ក្រុមសមាជិកសភាបានដាក់ស្នើកញ្ចប់ចំណាយ ១,២ លានលានដុល្លារ ដើម្បីបញ្ចៀសការបិទទីភ្នាក់ងារសហព័ន្ធសំខាន់ៗមួយចំនួន នៅដំណាច់សប្តាហ៍នេះ។
សេចក្តីព្រាងច្បាប់នេះដែលត្រូវបានលាតត្រដាងកាលពីថ្ងៃព្រហស្បតិ៍ មានឡើងជិត ៦ ខែចូលដល់ក្នុងឆ្នាំថវិកាបច្ចុប្បន្ន ហើយនឹងអនុញ្ញាតឱ្យសភាបញ្ចប់កិច្ចការខ្លួនក្នុងការផ្តល់ប្រាក់ឱ្យរដ្ឋាភិបាលរហូតដល់ខែកញ្ញា។
អ្នកតាក់តែងច្បាប់ខាងគណបក្សប្រជាធិបតេយ្យអាចសម្រេចអាណត្តិគោលនយោបាយជាច្រើន និងមានការកាត់បន្ថយថវិកាខ្លះដែលពួកសាធារណរដ្ឋក្នុងរដ្ឋសភាស្វះស្វែងឱ្យមានលើកម្មវិធីមិនមែនខាងការពារជាតិ។
ក្នុងចំណោមជ័យជម្នះខាងគោលនយោបាយដែលប្រធានរដ្ឋសភាលោក Mike Johnson គូសបញ្ជាក់សម្រាប់អ្នកតាក់តែងច្បាប់ខាងគណបក្សសាធារណរដ្ឋ គឺកំណើនជិត ២៤% នៃចំនួនគ្រែនៅកន្លែងឃុំឃាំងសម្រាប់ដាក់ក្រុមជនចំណាកស្រុកដែលរង់ចាំឯកសារនិងនីតិវិធីអន្តោប្រវេសន៍របស់ពួកគេឬរង់ចាំការនាំខ្លួនពួកគេចេញពីប្រទេសអាមេរិក។
សេចក្តីព្រាងច្បាប់ថវិកាក្នុងឆ្នាំនេះត្រូវបានបែងចែកជាពីរផ្នែក។ ផ្នែកទីមួយត្រូវបានសភាអនុម័តកាលពីពីរសប្តាហ៍មុន ត្រឹមតែប៉ុន្មានម៉ោងមុនថ្ងៃផុតកំណត់បិទទីភ្នាក់ងារមួយចំនួន។
ឥឡូវនេះសភាកំពុងផ្តោតលើផ្នែកធំទីពីរដែលរួមបញ្ចូលថវិកាប្រហែល ៨៨៦ ពាន់លានដុល្លារសម្រាប់ក្រសួងការពារជាតិដែលកើនឡើងជាង ៣% ធៀបនឹងឆ្នាំមុន។ ថវិកានឹងផ្តល់ដល់ក្រសួងសន្តិសុខមាតុភូមិ សុខាភិបាល និងសេវាមនុស្ស ការងារ និងក្រសួងនិងទីភ្នាក់ងារផ្សេងៗទៀត៕