ការប្រយុទ្ធគ្នាខាងថវិកាថ្មីបំផុតរវាងពួកសាធារណរដ្ឋ និងពួកប្រជាធិបតេយ្យនៅក្នុងសភាស.រ.អ.បាននាំឱ្យមានការបិទរដ្ឋាភិបាលហើយការប្រយុទ្ធនេះមានធ្វើឡើងអំពីច្បាប់កែទម្រង់ខាងការថែរក្សាសុខភាពរបស់លោកប្រធានាធិបតី បារ៉ាក់អូបាម៉ា--ដែលមានការជំទាស់យ៉ាងជូរចត់ពីពួកសាធារណរដ្ឋ។ ការបិទរដ្ឋាភិបាលភាគខ្លះមានរយៈពេល១៦ថ្ងៃ។
នៅពេលនេះ បញ្ហាដែលនាំឱ្យពួកសមាជិកសភាជាច្រើននាក់ខាងគណបក្សសាធារណរដ្ឋនិងពួកអ្នកបោះឆ្នោតខឹងសំបារគឺការផ្សព្វផ្សាយវីដេអូដែលគេលួចថតមួយចំនួនបង្ហាញឱ្យឃើញបុគ្គលិកខ្លះនៃអង្គការ Planned Parenthood និយាយគ្នាអំពីការផ្តល់ជាលិកាទារកត្រូវពន្លូតសម្រាប់ធ្វើការស្រាវជ្រាវខាងវេជ្ជសាស្ត្រ។
អ្នកធ្វើវិភាគខាងថវិកា Stan Collender និយាយថារឿងចម្រូងចម្រាស់នេះមានភ្ជាប់ជាមួយការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០១៦។
«នេះជាបញ្ហាពិសេសមួយនៅក្នុងព្រឹទ្ធសភាដែលនៅទីនោះលោកអ្នកមានសមាជិកបួននាក់នៃគណបក្សសាធារណរដ្ឋឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។ពួកសមាជិកទាំងនេះនៃគណបក្សសាធារណរដ្ឋនឹងបោះឆ្នោតប្រឆាំងនឹង Planned Parenthood នៅក្នុងការបោះឆ្នោតដំបូងនៃគណបក្សនេះ។សមាជិកទាំងនេះនៃគណបក្សសាធារណរដ្ឋសុទ្ធតែបាននិយាយថាពួកគេនឹងមិនបោះឆ្នោតគាំទ្រវិធានការចំណាយណាមួយដែលមានរួមបញ្ចូលការផ្តល់ប្រាក់កាសឱ្យអង្គការ Plannned Parenthood ទេ»។
បេក្ខជនម្នាក់ក្នុងបណ្តាពួកបេក្ខជនទាំងនេះគឺលោក Ted Cruz សមាជិកព្រឹទ្ធសភាស.រ.អាខាងគណបក្សសាធារណរដ្ឋដែលបាននិយាយតាមបណ្តាញOne America Network៖
«យើងមានសមាជិកភាគច្រើនខាងគណបក្សសាធារណរដ្ឋនៅក្នុងសភាទាំងពីរ។ខ្ញុំយល់ថា យើងគួរចាត់វិធានការដូចនេះគឺយើងគួររួបរួមគ្នាហើយនិយាយថាយើងនឹងផ្តល់ប្រាក់ឱ្យរដ្ឋាភិបាលសហព័ន្ធទាំងមូលក៏ប៉ុន្តែយើងនឹងមិនផ្តល់ប្រាក់កាសដល់ការសម្លាប់ដែលកំពុងមានធ្វើនិងដល់ការលក់ផ្នែករាងកាយនៃពួកកុមារមិនទាន់កើតទេ»។
អង្គការ Planned Parenthood បានបដិសេធខ្លាំងថាពួកគេមិនបានយកចំណេញ ពីការលក់ជាលិកាទារកមិនទាន់កើតដែលបានត្រូវផ្តល់ឱ្យនោះទេ។
លោក Mitch McConnel មេដឹកនាំក្រុមភាគច្រើននៅក្នុងព្រឹទ្ធសភាបាននិយាយថាតាមពាក្យសម្តីផ្ទាល់របស់លោកថាពួកសាធារណរដ្ឋបាន"ឋិតនៅលើមាគារនេះពីពេលមុន ហើយគេបានបន្ទោសពួកសាធារណរដ្ឋអំពីបញ្ហាគ្រប់យ៉ាង។លោកបានធ្វើការសន្យា។
«យើងមិនបានបិទរដ្ឋាភិបាលទេហើយយើងក៏មិនគំរាមកំហែងធ្វើឱ្យរដ្ឋាភិបាល បង់ប្រាក់សំណងមិនទាន់ពេលវេលាក៏ទេដែរ»។
លោកប្រធានាធិបតីអូបាម៉ាបានអំពាវនាវដល់សភារួចស្រេចហើយ។
«នៅពេលពួកសមាជិកសភាត្រឡប់មកធ្វើការវិញ ពួកគេគួរបញ្ចៀសកុំឱ្យមានការបិទរដ្ឋាភិបាល គួរអនុម័តថវិកាមានការទទួលខុសត្រូវមួយនិងគួរបង្ហាញថានេះជាប្រទេសមួយដែលក្រឡេកមើលទៅខាងមុខ»។
ក៏ប៉ុន្តែលោក Stan Collender មានការសង្ស័យអំពីការប្រកាន់អាកប្បកិរិយាត្រជាក់នឹងមានជោគជ័យ។
«លោកអ្នកត្រូវតែចងចាំថានៅក្នុងវិស័យនយោបាយអាមេរិកាំងនៅពេលនេះការសម្របសម្រួលអំពីបញ្ហានានាដូចជាអំពីអង្គការ Planned Parenthood ជាដើមមានន័យស្មើគ្នានិងត្រូវចាត់ទុកថាជាការឃុបឃិតជាមួយពួកសត្រូវ»។
លោក Collender និយាយថាអំពីបញ្ហាមានការរំភើបចិត្តមួយដូចជាអង្គការ Planned Parenthood និងការពន្លូតកូនជាដើម គេត្រូវការឱ្យមានភាពជាមេដឹកនាំនៃសភាតំណាងរាស្ត្រអាមេរិកាំងនិងព្រឹទ្ធសភាដើម្បីបញ្ចៀសកុំឱ្យមានការបិទរដ្ឋាភិបាលទៀត។
ប្រែសម្រួលដោយ លោក ឈឹម សុមេធ