មេធាវី​មេបក្ស​សង្គ្រោះ​ជាតិ​សុំ​ពន្យារ​​ពេល​ចូល​បំភ្លឺ​នៅ​តុលាការ

លោកកឹម សុខា (ឆ្វេង) ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​​​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ​

មេធាវី​របស់​លោកសម រង្ស៊ី ​និង​លោកកឹម សុខា ​បាន​ស្នើសុំ​ឱ្យ​តុលាការ​ក្រុង​ភ្នំពេញ​ពន្យារពេល​សាកសួរ​កូនក្តី​របស់​លោក​ដោយមិន​កំណត់​ពេល​ទាក់ទង​នឹង​បណ្តឹង​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​ការតវ៉ា​របស់​ក្រុមកម្មករ​រោងចក្រ។

មេដឹកនាំ​បក្សប្រឆាំងទាំងពីររូប​ដែល​កំពុង​តែ​មាន​ប្រជាប្រិយ៍ភាព​ត្រូវ​បាន​តុលាការ​កំណត់​ឱ្យ​ចូល​ខ្លួន​នៅថ្ងៃទី​១៤ខែមករា​ដើម្បី​បំភ្លឺ​ចំពោះ​ហេតុការណ៍​ហិង្សា​ដែល​អាជ្ញាធរ​បាន​បង្រ្កាប​និង​បានបណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​ចំនួន​ប្រាំ​នាក់​និង​រងរបួស​៤០​នាក់។

នៅក្នុង​លិខិត​មួយ​ទៅ​តុលាការ​ ដែល​វីអូអេ​ទទួល​បាននៅ​ថ្ងៃ​សុក្រ​ លោក ជូង ជូងី មេធាវី​ការពារក្តី ​ឱ្យ​មេបក្ស​ទាំងពីរ​រូប​បាន​បញ្ជាក់​ថា៖

«នៅ​ព្រឹក​ថ្ងៃទី​១៤ ១៥ និង​១៦ ខែ​មករា​ ខ្ញុំ​បាទត្រូវ​ទៅ​ចូលរួម​ក្នុង​នីតិវិធី​សួរ​ដេញ​ដោល​កូនក្តី​ខ្ញុំ​ចំនួន​បី​រូប​នៅ​ ចំពោះ​ មុខ​ចៅក្រម​ស៊ើបសួរ​តុលាការដំបូងខេត្តតាកែវ។ ​ដូច្នេះ​ខ្ញុំមិន​អាច​ចូល​មក​ការពារ​សិទ្ធិ​ឱ្យ​ឯកឧត្តម​សម រង្ស៊ី និង​ឯកឧត្តម​កឹម សុខា​នៅ​ចំពោះ​មុខ​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ទេ»។

នៅ​ពេល​ដែលវីអូអេទាក់​ទងសួរ​ ​លោក ជូង ជូងី​បាន​បញ្ជាក់​ថា​លោក​បាន​សរសេរ​លិខិត​ដូច្នេះ​មែន​ប៉ុន្តែ​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទេ។​

ចំណាត់​ការ​ខាងផ្លូវ​តុលាការ​នេះ​ត្រូវ​បាន​ក្រុម​អ្នក​តាម​ដាន​មើល​ឃើញ​ថា​រដ្ឋាភិបាល​ប្រើ​ប្រាស់​ដើម្បី​ដាក់​សម្ពាធ​មក​ឱ្យ​គណបក្ស​ប្រឆាំង​វិល​ចូល​ទៅ​តុចរចា​ឡើងវិញ​ដើម្បី​ស្វែង​រក​វិធី​បំបែក​ភាព​ទាល់​ច្រក​ក្នុងវិបត្តិ​នយោបាយ​កម្ពុជា។

គណបក្ស​សង្គ្រោះជាតិ​បាន​ធ្វើបាតុកម្ម​អហិង្សា​អស់​រយៈ​ពេល​ជិតបី​សប្តាហ៍​នៅ​ទីក្រុង​ភ្នំពេញ​ទាមទារឱ្យ​មាន​ការ​បោះឆ្នោត​ឡើងវិញ​និង​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ចុះចេញ​ពី​អំណាចប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​បណ្តេញ​យ៉ាង​ហិង្សា​កាលពី​ចុង​សប្តាហ៍​មុន។ មេដឹកនាំ​គណបក្ស​ទាំងពីរ​កំពុង​តែ​ធ្វើ​ដំណើរ​ជួប​ប្រជុំ​ជាមួយ​នឹង​សកម្មជន​នៅ​តាម​បណ្តា​ខេត្ត​សំខាន់ៗ​មួយ​ចំនួន​ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ​បន្ថែម​ទៀត៕​ ​

(ប្រភព៖ វីអូអេ ខ្មែរ)