គណៈប្រតិភូ​ពាណិជ្ជកម្ម​កម្ពុជា​ជួប​ជាមួយ​ក្រុមហ៊ុន​ជំនួញ​អាមេរិក

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ចពាណិជ្ជកម្ម​កម្ពុជា​ទៅ​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក​ Robert M. Pepper អនុប្រធាន​គម្រោង​គោលនយោបាយ​បច្ចេកវិទ្យា​សាកល​លោក​របស់​ក្រុមហ៊ុន​សាជីវកម្ម CISCO។ (រូបថត​ផ្តល់​ឲ្យ​ដោយ៖ ក្រសួង​ពាណិជ្ជកម្ម)

គណៈប្រតិភូ​ធុរកិច្ចកម្ពុជា ដែល​ដឹក​នាំ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​កំពុង​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​នៅ​សប្តាហ៍​នេះ ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​នឹង​ក្រុមហ៊ុន​សាជីវកម្ម​ធំៗ​របស់​សហរដ្ឋ​អាមេរិក។

លោក​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុន និង​ជា​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ថ្លែង​អំពី​«កំណែទម្រង់​សេដ្ឋ​កិច្ច​នៅ​កម្ពុជា»នៅ​ឯ​មជ្ឈមណ្ឌល​សិក្សា​អំពី​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ​ Center for Strategic and International Studies (CSIS) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៤។ (រូបផ្តល់​ឲ្យ​ដោយ​ក្រសួង​ពាណិជ្ជកម្ម)

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​របស់​កម្ពុជា បាន​ដឹក​នាំ​គណៈប្រតិភូ​ខាង​ពាណិជ្ជកម្ម​មក​កាន់​សហរដ្ឋ​អាមេរិក ដើម្បី​ជួប​ពិភាក្សា​ជាមួយ​នឹង​អ្នក​តំណាង​ឲ្យ​ក្រុមហ៊ុន​សាជីវកម្ម​ធំៗ​របស់​អាមេរិក ដូច​ជា ក្រុមហ៊ុន​កូកាកូឡា ក្រុមហ៊ុន General Electics ដ៏​ជោគជ័យ​របស់​អាមេរិក និង​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​ទៀត រួម​ទាំង​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​តំបន់​អាស៊ីអាគ្នេយ៍ (U.S.-ASEAN Business Council)។

លោក Kathleen Santillo នាយក​គ្របគ្រង​នៃ​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​អាមេរិក និង​អាស៊ីអាគ្នេយ៍ ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អាមេរិក​កំពុង​បន្ត​ស្វែងរក​ឱកាស​ធ្វើ​វិនិយោគទុន និង​ធ្វើ​ជំនួញ​នៅ​កម្ពុជា ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កម្ពុជា​កាលពី​ដើម​ខែ​ឧសភា​នេះ។

ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ពាណិជ្ជកម្ម​កម្ពុជា​មក​កាន់​សហរដ្ឋ​អាមេរិក​នេះ​បាន​កើត​ឡើង ក្រោយ​ពេល​ដែល​លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋអាមេរិក កំពុង​ព្យាយាម​សម្រេច​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរជាតិ​ដ៏​ធំ​មួយ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ឈ្មោះ កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក (Trans-Pacific Partnership) ឬ (TPP)។

សេដ្ឋវិទូ​កម្ពុជា​មួយ​ចំនួន យល់​ថា ប្រទេស​កម្ពុជា​នៅ​មាន​ផ្លូវ​ដ៏វែង​ឆ្ងាយ​ទៀត ដើម្បី​សម្រេច​ទៅ​តាម​បទដ្ឋាន​ផលិតភាព​ដើម្បី​ចូល​ទៅ​ក្នុង​ប្លុក​ពាណិជ្ជកម្ម​ដូច​ជា (TPP)។ សេដ្ឋវិទូ​ទាំង​នេះ​បាន​បន្ត​លើក​ទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​កិច្ចខំប្រឹង​ប្រែង​របស់​ខ្លួន​ក្នុងការ​ពង្រឹង​ទំនាក់​ទំនង​ជា​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ​ទុន​ក្នុង​សន្ទុះ​ឲ្យ​ខ្លាំង​ជាមុន​ជាមួយ​ដៃគូ​ក្នុង​តំបន់ ដូចជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដៃគូ​សេដ្ឋកិច្ច​ក្នុង​តំបន់ (Regional Comprehensive Economic Partnership) ​ដែល​ដឹក​នាំ​ដោយ​ប្រទេស​ចិន។

ស្រប​ពេល​ដែល​កម្ពុជា​កំពុង​បន្ត​ពង្រីក និង​ពង្រឹង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​នឹង​ប្រទេស​អភិវឌ្ឍន៍​ជា​ច្រើន ដែល​ជា​ឱកាស​របស់​ប្រទេស​កម្ពុជ​ក្នុងការ​បង្កើន​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​នោះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បន្ត​ព្យាយាម​ដោះស្រាយ​កត្តា​ប្រឈម​មួយ​ចំនួន ដូច​ជា បញ្ហា​បទដ្ឋាន​ផលិតភាព​ទាប អំពើ​ពុករលួយ ការ​ខ្វះ​កម្លាំង​ពលកម្ម​មាន​ជំនាញ និង​រួម​ទាំង​កត្តា​ប្រឈម​ផ្សេងៗ​ទៀត៕