ការ​សិក្សា​ថ្មី៖ ការ​អភិវឌ្ឍ​​តំបន់​ឆ្នេរ«គំរាម​កំហែង»បរិស្ថាន​​និង​​សហគមន៍​​នេសាទ

ការអភិវឌ្ឍមួយកន្លែងនៅតាមឆ្នេរសមុទ្រក្នុងស្រុកទឹកឈូ ខេត្តកំពត មើលពីលើភ្នំបូកគោ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)

អង្គការ​សង្គម​ស៊ីវិល​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភអំពី​ការ​អភិវឌ្ឍ​នានា​នៅ​តាម​តំបន់​ឆ្នេរសមុទ្រ​របស់​កម្ពុជា​ ដោយ​ក្នុង​នោះ​ពួកគេ​ជំរុញ​ឲ្យវាយ​តម្លៃ​ហេតុប៉ះពាល់​បរិស្ថាន​និង​សង្គម​ឲ្យ​បាន​ទូលំ​ទូលាយ និង​ធានា​ថាកុំ​ឲ្យ​ប៉ះពាល់​ប្រជា​នេសាទ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (Cambodian Center for Human Rights) នៅ​ថ្ងៃ​ពុធ​នេះ បាន​ចេញ​ផ្សាយ​របាយ​ការណ៍មួយ​ស្តីអំពី​សហគមន៍​នេសាទ​និង​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​ឆ្នេរ​ភាគ​និរតី​កម្ពុជា​ ដែល​មាន​ប្រវែង​សរុប​ ៤៤០​ គីឡូ​ម៉ែត្រ។

របាយការណ៍​បាន​លើក​ឡើង​ថា ​សហគមន៍នៅ​តំបន់​ឆ្នេរ​កំពុង​ស្ថិតនៅ​ក្នុង «ភាព​ប្រថុយ​ប្រថាន» ដោយ​សារ​តែ​គម្រោង​អភិវឌ្ឍន៍​នានា ដែល «បាន​ទន្រ្ទាន​យក​និង​បំផ្លិច​បំផ្លាញ​ដី​ធ្លី​ដែល​សហគមន៍នេសាទពឹង​អាស្រ័យ»។

របាយ​ការណ៍​បាន​បង្ហាញ​ការសិក្សាទៅ​លើ​សហគមន៍​នេសាទ​ក្នុង​ខេត្ត​កំពត និង​កែប ដែល​អង្គការ​លើក​ឡើង​ថា​ «កំពុង​ប្រឈម​ការ​គំរាម​កំហែង​ពី​គម្រោង​អភិវឌ្ឍន៍​នានា»។

របាយការណ៍​បញ្ជាក់​ថា៖ «ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ គេ​សង្កេត​ឃើញ​មាន​ការ​កើន​ឡើង​នៃ​គម្រោង​អភិវឌ្ឍន៍​ដែល​គំរាម​កំហែង​ទៅ​ដល់​ការ​រស់​រាន​របស់​សហគមន៍​នេសាទ ហើយ​គម្រោង​អភិវឌ្ឍន៍​បាន​ដាក់​សម្ពាធ​ទៅ​លើ​ដែន​សមុទ្រ​និង​តំបន់​ឆ្នេរ​ដែល​ជា​បញ្ហា​បរិស្ថាន​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​បញ្ហា​បរិស្ថាន​នានា​នៅ​ក្នុង​ប្រទេស»។

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ក៏​បាន​សិក្សា​លើសហគមន៍​នេសាទ​ចំនួន​ ២​ ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ជីង គ័រ អ៊ិមផត អ៊ិក​ផត ខូអិលធីឌី​ (Ching Kor Import Export Co.Ltd) នៅ​ក្នុង​ខេត្ត​កំពត ដែល​មាន​ជម្លោះ​ជាមួយ​ប្រជា​នេសាទ​ តាំង​ពី​ឆ្នាំ​ ២០១៥។

របាយ​ការណ៍​ក៏​បាន​បង្ហាញគម្រោង​មួយ​ចំនួន​ទៀត ដូច​ជា​គម្រោង​ហ្រ្វេន រីវើរ៉ា ម៉ារីណា ដែ​ល​ជា​គម្រោង​រមណីយ​ដ្ឋាន​ដ៏​ធំ​សម្រាប់ពហុ​វិស័យ ការ​បង្កើ​ត​ទីក្រុងថ្មី​ដែល​ធ្វើ​ចាប់​ពី​ជើង​ភ្នំ​បូក​គោទៅទល់​ភ្នំ​បូក​គោ ការ​អភិវឌ្ឍ​ឆ្នេរនៅខេត្ត​កែប ការ​សាងសង់​កំពង់ផែ​ទេសចរណ៍​ថ្មី​មួយ​ទៀត ក៏​ដូច​ជា​ការ​សាងសង់កំពង់​ផែ​សមុទ្រ និង​ទីក្រុង​រណប​ក្នុង​ខេត្ត​កំពត។

បើ​តាម​របាយ​ការណ៍ សហគមន៍​ព្រែក​ត្នោត​និង​ត្រពាំង​រពៅ ដែល​ស្ថិត​ក្នុង​ស្រុក​ទឹក​ឈូ ខេត្ត​កំពត បាន​រង​ផល​ប៉ះពាល់ ដែល​នាំ​ឲ្យ​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​កើត​ក្ដី​ព្រួយ​បារម្ភ​អំពី​ការ​បណ្តេញ​ចេញ។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ជីង គ័រ ដែល​មាន​ជម្លោះ​ជាមួយ​ប្រជា​ពលរដ្ឋ ជា​កម្មសិទ្ធិ​របស់​លោកស្រី កែវ ម៉ាលី អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទើប​ទទួល​មរណភាព កាល​ពី​ឆ្នាំ​ ២០២០។

អគារ​ខ្ពស់​ៗ​ជាច្រើន​នៅ​ក្រុង​ព្រះសីហនុ​អាចមើលឃើញ​ពី​ចម្ងាយ ក្នុង​ខេត្ត​ព្រះសីហនុ​ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

VOA ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោកស្រី កែវ ស៊ុយឆេង ​នាយក​ក្រុមហ៊ុន​ជីង គ័រ តាម​លេខ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​បាន​នៅ​ឡើយ​ទេ។

លោក វណ្ណ សុផាត អ្នក​សម្រប​សម្រួលគម្រោង​ធានា​សុវត្ថិ​ភាព​សិទ្ធិកាន់​កាប់​និង​គ្រប់គ្រង​ដី​ធ្លី​និងធនធាន​ធម្មជាតិនៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​ត្រូវ​តែ​វាយ​តម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន និង​សង្គម ឲ្យ​មាន​តម្លាភាព​និង​ទូលំ​ទូលាយ ស្រប​ពេល​ដែល​ការ​អភិវឌ្ឍ​នៅ​តំបន់​ឆ្នេរ​មាន​ការ​កើន​ឡើងគួរ​ឲ្យ​ព្រួយ​បារម្ភ។

លោក​បន្ត​ថា ​ប្រជា​សហគមន៍​មិន​ចង់​បាន​ការ​អភិវឌ្ឍ​នៅ​តំបន់​ឆ្នេរ​នោះ​ទេ ដោយ​សារ​វា​ប៉ះពាល់​សោភ័ណ​ភាព ជីវៈ​ចម្រុះសមុទ្រ និង​ការ​នេសាទ​របស់​ពួកគេ។

លោក​ប្រាប់ ​VOA​ ថា៖ «ពួកគាត់​គឺ​មិន​ចង់​ចាក​ចេញ​ទេ ហើយ​ឲ្យ​ក្រុម​ហ៊ុន​ហ្នឹង​ បើ​ត្រូវធ្វើ​[គម្រោង​អភិវឌ្ឍន៍] ត្រូវ​តែធ្វើ​ការ​អភិវឌ្ឍ​នៅ​កន្លែង​ណា​ដែល​ពុំ​មានប្រជាពលរដ្ឋ​ឬ​ក៏​ប្រជា​នេសាទ​រក​ទទួល​ទាននៅ​ទី​នោះ»។

អ្នកស្រី ត្លោះ សាឌះ អាយុ​ ៥០ ​ឆ្នាំ​ជា​សមាជិក​ម្នាក់​នៃ​សហគមន៍​នេសាទត្រពាំង​រពៅ​ខេត្ត​កំពត មាន​ប្រសាសន៍​ថា​ ប្រជាសហគមន៍​បាន​ជំទាស់​ការ​ណ៍​ដែល​ក្រុម​ហ៊ុន​ចង់ឲ្យ​ពួក​គេ​ផ្លាស់ទី​ទៅ​កន្លែង​ផ្សេង ដោយ​សារក្រុម​ហ៊ុនជីង គ័រ ចង់​អភិវឌ្ឍ​នៅ​តំបន់​នោះ។

ប៉ុន្តែ​អ្នកស្រី​ថា​ ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ប្រមាណ​២​ពាន់​គ្រួសារមិន​ព្រម​ចាក​ចេញ​នោះ​ទេ ដោយ​សារ​បារម្ភ​អំពី​ការបាត់​បង់​ព្រៃ​កោង​កាង និង​ការ​នេសាទ​នៅ​ទី​នោះ។ អ្នកស្រី​បន្ត​ថា​ ប្រជា​ពលរដ្ឋបាន​ពឹង​ផ្អែក​លើ​ការ​នេសាទ​នៅ​ទីនោះ​ជា​ចម្បង។

អ្នកស្រី​ប្រាប់ ​VOA​ ថា៖ «សូម្បី​តែ​ស្រ្តី​មេម៉ាយ​ចាស់​ជរា ថ្ងៃៗ ទឹក​នាច គាត់​ចុះទៅ​តែ​មួយ​ភ្លែត​បាន​បីបួន​ម៉ឺន​របស់​គាត់ យក​មក​ រួច​មួយ​ថ្ងៃ ចាយ​មួយ​ថ្ងៃ​របស់​គាត់។ ហើយ​ចុះ​បើ​សិន​ជា​លុប​អាហ្នឹ​ងទៅ​បាត់ ស្រ្តី​មេម៉ាយ​ចាស់​ជរា​ហ្នឹង គាត់​ទៅ​រក​អី? គាត់​ពឹង​អី? គាត់​អត់​មាន​អី​ពឹង​ទេ»។

បើ​តាម​អ្នក​ស្រី​ សាឌះ កន្លង​ទៅ​ក្រុម​ហ៊ុន​បាន​ចាក់​ដី​លុប​ឆ្នេរ ហើយ​អាជ្ញាធរ​ធ្លាប់​បាន​ចុះ​មក​ហាម​ឃាត់ ទើប​មាន​ការ​បញ្ឈប់​ទៅ​វិញ។

អ្នកស្រី​បន្ថែម​ថា៖ «រាជ​រដ្ឋាភិបាល​គាត់​ជួយ​ទប់​ស្កាត់​ផង ព្រោះ​អា​នេះ​ជា​រឿង​ធំ មិន​មែន​រឿង​តូច​ទេ។ កន្លែង​តំបន់​ខេត្ត​កំពត​នេះ បើ​សិន​ជា​អត់​បាន​ទប់​ស្កាត់​ជា​មុន​ទេ អស់​ហើយ នៅ​តែ​កន្លែង​ហ្នឹង​មួយ​ទៀត​ទេ»។

អភិបាល​ខេត្ត​កំពត លោក ជាវ តាយ ប្រាប់​V OA នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ជាធម្មតាការ​អភិវឌ្ឍ​តែង​តែ​មាន​ផល​ប៉ះពាល់ ដោយ​សារ​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ។

លោក​បន្ត​ថា​ ការ​អភិវឌ្ឍ​នៅ​តាម​តំបន់​ឆ្នេរ​ក្នុង​ខេត្ត​កំពត ជា​គម្រោង​ដែល​អនុញ្ញាត​ដោយ​ក្រសួង​រៀបចំដែនដី នគរូបនីយ​កម្ម និង​សំណង់ ហើយ​អាជ្ញាធរ​ខេត្ត​គ្រាន់​តែ​ចូលរួម​ពិនិត្យ​មើល ដោយ​មិន​មាន​ការ​សម្រេច​ចិត្ត​ធំ​ដុំ​អ្វី​នោះ​ទេ។

លោក ជាវ តាយ ​មាន​ប្រសាសន៍​ថា៖ «អាហ្នឹង​ពាក់​ព័ន្ធ​តាមឆ្នេរ យើង​មិន​មាន​សិទ្ធិ​សម្រេច​ទេ។ គ្រាន់​តែ​មាន​ការ​ចូល​រួម»។

លោក​បន្ថែម​ថា៖ «រយៈ​កាល​កន្លង​មក ដូច​មិន​មាន​ហានិភ័​យ​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម​ច្រើន​ផង។ មុន​នឹង​នេះ​[ការ​អភិវឌ្ឍ​តាម​ឆ្នេរ]​ត្រូវ​សិក្សា​វាយ​តម្លៃ​ផល​ប៉ះពាល់​ជា​មុន»។

បើ​តាម​អភិបាល​ខេត្ត​កំពត មាន​ក្រុម​ហ៊ុន​យ៉ាង​តិច​ចំនួន​៤​កំពុង​សិក្សា​និង​វាយ​តម្លៃ​ហេតុប៉ះពាល់នៃ​ការ​អភិវឌ្ឍ​នៅ​តំបន់​ឆ្នេរ ដែល​មាន​គោល​ដៅ​ទេស​ចរណ៍​ជា​ចម្បង។

លោក សេង ឡូត អ្នក​នាំ​ពាក្យក្រសួង​រៀបចំ​ដែនដី បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ភ្លាមៗ ដោយ​ថា​រវល់​ប្រជុំ។

VOA ​ក៏​មិន​ទាន់​អាចទាក់ទងលោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី និង​ជា​ប្រធានគណៈ​កម្មាធិការ​ជាតិគ្រប់គ្រងនិងអភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រកម្ពុជា​បាន​ដែរ។

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន បាន​ការពារ​ភាព​ស្រប​ច្បាប់និង​ការ​អនុវត្ត​តាម​នីតិវិធី​ដែល​បាន​ប្រកាន់​យក​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​តាម​តំបន់​ឆ្នេរ​ទាំង​នោះ។

លោក​បន្ត​ថា ​កន្លង​ទៅគម្រោងអភិវឌ្ឍ​តាម​ឆ្នេរ​សមុទ្រ​មួយ​ចំនួនក្នុង​ខេត្ត​កំពត​និង​កែប ត្រូវ​បាន​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម ដោយ​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ ក្រុមហ៊ុន​និង​ប្រជាពលរដ្ឋ ដើម្បី«កាត់​បន្ថយ​ផល​ប៉ះពាល់​ដែល​មាន​ឲ្យ​បាន​ជា​អតិបរមា»។

ប៉ុន្តែ​លោកថា​ លោក​មិន​មាន​ព័ត៌មាន​លម្អិតទាក់ទង​នឹងរបាយ​ការណ៍វាយ​តម្លៃហេតុ​ប៉ះពាល់​បរិស្ថាន​របស់ក្រុមហ៊ុន ជីង គ័រ ឡើយ។​

នៅ​ក្នុង​របាយការណ៍ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ក៏បាន​ជំរុញ​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​រង​ផល​ប៉ះពាល់ អ្នក​ពាក់ព័ន្ធ​សំខាន់ៗ និង​អាជ្ញាធរ ប្រកប​ដោយ​អត្ថន័យ ទាន់​ពេល​វេលា ​មាន​តម្លាភាព និង​ដោះ​ស្រាយ​នូវ​កង្វល់របស់​ប្រជាពលរដ្ឋ៕