គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​កំណែទម្រង់​ផ្ទៃ​ក្នុង​នៅ​មុន​ការ​បោះឆ្នោត

រូបឯកសារ៖ អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​កាន់​ស្លាក​សញ្ញា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពេល​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ ដែល​បាន​ធ្វើ​ឡើង​នៅក្នុង​សួន​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅខែ កក្កដា ​ឆ្នាំ ២០១៣។

គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សម្រេច​ធ្វើ​កំណែ​ទម្រង់​លើ​ចំណុច​៣​សំខាន់ៗ។ ទី​១​ គឺ​ការ​ជំរុញ​សាធារណជន​ ជា​ពិសេស​យុវជន​​​​ ឲ្យ​​ដាក់​ពាក្យ​ធ្វើ​ជា​បេក្ខជន​ឈរ​ឈ្មោះ​​សម្រាប់​ការ​បោះឆ្នោត​​ឃុំ​ សង្កាត់​ឲ្យ​បាន​ច្រើន។

គណបក្ស​ជំទាស់​ធំ​ជាង​គេ​នៅ​កម្ពុជា​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ សម្រេច​ធ្វើ​កំណែ​ទម្រង់​ផ្ទៃ​ក្នុង​ពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​ជាតិ​ ខណៈ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​ កាន់​តែ​ខិត​ជិត​មកដល់។

គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សម្រេច​ធ្វើ​កំណែ​ទម្រង់​លើ​ចំណុច​៣​សំខាន់ៗ។ ទី​១​ គឺ​ការ​ជំរុញ​សាធារណជន​ ជា​ពិសេស​យុវជន ឲ្យដាក់​ពាក្យ​ធ្វើ​ជា​បេក្ខជន​ឈរ​ឈ្មោះសម្រាប់​ការ​បោះឆ្នោតឃុំ​ សង្កាត់​ឲ្យ​បាន​ច្រើន។ ទី​២ គឺ​ការផ្ទេរ​សិទ្ធិ​ដល់គណៈកម្មាធិការ​ប្រតិបត្តិ​ថ្នាក់​មូលដ្ឋាន​ ឲ្យ​ធ្វើ​ជា​តំណាង​ទទួល​ពាក្យចុះ​ឈ្មោះ​ជាភ្នាក់ងារ​គណបក្ស​នយោបាយ។​ និង​ទី៣​ គឺ​ការពង្រឹង​សមត្ថភាព​មន្ត្រី​គណបក្សថ្នាក់​មូលដ្ឋាន ការ​រៀបចំ និង​បណ្ដុះបណ្ដាល​ភ្នាក់ងារ​គណបក្ស​សម្រាប់​កិច្ចការ​បោះឆ្នោត​ ព្រម​ទាំង​ការ​ជំរុញ​ឲ្យពលរដ្ឋ​កម្ពុជា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ និង​ចុះ​ឈ្មោះ​បោះឆ្នោត​នា​ខែ​កញ្ញា​ខាង​មុខ។

សេចក្តី​សម្រេច​នេះ​ ជា​លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​២៥ ​ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​ ​សម្រាប់​ការ​បោះឆ្នោត​ឃុំ​ សង្កាត់​ នា​ខែ​មិថុនា​ ឆ្នាំ​២០១៧​ខាង​មុខ។

លោក ប៉ុល ហំម ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ជំទាស់ ​ថ្លែង​ប្រាប់​ក្រុម​អ្នក​គាំទ្រ​នៅ​ទី​ស្នាក់​ការ​គណបក្ស​នៅ​ព្រឹកថ្ងៃ​អង្គារ​នេះ​ថា ​គណបក្ស​នេះ​នឹង​បន្ត​ធ្វើ​កំណ​ទម្រង់​បន្ថែម​ទៀត​ ពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​ជាតិ​ ដើម្បី​ត្រៀម​ខ្លួនចំពោះ​ការ​បោះឆ្នោត​ខាង​មុខ៕​