គណបក្ស​សង្គ្រោះ​ជាតិអាច​នឹង​កែ​សម្រួល​ថ្នាក់​ដឹកនាំ​បក្ស​​ឡើងវិញ

រូបឯកសារ៖ លោក កឹម សុខា អំឡុងពេលចូលរួមសមាជវិសាមញ្ញគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)

បញ្ហា​ចម្រូង​ចម្រាស​ពី​សមាសភាព​ថ្នាក់​ដឹកនាំ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កើត​មាន​ឡើង ​ក្រោយ​ពេល​គណបក្ស​បក្ស​ប្រឆាំង​រៀបចំ​សមាជ​វិសាមញ្ញ​មួយ​កាល​ពី​ថ្ងៃទី​២ ​ខែ​មីនា ​ដើម្បី​ជ្រើសរើស​មេដឹកនាំ​បក្ស​បន្ទាប់ពី​លោក​សម រង្ស៊ី​ បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស។

គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា ខ្លួន​នឹង​ធ្វើ​ការ​កែ​សម្រួល​ថ្នាក់​ដឹកនាំ​បក្ស​ឡើងវិញ​ឱ្យ​ត្រូវ​តាម​លក្ខន្តិកៈ​របស់​ខ្លួន​ ក្រោយ​ពេល​វិសោធនកម្ម​លក្ខន្តិកៈ​របស់​គណបក្ស​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ។

គណបក្ស​សង្គ្រោះជាតិ​បង្ហាញ​ពី​ជំហរ​នេះ​ បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​គណបក្ស​ប្រឆាំង ប្រសិន​បើ​គណបក្ស​នេះ​មិន​កែ​សម្រួល​ការ​ជ្រើសរើស​ប្រធាន​ និង​អនុ​ប្រធាន​ថ្មី​របស់​គណបក្ស ​ដែល​ក្រសួង​អះអាង​ថា​បាន​ធ្វើ​ខុស​នឹង​លក្ខន្តិកៈ​របស់​គណបក្ស​ផ្ទាល់។​

ក្នុង​លិខិត​ផ្ញើ​ជូន​ក្រសួង​មហាផ្ទៃ​កាល​ពីថ្ងៃ​ព្រហស្បតិ៍ គណបក្ស​សង្គ្រោះជាតិ​លើក​ឡើង​ថា ក្រសួង​មហាផ្ទៃ​បាន​ទទួល​ស្គាល់​ពី​ដំណើរការ​សមាជ​វិសាមញ្ញ​គណបក្ស​សង្គ្រោះជាតិ និង​មិនយល់​ទាស់​នឹង​ការ​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​របស់​គណបក្ស​លើ​ប្រការ​៤៥ និង​ប្រការ​៤៧ ​នោះ​ទេ។

លិខិត​ដដែល​បន្ត​ថា ករណី​ដែល​មិន​ទាន់​យល់​ស្រប​គ្នា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​កែ​សម្រួល​ក្រោយ​ពេល​វិសោធនកម្ម​លក្ខន្តិកៈ​គណបក្ស​ ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ។

រូបឯកសារ៖ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ធ្វើ​សនិ្នសីទ​កាសែត​ក្រោយ​ជំនួប​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង និង​លោកស្រី រ៉ូណា ស្មីត កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/VOA)

លោក អេង ឆៃអ៊ាង ​ដែល​ទើប​ត្រូវ​បាន​ជ្រើស​តាំង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិប្រាប់​VOA នា​ថ្ងៃ​ព្រហស្បតិ៍​ថា គណបក្ស​សង្គ្រោះជាតិ​អាច​នឹង​ធ្វើ​ការ​រៀបចំ​ថ្នាក់​ដឹកនាំ​ឡើង​វិញ ដើម្បី​ឱ្យ​ស្រប​តាម​វិសោធនកម្ម​លក្ខន្តិកៈ​របស់​គណបក្ស ក្រោយ​ពេល​ក្រសួង​មហាផ្ទៃ​ទទួល​ស្គាល់​ និង​តម្កល់​លក្ខន្តិកៈ​ថ្មី។

«កាលណា​នេះ​ទៅ [ក្រសួង​ទទួល​ស្គាល់​លក្ខន្តិកៈ​] យើង​អាច​ធ្វើ​ (រៀបចំ​ឡើង​វិញ)។ យើង​អាច​ប្រជុំ​គណៈកម្មការ​នាយក យើង​អាច​អី ដើម្បី​ពិនិត្យ​ ព្រោះពេល​ខ្លះ​ក៏​វា​ស្រួល​ដែរ ព្រោះ​យើង​សម្រេច​ដោយ​សមាជ​ហើយ ក្រសួង​មហាផ្ទៃ​ថា​សម្រេច​ដោយ​សមាជ​ដែល​គ្រប​ដណ្ដប់​ទាំង​ស្ថាប័ន​គណៈកម្មការ​នាយក​ ស្ថាប័ន​ក្រុម​ប្រឹក្សា​ជាតិ ហើយ​ថា​វា​មិន​ត្រឹមត្រូវ ដូច្នេះ​យើង​មក​រៀបរយ​ត្រឹម​គណៈកម្មការ​នាយក វា​កាន់​តែ​ងាយ​ស្រួល​ទៀត​ហើយ»។

VOA មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អនុ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​លោក ប៊ុន ហុន បាន​ទេ​នា​ល្ងាច​ថ្ងៃព្រហស្បតិ៍។

ទោះយ៉ាងណា លោក​ប៊ុន ហុន ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​ធ្វើ​វិសោធន​កម្ម​ប្រការ​៤៥ ​និង​ប្រការ​៤៧​នៃ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ឡើង​ស្រប​តាម​លក្ខន្តិកៈ​របស់​គណបក្ស​នេះ​ ក៏ប៉ុន្តែ​ក្រសួង​នៅ​ពុំ​ទាន់​ទទួល​ស្គាល់​លក្ខន្តិកៈ​ថ្មី​នេះ​នៅ​ឡើយ​ទេ។ ​លោក​បាន​បដិសេធ​មិន​ផ្ដល់​មូលហេតុ​ដែល​ក្រសួង​ពុំ​ទាន់​ទទួល​ស្គាល់​លក្ខន្តិកៈ​ថ្មី​នេះ។

បញ្ហា​ចម្រូង​ចម្រាស​ពី​សមាសភាព​ថ្នាក់​ដឹកនាំ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កើត​មាន​ឡើង ​ក្រោយ​ពេល​គណបក្ស​បក្ស​ប្រឆាំង​រៀបចំ​សមាជ​វិសាមញ្ញ​មួយ​កាល​ពី​ថ្ងៃទី​២ ​ខែ​មីនា ​ដើម្បី​ជ្រើសរើស​មេដឹកនាំ​បក្ស​បន្ទាប់ពី​លោក​សម រង្ស៊ី​ បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស។

នៅពេល​សមាជ​វិសាមញ្ញ​នោះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​វិសោធន​កម្ម​លក្ខន្តិកៈ​របស់​ខ្លួន​ចំនួន​ពីរ​ប្រការ ​និង​បាន​ជ្រើសរើស​លោក​កឹម សុខា​ ជា​ប្រធាន​ថ្មី​របស់​គណបក្ស ​និង​អនុប្រធាន​ថ្មី​ចំនួន​៣រូប ​គឺ​លោក​ប៉ុល ហំម ​លោកស្រី​មូរ សុខហួរ ​និង​លោក​អេង ឆៃអ៊ាង៕