ៗ​ចំនួន​ពីរ​ ត្រូវ​បាន​ទម្លាក់​ក្នុង​បាត​សមុទ្រ​នៃ​ឆ្នេរ​តំបន់​កោះរុងសន្លឹម​ក្នុង​ខេត្ត​ព្រះសីហនុ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លងទៅ​ ​ដើម្បី​ការពារ​ជីវចម្រុះ​ និង​បង្កើត​ជម្រក​ត្រីនៅតំបន់​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​នេះ។​

មេ​បញ្ជាការ​រង​កងទ័ព​ជើង​ទឹក​លោក​ ទៀ សុខា​ ដែល​ជា​កូន​របស់​មេ​បញ្ជាការ​កងទ័ព​ជើង​ទឹក​លោក ទៀ វិញ និង​ត្រូវ​ជា​ក្មួយ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ដែល​បាន​ដឹកនាំ​ការ​ទម្លាក់​កុងតឺន័រ​ទាំង​ពីរ​នេះ មាន​ប្រសាសន៍​ប្រាប់​ VOA​ កាល​ពី​ថ្ងៃ​ចន្ទថា ​កុងតឺន័រចាស់ៗ​សម្រាប់​ដាក់​ទំនិញ​នោះ ​ត្រូវ​បាន​គេ​សម្អាត​ និង​ចោះ​ជា​ប្រហោង​ធំៗ​ ដើម្បី​ឲ្យ​សត្វ​ក្នុង​ទឹក​អាច​ឆ្លង​កាត់​បាន ​មុន​ពេលទម្លាក់​ចូល​ក្នុង​ទឹក​សមុទ្រ​ ​ជម្រៅ​ពី៧ម៉ែត្រ​ទៅ​៩​ម៉ែត្រដើម្បី​អភិរក្ស​បរិស្ថាន​ និង​ជីវចម្រុះ​នៅ​ក្នុង​តំបន់​សមុទ្រ​កោះរុងសន្លឹម។​

នាយ​ឧត្ដមនាវីឯក​ ​ទៀ សុខា​ មាន​ប្រសាសន៍​ថា៖

«ប្រជា​នេសាទ​មួយ​ចំនួន​ដែល​គាត់​អត់​សូវ​យល់​ដឹង​ពី​រឿង​ថា​ផ្កាថ្ម​ដែល​គាត់​អូស​នៅ​ជិតៗ​កោះ​វា​បណ្ដាល​ឲ្យ​ខូច​ផ្កា​ថ្ម។ ទីពីរ​ទៀត​ យើង​ទម្លាក់​កុងតឺន័រ​នេះ​ក្នុង​ន័យ​ថា​ យើង​ដើម្បី​អភិរក្ស​ជីវចម្រុះ​មួយ​ចំនួន​នៅ​ក្នុង​បាត​សមុទ្រ​ហើយ​អាច​ដាំ​ផ្កា​ថ្ម​នៅ​លើ​កុងតឺន័រ​ហ្នឹង​បាន​ដែរ​ ហើយ​ជា​ជម្រក​ត្រី​មួយ​ដ៏​ល្អ​ហើយ​ជា​រនាំង​មួយ​សម្រាប់​ការពារ​ផ្កា​ថ្ម​យើង​ហ្នឹង​បាទ»។​

លោក​បន្ត​ថា​ មាន​ការ​សិក្សា​ពី​ទី​កន្លែង ​និង​ការ​ប៉ះពាល់​មុន​ពេល​កុងតឺន័រ​ទាំងពីរ​នោះ​ ត្រូវ​បាន​ទម្លាក់​ដើម្បី​ជៀស​វាង​ការ​ប៉ះពាល់​ដល់​បរិស្ថាន​ និង​ជីវចម្រុះ​ដោយ​ប្រការ​ណា​មួយ។​

ផ្កា​ថ្ម​ប្រភេទ​ស្នែង​ព្រិល​ជា​ច្រើន​ដុំ​ ត្រូវ​បាន​ចង​ភ្ជាប់​ទៅ​នឹង​កុងតឺន័រទាំង​ពីរ​នោះ។ ហើយ​នៅ​ក្នុង​រយៈ​ពេល​ពី​៣​ទៅ​៦​ខែ​ខាង​មុខ​ ​ផ្កា​ថ្ម​នឹង​ចាក់ឫស ហើយ​អាច​បង្កើត​ជា​ចំណី​ និង​ជា​ជម្រក​សត្វ​នា​នា​ក្នុង​សមុទ្រ។​

លោក​ ​ទៀ សុខា​ ​បន្ថែម​ថា​ នៅ​ក្នុង​រយៈពេល​ពី​១០​ថ្ងៃ​ទៅ​ពីរ​សប្ដាហ៍​ខាង​មុខ​នេះ​ ទូក​ចាស់​មួយ​ដែល​មាន​ទទឹង​៦​ទៅ​៧​ម៉ែត្រ​និង​មាន​បណ្ដោយ​១០​ម៉ែត្រ​ នឹង​ត្រូវ​ទម្លាក់​ចូល​ទៅ​ក្នុង​បាត​សមុទ្រ​ក្នុង​តំបន់​កោះរុងសន្លឹម​នេះ​ផង​ដែរ។​ ​

លោក​ថ្លែង​ថា លោក​នឹង​នៅ​បន្ត​ទម្លាក់​កុងតឺន័រ​ និង​ទូក​ចាស់ៗ​ និង​ដាំ​ផ្កា​ថ្ម​បន្ថែម​ទៀត​ដើម្បី​ជំនួស​ឡើង​វិញ​នូវ​ផ្កាថ្ម​ និង​ជីវចម្រុះ​ជា​ច្រើន​ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយ​សារ​ការ​នេសាទ។

លោក​ ​ទៀ សុខា​ ​បន្ថែមថា៖

«បាទ វា​ត្រូវ​មាន​ទាំង​ទូក​ហើយ​នឹង​ស៊ីម៉ង់​ដែល​គេ​ត្រូវ​បូក​ជុំវិញ​ដែល​អាច​ការពារ​ដល់​ត្រី​ឲ្យ​អាច​នៅ​បាន​បាទ»។​

លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​ការ​ទម្លាក់​កុងតឺន័រ​ និង​ទូក​ចាស់ៗ​នេះ ​ក្រៅ​ពី​ជួយ​បង្កើត​ជីវចម្រុះ​ និង​ជា​ជម្រក​ត្រី​ហើយ​ វា​ក៏​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​មក​ទស្សនា​កោះរុងសន្លឹម​កាន់​តែ​ច្រើន​ទៀត​ផង​ដែរ។​

«យើង​នឹង​ទម្លាក់​នៅ​ចំណុច​ណា​មួយ​ឲ្យ​វា​សមរម្យ​ ហើយ​មើល​ទៅ​អាច​មាន​ភ្ញៀវ​ទេសចរណ៍​ដែល​ចូលចិត្ត​ទៅ​ងូត​ទឹក​ក្រោម​បាត​សមុទ្រ​ អាច​ទៅ​មើល​បានងាយ​ស្រួល»។​

អភិបាល​ខេត្ត​ព្រះសីហនុ​លោក​ ​យន្ត មីន​ អំពាវនាវ​ឲ្យ​អ្នក​នេសាទ​ជួយ​អភិរក្ស​ជីវចម្រុះ​ទាំង​នេះ។​ ​លោក​សង្ឃឹម​ថា​ការ​ទម្លាក់​កុងតឺន័រ​ និង​ការ​ដាំ​ផ្កា​ថ្ម​នេះ ​នឹង​អាច​ជួយ​ឲ្យ​ជីវចម្រុះ​កើត​ឡើង​វិញ​ដែល​ជា​ចំណី​សម្រាប់​សត្វ​រស់​នៅ​ក្នុង​ទឹក។

លោក​ ​យន្ត មីន​ ថ្លែង​យ៉ាង​ដូច្នេះ​ថា៖

«សូម​ឲ្យ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​យើង​ សប្បុរសជន​យើង​ អង្គការ​សង្គម​ស៊ីវិល​ក្ដី​ទាំងអស់​ដែល​មាន​ការ​ពាក់ព័ន្ធ​វិស័យ​ខាង​សមុទ្រ​ ជួយ​គ្នា​ថែទាំ​អភិរក្ស​បាត​សមុទ្រ​យើង​ផង»។​

លោក​ ​យន្ត មីន​ ​ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ជួយ​ថែ​រក្សាបង្កើត​ជីវចម្រុះ​ឡើង​វិញ។ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ លោក​មាន​ប្រសាសន៍​ថា​ប្រជាពលរដ្ឋ ​គួរ​ពិគ្រោះ​ជា​មួយ​អ្នក​ជំនាញ​ជល​ផល​ខេត្ត​ជា​មុន​សិន​ មុន​នឹង​ទម្លាក់​វត្ថុ​ផ្សេងៗ​ចូល​ក្នុង​សមុទ្រ៕