ខុមហ្វ្រែល៖ សភា​មិន​បាន​ដោះស្រាយ​បញ្ហា​អ្នក​បោះឆ្នោត

ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ នរោត្តម សីហមុនី យាង​ជា​អធិបតី​ក្នុង​ពិធី​​បើក​រដ្ឋសភា​ជាតិ​អាណត្តិ​ទី​៥ ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣ ដែល​ពិធី​នេះ​ត្រូវ​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​​​ពហិការ​មិន​ចូល​រួម។

អង្គការ​មួយ​ដែល​ឃ្លាំមើល​សភា​កម្ពុជា​បាន​រក​ឃើញ​ថា​អ្នក​តំណាងរាស្រ្ត​នៃគណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ចុះ​មូលដ្ឋាន​ច្រើន​ក្នុង​ឆមាស​ទី​មួយ​នៃ​អណត្តិ​ទី​៥នេះប៉ុន្តែ​គ្មាន​សកម្មភាព​ណា​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​របស់​ប្រជា​ពលរដ្ឋ​ទេ។

អង្គការ​ខុមហ្វ្រែល​បាន​ចេញ​របាយការណ៍​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​ដោយ​បង្ហាញ​ថា​អ្នក​តំណាងរាស្រ្តជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចុះ​ជួប​អ្នក​គាំទ្រ​ច្រើនជាង​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​បាន​ចុះ​ទៅ​មូលដ្ឋាន​ចំនួន​២១២​ដង​រីឯ​គណបក្ស​កាន់​អំណាច​បានចំនួន​១៨៨​ដង។

អង្គការ​ខុមហ្វ្រែល​បាន​បញ្ជាក់​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា​ស្ថាប័ន​សភា​មិន​មាន​លទ្ធភាព​សូម្បី​ធ្វើការ​ពិភាក្សា​ច្បាប់​ឡើយ៖

«សម្រាប់​ដំណើរការ​រដ្ឋសភា​នីតិកាល​ទី​៥​នេះ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​រដ្ឋ​សភា​ឯកបក្ស​នឹង​មិន​អាច​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ល្អនោះទេ។ តួនាទី​មួយ​ក្នុង​ចំណោម​តួនាទី​សំខាន់ៗ​ជាច្រើន​គឺ​ការ​អនុម័ត​ច្បាប់​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​រដ្ឋ​សភា​នីតិកាល​នេះ​នឹង​មិន​មាន​ការ​ពិភាក្សា​ផុស​ផុល​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ដែល​បញ្ជូន​ពី​រដ្ឋាភិបាល»។

លោក​ អ៊ូ វីរៈ​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់​ថា​អវត្តមាននៃ​អង្គ​នីតិប្បញ្ញត្តិ​ដ៏ខ្លាំង​ក្លា​មួយ​មិន​បាន​ធ្វើ​ឱ្យ​ស្ថានភាពសិទ្ធិ​មនុស្ស​បាន​ប្រសើរឡើង​ទេ។

«អំណាច​ក្នុង​ប្រទេស​កម្ពុជា​យើង​គឺ​មាន​តែ​នីតិ​ប្រតិបត្តិ​ទេ​ដែល​មាន​អំណាច​ខ្ពស់​ហើយ​តំណាង​រាស្រ្ត​មិន​សូវ​ជាមាន​អំណាច​ មិន​សូវ​ចូលរួម​ដោះស្រាយ​បញ្ហា​ទេ​អញ្ចឹង​បន្ទុក​ទាំង​ឡាយ​ធ្លាក់​ទៅលើ​នីតិប្រតិបត្តិ​ហើយ​អំណាច​ទាំងឡាយ​ក៏​ធ្លាក់​មក​លើ​នីតិ​ប្រតិបត្តិ​ដែរ។​ របប​បែ​ប​នេះ​គឺ​មិន​មែន​ជា​ប្រជាធិបតេយ្យ​ពេញ​លេញ​ទេ​ដោយ​សារ​តែ​តំណាង​រាស្រ្តមិន​មាន​អំណាច​ទៅ​លើ​នីតិប្រតិបត្តិ​ប៉ុន្តែ​យើង​ឃើញ​ថា​តំណាង​រាស្រ្ត​បាន​ត្រឹម​តែ​ចុះ[ជួប​ប្រជារាស្រ្ត] ប៉ុន្តែ​ដំណោះស្រាយ​ទាំង​ឡាយ​គឺ​ចេញ​មក​ពី​អំណាច​នីតិ​ប្រតិបត្តិ​បានន័យ​ថា​ចៅហ្វាយ​ខេត្ត​ដូច​ជា​ចៅហ្វាយ​ក្រុង​ភ្នំពេញ​គាត់​មាន​អំណាច​ជាង​តំណាង​រាស្រ្ត​ក្រុង​ភ្នំពេញ​ទៅ​ទៀត»។​

លោក​បណ្ឌិត​សុខ ទូច​សាកលវិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ​ក៏​បាន​យល់​ស្រប​នឹង​ការ​រក​ឃើញ​របស់​អង្គការ​ខុមហ្វ្រែល​ដោយ​លោកបញ្ជាក់​ថា​សកម្មភាព​ក្តៅ​គគុក​ក្នុង​ពេល​កន្លង​មក​សភា​បាន​ខក​ខាន​ក្នុង​ការ​បំពេញ​តួរ​នាទី​របស់​ខ្លួន​ដើម្បី​ការពារ​ប្រជាពលរដ្ឋ៖

«អ្វី​ដែល​ជា​បញ្ហា​ជាតិ​យើង​ឃើញ​ថា​នៅ​ទាំង​មូល​ដូច​ជា​បញ្ហា​ដី​ធ្លី ក៏​នៅ​តែ​ជា​បញ្ហា​ហើយ​ថ្មីៗ​នេះ​បង្រ្កាប​ទៀត​ហើយ​អ្នក​ស្លាប់​ក៏​សភា​មិនមាន។ តាម​ពិត​ទៅ​សភា​ហ្នឹង​ត្រូវ​បំពេញ​តួនាទី​របស់​គាត់​កោះ​អញ្ជើញ​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​មក​បំភ្លឺ​ឱ្យ​សភា​ថា​តើ​ហេតុអ្វី​បាន​ជា​បង្រ្កាប​បែបហ្នឹង​ហេតុអ្វី​បាន​ជា​មាន​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​បែប​ហ្នឹង​ ហេតុអ្វី ​ក៏​មាន​ការ​រំលោភ​ដីធ្លី​បែប​ហ្នឹង។ នេះ​ជា​តួនាទី​របស់​អង្គ​នីតិប្បញ្ញត្តិ​ ក៏ប៉ុន្តែ​ដំណើរ​ការ​កន្លង​មក​អត់​មាន​ធ្វើអញ្ចឹង​ទេ​គឺ​អ្នក​ទាំងអស់​បម្រើ​ទៅ​តាម​គោល​នយោបាយ​របស់​បក្ស​ មិន​មែន​បម្រើ​ជា​តំណាង​រាស្រ្ត។ វាជា​តំណាង​ឱ្យ​បក្ស។ ទាំង​អស់​នេះ​ដែល​ធ្វើ​ឱ្យ​សភា​សព្វថ្ងៃ​នេះ​វា​ទៅ​ជា​សភា​បក្ស​ហើយ​ប្រជាជន​រងទុក្ខ​នៅ​តែ​រងទុក្ខ​ដដែល​ហើយ​បញ្ហា​ជាប់​គាំង​នៅ​តែ​ជាប់​គាំង​ដដែល»។

អង្គការ​ខុមហ្វ្រែល​ក៏​បាន​រក​ឃើញ​ដែរ​ថា​ក្នុង​ចំណោមការិយាល័យ​តំណាង​រាស្រ្ត​គឺ​មាន​ការិយាល័យ​ចំនួន​បី​មិន​សូវ​បើក​ដំណើរការ​និង​បំពេញ​តួនាទី​ការងារ​របស់​ខ្លួន​ទេ​ក្នុង​នោះ​ រួម​មាន​ការិយាល័យ​ក្នុង​ខេត្ត​កំពង់ស្ពឺ ​ខេត្ត​ព្រៃវែង​ និង​ខេត្ត​ពោធិ៍សាត់។

អ្នក​តំណាង​រាស្រ្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចំនួន​៦៨​ រូបរីឯ​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​មាន​បេក្ខជន​ជាប់​ឆ្នោត​ចំនួន​៥៥​រូប​ប៉ុន្តែ​មិន​មាន​អ្នក​ណា​ម្នាក់​មក​ស្បថ​ទទួល​យក​សុពលភាព​ឡើយ​ដោយ​ចោទ​ប្រកាន់​ថា​លទ្ធផល​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មិន​ត្រឹម​ត្រូវ៕