ក្រុមហ៊ុនធំៗពីរក្នុងពិភពលោកនិយាយថា គេមិនអាចទិញផលិតផលពីក្រុមហ៊ុនផ្គត់ផ្គង់ណាដែលមានការពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនិងដីធ្លីទេ។
ក្រុមហ៊ុនភេសជ្ជៈល្បីល្បាញធំៗពីររបស់អាមេរិកាំងគឺក្រុមហ៊ុន កូកាកូឡា (Coca-Cola) និងក្រុមហ៊ុនប៉ិបស៊ី (Pepsi) បានធានាថា ពួកគេមិនធ្វើពាណិជ្ជកម្ម ហើយនឹងផ្តាច់ការធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួនណាដែលមានជាប់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្សនិងរំលោភដីធ្លី ប្រសិនបើរកឃើញថាជាការណ៍ពិត។
Your browser doesn’t support HTML5
ក្រុមហ៊ុនទាំងពីរបាននិយាយប្រាប់ VOA ផ្នែកខេមរភាសាតាមសារអេឡិចត្រូនិចគឺអ៊ីម៉េល នៅពេល VOA សួរអំពីការចោទប្រកាន់អំពីការរំលោភបំពានដីធ្លីរបស់ប្រជាពលរដ្ឋច្រើនពាន់គ្រួសារក្នុងតំបន់ចំនួន៤ក្នុងខេត្តចំនួន៣ ពីសំណាក់ក្រុមហ៊ុនដែលផ្តត់ផ្គង់ស្ករអំពៅមួយចំនួនដល់ក្រុមហ៊ុនកូកាកូឡានោះ។ ក្រុមហ៊ុនដែលរងការចោទប្រកាន់ទាំងនោះមានក្រុមហ៊ុនភ្នំពេញស៊ូហ្គឺនៃប្រទេសកម្ពុជា និងក្រុមហ៊ុន Mitr Phol ហើយនិង KSL របស់ប្រទេសថៃជាដើម តែក្រុមហ៊ុនទាំងនេះមិនទាន់បានឆ្លើយតបនឹងសំណួររបស់ VOA អំពីការចោទប្រកាន់របស់អង្គការខ្លះ ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពានដីធ្លីនានា និងការធ្វើឲ្យប៉ះពាល់បរិស្ថាន និងជីវភាពពលរដ្ឋកម្ពុជាដែលជនរងគ្រោះនោះទេ។
ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនកូកាកូឡា ដែលផ្ញើ ជូន VOA ខ្មែរថ្មីៗនេះពីទីស្នាក់ការក្នុងរបស់ក្រុមហ៊ុននៅរដ្ឋ Georgia ស.រ.អា. បានបញ្ជាក់ថា៖
«ក្រុមហ៊ុនកូកាកូឡាប្រកាន់ខ្ជាប់យ៉ាងប្រាកដប្រជាតាមការប្តេជ្ញាចិត្តរបស់ខ្លួនអំពីបញ្ហាសិទ្ធិដីធ្លី ហើយយើងនឹងធ្វើកិច្ចការជាមួយនឹងក្រុមហ៊ុនផ្តត់ផ្គង់របស់យើងដើម្បីជួយធានាឲ្យមានការគោរពនិងការពារមិនឲ្យកើតមានការរំលោភបំពានសិទ្ធិដីធ្លី ដោយក្រុមហ៊ុនផ្តត់ផ្គង់ទាំងអស់សម្រាប់ក្រុមហ៊ុនកូកាកូឡា។ យើងតែងតែធ្វើការជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ទាក់ទងនឹងវិធានការណ៍កែតម្រូវ ពេលបញ្ហាកើតឡើង ព្រោះគោលបំណងចុងក្រោយរបស់យើងគឺចង់ឃើញបញ្ហានេះត្រូវបានដោះស្រាយ។ ប្រសិនបើគ្មានវិធានការទេ ក្រុមហ៊ុននឹងលុបចោលទំនាក់ទំនងផ្តត់ផ្គង់»។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ទោះជាក្រុមហ៊ុនកូកាកូឡាមិនមានទិញផលិតផលស្ករអំពៅផ្ទាល់ពីកម្ពុជាក្តីតែក្រុមហ៊ុននេះបានបញ្ជាក់ថា មានក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួនមួយពីរក្នុងប្រទេសថៃដែលប្រតិបត្តិការក្នុងប្រទេសកម្ពុជា។
«ចំពោះហេតុផលនេះ ក្រុមហ៊ុនកូកាកូឡាបានធ្វើការទាក់ទងនឹងពិភាក្សាជាមួយនឹងក្រុមហ៊ុនផ្តត់ផ្គង់របស់យើងទាំងនោះ បន្ទាប់ពីអង្គការ Oxfam បញ្ជូនការចោទប្រកាន់ដោយផ្ទាល់ទៅក្រុមហ៊ុនកូកាកូឡាអំពីការរំលោភសិទ្ធិដីធ្លីក្នុងមុខជំនួញស្ករអំពៅនៅកម្ពុជា»។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា ក្រុមហ៊ុនកូកាកូឡាកំពុងពិភាក្សាជាមួយនឹងក្រុមហ៊ុនថៃ ហើយកូកាកូឡាមិនទាន់ផ្តាច់កិច្ចព្រមព្រៀងណាមួយនៅឡើយទេ មកទល់នឹងពេលនេះ។
ស្រដៀងគ្នានេះដែរ ក្រុមហ៊ុនប៉ិបស៊ីបាននិយាយថា ខ្លួនមានដៃគូពាណិជ្ជកម្មដ៏ធំជាមួយក្រុមហ៊ុនផ្តត់ផ្គង់ក្នុងប្រទេសថៃដែរ តែក្រុមហ៊ុនមិនបានបញ្ជាក់ថា មានការពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងរំលោភបំពានដីធ្លីនៅកម្ពុជាទេ។ ក្រុមហ៊ុនប៉ិបស៊ីគ្រាន់តែនិយាយថា ខ្លួនបានបង្កើតគោលនយោបាយសិទ្ធិមនុស្ស ក្នុងក្តីរំពឹងថា ក្រុមហ៊ុនផ្តត់ផ្តង់ ហើយនឹងដៃគូជំនួញរបស់ខ្លួនគោរពតាមក្រមប្រតិបត្តិរបស់ខ្លួន។
«បន្ថែមលើនេះទៀត ក្រុមហ៊ុនប៉ិបស៊ីបានបង្កើតគោលនយោបាយសិទ្ធិដីធ្លី។ ក្រុមហ៊ុនប៉ិបស៊ីគ្មានការអត់ធ្មត់ទេចំពោះសកម្មភាពខុសច្បាប់របស់ក្រុមហ៊ុនផ្គត់ផ្គង់របស់យើង ហើយនឹងចំពោះការបណ្តេញម្ចាស់កម្មសិទ្ធិដីធ្លីស្របច្បាប់ ចេញពីដីធ្លីរបស់គេ ដែលផ្ទុយពីបទដ្ឋានរបស់អង្គការកិច្ចសហប្រត្តិបត្តិការ IFC ដែលត្រូវគោរពតាម»។
ក្រុមហ៊ុនប៉ិបស៊ីបាននិយាយសង្កត់ធ្ងន់អំពីក្រមប្រតិបត្តិរបស់ខ្លួនដ៏តឹងរ៉ឹងដែលត្រូវមានវិធានការលើក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួន។ សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា៖
«ក្រុមហ៊ុនប៉ិបស៊ីមានក្រមប្រតិបត្តិសម្រាប់ក្រុមហ៊ុនផ្តត់ផ្គង់ពិភពលោក ដែលជួយធានាថា ប្រតិបត្តិការមុខជំនួញរបស់យើងធ្វើតាមការចង់បានរបស់យើងពាក់ព័ន្ធនឹងវិស័យអនុវត្តការងារ ពាក់ព័ន្ធនឹងការគ្រប់គ្រងសុខភាព សុវត្ថិភាព និងបរិស្ថាន ហើយនឹងសុចរិចភាពនៃមុខជំនួញ។ ក្រមប្រតិបត្តិនេះត្រូវដាក់បញ្ចូលមួយផ្នែកក្នុងដំណើរការកិច្ចសន្យាជាមួយក្រុមហ៊ុនផ្គត់ផ្គង់ជាយុទ្ធសាស្ត្រសំខាន់ៗ ហើយត្រូវបានបកប្រែចំនួន២៥ភាសា។ ប្រសិនបើបញ្ហានានាកើតឡើងនៅក្នុងការអនុវត្តរបស់ក្រុមហ៊ុនផ្គត់ផ្គង់មែននោះ យើងនឹងចាត់វិធានការហ្មត់ចត់ ហើយធ្វើទំនាក់ទំនងដើម្បីដោះស្រាយបញ្ហា»។
ក្រុមហ៊ុនប៉ិបស៊ីបានអះអាងថា ក្រៅពីមានក្រុមហ៊ុនផ្គត់ផ្គង់នៅក្នុងប្រទេសថៃ ក្រុមហ៊ុនប៉ិបស៊ីក៏មានក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំ២ទៀតនៅប្រទេសឥណ្ឌា និងប្រ៊េស៊ីលសម្រាប់ផលិតផលស្ករ។
គេមិនទាន់ដឹងថា តើក្រុមហ៊ុនទាំងពីរនេះគឺក្រុមហ៊ុនប៉ិបស៊ី និងក្រុមហ៊ុនកូកាកូឡានឹងមានវិធានការរបៀបណា ហើយត្រូវការពេលប៉ុន្មានទេដើម្បីដោះស្រាយបញ្ហាដែលក្រុមហ៊ុនផ្គត់ផ្គង់ទាំងនោះមានទំនាស់ជាមួយនឹងពលរដ្ឋរងគ្រោះក្នុងប្រទេសកម្ពុជា ដែលរងការរំលោភបំពានដីធ្លីដោយអ្នកមានអំណាច ដែលយកដីរបស់ពួកគេដាំអំពៅលក់ទៅឲ្យក្រុមហ៊ុនបរទេសនោះ។
លោក អៀង វុទ្ធី ប្រធានអង្គការសមធម៌ ដែលបានជួយផ្តល់ការតស៊ូមតិដល់ពលរដ្ឋរងគ្រោះដីធ្លី បានអះអាងថា ក្រុមហ៊ុនកូកាកូឡាកំពុងធ្វើការជាមួយក្រុមហ៊ុនដែលផ្គត់ផ្គង់ស្ករដល់គេក្នុងការរកដំណោះស្រាយ។
«ហើយក្នុងនោះគឺមានក្រុមហ៊ុនដែលយើងដឹងគឺមានពីរគឺក្រុមហ៊ុន Mitr Phol និងក្រុមហ៊ុនថៃមួយទៀតហៅថា KSL ដែលជាក្រុមហ៊ុនលក់ស្ករទៅឲ្យក្រុមហ៊ុនកូកាកូឡា ហើយក្នុងការចុះសិក្សាក៏ដូចជាក្នុងការឆ្លើយតបនឹងខាងសង្គមស៊ីវិល ក្រុមហ៊ុនកូកាកូឡាមានការប្តេជ្ញាចិត្តរកដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋ ដែលកំពុងទទួលរងផលប៉ះពាល់ ឬអ្នកដែលបាត់បង់ដីធ្លីហ្នឹង»។
ក្រុមហ៊ុនកូកាកូឡាបានទទួលព័ត៌មានច្រើនពីក្រុមហ៊ុនផ្គត់ផ្គង់ពេលនេះ។
«អញ្ចឹងដើម្បីជាការឆ្លើយតបទៅខាងសង្គមស៊ីវិល ក៏ដូចជាក្រុម ដែលយើងធ្វើការជាមួយគ្នានោះ យើងបានផ្តល់ព័ត៌មានជាច្រើនដល់អ្នកស្រាវជ្រាវឬអ្នកសិក្សារបស់ក្រុមហ៊ុនកូកាកូឡា នៅពេលដែលគេធ្វើការសិក្សានៅក្នុងប្រទេសកម្ពុជា។ អញ្ចឹងឥឡូវនេះក្រុមហ៊ុនបានទទួលឯកសារ និងព័ត៌មានជាច្រើនទាក់ទងទៅនឹងក្រុមហ៊ុនផ្តត់ផ្គង់គឺក្រុមហ៊ុន KSL ហើយនឹងក្រុមហ៊ុន Mitr Phol ដែលជាក្រុមហ៊ុនថៃធំលំដាប់ទី៣ ដែលផ្តល់ការផ្គត់ផ្គង់ស្ករឲ្យកូកាកូឡា»។
ក្រុមហ៊ុនថៃចំនួនពីរនិងក្រុមហ៊ុនភ្នំពេញស៊ូហ្គឺរបស់លោកឧកញ៉ាលី យ៉ុងផាត់នៅក្នុងប្រទេសកម្ពុជាមិនទាន់ឆ្លើយបំភ្លឺសំណួររបស់ VOA ថា តើក្រុមហ៊ុននឹងដោះស្រាយយ៉ាងណាសម្រាប់ពលរដ្ឋរងគ្រោះដែលដីធ្លីរបស់គេត្រូវបានរំលោភបំពាន ហើងនឹងការធ្វើពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុនក្រៅប្រទេសផងនោះ។
លោកស្មិន តិ អាយុ៥៧ឆ្នាំជាពលរដ្ឋរងគ្រោះម្នាក់ក្នុងឃុំកូនក្រៀល ខេត្តឧត្តរមានជ័យ បានថ្លែងថា ពលរដ្ឋមិនឃើញក្រុមហ៊ុនចុះមកដោះស្រាយជាមួយពលរដ្ឋរងគ្រោះទេ ទោះជាគេបានសន្យាតាំងពីចុងឆ្នាំទៅ ក្នុងជំនួបមួយនៅក្រុងបាងកក ដែលលោកនិងអង្គការមួយចំនួនបានទៅជួបនោះ។
«ខ្ញុំបានទៅជួបក្រុមហ៊ុនផ្ទាល់ ព្រោះពួកខ្ញុំសព្វថ្ងៃរង់ចាំក្រុមហ៊ុន Mitr Phol ចុះមករកដំណោះស្រាយឲ្យប្រជាពលរដ្ឋ អត់មានចាំសភាអឺរ៉ុបទេ។ ហើយខ្ញុំបានឡើងទៅជួបគាត់នៅបាងកក នៅខែ១១ ទី១០ឆ្នាំ២០១៤ បានទៅធ្វើការជាមួយគាត់បានរយៈពេល១ថ្ងៃដែរ ហើយគាត់សន្យានឹងខ្ញុំថា គាត់នឹងចុះមកជួបប្រជាពលរដ្ឋនៅតាមបណ្តាភូមិដែលមានការពាក់ព័ន្ធ តែរហូតមកដល់បច្ចុប្បន្ននេះ គាត់អត់បានចុះមកផង»។
លោកបានបន្ថែមថា ពលរដ្ឋចង់បានដីគាត់មកវិញ ចង់បានសំណងដែលខានធ្វើផលនៅលើដី ហើយគាត់ចង់បានដីដែលបាត់បង់ ឬក្រុមហ៊ុនបំផ្លាញដំណាំរបស់គាត់ គាត់ឲ្យក្រុមហ៊ុនសងមកវិញ។
«តាមការណ៍ពិត ផលប៉ះពាល់ទាក់ទងទៅនឹងជីវភាពរបស់ប្រជាពលរដ្ឋដែលគាត់មិនបានធ្វើឲ្យលើផលដីនោះ គឺធ្វើឲ្យជីវភាពរបស់គាត់មានការធ្លាក់ចុះ ហើយមានការធ្វើចំណាកស្រុកទៅរកស៊ីនៅប្រទេសគេ។ វាច្រើនដែរ ព្រោះអី វាអត់មានដីស្រែចម្ការសម្រាប់ធ្វើ។ ដូច្នេះគ្នាធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសគេ ហើយទីពីរទៀតដូចបញ្ហាសាលារៀន ដូចជាកូនរៀនសូត្រ ទាក់ទងនឹងជីវភាព ដែលអត់មានលុយមានកាក់ មិនឲ្យទៅរៀន ហើយមិនបញ្ជូនកូនឲ្យទៅសិក្សាក៏មានដែរ»។
ក្រុមប្រជាពលរដ្ឋនៅក្នុងតំបន់រងគ្រោះត្រូវគេអញ្ជើញឲ្យចូលរួមវេទិកាសួរដេញដោលក្នុងក្រុងសំរោង ស្រុកចុងកាល ខេត្តឧត្តរមានជ័យអំពីផលប៉ះពាល់ជីវភាពរបស់ពួកគេកាលពីថ្ងៃច័ន្ទទី១៦ខែកុម្ភៈ។ វេទិកានោះត្រូវគេដឹងថា រៀបចំដោយអង្គការ Action Aid ដែលមានការចូលរួមពីអាជ្ញាធរ និងអ្នកស្រាវជ្រាវខ្លះ។ នេះបើតាមកម្មវិធី និងលិខិតអញ្ជើញ ដែល VOA ទទួលបានពីមន្ត្រីដែលត្រូវចូលរួម។
តំណាងពលរដ្ឋនៅក្នុងខេត្តកោះកុង ដែលរងគ្រោះដោយសារការរំលោភបំពានដីធ្លីដោយក្រុមហ៊ុនស្ករអំពៅដែរនោះ បានបដិសេធមិនផ្តល់អត្ថាធិប្បាយដល់ VOA អំពីបញ្ហាវិវាទរវាងពួកគេនឹងក្រុមហ៊ុនថៃ ឬខ្មែរក្នុងដំណាក់កាលនេះដែលពួកគេអះអាងថា ខ្លាចប៉ះពាល់ដល់ដំណើរការស្វះស្វែងរកដំណោះស្រាយ។ ហើយគេបង្វែរសំណួរទៅកាន់មេធាវីរបស់គេវិញ។
ពលរដ្ឋកម្ពុជាជាង៧៧ម៉ឺននាក់ត្រូវគេប៉ាន់ប្រមាណថា កំពុងរងផលប៉ះពាល់ដោយសារការរំលោភបំពានដីធ្លីពីអ្នកមានអំណាចក្នុងប្រទេសកម្ពុជាក្នុងរយៈពេលជិត១ទសវត្សរ៍ចុងក្រោយនេះ ដែលគេដឹងថា គ្មានប្រព័ន្ធរដ្ឋាភិបាលណាមួយត្រូវគេមើលឃើញថា អាចរកដំណោះស្រាយបញ្ហានេះជូនពលរដ្ឋនោះទេ៕