បក្ស​ប្រឆាំង​សុំ​ឱ្យ​ដោះលែង​សកម្មជន​មុន​បុណ្យ​ភ្ជុំ​បិណ្ឌ

ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច​ប្រជាជន​កម្ពុជា​ និង​គណបក្ស​ប្រឆាំង​សង្រ្គោះ​ជាតិ​កម្ពុជា​បាន​​​ជួប​ប្រជុំ​អំពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ​និង​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋ​សភា។ (ឡេង ឡែន/VOA Khmer)

របៀបវារៈ​ដែល​មិន​បាន​ព្រាង​ទុក​ហើយ​ជា​បញ្ហា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ចង់​យក​មក​ពិភាក្សា​គឺ​បញ្ហា​សុំ​ឱ្យ​មាន​ការ​ដោះលែង​សកម្ម​ជន​ និង​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​កំពុងជាប់​ឃុំ​ឃាំងដែល​គណបក្ស​សង្គ្រោះជាតិ​បាន​លើកឡើង។

របៀបវារៈ​ដែល​មិន​បាន​ព្រាង​ទុក​ហើយ​ជា​បញ្ហា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ចង់​យក​មក​ពិភាក្សា​គឺ​បញ្ហា​សុំ​ឱ្យ​មាន​ការ​ដោះលែង​សកម្ម​ជន​ និង​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​កំពុងជាប់​ឃុំ​ឃាំងដែល​គណបក្ស​សង្គ្រោះជាតិ​បាន​លើកឡើង។​

បន្ទាប់ពី​ដើរ​ចេញ​ពី​បន្ទប់​ប្រជុំ​រយៈពេល​ពីរម៉ោង​គត់​នៅ​វិមាន​រដ្ឋ​សភា​នាល្ងាច​ថ្ងៃ​សុក្រ​ លោក​សម រង្ស៊ី​បាន​ធ្វើ​ឱ្យ​ដៃ​គូ​សន្ទនា​ភ្ញាក់​ផ្អើល​ដោយ​ការ​ប្រកាស​ប្រាប់​អ្នក​សារព័ត៌មាន​ថា ​លោក​បាន​លើកឡើងពី​សំណើ​នេះ​តាម​រយៈ​លោក ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​ជម្រាប​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន។​

«ខ្ញុំចង់​ឱ្យ​ឃើញ​ការ​រួបរួម​គ្នា​ ការ​ជា​នា​គ្នា ការ​អនុគ្រោះ​ឱ្យ​គ្នា​អត់​ឱន​ទោស​ឱ្យ​គ្នា​ទៅវិញ​ទៅមក​ អាច​ឈាន​ទៅដល់​ការ​ដោះលែង​បងប្អូនយើង​ដែល​ជាពិសេស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ ហើយ​ខ្ញុំ​ក៏បាន​សុំ​អំពាវនាវ​តាម​សម្តេច​ក្រឡាហោម ស ខេង ទៅ​សម្តេច​តេជោ​ សម្តេច​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន សុំ​ឱ្យ​លោកមាន​ចិត្ត​ល្អ​ធ្វើ​ម៉េច​ឱ្យ​ខ្មែរ​បាន​ជានា​គ្នា​ពេញលេញ​ ហើយ​អ្នក​ដែល​ជាប់​ពន្ធនាគារ​រហូត​មក​ដល់​ពេល​នេះ​ ឱ្យ​មាន​សិទ្ធិសេរីភាព​ឡើង​វិញ ឬក៏មាន​ឱកាស​ទៅជួបជុំ​ជាមួយ​នឹង​គ្រួសារ​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ‍»។​

មាន​សកម្មជន និង​មន្ត្រី​គណបក្ស​ប្រឆាំង​ជាង​១០នាក់​កំពុង​ជាប់​ពន្ធនាគា​ក្នុង​នោះ​មាន​លោក​ ហុង សុខហួរ សមាជិក​ព្រឹទ្ធ​សភានៃ​គណបក្ស​ សម រង្ស៊ី ពាក់​ព័ន្ធ​នឹង​ការក្លែង​ឯកសារ​ព្រំដែន​ និង​លោក​ មាជ សុវណ្ណារ៉ា មន្ត្រី​ព័ត៌មាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្មក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​បាតុកម្ម​នៅ​តាម​ផ្លូវ​ជា​បន្តបន្ទាប់​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​នេះ​អស់​រយៈពេល​ជិត​មួយឆ្នាំ​មុន​នឹង​យល់​ព្រម​ចូល​ប្រជុំ​សភា​ដោយ​បង្កើត«​វប្បធម៌​សន្ទនា‍»រវាង​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ទាំងពីរ។ ប៉ុន្តែ​សំណុំ​រឿង​ព្រហ្មទណ្ឌ​នោះ​មិន​ត្រូវបាន​រំលត់​ចោល​ទេ។

លោក​ ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​ឆ្លើយតប​មក​វិញ​ភ្លាមៗ​ថា៖

«វប្បធម៌​សន្ទនា​គ្នា​ក្តី​ ការ​រួបរួម​សាមគ្គីគ្នា​ក្តី​គឺ​ក៏ ឈរ​លើ​គោលការណ៍​ច្បាប់​ជា​ធរមាន​ផង​ដែរ។ ការពិត​ហើយ​គឺ​ថា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ គឺ​ជា​បុណ្យ​ជួបជុំ​ដូនតា​ក្រុម​គ្រួសារ​នេះ​ជា​ការ​ត្រឹម​ត្រូវ​ ក៏ប៉ុន្តែ​ក៏​យើង​ត្រូវ​ឈរ​លើ​គោលការណ៍​ច្បាប់​ផងដែរ​ដើម្បី​យើង​ដោះស្រាយ​បញ្ហា​នានា។ ចឹង​ហើយ​គឺ​ថា​ថ្ងៃនេះ​យើង​មិន​បាន​លើក​យក​បញ្ហា​នេះ​មក​ដោះស្រាយ​ជាមួយ​គ្នា​ទេ‍»។

ក្រៅ​ពី​បញ្ហា​ដែល​មិន​បាន​ព្រាងទុក​នេះ​គណបក្ស​ទាំងពីរ​បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​រួមគ្នា​លើ​ចំណុច​ចុងក្រោយ​នៃ​វិសោធនកម្ម​ច្បាប់​ស្តី​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​បទ​បញ្ជា​ផ្ទៃក្នុងនៃ​រដ្ឋ​សភា ដែល​អាច​នឹង​មាន​ការ​ទទួលស្គាល់​តួនាទី​គណបក្ស​ប្រឆាំង​កាន់​តែ​ធំ​ជាង​មុន និង​បើក​ឱ្យ​សាធារណជន​ទទួល​បាន​ព័ត៌មាន​កាន់តែ​ច្រើន​ពី​សកម្មភាព​របស់​សភាជាតិ។

លោក ​យ៉ែម បុញ្ញឫទ្ធិ​ សមាជិក​សភា​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា៖

«ឧទាហរណ៍​យុទ្ធនាការ​ឃោសនា​ឃុំ​សង្កាត់​ដែល​ដំបូង​ឡើង​គាត់​ចង់​កំណត់​តែ​១០ថ្ងៃ​ប៉ុន្តែ​ឥឡូវ​កំណត់​១៤ថ្ងៃ​ ហើយ​បន្ទាប់​មក​ទៀតការ​កម្រិត​ថា​ឱ្យ​ឃោសនា​តែ​ក្នុង​ឃុំ​សង្កាត់​សាម៉ី​ ដល់​ឥឡូវ​យើង​អាច​ឃោសនា​ក្នុង​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស​បាន​។ ដូច្នេះ​ជា​លក្ខណៈ​ធំៗ​ដែល​យើង​យល់​ឃើញ​ថា​មាន​លក្ខណៈ​ល្អ​ប្រសើរ‍»។​

ចំណែក​ឯ​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋ​សភាជាតិ​វិញ​ត្រូវបាន​លោក​ យ៉ែម បុញ្ញរិទ្ធ ​យល់​ថា​មាន​ការកែ​លម្អ​ច្រើន៖

«ឧទាហរណ៍​ការស្នើ​សុំ​ឯកសារ​ពី​រដ្ឋ​សភា​ យើង​មាន​ការ​ឯកភាព​គ្នា​បាន​ន័យ​ថា​អគ្គលេខា​ធិការដ្ឋាន​ជា​កន្លែង​ទុក​ឯកសារ ​ហើយ​យើង​អាច​ស្នើ​សុំ​បាន​លើក​លែង​តែ​ឯកសារ​ណា​ជា​កំណត់​ហេតុ​ជា​ឯកសារ​សម្ងាត់​ទាល់តែ​មាន​ការ​អនុញ្ញាត​ពី ​ សម្តេច​ប្រធាន។ ដូច្នេះ​ចំណុច​នេះ​យើង​បាន​ធ្វើ​ការ​កែលម្អ ​ហើយ​ក្រៅ​ពី​នោះ​នៅក្នុង​ការ​កោះ​ប្រជុំ​នៃ​គណៈកម្មការ​នានា​នៃ​រដ្ឋ​សភា​ពី​មុន​មិន​មាន​ការ​ចែង​ច្បាស់​លាស់ ​ហើយ​ឥឡូវ​មាន​ការ​កំណត់​ថា​ បើ​សិន​ណា​ជា​សមាជិក​បីរូប​លោក​ស្នើ​សុំ​ប្រជុំ​គណៈកម្មការ​ដោយ​មាន​មូល​ហេតុ​ច្បាស់​មាន​របៀបវារៈ​ប្រធាន​អាច​កោះ​ប្រជុំ​បាន​។ ដូច្នេះ​មាន​ចំណុច​ជាច្រើន​ដែល​យើង​បើក​សភា​ឱ្យ​មាន​ការអនុវត្ត​ទូលំ​ទូលាយ​ល្អ‍»។​

ការ​ពិភាក្សា​ឱ្យ​មានការ​កែលម្អ​ និង​វិសោធនកម្ម​ទាំង​នេះ​គឺ​ជាផ្នែក​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​កាលពីថ្ងៃទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៤ ដើម្បី​បិទ​បញ្ចប់​ជម្លោះ​នយោបាយ​ដែល​គណបក្ស​សង្គ្រោះជាតិ​ចោទ​ថា​កើត​ឡើង​ដោយ​សារ​ការ​រៀបចំ​ការ​បោះឆ្នោត​មិន​ត្រឹម​ត្រូវ។​

មាន​តែ​គណបក្ស​ពីរប៉ុណ្ណោះ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភាជាតិ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​មាន​៦៨អាសនៈ ហើយ​គណបក្ស​សង្គ្រោះជាតិ​របស់​លោក​សម រង្ស៊ី និង​លោក ​កឹម សុខា​ ទទួល​បាន​៥៥​អាសនៈ។

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨៕​