ប្រទេសរុស្ស៊ីនិងអង្គការអូតង់ កំពុងជួបប្រជុំគ្នានៅថ្ងៃពុធនេះនៅក្នុងទីក្រុងព្រុចសែល (Brussels) ដោយផ្តោតលើការកាត់បន្ថយការតានតឹងនៅតាមបណ្តោយព្រំដែនរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែន។
អង្គការអូតង់ បានប្រឆាំងជំទាស់ការដាក់ពង្រាយកងទ័ពរុស្ស៊ីនៅតាមបណ្តោយព្រំដែនជាមួយអ៊ុយក្រែន ដោយនិយាយថា ទង្វើនេះធ្វើឲ្យអន្តរាយដល់សន្តិសុខនៅអឺរ៉ុប។ រុស្ស៊ីកំពុងចង់បានការធានាផ្នែកសន្តិសុខដូចជាការកម្រិតការពង្រីកសម្ព័ន្ធភាពនៃអង្គការអូតង់ដែលមានសមាជិក៣០ប្រទេស ដោយជជែកឲ្យហេតុផលថា ការដាក់បញ្ចូលប្រទេសមួយដូចជាអ៊ុយក្រែនដែលមានព្រំដែនជាប់នឹងខ្លួនជាការគំរាមកំហែងមួយ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការអូតង់លោកស្រី Julianne Smith បានប្រាប់ក្រុមអ្នកយកព័ត៌មានមុនការចរចានៅថ្ងៃពុធនេះថា ភាគីអូតង់តាំងចិត្តចង់ឃើញថាវិស័យការទូតអាចកាត់បន្ថយការតានតឹង ហើយថា ការពិភាក្សាទាំងមូលគឺអំពី«ការកាត់បន្ថយហានិភ័យ តម្លាភាព ការត្រួតត្រាអាវុធនិងវិធីទាក់ទងគ្នាផ្សេងៗទៀត»។
លោកស្រី Smith បានបញ្ជាក់ពីសាមគ្គីភាពរបស់សហរដ្ឋអាមេរិកជាមួយប្រទេសអ៊ុយក្រែន ដោយបានបន្ថែមថា៖ «សកម្មភាពរបស់រុស្ស៊ី បានធ្វើឲ្យមានវិបត្តិនេះ» ហើយអង្គការអូតង់បានប្រុងប្រៀបជាស្រេចហើយដើម្បីរារាំងភាពគគ្លើនតទៅទៀតរបស់រុស្ស៊ី។
លោកស្រី Smith មានប្រសាសន៍ទៀតថា៖ «បើរុស្ស៊ីដើរតាមមាគ៌ានៃការប្រឈមមុខដាក់គ្នានិងចំណាត់ការខាងយោធា យើងបានធ្វើការបញ្ជាក់យ៉ាងច្បាស់ដល់រដ្ឋាភិបាលវិមានក្រឹមឡាំងហើយថា យើងនឹងឆ្លើយតបយ៉ាងខ្លាំង រួមទាំងជាមួយការប្រើប្រាស់វិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចសំខាន់ៗ។ ក្នុងនាមជាសម្ព័ន្ធមិត្ត យើងបានប្រុងប្រៀបពង្រឹងការការពាររបស់អង្គការអូតង់នៅព្រំដែនផ្នែកខាងកើត ហើយយើងបានប្រុងប្រៀបដាក់ទណ្ឌកម្មដែលធ្វើឲ្យខាតបង់យ៉ាងធ្ងន់ធ្ងរដល់ការគគ្លើនរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន»។
ជំនួបនៅថ្ងៃពុធនេះ គឺជាលើកទី២នៃឱកាស៣នៅសប្តាហ៍នេះសម្រាប់ពួកអ្នកការទូតសហរដ្ឋអាមេរិកនិងអឺរ៉ុបដើម្បីនិយាយដោយផ្ទាល់ជាមួយក្រុមមន្ត្រីរុស្ស៊ីអំពីស្ថានភាពជាមួយអ៊ុយក្រែន។ អង្គការសម្រាប់សន្តិសុខនិងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប នឹងជួបប្រជុំនៅថ្ងៃព្រហស្បតិ៍នៅក្នុងទីក្រុងវីយែនប្រទេសអូទ្រីស៕