លោក Comey នឹង​ធ្វើ​សក្ខីកម្ម​ថា លោក Trump បាន​ព្យាយាម​ជះ​ឥទ្ធិពល​លើ​ការ​ស៊ើបអង្កេត FBI

(រូប​ពី​ឆ្វេង) លោក​ប្រធានាធិបតី Donald Trump លោក Michael Flynn និង​លោក James Comey។

លោក Jim Comey នាយក​ការិយាល័យ FBI ត្រូវ​ដក​ចេញ​ពី​តំណែង​នឹង​មាន​ប្រសាសន៍​ប្រាប់​គណៈកម្មាធិការ​ខាង​ផ្នែក​ស៊ើបការណ៍​សម្ងាត់​នៃ​ព្រឹទ្ធសភាស.រ.អា.​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ប្រធានាធិបតី Donald Trump បាន​សុំ​ឱ្យ​លោក​មាន​ភក្តីភាព​ដល់​គាត់​នៅ​ក្នុង​ការ​សន្ទានា​គ្នា​ក្នុង​សេតវិមាន​អំពីការ​ស៊ើបអង្កេត​របស់​ទីភ្នាក់ងារ FBI ស្តី​ពី​ពួក​មន្ត្រី​បច្ចុប្បន្ន និង​ពួក​អតីត​មន្ត្រី​របស់​រដ្ឋបាល។​

គណៈកម្មាធិការ​នេះ​បាន​ចេញ​ផ្សាយ​សំណៅ​ដំបូង​មួយ​នៃ​សេចក្តី​ថ្លែង​ការណ៍​បើក​សវនកម្ម​មាន​៧ទំព័រ​របស់​លោក​ Comey មួយ​ថ្ងៃ​មុន​ការ​បង្ហាញ​ខ្លួន​លោក​តាម​ការ​កំណត់​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​នេះ។ ការណ៍​នេះ​មាន​ឡើង​ក្នុង​រយៈពេល​ខ្លី​ក្រោយ​ពី​នាយក​នៃ​ផ្នែក​ស៊ើបការណ៍​សម្ងាត់​ជាតិ ​និង​ពួក​មន្ត្រី​ជាន់​ខ្ពស់​ឯ​ទៀតៗ​ផ្នែក​ស៊ើបការណ៍​សម្ងាត់​បាន​ប្រកែក​មិន​ព្រម​ឆ្លើយ​នឹង​សំណួរ​របស់​គណៈកម្មាធិការ​នេះ​អំពី​លោក Comey និង​ការ​ស៊ើបអង្កេត​អំពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​ក្នុង​ស.រ.អា.​កាល​ពី​ឆ្នាំ​ទៅ​មិញ។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​លោក លោក Comey បាន​រៀបរាប់​យ៉ាង​ល្អិតល្អន់​អំពី​ការ​សន្ទនា​គ្នា​ប្រាំ​លើក​ដាច់​ដោយ​ឡែក​ពី​គ្នា​ជាមូយ Trump ដោយ​មាន​រួម​បញ្ចូល​ទាំង​ការ​សុំ​របស់​ប្រធានាធិបតី​រូប​នេះ​ឱ្យ​កែប្រែ​ស្ថានភាព​នៃ​ការ​ស៊ើបអង្កេត​របស់​ FBI។

លោក Comey បាន​មាន​ប្រសាសន៍​រំលឹក​អំពី​ជំនួប​មួយ​នៅ​ឯសេតវិមានថា «ប្រធានាធិបតី​បាន​និយាយ​ថា ខ្ញុំ​ត្រូវ​ការ​ភក្តីភាព ខ្ញុំ​រំពឹង​ថា​មាន​ភក្តីភាព។ ខ្ញុំ​មិន​ធ្វើ​ចលនា មិន​និយាយ ឬ​កែ​ប្រែ​ទឹក​មុខ​ខ្ញុំ​ក្នុង​វិធី​ណា​មួយ​នៅ​ពេល​មាន​ការ​ស្ងាត់ស្ងៀម​បែប​មិន​ស្រួល​នៅ​ពេល​បន្ទាប់​មក។​ យើង​គ្រាន់​តែ​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្ងាត់ស្ងៀម»។

នៅ​ក្នុង​កំណត់​សម្គាល់​របស់​លោក​ត្រូវ​រៀបចំ​ជាមុន លោក Comey បាន​មាន​ប្រសាសន៍​ថា​ លោក​បាន​និយាយ​ប្រាប់ Trump បី​ដង​ថា​គាត់​មិន​បាន​ត្រូវ​ស៊ើបអង្កេត​ដោយ​ FBI ទេ អំពី​ថា​តើ​ពួក​សហការី​របស់​គាត់​មាន​ការ​ទាក់ទង​មិន​ត្រឹមត្រូវ​ជាមួយ​ពួក​មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី​ ឬ​ទេ។

នៅ​ក្នុង​កថាខណ្ឌ​មួយ​ទៀត លោក Comey នឹង​ផ្តល់​សក្ខីកម្ម​ថា​ Trump បាន​សុំ​ដល់​លោក​កាល​ពី​ថ្ងៃ​ទី១៤ខែ​កុម្ភៈ​ឱ្យ «បញ្ឈប់» ការ​ស៊ើបងង្កេត​អំពី​លោក Michael Flynn ដែល​បាន​ត្រូវ​ដក​ចេញ​ពី​តំណែង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​កាលពី​មួយ​ថ្ងៃ​មុន​នោះ។ លោក Comey បាន​ដកស្រង់​ពាក្យ​សម្តី​របស់ Trump ដែល​បាន​និយាយ​ថា «ខ្ញុំ​សង្ឃឹម​ថា​លោក​យល់​ឃើញ​ច្បាស់លាស់​ថា​ គួរ​បញ្ឈប់​ការ​ស៊ើបអង្កេត​អំពីលោក​ Flynn ហើយ។​ លោក Flynn ជា​មនុស្ស​ល្អ។ ​ខ្ញុំ​សង្ឃឹម​ថា​លោក​អាច​បញ្ឈប់​ការ​ស៊ើបអង្កេត​នេះ»។

កាល​ពី​ខែ​មុន​ Trump បាន​បដិសេធដាច់​អហង្ការ​ថា ​គាត់​មិន​បាន​បង្ខិតបង្ខំ​លោក Comey ឱ្យ​បញ្ឈប់​ការ​ស៊ើបអង្កេត​អំពី​លោក Flynn ​ទេ។ គាត់​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​កាសែត​ម្នាក់​ថា «ទេ ទេ សំណួរ​បន្ទាប់»។ ប្រធានាធិបតី​អាមេរិកាំង​រូប​នេះ​ក៏​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា​ពួក​សហការី​របស់​គាត់​បាន​ឃុបឃិត​ជាមួយ​រុស្ស៊ី​ដើម្បី​ឱ្យ​មាន​ឥទ្ធិពល​លើ​ការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.​កាល​ពី​ខែ​វិច្ឆិកា​មុន​ដោយ​គាត់​បាន​ហៅ​ការ​ចោទប្រកាន់​នេះ​ថា​ជា «ការ​តាម​ធ្វើ​ទុក្ខបុកម្នេញ» មួយ៕