សមាជិកសភាមួយរូបនៃគណបក្សសង្គ្រោះជាតិបានស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជាពន្យល់ពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចនៅក្នុងខេត្តរតនគិរីដែលសេចក្តីរាយការណ៍សារព័ត៌មាននានាលើកឡើងថាត្រូវបានផ្តល់ទៅឱ្យកងទ័ពវៀតណាមគ្រប់គ្រង។
លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រនៃមណ្ឌលសៀមរាបបានប្រាប់ VOA ថា ការផ្តល់ដីសម្បទានទៅឱ្យកងទ័ពវៀតណាមនឹងមានផលប៉ះពាល់រយៈពេលយូរដល់ប្រទេសកម្ពុជា។
លោកបានបន្ថែមថា៖ «ព្រោះយើងយល់ថា បើសិនជាផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យកងទ័ពប្រជាជនវៀតណាម ទៅឱ្យមេបញ្ជាការនៃកងទ័ពប្រជាជនវៀតណាមហ្នឹងថ្ងៃក្រោយទៅវាអាចប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជាហើយវាអាចដូចក្រីម៉េនៅ អ៊ុយក្រែន ដូចកម្ពុជាក្រោម។ វាអាចដូចជាប្រទេសចម្ប៉ា។ វាអាចប្រទេសកម្ពុជាបាត់បង់ទឹកដីទៅប្រទេសវៀតណាម»។
កាលពីខែធ្នូឆ្នាំ២០១៥ កាសែត The Cambodia Daily បានធ្វើបទស៊ើបអង្កេតមួយដែលរកឃើញថាប្រធានក្រុមហ៊ុនដីសម្បទានចំនួនបួននៅជិតតំបន់ច្រកព្រំដែនអូយ៉ាដាវក្នុងខេត្តរតនគិរីដែលគ្រប់គ្រងដីជិត៤ម៉ឺនហិកតាមានជាប់ពាក់ព័ន្ធនឹងកងពលលេខ១៥របស់កងទ័ពប្រជាជនវៀតណាម។
លោក អ៊ុំ សំអាន ចោទថាបើវៀតណាមដាក់កងទ័ពមែនវាគឺជាការខុសនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
លោកបានបន្ថែមថា៖ «តាមមាត្រា៥៣នៃរដ្ឋធម្មនុញ្ញបានចែងថាកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធានៅលើទឹកដីរបស់ខ្លួនទេដូច្នេះប្រសិនបើផ្តល់ទៅឱ្យមេបញ្ជាការកងទ័ពវៀតណាមហើយមានមូលដ្ឋាននៅលើទឹកដីកម្ពុជានៅខេត្តរតនគិរីគឺវាផ្ទុយទៅនឹងមាត្រា៥៣នៃកម្ពុជាផងដែរ»។
កាលពីថ្ងៃទី៩ខែមិនា លោក ហេង សំរិន ប្រធានសភាជាតិកម្ពុជាបានសុខចិត្តបញ្ជូនលិខិតនេះទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឱ្យលោកធ្វើការបំភ្លឺ។
រលកនៃចលនាតាមដានមើលកិច្ចការព្រំដែនដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិបានផ្ទុះឡើងជាខ្លាំងកាលពីឆ្នាំមុនរហូតដល់មានការប៉ះទង្គិចជាមួយនឹងជនជាតិវៀតណាមនៅខេត្តស្វាយរៀង។ ប៉ុន្តែបានស្ងប់ស្ងាត់មកវិញបន្ទាប់ពីមានការបង្ក្រាប ការស៊ើបអង្កេតនិងចាប់ខ្លួនមន្ត្រីគណបក្សប្រឆាំងមួយចំនួន។
លោក អ៊ុំ សំអាន សង្ឃឹមថាលោកនាយករដ្ឋមន្ត្រីនឹងឆ្លើយបំភ្លឺមុននឹងលោកបើកការស៊ើបអង្កេតដោយខ្លួនឯង៕