ប៉ូលិសក្នុងប្រទេសកូឡុំប៊ីបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករ ក្នុងរដ្ឋធានីបូហ្គោតា កាលពីថ្ងៃពុធកន្លងទៅ ខណៈបាតុកម្មប្រឆាំងតវ៉ារដ្ឋាភិបាលនៅទូទាំងប្រទេសបានឈានចូលដល់ថ្ងៃទី ៨ហើយនោះ បន្ទាប់ពីក្រុមបាតុករបានធ្វើការវាយប្រហារទៅការិយាល័យប៉ូលិសនៅក្នុងទីក្រុងនេះកាលពីយប់កន្លងទៅ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
បាតុកម្មនេះពីដំបូងកើតមានឡើងដោយសារការប្រឆាំងទៅលើផែនការកំណែទំម្រង់ពន្ធដារ ហើយដែលពេលនេះត្រូវបានលុបចោលទៅវិញហើយនោះ។ ប៉ុន្តែក្រុមបាតុករបានពង្រីកនូវការទាមទាររបស់គេ ដោយឲ្យរដ្ឋាភិបាលដោះស្រាយនូវបញ្ហាក្រីក្រអំពើហិង្សារបស់ប៉ូលិស និងភាពមិនស្មើគ្នានៅក្នុងប្រព័ន្ធអប់រំ និងសុខាភិបាលជាដើម។
ការធ្វើបាតុកម្មជាហូរហែរបស់ពលរដ្ឋ និងការប្រឆាំងពីសំណាក់មន្ត្រីតាក់តែងច្បាប់ បានបណ្តាលឲ្យមានការលុបចោលកំណែទម្រង់ពន្ធដារ និងការលាលែងចេញពីតំណែងរបស់ខ្លួនដោយរដ្ឋមន្ត្រីក្រសួងហរិញ្ញវត្ថុកូឡុំប៊ី។
កាលពីឆ្នាំ២០២០ ក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ ភាពក្រីក្រនៅប្រទេសកូឡុំប៊ីបានកើនដល់ ៤២,៥ភាគរយ។ កំណើនភាពក្រីក្រនេះកាន់តែធ្វើឲ្យមានគម្លាតខ្លាំងរវាងអ្នកមាន និងអ្នកក្រ ហើយប៉ះពាល់ដល់ដំណើរទៅមុខនៃកិច្ចការអភិវឌ្ឍន៍នៅក្នុងប្រទេសមួយនេះ។
គិតត្រឹមឆ្នាំ ២០២០ ពលរដ្ឋកូឡុំប៊ីដែលកំពុងរស់នៅក្នុងស្ថានភាពក្រីក្របំផុតមានចំនួនកើនដល់ ២ លាន ៨ សែននាក់។
ការធ្វើបាតុកម្មនិងការបិទផ្លូវជាបន្តបន្ទាប់ ក៏អាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសកូឡុំប៊ីបន្ថែមទៀត៕