សហ​មេធាវី​ការពារ​ក្តី​លោក ​កឹម សុខា​ ថា​ ដំណើរ​ការ​កាត់​ក្តី​នៅ​ទ្រឹង​ ខណៈ​មាន​ការ​ចោទ​សួរ​ច្រើន​មិន​ត្រូវ​នឹង​អង្គហេតុ

រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ថ្លែងទៅកាន់អ្នកសារព័ត៌មាននាជំនួបជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា នៅគេហដ្ឋានរបស់លោក រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។

សហ​មេធាវី​ការពារ​ក្តី​របស់​លោក​ កឹម សុខា​ បន្ត​លើក​ឡើង​ពី​ការ​មិន​ជឿន​លឿន​ទៅ​មុខ​ក្នុង​ការ​ជំនុំ​ជម្រះ​សំណុំ​រឿង​របស់​អតីត​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​ ពាក់​ព័ន្ធ​នឹង​អំពើ​ក្បត់​ជាតិ​ បន្ទាប់​ពី​សវនាការ​ត្រូវ​បាន​ធ្វើ​ឡើង​ចំនួន​៣៨​លើក​មក​ហើយ។​

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារ​ព័ត៌មាន​នៅ​បរិវេណ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ពុធ​នេះ មេធាវី​ការពារ​ក្តី​ឱ្យ​លោក​ កឹម សុខា​ លោក​ចាន់ ចេន ​និយាយ​ថា​ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​ចោទ​សំណួរ​ជា​ច្រើន​មក​លើ​កូនក្តី​របស់​លោក​ ដែល​ភាគច្រើន​ជា​សំណួរ​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣។ លោក​ក៏​បាន​ចាត់​ទុក​ថា សំណួរ​មួយ​ចំនួន​ក្នុង​ចំណោម​សំណួរ​ដែល​ត្រូវ​បាន​ចោទ​សួរ​ដោយ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ នោះ​ជា​សំណួរ​ «ក្រៅ​អង្គហេតុ»​ផង​ដែរ។​

លោក​និយាយ​ថា៖​ «អ៊ីចឹង​ យើង​ខ្ញុំ​យល់​ឃើញ​ថា ​ សំណួរ​ដែល​តាំង​មក​លើ​កូនក្តី​យើង​ខ្ញុំ​ទាំង​លើក​ទី ​៣៧ ​និង​ទាំង​លើក​ ទី​៣៨​នេះ​ វា​ជា​សំណួរ​មួយ​អត់​ពាក់ព័ន្ធ​នឹង​បទ​ចោទ​...​ ជា​សំណួរ​មួយ​ដែល​ធ្វើ​ឱ្យ​រំកើស​(រកៀស)​ចិត្ត​ រំខាន​ចិត្ត ​ក៏ដូច​ជា​ សម្ពាធ​មក​លើ​កូនក្តី​យើង​ខ្ញុំ»។​

លោក ចាន់ ចេន មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ នៅ​ខាង​ក្រៅ​សាលាដំបូងរាជធានី​ភ្នំពេញ​ នៅ​រាជធានី​ភ្នំពេញ ​ថ្ងៃ​ទី២៧ ខែ​មេសា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

អតីត​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ​លោក ​កឹម សុខា​ កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ ឬ​តាម​អ្វី​ដែល​គេ​ហៅ​ម្យ៉ាង​ទៀត​ថា ​ការ​រៀប​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដោយ​មាន​សហ​រដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។ ​បទចោទ​នេះ​ គឺ​ស្មើ​នឹង​អំពើ​ក្បត់​ជាតិ។​ ​យ៉ាង​ណា​ក្តី កន្លង​មក​នេះ ​ ទាំង​លោក​កឹម សុខា​និង​សហ​រដ្ឋ​អាមេរិក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដ៏​ចម្រូង​ចម្រាស​នេះ។​

ក្រោយ​សវនាការ​លើក​ទី​៣៧​ ដែល​ធ្វើ​ឡើង​កាលពី​សប្តាហ៍​មុន​នោះ​ សហ​មេធាវី​របស់​លោក​កឹម សុខា​មួយ​រូប​ទៀត​គឺ​លោក​អាង​ ឧត្តម​បាន​អះអាង​ថា មាន​ប្រទេស​ជា​ច្រើន​ក្រៅ​ពី​សហ​រដ្ឋ​អាមេរិក​ អាច​នឹង​ត្រូវ​បាន​អញ្ជើញ​ដោយ​ក្រុម​សហ​មេធាវី​ដើម្បី​ធ្វើ​ជា​សាក្សី​ជួយ​តុលាការ​ស្វែងរក​ការណ៍​ពិត​នៅ​ពី​ក្រោយ​សំណុំ​រឿង​លោក​កឹម សុខា ​ដែល​អូស​បន្លាយ​ពេល​មក​ជិត​៥​ឆ្នាំ។​

សហ​មេធាវី​លោក​ ចាន់ ចេន​ បាន​ឱ្យ​ដឹង​នៅថ្ងៃ​ពុធ​នេះ​ថា​ ក្រុម​សហ​មេធាវី​ការពារ​ក្តី​កំពុង​តែ​រៀបចំ​ឯកសារ​ ធាតុ​ចូល និង​ករណី​ពាក់ព័ន្ធ​ផ្សេងៗ​មុន​ពេល​ធ្វើការ​ដាក់​ស្នើ​ទៅ​កាន់​តុលាការ​ដើម្បី​អញ្ជើញ​សាក្សី។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​លោក ​នី សុខា​ ដែល​បាន​ចូលរួម​ក្នុង​សវនាការ​លើក​ទី​៣៨​របស់​លោក​កឹម សុខា​ ​ប្រាប់​វីអូអេ​ថា មាន​ការ​សួរ​ដេញដោល​ពី​ចៅ​ក្រម​នៃ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ ទៅ​កាន់​លោក​កឹម សុខា​ ដែល​សំណួរ​ភាគច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​បច្ចេកទេស​នៃ​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ ​២០១៣​ ដូចជា​ ការ​ដាក់​ពង្រាយ​អ្នក​សង្កេត​ការណ៍​របស់​គណបក្ស​សង្រ្គោះ​ជាតិ ​និង​ករណី​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ផ្សេងៗ​អំឡុង​ពេល​ការ​បោះឆ្នោត​ជា​ដើម។​

ក្រុម​អ្នក​គាំទ្រ​លោក​ កឹម សុខា មក​បង្ហាញ​ការ​គាំទ្រ​ នៅខាង​ក្រៅ​សាលាដំបូងរាជធានី​ភ្នំពេញ​ នៅ​រាជធានី​ភ្នំពេញ ​ថ្ងៃ​ទី២៧ ខែ​មេសា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

លោក​ នី សុខា​ យល់​ថា ​ សំណួរ​បែប​បច្ចេកទេស​ដូចនេះ​អាច​បង្ក​ការ​លំបាក​សម្រាប់​លោក ​កឹម សុខា ​តែ​ម្នាក់​ឯង​ ក្នុង​ការ​ឆ្លើយ​តប​ឱ្យ​បាន​ត្រឹមត្រូវ ​និង​គ្រប់ជ្រុង​ជ្រោយ។​

លោក​បាន​ថ្លែង​ថា៖ ​«ការ​សួរ​ដេញដោល​លើ​សំណួរ​ទាំងអស់​ហ្នឹង​ យើង​ឃើញ​ថា ​ ហាក់​បី​ដូចជា​មាន​ការ​ចំណាយ​ពេល​វេលា​ច្រើន​ចំពោះ​សំណួរ​ហ្នឹង។ ហើយ​ជា​សំណួរ​មួយ​ យើង​និយាយ​ថា វា​មិន​ពាក់ព័ន្ធ​ ក៏​យើង​មិន​អាច​ថា​បាន​ដែរ​ ប៉ុន្តែ​គ្រាន់​ជា​សំណួរ​ដែល​មាន​លក្ខណៈ​បច្ចេកទេស​ពេក ​ដែល​វា​លម្អិត​ក្នុង​បច្ចេកទេស​នៃ​ការ​បោះ​ឆ្នោត។​ ដូច្នេះ​ ប្រហែល​មាន​ការ​លំបាក​ក្នុង​ការ​ឆ្លើយ​របស់​លោក​កឹម សុខា​ក្នុង​នាម​ជា​ប្រធាន​គណបក្ស»។​

លោក​បាន​បន្ត​ថា ក្រៅ​ពី​ការ​ចោទ​សួរ​របស់​ចៅក្រម​ ​ភាគី​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​មេធាវី​តំណាង​រដ្ឋាភិបាល​មិន​មាន​ការ​ចោទ​សួរ​មក​លើ​លោក​កឹម សុខា​ក្នុង​ករណី​នេះ​នោះ​ទេ។​

បើ​តាម​លោក​ នី សុខា​ សវនាការ​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​កឹម សុខា​នេះ​មិន​ងាយ​នឹង​ត្រូវ​បាន​បញ្ចប់​ឆាប់ៗ​នោះ​ទេ​ ដោយ​សារ​តែ​សកម្ម​ភាព​ជា​ច្រើន​របស់​លោក​កឹម សុខា​កន្លង​មកត្រូវ​បាន​យក​មក​ធ្វើ​ជា​បន្ទុក​ចោទ​ប្រកាន់​មក​លើ​រូប​លោក។​ លោក​បន្ថែម​ថា​ សវនាការ​នេះ​គឺ​ អាច​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ និង​អាច​ឈាន​ទៅ​រក​ការ​បញ្ចប់​ ប្រសិន​បើ​មាន​ដំណោះ​ស្រាយ​ណា​មួយ​មក​លើ​ស្ថានភាព​ជាប់​គាំង​នៃ​នយោបាយ​ក្នុង​ប្រទេស។​

ក្រោយ​សវនាការ​លើក​ទី​៣៨​នេះ តុលាការ​រាជធានី​ភ្នំពេញ​គ្រោង​នឹង​បើក​សវនាការ​បន្ទាប់​នៅ​ថ្ងៃ​ទី​៤​ ខែ​ឧសភា​ខាង​មុខ។ ប៉ុន្តែ​បើ​តាម​សហ​មេធាវី​ការពារ​ក្តី​លោក​ចាន់ ចេន ​ មេធាវី​ខាង​ដើម​បណ្តឹង​រដ្ឋប្បវេណី​ ឬ​មេធាវី​តំណាង​ឱ្យ​រដ្ឋាភិបាល​ គ្រោង​ស្នើ​សុំ​តុលាការ​លើក​សវនាការ​ទៅ​អំឡុង​ពេល​ចុង​សប្តាហ៍​ខាង​មុខ​វិញ​ ក្រោម​ហេតុផល​ថា​ ជាប់​ធុរកិច្ច​ផ្ទាល់​ខ្លួន។​

វីអូអេ​ព្យាយាម​សុំការ​អត្ថាធិប្បាយ​ពី​លោក​អ៊ី រិន្ទ​ អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ តែ​លោក​មិន​ឆ្លើយ​តប​សំណួរ​ដែល​ផ្ញើតាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​នោះ​ទេ។​

គួរ​បញ្ជាក់​ផង​ដែរ​ នៅ​ក្នុង​សវនាការ​មុនៗ​ ​ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ បាន​ដាក់​បង្ហាញ​ភស្តុតាង​ជាច្រើន។ ​ ភស្តុតាង​ទាំង​នោះ​ រួម​មាន​ឃ្លីប​វីដេអូ ​ រូប​ថត​ ឯកសារ​ ព័ត៌មាន​ជា​វីដេអូ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​ភស្តុតាង​ទាំង​នោះ ​មាន​ខ្លះ​បង្ហាញ​ពី​សកម្ម​ភាព​នៃ​ការ​ចាប់​ផ្តើម​រៀបចំ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១២​ ​សកម្ម​ភាព​ដឹកនាំ​បាតុកម្ម​របស់​លោក​កឹម សុខា​និង​សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ទៀត​គឺ​លោក​សម រង្ស៊ី​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ និង​របាយ​ការណ៍​ពាក់​ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​នៃ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣។​

ប៉ុន្តែ​ភស្តុតាង​សំខាន់​មួយ​ដែល​តំណាង​អយ្យការ​យក​មក​ចោទ​ប្រកាន់​លោក​កឹម សុខា​ គឺ​ការ​ថ្លែង​សារ​នយោបាយ​របស់​លោក​នៅ​ប្រទេស​អូស្ត្រាលី​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​ អំពី​ការ​ទទួល​បាន​យុទ្ធសាស្ត្រ​នយោបាយ​ពី​សំណាក់​សាស្ត្រាចារ្យ​នៅ​ប្រទេស​លោក​សេរី ​ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា។ ​ នេះ​ជា​ភស្តុតាង​មួយ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​ប្រើ​ប្រាស់​ផង​ដែរ​ ដើម្បី​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧៕​