ប្រទេសតួកគីបានចូលរួមជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត អេហ្ស៊ីបនិងហ្ស៊កដានី ក្នុងការថ្កោលទោសកងកម្លាំងអ៊ីស្រាអែលដែលបានបាញ់លើជនជាតិប៉ាឡេស្ទីនរង់ចាំការប្រគល់ជំនួយ។ ក្រសួងការបរទេសតួកគីហៅហេតុការណ៍នេះថាជា «ឧក្រិដ្ឋកម្មមួយទៀតប្រឆាំងនឹងមនុស្សជាតិ»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃសុក្រនេះ។
អ៊ីស្រាអែលបាននិយាយថា មនុស្សច្រើននាក់បានស្លាប់ដោយត្រូវជាន់គ្នានៅក្នុងចលាចលដើម្បីទទួលជំនួយស្បៀងអាហារ ហើយថា ទាហានខ្លួនបានបាញ់តែនៅពេលពួកគេយល់ថាស្ថិតក្នុងគ្រោះថ្នាក់ប៉ុណ្ណោះ។
ក្រសួងសុខាភិបាលនៅហ្កាហ្សានិយាយថា មនុស្សជាង ១០០ នាក់ត្រូវបានសម្លាប់ហើយថាមនុស្សយ៉ាងតិចណាស់ ៧០០ នាក់ទៀតបានត្រូវរបួស។
មន្ត្រីមន្ទីរពេទ្យហ្កាហ្សាដំបូងបានរាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើហ្វូងមនុស្សនៅឯរង្វង់មូល al-Nabusi នៅភាគខាងលិចនៃទីក្រុងហ្កាហ្សា។ សាក្សីក្រោយមកបាននិយាយថា ទាហានអ៊ីស្រាអែលបានបើកការបាញ់ប្រហារ នៅពេលដែលមនុស្សទាញម្សៅ និងទំនិញកំប៉ុងចេញពីរថយន្តជំនួយ។
មានជំនួយតិចតួចប៉ុណ្ណោះបានទៅដល់ភាគខាងជើងតំបន់ហ្កាហ្សាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយភាពអត់ឃ្លានកំពុងកើនឡើង។ អង្គការសហប្រជាជាតិបានព្រមានថា ទុរ្ភិក្សជិតមកដល់ហើយ។
ដំបូងឡើយ មន្ត្រីអ៊ីស្រាអែលបានទទួលស្គាល់ថា ទាហានបានបើកការបាញ់ប្រហារ ដោយនិយាយថា ពួកគេបានធ្វើដូច្នេះ ដោយសារពួកគេគិតថា ប្រជាជនដែលប្រញាប់ប្រញាល់ទៅរករថយន្តជំនួយ «បង្កការគំរាមកំហែង» ។
ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូដែលបានបង្ហោះកាលពីថ្ងៃព្រហស្បតិ៍តាមប្រព័ន្ធផ្សព្វផ្សាយសង្គម X អ្នកនាំពាក្យរបស់កងកម្លាំងការពារអ៊ីស្រាអែលបាននិយាយថា កងទ័ពបានត្រឹមតែ«បាញ់ព្រមានពីរបីគ្រាប់ប៉ុណ្ណោះ» ដើម្បីបំបែកហ្វូងប្រជាជន៕