គណបក្ស​ប្រឆាំង​សម្រេច​រក្សា​ទុក​អនុប្រធាន​គណបក្ស​ទាំង​បី​នៅ​ដដែល

លោកស្រី មួរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ពិធី​ជួបជុំ​បេក្ខនារី​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ទីស្នាក់ការ​គណបក្ស​ ក្នុង​រាជធានី​ភ្នំពេញ​​ នៅ​ថ្ងៃទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

អនុប្រធាន​គណបក្ស​ទាំង​បី​រូប​ រួម​មាន​ អ្នកស្រី​ មូរ សុខហួរ​ លោក ប៉ុល ហំម និង​លោក​ អេង​ ឆៃអ៊ាង។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្រេច​រក្សា​ទុក​អនុប្រធាន​ទាំង​បី​របស់​ខ្លួន​ឲ្យ​នៅ​ដដែល​ក្រោយ​ការ​ប្រជុំ​ផ្ទៃ​ក្នុងរបស់​ខ្លួន​ដែល​បាន​ធ្វើ​ឡើង​នៅ​ទី​ស្នាក់​កណ្តាល​គណបក្សនៅ​ថ្ងៃ​ពុធ​នេះ។ ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្រសួង​មហាផ្ទៃ​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា ​តើ​ក្រសួង​នឹង​ទទួល​ស្គាល់​អនុប្រធាន​គណបក្ស​ប្រឆាំង​ទាំង​បីឬ​យ៉ាង​ណា​នោះ​ទេ។

អនុប្រធាន​គណបក្ស​ទាំង​បី​រូប​ រួម​មាន​ អ្នកស្រី​ មូរ សុខហួរ​ លោក ប៉ុល ហំម និង​លោក​ អេង​ ឆៃអ៊ាង។​ ក្រសួង​មហាផ្ទៃ​បាន​បដិសេធ​មិន​ទទួល​ស្គាល់​អនុប្រធាន​ទាំង​បី​នេះ​ ​ម្តង​រួច​មក​ហើយ​ ដោយ​ហេតុ​ការ​ជ្រើសរើស​អនុ​ប្រធាន​ទាំង​បី​ដដែល​នេះ​ ធ្វើ​ឡើង​ខុស​ពី​លក្ខន្តិកៈ​របស់​គណបក្ស​ជំទាស់។ ​

​លោក​ យឹម សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាននៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា ​គណៈកម្មការ​នាយក​របស់​គណបក្ស​បាន​សម្រេច​ផ្តល់​ការ​ទុកចិត្ត​ឲ្យ​អ្នកស្រី​ មូរ​ សុខហួរ​ លោក​ ប៉ុល ហំម​ និង​ លោក​ អេង​ ឆៃ​អ៊ាង​ នៅ​ជា​អនុប្រធាន​គណបក្ស​ដដែល។

អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ថា៖

«អនុប្រធាន​ទាំង​បី​រូប​ហ្នឹង​បាន​ទទួល​ការ​យល់​ព្រម​ពី​គណៈកម្មការ​នាយក​ជា​ឯកច្ឆន្ទ​ អញ្ចឹង​យើង​សុំ​ប្រកាស​ ជា​សាធារណៈ​ ជូន​មតិ​ជាតិ​និង​អន្តរជាតិ​ឲ្យ​បាន​ជ្រាប​ថា ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ​ ឯកឧត្តម​ ប៉ុល ហំម​ ឯកឧត្តម​ អេង​ ឆៃអ៊ាង​ ហើយ​និង​លោក​ជំទាវ​ មូរ​ សុខហួរ​ ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ»។​

លោក​ យឹម សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​ប្រឆាំង កាលពី​ថ្ងៃ​ ទី​ ១៧​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៧​ ធ្វើ​សន្និសីទ​ព័ត៌មាន​នៅ​ទីស្នាក់​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​ អំពី​ការរក្សាទុក​អនុ​ប្រធាន​បី​រូប​របស់​គណបក្ស។ (ហ៊ុល រស្មី​/VOA)

ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​ VOA ​ដែល​ថា ​តើ​ក្រសួង​មហាផ្ទៃ​អាច​នឹង​បដិសេធ​អនុប្រធាន​ទាំង​បី​នេះ​ទៀត​ដែរ​ឬ​ទេ​ លោក​ យឹម សុវណ្ណ​ មាន​ប្រសាសន៍​ថា៖​

«អត់​ទេ​ ពីព្រោះ​យើង​ធ្វើ​ស្រប​ទៅ​តាម​លក្ខន្តិកៈ​របស់​គណបក្ស​ដែល​បាន​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ​រួចហើយ។ គណបក្ស​សង្គ្រោះ​ជាតិ​យល់​ឃើញ​ថា​ វា​មិន​មាន​បញ្ហា​អី​ដែល​ជា​ឧបសគ្គ​ ទៅ​ដល់​ការ​ទទួល​ស្គាល់​អនុប្រធាន​ទាំង​បី​រូប​របស់​គណបក្ស​ទេ»។​

គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បាន​ធ្វើ​សមាជ​វិសាមញ្ញ​ជ្រើសរើស​អនុប្រធាន​គណបក្ស​មួយ​លើក​មក​ហើយ ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​បាន​អះអាង​ថា​ ​ការ​ជ្រើសរើស​អនុ​ប្រធាន​បក្ស​នៅ​គ្រានោះ ធ្វើ​ឡើង​ផ្ទុយ​ពី​លក្ខន្តិកៈ​របស់​គណបក្សខ្លួន​ឯង។​

ក្នុង​កិច្ច​ប្រឹងប្រែង​ធ្វើ​ឱ្យ​ការ​ជ្រើសរើស​អនុប្រធាន​បក្ស​មាន​ភាព​ស្រប​ច្បាប់​នោះ គណបក្ស​សង្គ្រោះ​ជាតិ ​ក៏​បាន​ធ្វើ​សមាជ​វិសាមញ្ញ​ម្តង​ទៀត​ ដើម្បីកែប្រែ​លក្ខន្តិកៈ​របស់​ខ្លួន។​

​កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ​ឆ្នាំ​២០១៧​ ក្រសួង​មហាផ្ទៃ​បាន​ទទួលស្គាល់​ការ​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​លើក​ចុងក្រោយ​របស់​គណបក្ស​ជំទាស់ ពាក់ព័ន្ធ​នឹង​ការ​ជ្រើសរើស​អនុប្រធាន​នេះ។ លក្ខន្តិកៈ​ថ្មី​នេះ​ពុំ​មាន​កំណត់​រយៈ​ពេល​៣០​ថ្ងៃ​សម្រាប់​ការ​ជ្រើសរើស​អនុប្រធាន​ដូច​លក្ខន្តិកៈ​ចាស់​នោះ​ទេ។ ការ​កំណត់​រយៈពេល​៣០​ថ្ងៃ​នេះ​ ជា​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​បដិសេធ​ពី​ក្រសួង​នា​ពេល​កន្លងមក។​

​នាយ​ឧត្តមសេនីយ៍​ ខៀវ សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​ប្រាប់​ VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ក្រសួង​មហាផ្ទៃ​មិន​ទាន់​ទទួល​បាន​លិខិត​បញ្ជាក់​ពី​ការ​រក្សា​ទុក​អនុប្រធាន​ទាំង​បី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​នៅ​ឡើយ​ទេ។ ​

លោក ខៀវ សុភ័គ ថ្លែង​ថា៖

«ក្រសួង​មិន​ទាន់​បាន​ទទួល​លិខិត​ជា​ផ្លូវការ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ រហូត​មក​ដល់​ពេល​ហ្នឹង។ ប្រហែល​ជា​ដូច​លើក​មុន​អញ្ចឹង​ពេល​ណា​បាន​ទទួល​ ក្រសួង​យ៉ាងម៉េច​យ៉ាង​ម៉ា​ ក្រសួង​នឹង​តប​វិញ​ ជា​លិខិត​ផ្លូវការ​វិញ​ទៅ​បាទ»។

រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។(ឡេង ឡែន/VOA)

លោក ​សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ថ្លែង​ថា​ គណបក្ស​កាន់​អំណាច​មិន​បារម្ភ​អំពី​យុទ្ធសាស្ត្រ​នយោបាយ​របស់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​បី​នាក់​នេះ​ ក្នុង​ការ​ប្រកួត​យក​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ឡើយ។​ លោក​ថា​ មាន​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ ដែល​អាច​សម្រេច​ថា​ គណបក្ស​នយោបាយ​ណា​ ដែល​សក្តិសម​ក្នុង​ការ​ដឹកនាំ​ប្រទេស៖​

«ក៏ប៉ុន្តែ​គឺ​ការ​ឈ្នះ ឬ​ចាញ់​ វា​មិនមែន​លើ​គាត់​ថា​ទេ។​ ហើយ​ក៏​មិនមែន​ទៅ​លើ​យុទ្ធសាស្ត្រ​ យុទ្ធវិធី​ណា​ ឲ្យ​វា​ហួសហេតុ​នោះ​ដែរ​ ក៏​យើង​មិន​អាច​ប៉ាន់ស្មាន​ទេ​ គឺ​ថា​ វា​អាស្រ័យ​ទៅ​លើ​ការ​សម្តែង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត»។​

​ក្រុម​អ្នកវិភាគ​ថ្លែង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ ​កំពុង​ប្រឈម​នឹង​សម្ពាធ​ជា​ច្រើន​ពី​រដ្ឋាភិបាល​នៅ​គ្រា​ដែល​ការ​បោះឆ្នោត​កំពុង​តែ​ខិត​ជិត​ចូល​មក​ដល់។ ពួកគេ​ថា​ គណបក្ស​ប្រឆាំង​នេះ​អាច​នឹង​ពិបាក​រក្សា​ទឹក​ចិត្ត​នៃ​ការ​គាំទ្រ​របស់​អ្នក​បោះឆ្នោត​ ប្រសិន​បើ​គណបក្ស​នេះ​ បន្ត​រង​ការ​វាយ​ប្រហារ​ពី​គណបក្ស​កាន់​អំណាច​នោះ៕