គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកតំណាងរាស្រ្ត​ម៉ាឡេស៊ី​ស្វែងរក​វិធី​ស្តារ​ប្រជាធិបតេយ្យ

លោក សម រង្ស៊ី (កណ្តាល) ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​ខាងក្រៅ​សភា​ម៉ាឡេស៊ី ក្នុង​ទីក្រុង​គូឡាឡំពួរ នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។

គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​បាន​ជួប​អ្នកតំណាងរាស្ត្រ​ម៉ាឡេស៊ី​ដើម្បីពិភាក្សា​ពី​ការស្ដារ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ ​ស្រប​ពេល​ដែល​សហភាព​អឺរ៉ុបដាក់សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ដំណើរការ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​«គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ‍»។

លោក សម រង្ស៊ី ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​បាន​ជួប​ជាមួយ​សមាជិក​រដ្ឋសភា​ម៉ាឡេស៊ីទាំង​មក​ពី​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​កាល​ពីថ្ងៃ​អង្គារ​នៅក្នុងទីក្រុងគូឡាឡំាពួរ។​

លោក អេង ឆៃអ៊ាង អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបាន​រំលាយ។ (ចាប ចិត្រា/VOA)

លោក ​អេង ឆៃអ៊ាង ​អនុប្រធាន​គណបក្ស​ដែល​កំពុង​រស់នៅ​នីរទេស​ខ្លួន​ក្រៅប្រទេស​បាន​បញ្ជាក់ថា​កិច្ច​ប្រជុំ​នោះ​ផ្តោត​ទៅលើ ការគោរព​សិទ្ធិ​មនុស្ស​និង​ការតស៊ូ​ដើម្បី​ឱ្យ​មាន​ប្រជាធិបតេយ្យ។

លោក​អេង ឆៃអ៊ាង​បាន​បន្ថែម​ថា៖

«គេ​មាន​ការយកចិត្តទុក​ដាក់​ព្រោះ​ទិដ្ឋភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្នហ្នឹង​ វា​ប្រហាក់​ប្រហែល​នឹង​ទិដ្ឋភាព​នយោបាយ​ប្រទេស​ម៉ាឡេស៊ី​មុនឆ្នាំ​២០១៨ មុនពេល​ដែល​គណបក្ស​ប្រឆាំង​បាន​ឈ្នះឆ្នោត​ឡើង​កាន់​អំណាច។ អីចឹង​ហើយ​វាមាន​ទិដ្ឋភាព​ប្រហាក់​ប្រហែលគ្នាអីចឹង​ហើយ​គឺថា​មាន​ការជជែក​មានការសួរដេញដោល​ ជាពិសេស​តំណាងរាស្ត្រ​មក​ពីម៉ាឡេស៊ី ​បាន​ចោទ​សួរ​បញ្ហា​នានា​ បញ្ហា​នយោបាយ​នៅ​កម្ពុជា ​អំពី​ការវិនិយោគ​របស់​ចិន​ជាដើម‍»។​

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ខកខាន​មិន​អាច​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​កាលពី​ថ្ងៃ​សៅរ៍​ទី​៩​ខែវិច្ឆិកា​តាម​ការប្តេជ្ញា​ទៅស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស។ ប៉ុន្តែ​លោក​អេង ឆៃអ៊ាង ​អះអាងថា​ថ្នាក់ដឹកនាំ​ដែល​នៅ​ក្រៅ​ប្រទេស​កំពុងតែ​រិះរកវិធី​ថ្មី​ដើម្បី​វិល​ត្រឡប់​ទៅកម្ពុជា​ដោយ​មិន​បោះបង់​ចោល​ទេ។​ លោក​អះអាង​ថាគម្រោង​លើក​ទីមួយ​បាន​ជួបឧបសគ្គជាច្រើន​ដែល​ក្នុង​នោះ​មានការ​រារាំង​មិន​ឱ្យ​លោក​សមរង្ស៊ី​ឡើង​ជិះយន្តហោះ​ទៅ​ប្រទេសថៃ​ដែល​មានអ្នកគាំទ្រ​ជាច្រើន​កំពុងរង់ចាំ​និង​ការប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​នៅតាម​ព្រំដែន​កម្ពុជា​និង​ថៃ​។

លោក​ អេង ឆៃអ៊ាង ​បញ្ជាក់​ថា៖

«យើង​ត្រូវ​ការ​វិធី​ច្រើន។ យើង​ដឹង​ហើយ​ថា​របបលោកហ៊ុនសែន​គាត់​បាន​ដាក់​បារ៉ាស់។ អីចឹង​យើង​នឹង​រក​វិធី​ដើម្បី​ដក​បារ៉ាស​នេះ​ចេញ។ នេះ​គឺជាចំណុច​ដែល​សំខាន់‍»។​

កាលពីថ្ងៃច័ន្ទ​ ​លោក ​សម រង្ស៊ី ​និង​ថ្នាក់​ដឹកនាំ​ក៏​បាន​ជួបប្រជុំ​ជាមួយនឹង​ថ្នាក់​ដឹក​នាំគណបក្ស​កាន់អំណាច​របស់​ម៉ាឡេស៊ី​គឺ​លោក​ ដាទុក សៃហ្វូដឌីន អាប់ឌុលឡា (Datuk Saifuddin Abdullah) ដែល​ជា​អគ្គលេខាធិការ​នៃ​គណបក្ស​សម្ព័ន្ធភាព​នៃក្តីសង្ឃឹម​ដែល​ជា​គណបក្ស​កាន់អំណាច​ដើម្បី​ពង្រឹង​គោល​ជំហរ​ដូចគ្នា​ក្នុង​ការលើក​កម្ពស់​សិទ្ធិមនុស្ស​ លទ្ធិ​ប្រជាធិបតេយ្យ​ សេរីភាព ​និង​នីតិរដ្ឋនៅតំបន់​អាស៊ាន។

ស្ថានភាព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះយ៉ាង​ខ្លាំង​ក្នុងរយៈពេល​ជាង​២ឆ្នាំ​មក​នេះ​ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង ​អង្គការ​សង្គម​ស៊ីវិល ​និង​បណ្តាញ​សារព័ត៌មាន​ឯករាជ្យ។ ការណ៍​នេះ​នាំ​ឱ្យ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ដោយ​ចំពោះ​បុគ្គល​ដែល​ពាក់​ព័ន្ធ​ការរំលោភ​សិទ្ធិ​មនុស្ស​ទាំងនោះ​ដោយ​មិន​ផ្តល់​ទិដ្ឋាការ​ឱ្យ​ចូលក្នុង​សហរដ្ឋ​អាមេរិក​ ដូចជា​ករណី​លោក​ហ៊ីង ប៊ុនហៀង ​មេបញ្ជាការ​កងអង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​ជាដើម។

រីឯ​សហភាព​អឺរ៉ុប​បាន​ចាប់​ផ្តើម​ដំណើរការ​នីតិវិធី​ដក​ឋានៈ​អនុគ្រោះពន្ធ​តាំង​ពី​ខែកុម្ភៈឆ្នាំ​២០១៩មក។

​នៅ​ថ្ងៃ​អង្គារ​នេះ ​សហភាព​អឺរ៉ុប​បាន​បញ្ជូន​របាយការណ៍​វាយតម្លៃ​បឋម​របស់​ខ្លួន​ទៅ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ ស្ដីពី​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ទៅ​លើ​ការ​ចោទប្រកាន់​អំពី​ការ​រំលោភបំពាន​ធ្ងន់ធ្ងរ​ទៅ​លើ​លក្ខខណ្ឌ ​EBA ក្នុង​ប្រទេស​កម្ពុជាហើយ​បាន​ទុក​ពេល​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចំនួន​មួយខែ​ដើម្បី​កែលម្អ។

រូបឯកសារ៖ អ្នក​ស្រី Cecilia Malmstrom ​ជា​ឧត្ដម​ស្នងការសហភាព​អឺរ៉ុប​ទទួល​បន្ទុក​ខាង​ពាណិជ្ជកម្ម។

អ្នក​ស្រី Cecilia Malmstrom ​ឧត្ដម​ស្នងការសហភាព​អឺរ៉ុប​ទទួល​បន្ទុក​ខាង​ពាណិជ្ជកម្ម ​បាន​សរសេរ​លើ​បណ្ដាញ​ Twitter ​របស់​លោក​ស្រី​ថា៖

«‍យើង​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​នោះ‍»។

រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​បញ្ហា​សិទ្ធិ​មនុស្ស​គឺ​ជាកិច្ចការ​ដែល​រដ្ឋាភិបាល​កំពុង​យក​ចិត្ត​ទុកដាក់​ដោះស្រាយ។

រូបឯកសារ៖ អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន​ អង្គុយ​នៅខាង​ស្តាំ​ដៃ​ក្នុង​សន្និសីទ​ព័ត៌មាន​ស្តីពី​មីក្រូ​ហិរញ្ញវត្ថុ​ និង​ផល​ប៉ះពាល់រៀប​ចំ​ដោយ​អង្គភាព​អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាល​នៅ​ទីក្រុង​ភ្នំពេញ​ថ្ងៃទី​២៩​ ខែ​សីហា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)​

លោក ផៃ ស៊ីផាន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​ VOA ថា៖

«ការព្រួយ​បារម្ភ​ហ្នឹង​យើង​សូម​ថ្លែង​អំណរគុណ។ មិនមែន​តែ​ការព្រួយបារម្ភ​ពីមិត្ត​បរទេស​នោះ​ទេកម្ពុជាខ្លួនឯង​ក៏មាន​ការព្រួយ​បារម្ភ​ដែរ​ អាស្រ័យ​ហេតុ​ដូច្នេះ​បាន​ជាយើង​ធ្វើការអភិវឌ្ឍ​វិស័យសិទ្ធិ​មនុស្សដែល​មាន​ចូល​ទៅ​ក្នុង​ការងារ​ច្បាប់​និង​ការប្រតិបត្តិ‍»។

រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​អះអាង​ថា ​ខ្លួន​មិន​ព្រួយបារម្ភ​ចំពោះ​យុទ្ធនាការ​ក្រៅប្រទេស​ដែល​ដឹកនាំ​ដោយ​លោកសមរង្ស៊ី​ទេបើ​ទោះបីជា​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែកការទូត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការហាមឃាត់​សកម្មភា​ព​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិមិន​ទទួលបាន​ជោគជ័យ​នៅ​ប្រទេស​ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី​ក៏ដោយ។

លោក ផៃ ស៊ីផាន​ បាន​បន្ថែម​ថា​ច្បាប់​កម្ពុជា​បាន​សម្រេច​លើ​ទោសទណ្ឌ​របស់​អ្នកនយោបាយ​បក្ស​ប្រឆាំង​ទាំង​នោះ​រួច​ហើយ​ដូច្នេះ​សម្ពាធ​ពីខាងក្រៅ​មិន​អាច​កែប្រែបានទេ។

លោក​បន្ថែម​ថា៖

«កម្ពុជា​អនុវត្ត​ទៅតាម​ច្បាប់​របស់​ប្រទេស​កម្ពុជា គ្មាន​ជនណា​គ្មាន​អង្គការ​ណា​ដែល​បង្ខំ​កម្ពុជា​មិន​ឱ្យ​អនុវត្ត​នូវ​នីតិវិធី​របស់​ខ្លួន​នោះទេ។ ដូច្នេះ​ជន​ទាំងអស់​ហ្នឹង​ត្រូវតែប្រឈម​មុខ​ច្បាប់​នៅ ពេល​ដែល​គាត់​អញ្ជើញ​មកដល់​ទឹកដី​របស់​កម្ពុជា។ យើង​នឹង​ឃាត់​ខ្លួន​ភ្លាម​បញ្ជូនទៅ​តុលាការ​។ នេះ​ជារឿង​នៅ ​ដដែល​អត់​មាន​ពាក់​ព័ន្ធ​នឹង​រឿង​ដាក់​សម្ពាធ​របស់​អ្នកណាទេ‍»។

រីឯ​គណបក្ស​ប្រឆាំង​វិញ​យល់​ថា​កូនសោ​គន្លឹះ​គឺ​ស្ថិត​នៅ​លើ​ដៃ​របស់​លោ​ក​នាយក​រដ្ឋមន្ត្រី​ហ៊ុនសែន។

លោក​ អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​បន្ថែម​ថា៖

«ដរាបណា​លោក​ហ៊ុន សែន​មិន​ដោះលែង​ មិនទម្លាក់​ចោល​ការចោទ​ប្រកាន់​ទៅលើ​លោក​ប្រធាន​កឹម សុខា​ឱ្យ​មាន​សេរីភាព​ពេញលេញ​ហើយ​នឹង​ដោះលែង​សកម្មជន​គណបក្ស​នយោបាយ​ក៏ដូចជា​សកម្មជន​អង្គការ​សង្គមស៊ីវិល​និង​អ្នកសារព័ត៌មាន​ដែល​របបលោក​ហ៊ុនសែនចាប់​ចង​នោះទេ​គឺ​ឋានៈអនុគ្រោះពន្ធពីសហភាព​អឺរ៉ុប​នឹង​មិន​អាច​ទទួលបាន​ទៀត​ទេ​ពីព្រោះយើង​ដឹង​ហើយ​ថា​ជំហរ​របស់​សហភាព​អឺរ៉ុប​គឺ​បាន​បញ្ជាក់​ហើយ​ហើយ​គេមិន​ចង់និយាយច្រំដែលៗ​ទេ​ព្រោះអ្វី​ដែល​គេ​ចង់​បាន​គឺ​ការស្តារនូវ​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​នៅកម្ពុជា‍»។​

សហភាព​អឺរ៉ុប ​បាន​ដាក់​លក្ខខណ្ឌ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ស្ថានភាព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ដោយ​រួម​ទាំង​ការ​ដោះលែង​និង​ផ្ដល់​សេរីភាព​ពេញលេញ​ឡើងវិញ​ដល់លោក​ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិដើម្បី​រក្សា​ឋានៈ​អនុគ្រោះ​ពន្ធ EBA​ ដដែល។

តាំងពីពេលនោះមក​សហភាពអឺរ៉ុប​បាន​កត់​សម្គាល់​ថា​មានការវិវត្តន៍វិជ្ជមានខ្លះឈានទៅ​ដំណាក់កាល​ត្រឹមត្រូវ​។ ក្នុងនោះ​មានការដោះលែង​លោកកឹម សុខាពីការឃុំ​ឃាំង​ក្នុង​លំនៅ​ដ្ឋានប៉ុន្តែ​នៅ​មាន​ភ្ជាប់លក្ខខណ្ឌ​មិន​ឱ្យ​លោក​ធ្វើ​នយោបាយ​ឬ​ចាក​ចេញ​ពីប្រទេស​ឡើយ។

អង្គការ​សិទ្ធិមនុស្ស​ Human Rights Watch ​បាន​រកឃើញ​ថា​ ចន្លោះពេល​ពាក់កណ្តាល​ខែ​សីហា ចាប់ពីពេល​ដែល​លោកសមរង្ស៊ី​ប្រកាស​វិល​ចូលមាតុភូមិ​វិញ​រហូតដល់​ថ្ងៃទី​៨ខែ​វិច្ឆិកា អាជ្ញាធរ​កម្ពុជា​បាន​ចោទប្រកាន់​សមាជិក​គណបក្ស​សង្គ្រោះជាតិ​ចំនួន​១០៥នាក់​ដោយបទចោទប្រកាន់​ផ្សេងៗ​ដែល​ក្នុងនោះ​មាន​ការបះបោរ​ប្រឆាំង​រដ្ឋាភិបាល​ អុចអាល​ឱ្យ​ប្រព្រឹត្ត​បទល្មើស និង​មើលងាយ​ការសម្រេច​របស់​តុលាការ​ជាដើម​ហើយ​បាន​ឃាត់​ខ្លួន​ពួកគេ​ចំនួន​៥៧នាក់។ ​

នៅក្នុងការវិវត្តន៍ថ្មីមួយ​គឺ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ​លើ​សំណុំរឿង​របស់​លោក​រ៉ាត់ រ័ត្នមុនី សកម្មជនសហជីពនិង​ជាអ្នកបកប្រែ​ឱ្យ​ភាពយន្ត​ឯកសារ​រឿង​«ម្តាយខ្ញុំ​លក់​ខ្ញុំ‍»។ សវនាការនេះ​នឹង​ធ្វើ​ឡើងនៅព្រឹក​ថ្ងៃ​សុក្រ​។ នេះ​បើតាមការបញ្ជាក់​របស់​អ្នកស្រី ឡុង គឹមហៀង ដែល​ជា​ភរិយារបស់​លោក​រ៉ាត់ រ័ត្នមុនី។

រូបឯកសារ៖ អ្នកស្រី ឡុង គឹមហ៊ាង ភរិយាលោក រ៉ាត់ រត្នមុនី អ្នកបកប្រែភាពយន្តឯកសារ «ម្តាយខ្ញុំ លក់ខ្ញុំ» និយាយជាមួយ VOA ខណៈកំពុងស្ថិតក្នុងបន្ទប់ជួលមួយក្នុងប្រទេសដែលអ្នកស្រីកំពុងភៀសខ្លួន នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩។ (កាន់ ​វិច្ឆិកា/VOA)

​អ្នកស្រី ឡុង គឹមហៀង ដែលកំពុង​រស់នៅគេចខ្លួនដោយខ្លាច​ការធ្វើ​បាប​បាន​បន្ថែមប្រាប់​វីអូអេ​ថា៖

«ខ្ញុំ​សូមស្នើ​ទៅ សាលាឧទ្ធរណ៍​សូមដោះលែងប្តីរបស់​ខ្ញុំ​ឱ្យ​មានសេរីភាព​ហើយ​ទម្លាក់​ការចោទ​ប្រកាន់​លើ​គាត់​ព្រោះ​ការចោទប្រកាន់​នេះ​អយុត្តិធម៌​ខ្លាំងណាស់‍»។​

រូបឯកសារ៖ លោក រ៉ាត់ រត្នមុនី ត្រូវបានចាប់ខ្លួននៅទីក្រុងបាងកកកាលពីថ្ងៃសុក្រនៅពេលដែលលោកបានព្យាយាមធ្វើដំណើរទៅប្រទេសហូឡង់ជាមួយគ្រួសាររបស់លោក។ (រូបថត៖ ហ្វេសប៊ុក Rath Rott Mony)

លោក រ៉ាត់ រ័ត្នមុនី​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​កាលពី​ថ្ងៃទី២៦ ​ខែ​មិថុនា ឆ្នាំ២០១៩ ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ក្រោមបទចោទថា បាន «ញុះញង់​ឱ្យ​មាន​ការរើស​អើង»​ដោយសារ​លោក​បាន​បកប្រែ​ឱ្យ​អ្នកកាសែតរុស្ស៊ី RT ​ដែល​ផលិត​ភាពយន្ត​ស្តីពីការ​ជួញដូរស្ត្រី​ឱ្យ​ប្រកប​របររកស៊ីផ្លូវភេទ​នៅ​កម្ពុជា។ សំណុំរឿង​របស់​លោក​ត្រូវបាន​ក្រុមការពារ​សិទ្ធិមនុស្ស​តាម​ដាន​ជាប់ជាប្រចាំ៕