នៅពេលដែលការប្រយុទ្ធគ្នាបានចាប់ផ្តើមឡើងរវាងកងទ័ពរដ្ឋាភិបាលអេត្យូពីនិងកងកម្លាំងនៅតំបន់ភាគខាងជើងTigrayរបស់ប្រទេសនេះអ្នកស្រី Melat Tesfay ដែលរស់នៅក្នុងទីក្រុងឡុងដ៍ព្រួយបារម្ភពីសុវត្ថិភាពរបស់ក្រុមគ្រួសារអ្នកស្រីដែលកំពុងជាប់នៅក្នុងតំបន់ជម្លោះTigray។ អ្នកស្រីបានចាប់ផ្តើមចែករំលែកទស្សនៈរបស់អ្នកស្រីអំពីជម្លោះនោះនៅលើគណនីបណ្តាញសង្គមរបស់អ្នកស្រី។
អ្នកស្រី Tesfay លើកឡើងថាសហគមន៍ពលរដ្ឋអេត្យូពីក្នុងប្រទេសអង់គ្លេសបានផ្ញើ សារមកអ្នកស្រីដោយពួកគេលើកឡើងថាសារដែលអ្នកស្រីបង្ហោះនៅក្នុងប្រព័ន្ធអ៊ីនធើណិតទាំងនោះបានប៉ះពាល់ដល់ពួកគេព្រោះអ្នកស្រីមិនបានគាំទ្រការវាយប្រហារនៅក្នុងតំបន់Tigray។អ្នកស្រីបានលើកឡើងថាអ្នកស្រីត្រូវបានមនុស្សមួយចំនួនដែលអ្នកស្រីគិតថាជាមិត្តភ័ក្តនោះប្រកាន់អន់ចិត្តនឹងអ្នកស្រី។
អ្នកស្រី Tesfay ថ្លែងថា៖«នេះជាស្ថានភាពនៃជីវិតពិតប្រាកដដែលប៉ះពាល់ដល់រូបខ្ញុំនិងគ្រួសាររបស់ខ្ញុំ។ ដូច្នេះ ខ្ញុំបានលុបមនុស្សជាច្រើនក្នុងចំណោមអ្នកទាំងនេះដែលជំរុញឲ្យមានសង្គ្រាម ចេញពីគណនីបណ្តាញសង្គមរបស់ខ្ញុំ។ ខ្ញុំបានដកខ្លួនចេញពីអ្នកដែលខ្ញុំធ្លាប់តែទាក់ទងពីមុនមក។ ដូចនេះ ខ្ញុំហាក់ដូចជាមានអារម្មណ៍ថាវាបានធ្វើឲ្យប៉ះពាល់ដល់រូបខ្ញុំដោយមិនដឹងខ្លួន»។
ទោះបីជាមានប្រតិកម្មនិងការរិះគន់ពីមនុស្សមួយចំនួនក្តីក៏អ្នកស្រីTesfayមិនបានបញ្ឈប់ការបង្ហោះសារនិងផ្សព្វផ្សាយបន្តក្នុងប្រព័ន្ធអ៊ីនធើណិតនោះទេ។
ពលរដ្ឋអេត្យូពីប្រមាណ២,៥លាននាក់កំពុងរស់នៅក្រៅប្រទេស។ ក្រៅពីការផ្ញើប្រាក់ឲ្យបងប្អូនសាច់ញាតិនៅប្រទេសអេត្យូពីចំនួនរាប់ពាន់លានដុល្លារនោះសហគមន៍អេត្យូពីនៅក្រៅប្រទេសបានចូលរួមចំណែកយ៉ាងសកម្មអស់រយៈពេលជាច្រើនឆ្នាំមកហើយក្នុងការរៀបចំនិងដឹកនាំយុទ្ធនាការតាមប្រព័ន្ធអ៊ីនធើណិត។
អ្នកស្រី Seray Delnissaw បានចាត់ទុកខ្លួនអ្នកស្រីថាជាសមាជិកសកម្មមួយរូបនៃសហគមន៍អេត្យូពីនៅក្នុងប្រទេសអង់គ្លេស។ ប៉ុន្តែដោយសារការពិភាក្សាគ្នាតាមបណ្តាញសង្គមមានភាពតានតឹងបានធ្វើឲ្យអ្នកស្រីមានការប្រុងប្រយ័ត្នច្រើនជាងមុនអំពីអ្វីដែលអ្នកស្រីត្រូវចែករំលែកឬបង្ហោះនៅក្នុងប្រព័ន្ធអ៊ីនធើណិត។
អ្នកស្រី Delnissaw ថ្លែងថា៖«ពេលខ្លះខ្ញុំបង្ហោះរឿងរ៉ាវមួយចំនួនហើយភ្លាមនោះខ្ញុំបានទទួលសារចូលមកភ្លាមៗដែរ។សារនោះមានន័យថាអ្នកមិនគួរនិយាយយ៉ាងនេះឬយ៉ាងនោះទេ។ជាមួយសារដែលខ្ញុំបង្ហោះផ្ទាល់ខ្លួននោះមានមនុស្សមួយចំនួនបានទាក់ទងមកខ្ញុំវិញជាមួយនឹងការឆ្លើយតប៥០ភាគរយវិជ្ជមាន ហើយ ៥០ភាគរយទៀតអវិជ្ជមាន»។
អ្នកដែលបានបង្ហោះសារគាំទ្រតំបន់ Tigray ត្រូវបានអ្នកដទៃមើលឃើញថាជាការបដិសេធតួនាទីដ៏ធំរបស់ក្រុមរណសិរ្សរំដោះពលរដ្ឋតំបន់Tigrayនៅក្នុងនយោបាយរបស់អេត្យូពីអស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈដែលក្រុមប្រឆាំងនឹងក្រុមរណសិរ្សរំដោះពលរដ្ឋតំបន់ Tigrayត្រូវបានគេមើលឃើញថាជាញឹកញាប់ជាអ្នកគាំទ្រឲ្យមានការវាយប្រហារដោយកងទ័ពនៅក្នុងតំបន់នោះ។
អ្នកស្រី Azeb Madebo គឺជាបេក្ខជនបណ្ឌិតនៃសាកលវិទ្យាល័យSouthern Californiaដែលផ្តោតលើសហគមន៍ជនជាតិអេត្យូពីនិងប្រព័ន្ធផ្សព្វផ្សាយ។ អ្នកស្រីបានលើកឡើងថាសហគមន៍បានផ្តល់នូវការយល់ដឹងពីបញ្ហាមួយចំនួន ប៉ុន្តែយុទ្ធនាការលើបណ្តាញផ្សព្វផ្សាយសង្គមទាំងនេះ ជាញឹកញាប់បានផ្អែកទៅលើការបកស្រាយ ដែលខុសពីស្ថានភាពជាក់ស្តែងដែលមានភាពស្មុគ្រស្មាញនោះ។
អ្នកស្រី Madeboថ្លែងថា៖«អ្វីដែលយើងបានឃើញនៅតាមប្រព័ន្ធអ៊ីនធើណិតនោះ មានការបែកបាក់និងការប្រកាន់នយោបាយកាន់តែច្រើននៅក្នុងចំណោមក្រុមជាតិសាសន៍ទាំងនោះ។ សហគមន៍ទាំងនេះត្រូវស្វែងរកដំណោះស្រាយចេញពីការជាប់ផុងនៃនយោបាយជាតិសាសន៍ ដើម្បីជួយបង្កើតនូវអត្តសញ្ញាណរួមមួយដែលឆ្លុះបញ្ចាំងពីប្រទេសជាតិទាំងមូលពីការតស៊ូរបស់យើងនិងពីក្តីសង្ឃឹមរបស់យើងទាំងអស់គ្នា ។ បើមិនដូច្នោះទេការចូលរួមសកម្មភាពតាមបណ្តាញសង្គមនាពេលបច្ចុប្បន្នរបស់សហគមន៍អេត្យូពីនៅក្រៅប្រទេសនោះគឺគ្រាន់តែជាការជួយញុះញង់និងបង្កនូវភាពឈឺចាប់កាន់ខ្លាំងជាងមុនតែប៉ុណ្ណោះ»។
ភាពតានតឹងរវាងរដ្ឋាភិបាលកណ្តាលនិងតំបន់ភាគខាងជើងនៃប្រទេសអេត្យូពីមានភាពតានតឹងជាច្រើនសប្តាហ៍មកហើយក្រោយពេលដែលកងកម្លាំងរបស់រណសិរ្សរំដោះពលរដ្ឋតំបន់Tigrayបានវាយប្រហារទៅលើមូលដ្ឋានយោធាមួយកន្លែងដែលក្រុមរណសិរ្សនេះហៅថាជាការការពារខ្លួននោះ។ ប្រទេសដែលនៅជិតខាងប្រទេសអេត្យូពីពេលនេះក៏បានចូលរួមពាក់ព័ន្ធនឹងជម្លោះនេះដែរក្រោយក្រុមរណសិរ្សរំដោះតំបន់Tigray បានបាញ់គ្រាប់មីស៊ីលទៅលើរដ្ឋធានីអាស្មារ៉ា របស់ប្រទេសអេរីត្រេ។ពលរដ្ឋអេត្យូពីប្រមាណជាង២ម៉ឺននាក់បានរត់ភៀសខ្លួនទៅកាន់ប្រទេសស៊ូដង់ ដើម្បីស្វែងរកសុវត្ថិភាព៕
ប្រែសម្រួលដោយជ្រា វណ្ណារិទ្ធ