ក្រោយពីវត្តមួយចំនួននៅក្នុងរាជធានីភ្នំពេញ បានបដិសេធមិនផ្ដល់កន្លែងរៀបចំបុណ្យខួបគម្រប់១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី កាលពីថ្ងៃអង្គារម្សិលម៉ិញនេះ គណៈកម្មការរៀបចំបុណ្យទទួលបានការយល់ព្រមពីចៅអធិការវត្តថាន់ ក្នុងការរៀបចំពិធីបុណ្យនៅក្នុងវត្ត។
គណៈកម្មការរៀបចំបុណ្យខួបគម្រប់១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី គ្រោងស្នើទៅអាជ្ញាធរសាលារាជធានីដើម្បីប្រារព្ធពិធីបុណ្យនៅក្នុងវត្តថាន់ កណ្ដាលរាជធានីភ្នំពេញ បន្ទាប់ពីការស្វែងរកវត្តដើម្បីរៀបចំពិធីបុណ្យនេះនាពេលកន្លងមកជួបឧបសគ្គ។
ក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីទីកន្លែងរៀបចំពិធីបុណ្យខួបគម្រប់១០០ថ្ងៃលោកបណ្ឌិត កែម ឡី គណៈកម្មការរៀបចំកម្មវិធីបុណ្យបានឱ្យដឹងថា កាលពីថ្ងៃអង្គារម្សិលម៉ិញនេះ តំណាងគណៈកម្មការបានជួបប្រជុំជាមួយព្រះគ្រូចៅអធិការវត្តថាន់ ក្នុងរាជធានីភ្នំពេញ ដើម្បីស្នើសុំទីតាំងប្រារព្ធខួប១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី។ សេចក្ដីប្រកាសបន្តថា ព្រះចៅអធិការវត្តថាន់បានយល់ព្រមផ្ដល់ទីតាំងវត្តថាន់ដល់គណៈកម្មការដើម្បីរៀបចំបុណ្យ ក្នុងករណីមានការយល់ព្រមពីសាលារាជធានី។
លោក សៅ កុសល សមាជិកនិងជាអ្នកនាំពាក្យគណៈកម្មការរៀបចំបុណ្យខួបគម្រប់១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី ប្រាប់ VOA ថា កន្លងទៅ គណៈកម្មការបានស្នើសុំវត្តមួយចំនួនក្នុងរាជធានីភ្នំពេញដើម្បីរៀបចំពិធីបុណ្យនេះ តែត្រូវបានបដិសេធ។
លោកមានប្រសាសន៍ថា៖
«ពីមុនមកវត្តចាស់ឬវត្តមហាមន្ត្រី វត្តសំពៅមាសអីហ្នឹងសុទ្ធតែបដិសេធទាំងអស់ ទើបតែល្ងាចនេះ ខ្ញុំបានទៅជួបចៅអធិការវត្ត[ថាន់] ហើយព្រះចៅអធិការក៏បានឯកភាពឱ្យធ្វើ គ្រាន់ថា ព្រះចៅអធិការមានសង្ឃដីកាថា ឱ្យតែអាជ្ញាធរ ទៅទំនាក់ទំនងអាជ្ញាធរបន្តទៀតទៅ។ អត់មានបញ្ហាអីទេ យើងធ្វើនៅទីហ្នឹងទៅ»។
លោក សៅ កុសល បានឱ្យដឹងដែរថា គណៈកម្មការបុណ្យនឹងរៀបចំសំណើទៅសាលារាជធានីនៅក្នុងសប្ដាហ៍នេះ ដើម្បីស្នើសុំរៀបចំពិធីបុណ្យខួប១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី នៅក្នុងវត្តថាន់ស្ថិតនៅលើផ្លូវព្រះនរោត្ដមខាងត្បូងវិមានឯករាជ្យចម្ងាយប្រមាណជាងមួយគីឡូម៉ែត្រ។
លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានប្រាប់ VOA ថា អាជ្ញាធរមិនហាមឃាត់ការធ្វើពិធីបុណ្យតាមបែបសាសនានោះទេ។ ទោះជាយ៉ាងណាក្តី ក៏លោកមិនអាចបញ្ជាក់ថា សាលារាជធានីនឹងអនុញ្ញាតឱ្យប្រារព្ធពិធីបុណ្យនេះនៅក្នុងវត្តថាន់តាមការស្នើសុំឬយ៉ាងណានោះទេ ដោយលោកថាត្រូវរង់ចាំមើលនិងពិភាក្សាលើគម្រោងនៃការប្រារព្ធពិធីបុណ្យនេះសិន។
លោក មាន ចាន់យ៉ាដា មានប្រសាសន៍ថា៖
«ពីព្រោះដូចខ្ញុំនិយាយអម្បាញ់ម៉ិញចឹង វាពាក់ព័ន្ធនឹងរឿងមហាជន ពាក់ព័ន្ធនឹងរឿងស្អីៗទាំងអស់ហ្នឹង វាមានរឿងបញ្ហាដែលយើងត្រូវហៅគាត់មកជជែកពិភាក្សាគ្នាច្រើន។ បើសិនជាបុណ្យ១០០ថ្ងៃធម្មតាដូចបុណ្យសពទូទៅ ធ្វើនៅផ្ទះ ធ្វើនៅវត្តរបស់ខ្លួន អាហ្នឹងយើងអត់ដែលមានទៅសុំច្បាប់អាជ្ញាធរ យើងយ៉ាងច្រើនទៅសុំច្បាប់សាងសង់រោងអីតែប៉ុណ្ណឹងទេ។ ប៉ុន្តែបើគាត់បង្កប់ន័យអីផ្សេង អាហ្នឹងបានគាត់បារម្ភ ក៏ប៉ុន្តែបើគាត់ធ្វើនៅក្នុងន័យដូចគេបុណ្យសពធម្មតាទូទៅដូចប្រជាពលរដ្ឋជាង១៥លាននាក់អាហ្នឹង វាមានបញ្ហាអីអូន»។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការបុណ្យកាលពីសប្ដាហ៍មុន កម្មវិធីបុណ្យ១០០ថ្ងៃរបស់លោកបណ្ឌិត កែម ឡី នឹងធ្វើឡើងតាមប្រពៃណីព្រះពុទ្ធសាសនារយៈពេល៤ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែតុលា ប្រារព្ធធ្វើក្នុងរាជធានីភ្នំពេញ ហើយនៅថ្ងៃទី១៦ ខែតុលា ជាពិធីហែរូបសំណាករបស់លោក កែម ឡី ទៅតម្កល់នៅបូជនីយដ្ឋានក្នុងខេត្តតាកែវដែលជាស្រុកកំណើតរបស់លោក។ កម្មវិធីបុណ្យនេះក៏នឹងមានការតាំងពិព័រណ៍រូបថត ការចាក់ផ្សាយឡើងវិញនូវបទវិភាគបញ្ហាសង្គមផ្សេងៗ ដែលលោកបណ្ឌិត កែម ឡី ធ្លាប់បានធ្វើនៅពេលដែលលោកនៅមានជីវិតរស់នៅ។
អ្នកវិភាគបញ្ហាសង្គមដ៏មានប្រជាប្រិយភាពលោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់ស្លាប់កណ្តាលថ្ងៃនៅក្នុងហាងស្តារម៉ាតមួយកន្លែង ស្ថិតនៅចំកណ្តាលក្រុងភ្នំពេញ កាលពីថ្ងៃទី១០ខែកក្កដាកន្លងទៅ។
រយៈពេលជាង២ខែក្រោយការបាញ់សម្លាប់រហូតមកដល់ពេលនេះ អាជ្ញាធរមិនទាន់បង្ហាញពីតម្រុយអ្វីថ្មីពាក់ព័ន្ធនឹងឃាតកម្មនេះនៅឡើយទេ ក្រៅពីភស្តុតាងដាក់បន្ទុកបុរសម្នាក់ដែលអះអាងថាខ្លួនឈ្មោះ ជួប សម្លាប់ ជាឃាតករ។
ចំណែកវីដេអូកាមេរ៉ាសុវត្ថិភាពដែលអាជ្ញាធរបានដកយកក្រោយពីហេតុការណ៍បាញ់សម្លាប់នោះ នៅមិនទាន់ត្រូវបានបង្ហាញជូនសាធារណជននៅឡើយទេ ដោយក្រុមអ្នកវិភាគខ្លះ លើកឡើងថា អាជ្ញាធរទំនងជាចង់បិទបាំងការពិតនៃឃាតកម្មលើអ្នកវិភាគរូបនេះ ហើយទុកឲ្យរឿងនេះ ឲ្យសាបរលាបម្តងបន្តិចៗទៅតាមពេលវេលា ដូចជាករណីបាញ់សម្លាប់សកម្មជនការពារបរិស្ថាននិងសិទ្ធិកម្មករលើកមុនៗដែរ ដូចជាលោក ឈុត វុទ្ធី និងលោក ជា វិជ្ជា៕