គណបក្សសង្គ្រោះជាតិ នាថ្ងៃពុធនេះ បានស្នើសុំទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. និងក្រសួងការងារជួយសម្រួលដល់កម្មករ និងពលករ ទាំងក្នុង និងក្រៅស្រុក ឲ្យមានលទ្ធភាពចុះឈ្មោះបោះឆ្នោតបានកាន់តែច្រើន។ នេះបើតាមលោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលថ្លែងប្រាប់ក្រុមអ្នកគាំទ្រនៅទីស្នាក់ការគណបក្សនៅព្រឹកថ្ងៃពុធនេះ។ លោកសុន ឆ័យបានឲ្យដឹងថា គណបក្សជំទាស់បានស្នើសុំឲ្យក្រសួងការងារណែនាំឲ្យថៅកែរោងចក្រ ឬ គ្រឹះស្ថាននានាផ្តល់លទ្ធភាពឲ្យបុគ្គលិក ឬ កម្មករអាចទៅចុះឈ្មោះបោះឆ្នោតក្នុងអំឡុងពេលដែល គ.ជ.ប.បើកទទួលចុះឈ្មោះនោះ។ លោកបន្ថែមថា គណបក្សជំទាស់ ក៏បានសំណូមពរស្នើសុំឲ្យរដ្ឋមន្ត្រីក្រសួងការងារជួយសម្រួលឲ្យពលករកម្ពុជាដែលធ្វើការនៅបរទេស អាចត្រឡប់មកចុះឈ្មោះបោះឆ្នោតនៅកម្ពុជាវិញផងដែរ។
កាលពីថ្ងៃអង្គារម្សិលមិញ គណបក្សសង្គ្រោះជាតិក៏បានស្នើឲ្យគ.ជ.ប. គិតគូរបើកឲ្យមានការចុះឈ្មោះបោះឆ្នោត អំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ជាពេលមួយដែលកម្មករ កម្មការិនី និងពលករខ្មែរភាគច្រើន អាចឈប់សម្រាករយៈពេលវែង និងអាចឲ្យពួកគេទៅចុះឈ្មោះបោះឆ្នោតបាន។
លោកហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប.បានឲ្យដឹងថា គ.ជ.ប. នឹងពិចារណាសំណើទាំងនោះ ក៏ប៉ុន្តែការសម្រេចយ៉ាងណានោះនឹងធ្វើឡើងតាមលទ្ធភាពជាក់ស្តែង។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាខែមិថុនា ឆ្នាំ២០១៧ខាងមុខ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨។ ហើយដំណើរការចុះឈ្មោះបោះឆ្នោតជាថ្មីសម្រាប់អ្នកបោះឆ្នោតចំនួន៩លាននាក់នឹងចាប់ផ្តើមពីថ្ងៃទី០១ខែកញ្ញាដល់ថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០១៦នេះ៕