លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅថ្ងៃច័ន្ទ ទី១៨ ខែកក្កដានេះ បានបន្តប្រកាសនាំប្រទេសកម្ពុជាឲ្យទទួលបានការផ្លាស់ប្តូរមេដឹកនាំប្រទេស នៅក្នុងស្ថានភាពដែលមន្ត្រី និងសមាជិកគណបក្សប្រឆាំងត្រូវគេដឹងថា កំពុងស្ថិតក្រោមការគាបសង្កត់ខាងផ្លូវច្បាប់ ពាក់ព័ន្ធទៅនឹងសំណុំរឿងនានា រាប់ទាំងរឿងហិង្សា បញ្ហាព្រំដែន និងរឿងអាស្រូវស្នេហាលួចលាក់ដែលមានការសង្ស័យនោះ។
ការថ្លែងរបស់លោកអំពីការផ្លាស់ប្តូរនេះកើតមានឡើងនៅក្នុងថ្ងៃប្រារព្ធខួបទីបួននៃការបង្កើតគណបក្សសង្គ្រោះជាតិ ដែលរៀបចំឡើងនៅទីស្នាក់កណ្តាលគណបក្សនេះ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក កឹម សុខា ដែលកាលពីសប្តាហ៍មុន ត្រូវបានតុលាការចេញដីកាហាមឃាត់មិនឲ្យធ្វើដំណើរចេញពីប្រទេសកម្ពុជានោះ បានប្រាប់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រមាណជាង៣០០នាក់ថា ឆ្នាំ២០១៦នេះគឺជាឆ្នាំ ដែលគណបក្សប្រឆាំងរងការវាយប្រហារច្រើនពីគណបក្សគ្រប់គ្រងប្រទេស។
លោកថ្លែងថា ទោះបីមានការរុកកួនខ្លាំងពីគណបក្សគ្រប់គ្រងប្រទេសក្តី គណបក្សសង្គ្រោះជាតិនឹងប្រែក្លាយការឈឺចាប់នានា ដែលគណបក្សប្រឆាំងកំពុងប្រឈមនេះ មកធ្វើជាការផ្សះផ្សាជាតិ ដើម្បីបញ្ចប់វិវាទខ្មែរ និងខ្មែរ។
«យើងត្រូវតែប្រែក្លាយការឈឺចាប់របស់យើងនេះឲ្យទៅជាគុណធម៌ ឲ្យទៅជាអ្វីមួយ ដែលជាតម្លៃខ្ពស់បំផុតសម្រាប់ជាតិយើង និងប្រជាពលរដ្ឋយើងបានទទួលសុខដុមរមនាទាំងអស់គ្នា»។
គណបក្សសង្គ្រោះជាតិ ដែលជាគូប្រជែងនយោបាយដ៏សំខាន់ចំពោះគណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើង ដោយការច្របាច់បញ្ចូលគ្នានៃគណបក្សសម រង្ស៊ី របស់លោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ នេះបើយោងទៅតាមការថ្លែងបញ្ជាក់របស់លោក ប៉ុល ហំម ឥស្សរជនកំពូលទីបីនៃគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមនៅក្នុងពិធីរំឭកខួបនៃការបង្កើតគណបក្សប្រឆាំងនេះ។
ថ្លែងនៅក្នុងពិធីរំឭកខួបនៃការបង្កើតគណបក្សនេះ លោក កឹម សុខា បានបន្តប្រាប់ក្រុមអ្នកគំាទ្រគណបក្សប្រឆាំងរបស់លោកថា វិបត្តិនយោបាយនៅក្នុងប្រទេសកម្ពុជាបានធ្វើឲ្យសហគមន៍អន្តរជាតិមានការព្រួយបារម្ភ ដោយហេតុថា វិបត្តិនេះបានរាលដាលពីគណបក្សនយោបាយទៅដល់ក្រុមសង្គមស៊ីវិលដែលបានធ្វើឲ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍នៃប្រជារាស្ត្រខ្មែរ ជាពិសេសមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក្នុងឆ្នាំ២០១៧ និងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់ VOA នៅរសៀលថ្ងៃច័ន្ទនេះថា ប្រទេសកម្ពុជាពុំបានជួបវិបត្តិនយោបាយដូចការចោទប្រកាន់ពីក្រុមអ្នកនយោបាយនៃគណបក្សប្រឆាំងនោះទេ ហើយថា គណបក្សកាន់អំណាចក៏មិនបានធ្វើការគាបសង្កត់គណបក្សប្រឆាំងនោះដែរ។
«អញ្ចឹងការលើកឡើងរបស់គាត់ថា សភាពការណ៍នយោបាយក្តៅគគុក ឬមួយក៏មានការគាបសង្កត់ពីគណបក្សកាន់អំណាចនេះ ខ្ញុំយល់ថា អានេះមិនមែនជាការណ៍ពិតត្រឹមត្រូវតាមគាត់ថា ទេ»។
លោក សុខ ឥសាន បន្ថែមថា ស្ថានភាពនយោបាយនាពេលបច្ចុប្បន្ននេះ នឹងមិនបង្កភាពរអាក់រអួលដល់ដំណើរនៃការរៀបចំការបោះឆ្នោតដែលបានផ្តើមពីខែកក្កដានេះទៅរហូតដល់ការបោះឆ្នោតមកដល់នៅឆ្នាំ២០១៧ និង២០១៨ខាងមុខនេះទេ។
ទោះជាយ៉ាងណាក៏ដោយ លោក កឹម សុខា អះអាងថា គណបក្សប្រឆាំងចង់ឃើញនូវការសម្របសម្រួលផ្លូវនយោបាយសម្រាប់ធ្វើឲ្យមានភាពប្រក្រតីនៃស្ថានការណ៍នយោយបាយ ដែលជាចលករសំខាន់មួយធានាដល់ការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវមួយ។
«ដំណោះស្រាយ ដែលគណបក្សសង្គ្រោះជាតិចង់បានចំពោះមុខនេះ គឺធ្វើឲ្យមានបរិយាកាសប្រក្រតីឡើងវិញ ដើម្បីឈានទៅរកការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលភាគីទាំងឡាយអាចទទួលយកបាន។ លទ្ធផលនៃការបោះឆ្នោតនេះហើយគឺជាត្រីវិស័យ ចង្អុលបង្ហាញអនាគតរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋយើង»។
អ្នកនយោបាយនៃគណបក្សសង្គ្រោះជាតិបានទទួលរងការវាយប្រហារបន្ថែមតាមផ្លូវច្បាប់ជាបន្តបន្ទាប់ ក្រោយពីផ្ទុះការសង្ស័យអំពីរឿងអាស្រូវស្នេហាលួចលាក់របស់លោក កឹម សុខា ជាមួយនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ។ កាលពីដើមខែកក្កដានេះ លោក ថាន់ ឡេង ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាហាមមិនឲ្យលោក កឹម សុខា ធ្វើដំណើរឆ្លងដែនចេញពីប្រទេសកម្ពុជាទេ។ ដីកានេះធ្វើឡើងបន្ទាប់ពីលោក កឹម សុខា បដិសេធជាច្រើនលើកមិនចូលខ្លួនទៅបំភ្លឺនៅតុលាការទាក់ទងនឹងសំណុំរឿងសញ្ចារកម្ម។
ការបដិសេធច្រើនដងនេះធ្វើឲ្យលោករងបទចោទមួយផ្សេងទៀតគឺបទ«បដិសេធមិនចូលខ្លួន» ដែលនាំទៅរកការហាមឃាត់មិនឲ្យលោកឆ្លងដែន ហើយរឿងនេះត្រូវក្រុមមន្ត្រីគណបក្សជំទាស់ចាត់ទុកថា ជាការប៉ុនប៉ងបំបិទសំឡេងក្រុមជំទាស់៕