សម្រាប់កញ្ញា ខាន់ លក្ខិណា ការយកសេចក្តីរាយការណ៍អំពីដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ជាពេលវេលាមួយដ៏សំខាន់នៅក្នុងអាជីពជាអ្នកសារព័ត៌មានឯករាជ្យមួយរូប។ ក្រៅពីមានឱកាសសម្ភាសន៍ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត អ្នកសារព័ត៌មានស្ត្រីរូបនេះក៏ទទួលបានឱកាសចោទសួរសំណួរសំខាន់ៗទៅកាន់អ្នកនយោបាយ និងមន្ត្រីពាក់ព័ន្ធជាច្រើន ដើម្បីឆ្លុះបង្ហាញពីតម្លាភាពនិងភាពត្រឹមត្រូវនៃដំណើរការបោះឆ្នោត។
ក៏ប៉ុន្តែ ចាប់តាំងពីបរិបទនយោបាយក្នុងប្រទេសកម្ពុជាបានផ្លាស់ប្តូរ គ្រាដែលគណបក្សសង្គ្រោះជាតិ ដែលត្រូវបានចាត់ទុកជាគណបក្សប្រឆាំងដ៏លេចធ្លោមួយ ត្រូវបានរំលាយកាលពីឆ្នាំ ២០១៧ មក ការបំពេញការងារជាអ្នកសារព័ត៌មានដ៏ឈ្មុសឈ្មុលរូបនេះ បានជួបបញ្ហាប្រឈមជាច្រើន។
កញ្ញា ខាន់ លក្ខិណា អតីតអ្នកសារព័ត៌មាននៃវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី (VOD) បានប្រាប់វីអូអេថា កាលពេលដែលកញ្ញា និងក្រុមការងារបានចុះធ្វើសេចក្តីរាយការណ៍អំឡុងពេលបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ ២០២២ កន្លងទៅនេះ សមត្ថកិច្ចស្លៀកពាក់ស៊ីវិលបានតាមឃ្លាំមើលលើកញ្ញា ហើយថែមទាំងតាមថតកាតសម្គាល់ខ្លួន បើទោះបីជាកាតនោះចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប និងក្រសួងព័ត៌មានក្តី។
កញ្ញាថ្លែងថា៖ «ហើយមិនមែនតែអំឡុងពេលឃោសនាទេ នៅអំឡុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅតាមមណ្ឌលខ្លះក៏មានសមត្ថកិច្ចស្លៀកពាក់ស៊ីវិលតាមថត និងតាមឃ្លាំមើលយើងផងដែរ ពីព្រោះអាហ្នឹងខ្ញុំគិតថា ជាការបំភិតបំភ័យដល់អ្នកសារព័ត៌មាន ទោះបីជាយើងមានកាតពីចេញពីខាង គ.ជ.ប និងក្រសួងព័ត៌មានកន្លងមកក៏ដោយ»។
ទោះជាយ៉ាងណាក្តី ក៏កញ្ញា ខាន់ លក្ខិណា បានបន្តថា ការធ្វើសេចក្តីរាយការណ៍អំពីដំណើរការបោះឆ្នោតនិងអំឡុងពេលបោះឆ្នោត ពិតជាមានសារៈសំខាន់ដល់សាធារណជន ជាពិសេសចំពោះប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ កញ្ញាបន្ថែមថា ពលរដ្ឋត្រូវការព័ត៌មានដែលគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចចិត្តបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ ដែលខ្លួនពេញចិត្ត។
កញ្ញាថ្លែងថា៖ «ប៉ុន្តែប្រសិនបើពួកគាត់មិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយទេ ពួកគាត់នឹងសម្រេចចិត្តបោះឆ្នោតហ្នឹងគឺខុស ហើយកាលណាខុស ក្តីកង្វល់ និងបញ្ហារបស់ពួកគាត់ដែលពួកគាត់រំពឹងថាមេដឹកនាំដែលពួកគាត់ជ្រើសរើសនឹងដោះស្រាយឱ្យគាត់ នឹងមិនមានដំណោះស្រាយទេ ហើយអំពើអយុត្តិធម៌នៅតែបន្តកើតឡើងចំពោះពួកគាត់បន្តទៀតចា៎»។
កញ្ញា ខាន់ លក្ខិណា គឺជាអ្នកសារព័ត៌មានម្នាក់ក្នុងចំណោមជាច្រើននាក់ ដែលបានបាត់បង់ការងារ បន្ទាប់ពីស្ថាប័នសារព័ត៌មានវីអូឌី ត្រូវបានបិទដោយក្រសួងព័ត៌មានបានលុបចោលអាជ្ញាបណ្ណរបស់ស្ថាប័ននេះ ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍ដ៏ចម្រូងចម្រាសមួយអំពីលោក ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សប្រជាជនកម្ពុជា។
ហេតុការណ៍បិទស្ថាប័នសារព័ត៌មានវីអូឌី ដែលបានចេញសេចក្តីរាយការណ៍ជាច្រើនពាក់ព័ន្ធនឹងបញ្ហារំលោភដីធ្លី សកម្មភាពកាប់ព្រៃឈើខុសច្បាប់ និងបញ្ហានយោបាយ បានកើតឡើងកាលពីដើមខែកុម្ភៈ ប្រមាណប្រាំខែមុនការបោះឆ្នោតថ្នាក់ជាតិជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ នឹងឈានមកដល់នៅថ្ងៃទី ២៣ ខែកក្កដាខាងមុខនេះ។
មន្រ្តីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រេល (Comfrel) លោក កន សាវាង្ស យល់ថា ការបាត់បង់សារព័ត៌មានវីអូឌី (VOD) ធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវព័ត៌មានមិនគ្រប់ជ្រុងជ្រោយ និងព័ត៌មានផ្សេងៗដែលទាក់ទងទៅនឹងការបោះឆ្នោត។
លោកថ្លែងថា៖ «ការបាត់បង់នូវវីអូឌី (VOD) គឺជាការបាត់បង់នូវប្រព័ន្ធព័ត៌មានមួយដែលឯករាជ្យដែលធ្វើឱ្យប្រជាពលរដ្ឋខ្វះខាតនូវប្រព័ន្ធព័ត៌មានគ្រប់គ្រាន់ ឬក៏ព័ត៌មានគ្រប់ជ្រុងជ្រោយ ឬក៏ព័ត៌មានផ្សេងៗទៀត ទាក់ទងនឹងការបោះឆ្នោតហ្នឹង គឺមានការបាត់បង់ព័ត៌មានដែលមិនអាចទទួលបានគ្រប់ជ្រុងជ្រោយ»។
អ្នកជំនាញខាងដំណើរការបោះឆ្នោតរូបនេះបានបញ្ជាក់ថា ការផ្តល់ព័ត៌មានដែលមិនលំអៀងពីគណបក្សនយោបាយណាមួយ ទាំងចំណុចល្អ និងចំណុចខ្វះខាត ជារឿងមួយដែលត្រឹមត្រូវ ពីព្រោះប្រជាពលរដ្ឋអាចយកទៅវិភាគ វាយតម្លៃ និងជ្រើសរើសគណបក្សដែលខ្លួនពេញចិត្តសម្រាប់ការបោះឆ្នោត។
លោកថ្លែងថា៖ «អ៊ីចឹងប្រព័ន្ធព័ត៌មាននេះគឺជាលក្ខខណ្ឌមួយ ជាគោលការណ៍យ៉ាងសំខាន់ណាស់ក្នុងដំណើរការនៃការបោះឆ្នោត ពីព្រោះក្នុងលក្ខខណ្ឌនៃការបោះឆ្នោតដោយសេរី និងយុតិ្តធម៌ក៏មាននិយាយអំពីប្រព័ន្ធព័ត៌មានដែរ ពីព្រោះប្រព័ន្ធព័ត៌មាននៅក្នុងដំណើរការនៃការបោះឆ្នោត គឺជាប្រព័ន្ធមួយដែលផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើការវិភាគ ធ្វើការវាយតម្លៃ ទៅលើការសម្រេចចិត្តរបស់ពួកគាត់»។
លោកលើកឡើងថា ការវាយតម្លៃទៅការបោះឆ្នោតសេរី និងយុត្តិធម៌ មិនទាន់អាចវាយតម្លៃជាមុនបានទេ ប៉ុន្តែលោកកត់សម្គាល់ថា កង្វះសារព័ត៌មានឯករាជ្យក្នុងអំឡុងពេលបោះឆ្នោតអាចជះឥទ្ធិពលអវិជ្ជមាន។
លោកថ្លែងថា៖ «រឿងគោលការណ៍សម្រាប់ទាក់ទងនឹងការបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយហ្នឹងជារឿងមួយដែលសំខាន់ណាស់បាទ ប៉ុន្តែការវាយតម្លៃទៅលើការបោះឆ្នោតទាក់ទងនឹងសេរី យុត្តិធម៌ អីយ៉ាងម៉េចហ្នឹងគឺយើងមិនទាន់វាយតម្លៃបានទេនៅពេលនេះណាបាទ។ តែប្រសិនបើមិនខ្វះខាតនូវប្រព័ន្ធព័ត៌មានឯករាជ្យ មិនមានព័ត៌មានឯករាជ្យមានន័យថា វាជាការខ្វះខាតព័ត៌មានមួយនៅក្នុងដំណើរការបោះឆ្នោតហើយ»។
សម្រាប់សង្គមប្រជាធិបតេយ្យ សារព័ត៌មានឯករាជ្យនិងមានវិជ្ជាជីវៈដើរតួនាទីយ៉ាងសំខាន់ ជាកញ្ចក់ឆ្លុះបញ្ចាំងពីបញ្ហាសង្គម គោលនយោបាយរបស់រដ្ឋាភិបាល និងចំណុចខ្វះខាតផ្សេងៗដើម្បីឱ្យមានការកែលម្អ និងការរីកចម្រើន។ នេះបើតាមការលើកឡើងរបស់នាយកគ្រប់គ្រងកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត។
សម្រាប់លោក ការដកអាជ្ញាបណ្ណវិទ្យុនិងសារព័ត៌មានវីអូឌី (VOD) មិនមានអ្វីចម្លែក ពីព្រោះបញ្ហានេះធ្លាប់បានកើតឡើងរួចទៅហើយ កាលពីឆ្នាំ ២០១៧ ដោយពេលនោះមានប្រេកង់វិទ្យុ និងសារព័ត៌មានអនឡាញមួយចំនួន ក៏ត្រូវដកអាជ្ញាបណ្ណ មុនការបោះឆ្នោតថ្នាក់ជាតិនៅក្នុងឆ្នាំ ២០១៨។
លោកថ្លែងថា៖ «ឥឡូវគឺមុនការបោះឆ្នោតជាតិឆ្នាំ២០២៣នេះ នៅខែកក្កដានេះគឺយើងឃើញថាមានការបិទវិទ្យុវីអូឌី (VOD) អ៊ីចឹងយើងមើលទៅរឿងវាប្រហាក់ប្រហែលគ្នាទៅលើបញ្ហាទាំងអស់ហ្នឹងបាទអ៊ីចឹងខ្ញុំមើលទៅវាហាក់ដូចជាមិនចម្លែកទេបើយើងធៀបទៅឆ្នាំ២០១៧ ក្នុងការដកអាជ្ញាបណ្ណប្រេកង់វិទ្យុសារព័ត៌មានវេបសាយអនឡាញមួយចំនួន»។
លោក អំ សំអាត បន្តថា វីអូឌី (VOD) តែងតែផ្តល់ឱកាសដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតអាចបញ្ចេញសំឡេងរបស់ពួកគេដើម្បីផ្ញើជាសំណូមពរ និងផ្សព្វផ្សាយបញ្ហាដែលពួកគេបានជួបប្រទះ ដើម្បីឱ្យមានជាដំណោះស្រាយពីសំណាក់រដ្ឋាភិបាល។
លោកថ្លែងថា៖ «ប៉ុន្តែអ្វីដែលយើងមានការសោកស្តាយនោះ គឺខិតទៅរកការបោះឆ្នោតឆ្នាំ ២០២៣ ខាងមុខ ដែលវិទ្យុវីអូឌីតែងតែផ្តល់ឱកាសឱ្យបងប្អូនម្ចាស់ឆ្នោតក្នុងការបញ្ចេញសំឡេង ក្នុងការផ្តាំផ្ញើនូវទុក្ខកង្វល់ បញ្ហា ឬក៏សំណូមពរក្នុងការដោះស្រាយផ្សេងៗសម្រាប់បញ្ហារបស់គាត់ហ្នឹងក៏ត្រូវបានបិទទៅហើយនូវវីអូឌីហ្នឹងទៀត»។
សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលចំនួន ៥៧ ចេញផ្សាយកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ បានបង្ហាញថា រដ្ឋាភិបាលកម្ពុជាបានធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងទៅលើសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៧ មក។
កាសែត ឌឹខេមបូឌៀដេលី ដែលជាកាសែតមួយក្នុងចំណោមកាសែតឯករាជ្យចេញផ្សាយប្រចាំថ្ងៃជាភាសាអង់គ្លេសនិងជាភាសាខ្មែរត្រូវបង្ខំចិត្តបិទទ្វារ។ កាសែតភ្នំពេញប៉ុស្តិ៍ត្រូវបានលក់ចេញ កាលពីខែឧសភា ឆ្នាំ២០១៨ ទៅពាណិជ្ជករម្នាក់ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាល ហើយចាប់តាំងពីពេលនោះមក កាសែតភ្នំពេញប៉ុស្តិ៍បានឆ្លុះបញ្ចាំងតែពីតួនាទីរបស់រដ្ឋាភិបាល នៅក្នុងការបោះពុម្ពផ្សាយរបស់ខ្លួនជាច្រើន។
កាលពីខែសីហា ឆ្នាំ ២០១៧ អាជ្ញាធរកម្ពុជាបានបញ្ជាឱ្យបិទប្រេកង់វិទ្យុអេហ្វអឹម ចំនួន ៣២ ស្ថានីយនៅទូទាំងខេត្តចំនួន ២០ ដែលជាស្ថានីយផ្សព្វផ្សាយបន្តព័ត៌មានភាសាខ្មែររបស់ វិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិក (វីអូអេ) និងវិទ្យុសំឡេងប្រជាធិបតេយ្យ (វីអូឌី)។ វិទ្យុអាស៊ីសេរីបានបិទការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញក្នុងខែកញ្ញា ឆ្នាំ ២០១៧ បន្ទាប់ពីប្រតិបត្តិការអស់រយៈពេល ២០ ឆ្នាំនៅកម្ពុជា។ ហើយក្នុង ឆ្នាំ ២០២៣ នេះ វិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី ត្រូវបានរដ្ឋាភិបាលសម្រេចបញ្ជាឱ្យបិទនៅជិតពាក់កណ្តាលខែកុម្ភៈកន្លងទៅ។
ទោះជាយ៉ាងណាក្តី អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា សិទិ្ធសេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជាត្រូវបានធានាតាមច្បាប់នៃរបបសារព័ត៌មានដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយអង្គភាពសារព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មានត្រូវគោរពទៅតាមច្បាប់ និងវិជ្ជាជីវៈឱ្យបានហ្មត់ចត់ ក្នុងពេលដែលធ្វើសេចក្តីរាយការណ៍។
លោកសរសេរក្នុងន័យដើមថា៖ «ហើយចំពោះការធ្វើសេចក្ដីរាយការណ៍ ព័ត៌មាន ឬការចូលយកព័ត៌មាននៅអំឡុងពេលបោះឆ្នោត ក្រសួងព័ត៌មានលើកទឹកចិត្តដល់អ្នកសារព័ត៌មាន ក៏ដូចជាអង្គភាពសារព័ត៌មានទាំងអស់ ត្រូវចូលរួមសហការក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយអនុលោមទៅតាមច្បាប់បោះឆ្នោត និងក្រមសីលធម៌ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោត»។
នៅពេលសួរពាក់ព័ន្ធនឹងកង្វះអ្នកសារព័ត៌មានឯករាជ្យ បន្ទាប់ពីការបិទស្ថាប័នវីអូឌី លោក មាស សុភ័ណ្ឌ បានលើកឡើងថា ក្រសួងព័ត៌មានមិនព្រួយបារម្ភចំពោះកង្វះខាតសារព័ត៌មាន និងគុណភាពនៃការរាយការណ៍ព័ត៌មាន សម្រាប់ការបោះឆ្នោតខាងមុខនោះទេ។ លោកអះអាងថា អង្គភាពសារព័ត៌មានដែលបានចុះបញ្ជីស្របនៅក្រសួងមានចំនួនប្រមាណ ២.១០០ រីឯអ្នកសារព័ត៌មានមានចំនួនជាង ៥.០០០នាក់ ដែលត្រូវបានក្រសួងព័ត៌មានចេញបណ្ណសារព័ត៌មានជូន។
លោកបញ្ជាក់ក្នុងន័យដើមថា៖ «បន្ថែមពីនេះ ការបាត់បង់ការងាររបស់អ្នកសារ ព័ត៌មានដប់ម្ភៃនាក់ ពុំមែនជាឧបសគ្គ ឬរបាំងឬជាកត្តាកំណត់ដែលធ្វើអោយគុណភាពនៃការរាយការណ៍ព័ត៌មានធ្លាក់ចុះនោះព្រោះនៅមានអ្នកសារព័ត៌មានដែលមានទស្សនៈគ្រប់និន្នាការផ្សេងទៀតនៅតែបំពេញតួនាទីភារកិច្ចរបស់ពួកគេយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានជូនដល់សាធារណជន»។
អ្នកនាំពាក្យរូបនេះក៏បានបញ្ជាក់ផងដែរថា ក្រសួងព័ត៌មានមិនធ្លាប់មានទស្សនៈបែបរើសអើង និងបំបែកបំបាក់សាមគ្គីភាពក្នុងរង្វង់គ្រួសារសារព័ត៌មាននៅកម្ពុជានោះទេ។ លោកអះអាងថា ក្រសួងតែងតែវាយតម្លៃខ្ពស់ចំពោះសារព័ត៌មានទាំងឡាយណា ដែលបានគោរពនូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា។ លោកលើកឡើងថា ឯករាជ្យភាពរបស់សារព័ត៌មាននៅកម្ពុជា ត្រូវបានធានាយ៉ាងពេញលេញដោយច្បាប់របបសារព័ត៌មាន។
សេរីភាពសារព័ត៌មានកម្ពុជាស្ថិតនៅក្នុងចំណាត់ថា្នក់ទី ១៤៤ ក្នុងចំណោម ១៨០ ប្រទេស សម្រាប់ឆ្នាំ ២០២១។ នេះបើតាមការវាយតម្លៃរបស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង។ ប៉ុន្តែសម្រាប់ឆ្នាំ២០២២ នេះ អង្គការនេះបានឱ្យដឹងថា កម្ពុជាទទួលបានចំណាត់ថ្នាក់ទី ១៤២ ក្នុងចំណោម ១៨០ ប្រទេស។ ចំណាត់ថ្នាក់នេះបន្តបង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជានៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ។ ដោយឡែក គណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) បានឱ្យដឹងថា អ្នកកាសែតកម្ពុជាចំនួន ៩ នាក់ត្រូវបានសម្លាប់គិតចាប់តាំងពីឆ្នាំ ១៩៩២ មក។ ករណីរបស់ពួកគេទាំងអស់គឺពាក់ព័ន្ធនឹងឃាតកម្ម និងកិច្ចការគ្រោះថ្នាក់។
នាយកប្រតិបត្តិនៃសមាគមសម្ពន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា លោក ណុប វី បានប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា ចំនួនប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជាមានច្រើន ក៏ប៉ុន្តែស្ថាប័នឯករាជ្យដែលមិនមែនក្រោមការគ្រប់គ្រង ឬទំនោរទៅកាន់រដ្ឋាភិបាល នៅមានចំនួនតិចនៅឡើយ។ លោកបន្តថា ចំនួនប្រព័ន្ធផ្សព្វផ្សាយដែលបង្កើតមាតិកាសម្រាប់ការអប់រំដល់ប្រជាពលរដ្ឋមានមិនដល់ ៥% ឡើយ។
លោកថ្លែងថា៖ «តាមពិតបើសិនជាយើងពិនិត្យអំពីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល មន្រ្តីរដ្ឋាភិបាល ឬមួយក៏ក្រុមហ៊ុនដែលមានទំនោរគាំទ្រទៅរដ្ឋាភិបាលវាស្ទើរតែមិនមានទៅហើយក្នុងប្រទេសកម្ពុជាយើង ក្រោយពេលដែលស្ថាប័នព័ត៌មានវីអូឌី (VOD) ហ្នឹងគឺត្រូវបានបញ្ចប់ការផ្សាយរបស់ខ្លួន ដោយសារតែការមិនបន្តដំណើរ ឬការដកអាជ្ញាបណ្ណរបស់ក្រសួងព័ត៌មាន»។
Your browser doesn’t support HTML5
នាយកប្រតិបត្តិរូបនេះ បន្តថា កង្វះខាតសារព័ត៌មានឯករាជ្យអាចនឹងធ្វើឱ្យគណបក្សនយោបាយមិនអាចផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួនបានទៅកាន់ប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានទាំងអស់ ដែលងាយយល់ និងត្រិះរិះពិចារណា។
លោកថ្លែងថា៖ «រឿងកាលណាប្រសិនបើពលរដ្ឋគាត់បាត់បង់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ គាត់មិនទទួលបានព័ត៌មានច្រើនពីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យអ្វីដែលជាផលប៉ះពាល់ហ្នឹងគឺថា សិទិ្ធរបស់គាត់មួយគឺទទួលរងផងប៉ះពាល់ហើយគឺសិទ្ធិទទួលបានព័ត៌មាន សិទ្ធិទទួលបានការអប់រំផ្នែកសិទ្ធិនយោបាយអ៊ីចឹងជាដើមហ្នឹង គឺពួកគាត់មិនទទួលបានពេញលេញដូចពេលកន្លងមកទៀតទេបាទ»។
លោក ណុប វី បានស្នើទៅកាន់រដ្ឋាភិបាលឱ្យមានកិច្ចគាំពារទៅដល់បុគ្គលិកដែលធ្វើការក្នុងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាជំរុញឱ្យមានការធ្វើវិសោធនកម្មលើច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមព្រហ្មទណ្ឌ ដោយសារតែអ្នកសារព័ត៌មានភាគច្រើនត្រូវបានទទួលរងការចោទប្រកាន់ពាក់ព័ន្ធនឹងការងារវិជ្ជាជីវៈរបស់ពួកគេ។
លោកថ្លែងថា៖ «ហើយទី៣ គួរតែសម្របសម្រួលនៅក្នុងការផ្តល់មធ្យោបាយផ្សេងៗទៀតដូចជាពិនិត្យ និងជំរុញឱ្យមានការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានឆាប់រហ័ស ការជំរុញនូវការធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន ហើយការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ធ្វើម៉េចកុំឱ្យអ្នកសារព័ត៌មានហ្នឹងគាត់ទទួលរងនូវការចោទប្រកាន់ផ្សេងៗដោយសារតែការអនុវត្តនូវការងារ និងវិជ្ជាជីវៈរបស់ពួកគាត់»។
លោក ណុប វី ក៏បានជំរុញឱ្យរដ្ឋាភិបាលបង្កើនការអប់រំ និងណែនាំទៅកាន់សមត្ថកិច្ច ឬ អាជ្ញាធរមូលដ្ឋានឱ្យបានដឹងថា អ្នកសារព័ត៌មានជាដៃគូសម្រាប់ការអភិវឌ្ឍនៅតាមតំបន់មូលដ្ឋាន។
នៅថ្ងៃ ២៣ ខែកក្កដា ខាងមុខនេះ កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី ៧ ដោយពលរដ្ឋជាង ៩ លាននាក់ មានឈ្មោះនិងសិទ្ធិបោះឆ្នោត។ ក៏ប៉ុន្តែការបោះឆ្នោតលើកនេះ នឹងគ្មានវត្តមានរបស់កញ្ញា ខាន់ លក្ខិណា ទេ ដោយសារស្ថាប័នវីអូឌី ដែលនាងធ្លាប់បម្រើការឱ្យត្រូវបានបិទ។ នាងមានការសោកស្តាយ ព្រោះមិនអាចបានបន្តធ្វើការរាយការណ៍អំពីដំណើរការបោះឆ្នោតនៅឆ្នាំនេះដែលជាការបោះឆ្នោតថ្នាក់ជាតិដ៏សំខាន់។
ទោះជាយ៉ាងណាក្តី កញ្ញា ខាន់ លិក្ខណា បានប្រាប់វីអូអេថា នាងនឹងមិនបោះបង់អាជីពជាអ្នកសារព័ត៌មានឡើយ ពីព្រោះការងារនេះជាការងារដែលកញ្ញាស្រឡាញ់ ហើយប្រជាពលរដ្ឋគឺជាកម្លាំងចិត្តដ៏រឹងមាំសម្រាប់កញ្ញា។
កញ្ញាថ្លែងថា៖ «ត្បិតតែសារព័ត៌មាន ជាអ្នកសារព័ត៌មានវាប្រឈមក៏ពិតមែន ជាពិសេសគឺស្ត្រីតែម្តងគឺប្រឈមទាំងការបៀតបៀន ទាំងការគំរាមកំហែងគ្រប់រូបភាព ពីសំណាក់អាជ្ញាធរដែលទាំងស្លៀកឯកសណ្ឋាន និងស្លៀកពាក់ស៊ីវិល តែយ៉ាងក៏ដោយសម្រាប់ខ្ញុំ ខ្ញុំអត់បោះបង់ទេអាជីពហ្នឹងពីព្រោះខ្ញុំស្រឡាញ់ ហើយប្រជាពលរដ្ឋក៏ជាកម្លាំងចិត្តក្នុងការជំរុញឱ្យខ្ញុំបន្តអាជីពជាអ្នកសារព័ត៌មានផងដែរ»៕