សកម្មជន​ខ្មែរ​នៅ​ឡុងប៊ិច​ចាប់​ផ្តើម​យុទ្ធនា​ការ​ផ្សព្វផ្សាយ​ការ​បោះឆ្នោត​ ខណៈ​ជំងឺ​រាតត្បាត​នៅ​បន្ត​ឆ្លង

រូបឯកសារ៖ ពលរដ្ឋអាមេរិកាំងម្នាក់ដែលពាក់ម៉ាស់ ចូលរួមបោះឆ្នោតក្នុងក្រុង Santa Clarita នៅរដ្ឋ California កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២០។

សកម្មជន​សហគមន៍នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា ទទូច​ឲ្យពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ យក​ឱកាស​នៃ​ការ​បោះឆ្នោត​ផ្ញើតាម​ប្រៃសណីយ៍ ​ដើម្បី​ជម្នះ​ការព្រួយបារម្ភ​នឹងជំងឺកូវីដ១៩ ​ហើយ​បោះឆ្នោត​ឲ្យបានច្រើន​ នៅក្នុងការបោះឆ្នោត​ នៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ។

ក្រុមសកម្មជន​កំពុង​តែរៀបចំ​សកម្មភាព​ផ្សព្វផ្សាយជាថ្មី បន្ទាប់ពី​ស្ងប់ស្ងាត់​សកម្មភាព​មួយ​រយៈ​ដោយសារតែ​ជំងឺ​រាតត្បាត។

លោកឆល សុង សកម្មជនសហគមន៍​មួយរូប បានបញ្ជាក់​ប្រាប់​វីអូអេ៖ «យើងប្រកាស​ប្រកូកប្រកាសផ្សាយ​ ដើម្បី​ជម្រាបជូនទៅដល់​បងប្អូនប្រជាពលរដ្ឋ​ ដើម្បី​ឲ្យ​គាត់​បាន​យល់​។ ខ្ញុំបានចែកចាយជូនផងដែរ​ ទៅតាមចំណេះដឹងរបស់ខ្ញុំ នូវអ្វី​ដែលខ្ញុំបាន​ទទួ​ល​ពីរដ្ឋ​ ដូចជា​សំបុត្រ​ដែល​គេបាន​ផ្ញើមក​ពីស្មៀន​ក្រុង​ បញ្ជាក់​ថា​ មាន​អ្វី​កើត​ឡើ​ង​ខ្លះ​ នៅ​ក្នុង​សំបុត្រនោះ​ ហើយ​ថា ​តើ​ការបោះឆ្នោត​នោះ របៀប​ម៉េច​ នៅក្នុង​ខែ ​១១ [វចិ្ឆកា] ថ្ងៃទី៣»។​

រដ្ឋកាលីហ្វ័រញ៉ា​ នឹង​អនុវត្ត​នីតិវិធីបោះឆ្នោតថ្មីនៅឆ្នាំនេះ​ គឺអ្នក​ដែលបាន​ចុះឈ្មោះ​បោះឆ្នោត​ទាំងអស់​នឹង​ទទួលបាន​សន្លឹកឆ្នោត ​ដែលផ្ញើ​តាម​ប្រៃសណីយ៍ ក្នុងរយៈពេល​ ២៩ ថ្ងៃ​ មុន​ថ្ងៃបោះឆ្នោត។ ប៉ុន្តែពួកគេក៏មានជម្រើស​ទៅបោះឆ្នោត​ដោយផ្ទាល់ផង​ដែរ។ នេះបើតាម​ការបញ្ជាក់​របស់​គេហទំព័រ​ស្មៀនរបស់​ខោនធី ​Los Angeles។

ការណ៍នេះនាំឲ្យ​សកម្ម​ជន​សហគមន៍ព្រួយបារម្ភ​ខ្លាចពលរដ្ឋ​ខ្លះ​បោះចោលសន្លឹកឆ្នោត ដែល​ទទួល​បាន​នោះ​។​

លោក ឆល សុង​ បាន​ពន្យល់​បន្ថែម​ថា៖ «បើសិនណា​ យើង​មិន​ខិតខំ​ទប់​ស្កាត់​ ឬ​ព្យាយាម​ផ្សព្វផ្សាយ​នូវព័ត៌មាន និងជម្រាបជូនគាត់​ឲ្យ​បាន​ដឹង​ទេ​ រឿងមួយ​ដែល​ប្រហែល​ជា​នឹង​កើត​មានឡើង ​គឺប្រហែល​ជាធុងសម្រាម ហើយ​ក្រដាសហ្នុង ​ពីព្រោះ​ធម្មតា​គ្រប់​ឆ្នាំ​ទាំងអស់​ ហើយ​នឹង​អ្វីៗ​ទាំងអស់​ដែល​កូវីដ១៩ កើតមានឡើង​ គឺ​យើង​បាន​ទៅ​រំលឹក​គាត់​ដល់​ផ្ទះ​តែម្តង»។

ដោយសារតែជំងឺកូវីដ​១៩​ បានឆ្លងយ៉ាងច្រើន​នៅក្នុង​រដ្ឋ​នេះ ​ដែល​តម្រូវឲ្យ​មាន​ការរឹតត្បិតសកម្មភាព​ផ្សព្វផ្សាយ​មួយ​ចំនួន ដូចជាការហាមឃាត់ការជួបជុំគ្នា ដូច្នេះ​ក្រុមសកម្មជន​ប្រើប្រាស់​ប្រព័ន្ធ​ហ្វេសប៊ុក ​និង​ទូរស័ព្ទ​ដើម្បី​ផ្សព្វផ្សាយ​ការអប់រំណែនាំ។

ទីក្រុង​ឡុងប៊ិច​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ជាង ៥០.០០០ នាក់​ ដែល​ជា​សហគមន៍​ខ្មែរ​ក្រៅ​ប្រទេស​ដ៏​ធំ​ជាងគេ​បំផុត ​ហើយ​ទទួល​បាន​រហ័សនាម​ថា «ប្រទេស​កម្ពុជា​ទីពីរ»។ ភាគច្រើន​នៃ​ពួកគេ​បាន​មក​រស់នៅ​ក្រោយពី​ការដួល​រលំ​នៃ​របប​ខ្មែរក្រហម​ កាលពី​ជាង ៤០ ​ឆ្នាំ​មុន។

ការបោះឆ្នោតនៅឆ្នាំនេះ​ គឺមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតី អ្នកតំណាងរាស្ត្រ​ថ្នាក់ជាតិ​និង​ថ្នាក់រដ្ឋ​ និងថ្នាក់ដឹកនាំ​មូលដ្ឋាន​ ក៏ដូចជា​សម្រេច​លើ​វិធានការ​ជាច្រើនទៀត។

សមាគមសកម្មភាព​យុវនារីខ្មែរ ដែលធ្វើការខាងផ្នែកអប់រំ​ពលរដ្ឋ​ពីការបោះឆ្នោត​ យល់ថា ​នេះ​គឺជា​ឆ្នាំ​បោះឆ្នោត​ដ៏សំខាន់មួយ​ ដោយសារច្បាប់ថ្មី​ និងជំងឺកូវីដ១៩។ សមាគមនឹងចាប់ផ្តើមធ្វើ​សកម្មភាព​ជាច្រើន​ នៅ​ខែកញ្ញា​នេះ​។

អ្នកស្រី អេមី លាងហ៊ន ​អ្នកសម្របសម្រួល​កម្មវិធីបោះឆ្នោត​នៃសមាគមបានបន្ថែម​ថា៖ «នៅរដូវ​ស្លឹកឈើជ្រុះ​នេះ​ នឹងមានកិច្ចខិតខំប្រឹងប្រែង​គ្រប់យ៉ាង ហើយ​បន្ថែម​ពីនោះ​ យើង​នឹង​រៀបចំ​ក្បួនរថយន្ត​អប់រំ និង​វេទិការ​អប់រំ​តាម​អនឡាញ ​ដើម្បី​ជួយ​សហគមន៍ បំពេញ​សន្លឹកឆ្នោត​។ យើង​ដឹង​ថា​ នីតិវិធីគឺខុស​ពីមុន​ ដោយសារ​សុវត្ថិភាពនៃ​ជំងឺកូវីដ​១៩​ ហើយ​រដ្ឋកាលីហ្វ័រញ៉ា​ ក៏​នឹងប្រើ​ច្បាប់​បោះឆ្នោត​ថ្មី»។

លោក​ប្រធានាធិបតី Trump តែងតែ​រិះគន់​ការ​បោះឆ្នោត​ផ្ញើតាម​ប្រៃសណីយ៍​ ទូទាំង​សហរដ្ឋ​អាមេរិក ដោយ​មិនបាន​បង្ហាញ​ភស្តុតាង​ច្បាស់​លាស់ ថា​ជា​ការនាំឲ្យមាន​ការ​លួចបន្លំ​សន្លឹកឆ្នោត។​

ទោះ​ជាយ៉ាងណា​ក៏ដោយ អ្នកស្រី ​អេមី លាងហ៊ន​ បាន​ផ្តល់​ជំនឿចិត្ត​ដល់​ប្រព័ន្ធ​បោះឆ្នោត​ថ្មីនេះ៖ «យើង​លើកទឹកចិត្ត​ពលរដ្ឋ​ឲ្យ​បោះឆ្នោត​តាម​សំបុត្រ​ បើទោះបីជា​ផ្ញើតាមប្រៃសណីយ៍​ ឬ​ក៏​ទម្លាក់​នៅ​កន្លែងបោះឆ្នោត​ជិតបំផុត​ក៏ដោយ​ ពីព្រោះ​យើងអាចទុកចិត្ត​បាន។ យើង​មិន​ត្រូវ​ព្រួយបារម្ភ​ថា ​សន្លឹកឆ្នោត​របស់​យើង​ ត្រូវគេ​លួចទេ​ ពីព្រោះនេះគឺជា​បទល្មើស​ថ្នាក់ជាតិ»។

​អ្នកស្រី ស៊ូលី សារ៉ូ (Suely Saro) បេក្ខនារី​ខ្មែរ​អាមេរិកាំង​រូប​នេះ បានក្លាយជាបេក្ខជន​នាំមុខគេបង្អស់សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា​ក្រុង​ឡុងប៊ិច​ប្រចាំ​សង្កាត់​លេខ ​៦។ (រូបថតដកស្រង់ពី​ទំព័រ​ហ្វេសប៊ុក)

នៅ​សង្កាត់លេខ ៦ នៃទីក្រុង​ឡុងប៊ិច មាន​បេក្ខជន​ខ្មែរ​អាមេរិកាំងមួយរូប​ កំពុងប្រកួតប្រជែង​ផ្តាច់ព្រាត់នឹង​លោក ​Dee Andrews​ ជាចៅសង្កាត់​បច្ចុប្បន្ន និងជា​ចៅហ្វាយរងក្រុង​ឡុងប៊ិច ​ដែល​បាន​កាន់​តំណែង​ជាច្រើន​អាណត្តិ​ហើយ។

អ្នកស្រី​ ស៊ូលី​ សារ៉ូ ដែលជា​បេក្ខជនចៅសង្កាត់លេខ ៦ នេះ បាន​ថ្លែងពីការពិបាក​ក្នុង​ការធ្វើ​យុទ្ធនាការ​ឃោសនា៖​ «ចាស វាខុសគ្នាឥឡូវហ្នឹង ពីព្រោះ​កូវីដ​១៩​ យើង​មិន​អាច​គោះ​ទ្វារបានទេ​។ ឥឡូវនេះ​យើង​និយាយ​តាម​ទូរស័ព្ទ​ នៅពេល​ដែល​យើង​ចែក​ម្ហូប​ ចែក​ម៉ាស់អី​ គឺយើង​អាច​និយាយ​គ្នា​តាម​ហ្នឹង​។ ប៉ុន្តែ​ ឥឡូវយើង​ត្រូវ​និយាយ​គ្នា​តាម​ហ្វេសប៊ុក​ តាម​ទូរស័ព្ទ​ ឬតាម​បងប្អូនយើង​ស្គាល់គ្នា​។ បាន​អីចឹងខ្ញុំត្រូវការសង្គម​យើង ​ជួយនិយាយ​មែនទែន​ ឲ្យ​គេបោះឆ្នោត​ឲ្យ​ខ្ញុំ»។​

អ្នកស្រី​ ស៊ូលី ក៏ក្រើនរំលឹកដល់ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ​កុំឲ្យ​បោះបង់សន្លឹកឆ្នោតចោល។

«ឥឡូវនេះវាខុសគ្នាបន្តិច​ ដោយគេ​ផ្ញើសំបុត្រ​ដល់ផ្ទះ​ទាំងអស់គ្នា​ បោះឆ្នោត​ខែ​១០ [តុលា]។ ខ្ញុំចង់សុំ​កុំបោះចោល បើសិន​ជាអត់យល់​យ៉ាងម៉េច​ត្រូវ​សួរ​បងប្អូន​សួរមិត្តភក្តិ​ថា​ បោះឆ្នោត​ឬ​អត់ ​ដើម្បី​យើងបាន​ឈ្នះខែ​១១ [វិច្ឆិកា]។ ខ្ញុំដឹង​ថា​ យើង​នឹងបានហើយ​ បើសិន​ជា​សង្គម​យើង​បោះឆ្នោត»។​

វីអូអេ​បាន​ព្យាយាម​ទាក់​ទង​ទៅ​ក្រុមយុទ្ធនាការរបស់​លោក ​Dee Andrews​ ជាច្រើន​ដង ​ប៉ុន្តែ​លោក​ Matthew Miller ​អ្នកនាំពាក្យ​របស់​លោក​ បញ្ជាក់​ថា​ លោក​ចៅសង្កាត់​ជាប់​រវល់ និង​មិន​ទាន់​អាច​ផ្តល់​បទសម្ភាស​បាន​នៅឡើយ។​

លោក អាន់តូនី គីម ប្រធានសភាខ្មែរអាមេរិកាំង​ទំនាក់ទំនងផ្នែក​សង្គមកិច្ច (Cambodian American Civic Engagement Council) បានបញ្ជាក់​ថា​ ការជួយពន្យល់​ពីក្រុមអ្នកស្ម័គ្រចិត្ត​នឹង​ជួយ​ដល់​ពលរដ្ឋ​ឲ្យ​យល់​ដឹងកាន់តែ​ច្រើន សម្រាប់ការបោះឆ្នោតនេះ។​

«ភាគច្រើនបងប្អូនខ្មែរយើង ​ឬ​អ្នកនៅសង្កាត់​ទី ៦ ​គេ​ធ្លាប់​បោះឆ្នោត​តាមសំបុត្រ​។ ឥឡូវនេះភាគច្រើន​គេ​នឹង​ផ្ញើ​សន្លឹកឆ្នោត​ទៅអ្នកបោះឆ្នោត​តាមប្រៃសណីយ៍ ប៉ុន្តែក៏វានឹងមានបញ្ហាខ្លះ ព្រោះអ្នកខ្លះអត់​សូវយល់ការបោះឆ្នោត​តាមសំបុត្រ​របៀបម៉េច យើង​ត្រូវ​ស៊ីញ៉េ​របៀប​ម៉េច​ យើង​ត្រូវ​ផ្ញើ​ទៅ​តាម​ខាង​ណា​អីចឹង ​សង្ឃឹម​ថា ​ពួកបេក្ខជននិងអ្នកធ្វើ​ការផ្សព្វផ្សាយ​ជាសាធារណៈ ​នឹងជួយពន្យល់​ពីការបោះឆ្នោត​ជាមុននេះដូចម្តេចខ្លះ»។

សកម្មជន​សហគមន៍​ខ្មែរ-អាមេរិកាំង​ នៅ​ទីក្រុង​ឡុងប៊ិច បានទទួល​ជោគជ័យ​ដ៏ធំក្នុង​អំឡុង​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ កាលពី​ឆ្នាំ​ ២០១៨ ​ដោយ​វិធានការ​មួយដែល​ស្នើ​ឱ្យ​បែងចែក​ឡើងវិញ​នូវ​ខ្សែ​បន្ទាត់​ព្រំប្រទល់​សង្កាត់​ ដែល​សហគមន៍​ខ្មែរ​យល់​ថា បាន​ធ្វើឱ្យ​សហគមន៍​បាត់បង់​លទ្ធភាព​ប្រមូល​កម្លាំង​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរអាមេរិកាំង ក្នុងការបោះឆ្នោត​នៅថ្នាក់​មូលដ្ឋានត្រូវ​បាន​អ្នកបោះឆ្នោត​សម្រេច​គាំទ្រ​។

សម្រាប់​ការបោះឆ្នោត​នេះ​ សកម្មជន​មើលឃើញ​ថា​ បញ្ហា​ផ្ទះសម្បែងនិង​ធនធាន​សម្រាប់​សហគមន៍​សម្រាប់​ផ្នែក​អប់រំ ​និង​សុខាភិបាល​ នៅតែ​ជា​បញ្ហា​ដ៏​សំខាន់​សម្រាប់​ពលរដ្ឋ៕