ក្តី​ព្រួយបារម្ភ​ពី​ទុក្ខ​វេទនា​របស់​ជនស៊ីវិល​កើត​មាន​ឡើង ស្របពេល​កងកម្លាំង​រដ្ឋាភិបាលអ៊ីរ៉ាក់​ឡោម​ព័ទ្ធ​ក្រុង Fallujah

យុទ្ធជន​និកាយ​ Shi'ite ថត​រូប​ Selfie ខណៈ​ពេល​មាន​ការ​បាញ់​គ្រាប់​ទៅ​កាន់​ក្រុមសកម្មប្រយុទ្ធ​រដ្ឋឥស្លាម​នៅ​ជិត​ក្រុង Fallujah ប្រទេស​អ៊ីរ៉ាក់ កាល​ពី​ថ្ងៃ​ទី២៩ ខែ​ឧសភា ឆ្នាំ​២០១៦។

កង​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់​បានឡោម​ព័ទ្ធ​ក្រុង​ Fallujah លើ​ជ្រុង​ទាំង​បួន​នៅ​មុន​ការវាយ​លុកពេញ​ទំហឹង ក៏​ប៉ុន្តែ​មាន​កំណើនកង្វល់អំពី​ស្ថានភាព​ក្រុម​ជន​ស៊ីវិល ដែល​ជាប់គាំង​នៅ​ក្នុង​ក្រុង​កាន់កាប់​ដោយ​ពួក​រដ្ឋ​ឥស្លាម​មួយ​នេះ។

លោក Muhamed ដែល​ជា​ទាហាន​ម្នាក់​នៃ​កង​កម្លាំង​ពិសេស​អ៊ីរ៉ាក់​នៅ​លើខ្សែ​ប្រយុទ្ធ​ជួរ​មុខ ដែលបាន​ត្រូវ​ទាក់ទង​តាម​ទូរស័ព្ទ​ បាននិយាយ​ដោយ​មាន​លក្ខខណ្ឌ​មិន​ឲ្យគេ​ប្រើឈ្មោះ​លោក​ពេញ​បាន​និយាយ​ថា «ពួក​រដ្ឋឥស្លាម​បាន​ដាក់​គ្រាប់បែក​នៅ​តាមផ្លូវ ហើយ​បាន​ប្រើ​ជន​គ្រាប់បែក​អត្តឃាត»។

ក្រុង​ Fallujah ដែល​ជា​សំបុកមួយ​របស់ពួក​និកាយ Sunni ត្រូវ​បានកាន់កាប់​ដោយ​ពួក​រដ្ឋ​ឥស្លាម​យូរ​ជាង​ក្រុង​ឯ​ទៀតៗ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ហើយ​គេ​មាន​ជំនឿថា​ ពួក​យុទ្ធជន​បាន​ចាក់​ឬស​មាំ​ទាំ​នៅ​ក្នុង​ក្រុង​នេះ​។​

លោក Muhamed បាន​និយាយថា​ «យើងកំពុង​រង់ចាំ​បញ្ជា​ដើម្បី​ធ្វើចលនា​ចូល​ទៅ​ក្នុង​ក្រុងនេះ​ និង​សម្លាប់ពួក​រដ្ឋឥស្លាម»។

នៅ​ពេល​ដែល​ការប្រយុទ្ធគ្នា ​និងការ​វាយ​ប្រហារតាម​អាកាស​នៅ​ជុំវិញ​ទី​ក្រុង​នេះ​មាន​ខ្លាំង​ឡើងៗ ស្ថានភាពរបស់ក្រុម​ជន​ស៊ីវិល​ជាប់គាំង​នៅក្នុង​ក្រុង​នេះ​ក៏​មាន​ភាព​អាក្រក់​ជាង​មុនផង​ដែរ។ នៅ​ពេល​ដែល​មនុស្ស​ប្រមាណ ៨០០​នាក់​បាន​រត់​គេច​ខ្លួន​ចេញ​ពីក្រុង​នេះហើយ​ក៏​ដោយ​ ក៏​មាន​មនុស្ស​រាប់​ពាន់​នាក់​ទៀត​មិន​បានរត់​រួច​ទេ។

អង្គការ UNHCR បាននិយាយ​ថា ខ្លួនបាន​ទទួល​របាយ​ការណ៍​អំពី​ទុក្ខវេទនា​របស់​ជន​ស៊ីវិល។

អ្នកស្រី​ Melissa Fleming អ្នក​នាំពាក្យ​នៃ​អង្គការ​ UNHCR បានមានប្រសាសន៍​ថា «យើង​មាន​សេចក្តី​រាយការណ៍​អំពី​កំណើន​នៃ​ការ​ប្រហារ​ជីវិតបុរស​និងយុវជន​ ដែល​មិន​ចង់​ប្រយុទ្ធ​ក្នុង​នាម​នៃ​ពួក​រដ្ឋឥស្លាម។ សេចក្តី​រាយការណ៍​ឯ​ទៀតៗ​បាន​ចែង​ថា មនុស្សមួយ​ចំនួន​ ដែល​បាន​ប៉ុនប៉ង​ចាកចេញពី​ក្រុង​នេះ​ត្រូវ​បាន​ប្រហារជីវិត ឬ​ត្រូវវាយ​នឹង​រំពាត់។ បន្ថែម​ពី​លើនេះ​ទៀត​ គេ​រាយការណ៍​ថា មាន​មនុស្សច្រើន​នាក់បានស្លាប់ ឬ​កប់​នៅ​ក្នុង​កម្ទេចកម្ទីនៃ​ផ្ទះ​របស់​ពួកគេ​នៅ​ក្នុងកិច្ចប្រតិបត្តិការ​យោធា​ដែលកំពុង​មាន​ធ្វើនៅ​ទី​នោះ»៕

ទីភ្នាក់ងារ​មនុស្សធម៌​បានអំពាវ​នាវ​ច្រើន​ដង​ឲ្យ​មានការ​អនុញ្ញាត​ឲ្យ​ជន​ស៊ីវិល​ចាកចេញ​ពីក្រុង​នេះ៕