នៅព្រឹកថ្ងៃអង្គារនេះ គណៈប្រតិភូគណបក្សសង្គ្រោះជាតិបានធ្វើដំណើរទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជួបប្រជុំជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។
លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ បញ្ជាក់ប្រាប់ VOA នៅរសៀលថ្ងៃអង្គារនេះថា ការជួបប្រជុំនេះមានគោលបំណងពីរសំខាន់៖ ទី១គឺថ្នាក់ដឹកនាំគណបក្សជួបពិភាក្សាលម្អិតអំពីស្ថានភាពទូទៅ ក្នុងនោះមានទាំងការវិវត្តស្ថានភាពនយោបាយនៅកម្ពុជានាពេលចុងក្រោយផង និងទី២គឺជាកិច្ចពិភាក្សាពិគ្រោះយោបល់គ្នាអំពីការងារផ្ទៃក្នុងរបស់គណបក្សជំទាស់។
លោក សុន ឆ័យ បានឲ្យដឹងទៀតថា ជំនួបប្រជុំគណបក្សនេះ ជាទូទៅត្រូវធ្វើឡើងក្នុងរយៈ៦ខែ ឬមួយឆ្នាំម្តង។ ក៏ប៉ុន្តែលោក សុន ឆ័យ ពុំបានបញ្ជាក់អំពីរបៀបវារៈជាក់លាក់ និងប្រធានបទដែលគណបក្សនេះនឹងលើកយកទៅពិភាក្សានោះទេ។
បន្ទាប់ពីគណៈប្រតិភូគណបក្សសង្គ្រោះជាតិត្រឡប់ពីជួបជាមួយលោក សម រង្ស៊ីវិញ គណបក្សនេះនឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍មួយនៅថ្ងៃទី១ ខែកក្កដាខាងមុខ៕