គណបក្ស​សង្គ្រោះ​ជាតិ​ប្តេជ្ញា​បន្ត​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ដោយ​ការគប់គ្រាប់បែក

រូបឯកសារ៖ ពិធី​បង្សុកូល​នៅ​ស្តូប​ក្នុង​សួនច្បារ​វត្តបុទុមវត្តី​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណកន្ធ​អ្នក​បាត់បង់​ជីវិត​ក្នុង​ការ​វាយ​ប្រហារ​​​ដោយ​ការគប់​គ្រាប់បែក​ឆ្នាំ​១៩៩៧​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/វីអូអេ)

គណបក្ស​សង្រ្គោះ​ជាតិ​បាន​រំឭក​ខួបដល់​បាតុករដែល​បាន​ស្លាប់​ដោយសារ​ការវាយ​ប្រហារ​គ្រាប់​បែក​កាលពី​២៤​ឆ្នាំ​មុន​នៅ​រាជធានី​ភ្នំពេញ​ដោយ​បាន​ប្តេជ្ញា​បន្ត​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​តាមរយៈ​យន្តការ​អន្តរជាតិ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃអង្គារ​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ដោយ​យោង​ដល់​យុទ្ធនាការ​«បញ្ចប់​និទណ្ឌភាព​ដើម្បី​យុត្តិធម៌​នៅ​កម្ពុជា​»ដែល​គណបក្ស​ប្រឆាំង​នេះ​ដឹកនាំ​ថា​នឹង​អាច​រកយុត្តិធម៌​ជូន​ជនរងគ្រោះ​និង​នាំ​យក​ជនល្មើស​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់​ជាធរមាន។

សេចក្តី​ថ្លែងការណ៍​បាន​បន្ត​ថា៖ ​«គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បន្ត​ប្តេជ្ញាចិត្ត​ក្នុង​ការស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ជានិច្ច»។

យុទ្ធនាការ​បញ្ចប់​និទណ្ឌភាព​នេះ​បាន​ចាប់ផ្តើម​កាលពី​ខែកក្កដា​ឆ្នាំ​មុន ​ដោយ​មាន​ការចុះញត្តិ​ទាមទារ​តាម​អនឡាញ​ ការចងក្រង​«សៀវភៅស»​និង​ការសិក្សា​ពី​លទ្ធភាព​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែល​បាន​រត់ភៀស​ខ្លួន​ចេញ​ក្រៅ​ប្រទេស​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ក្នុង​ប្រទេស​ដែល​ពួកគេ​រស់នៅ។

បាតុកម្ម​ដែល​ដឹកនាំ​ដោយ​លោកសម រង្ស៊ី​ កាលពី​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​១៩៩៧​ គឺ​ក្នុង​គោលបំណង​ទាមទារ​ឲ្យ​កែលម្អ​ប្រព័ន្ធ​តុលាការ​និង​គោរព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា។ ​ប៉ុន្តែ​ត្រូវ​បាន​វាយប្រហារ​ដោយ​គ្រាប់បែក​ចំនួន​៤​គ្រាប់​និង​បាន​បណ្តាល​ឲ្យ​បាតុករ​ស្លាប់​ចំនួន​១៦​នាក់​និង​រងរបួស​យ៉ាងហោចណាស់​ជាង​១០០​នាក់។ នេះ​បើតាម​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​Human Rights Watch។ អង្គការ​នេះ​បាន​ថ្លែង​ដោយ​យោង​របាយការណ៍​របស់​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​FBI​របស់​អាមេរិកាំងដែល​សន្និដ្ឋាន​ថា​គឺ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ជា​អ្នករៀបចំ​ការវាយប្រហារ​នោះ។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចោទ​ថា​រដ្ឋាភិបាល​កម្ពុជា​មិនបាន​ស្វែងរក​ជនដៃដល់​និង​អ្នកបញ្ជា​ការវាយ​ប្រហារ​នោះ​ដើម្បី​យក​មក​ផ្តន្ទាទោស​ទេ។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាងប្រាប់​វីអូអេ​កាលពី​សប្តាហ៍​មុន​ថា​សំណុំរឿង​នានា​ដែល​មាន​នៅ​ក្នុង​ដៃ​តុលាការ​គឺ​នៅតែ​រក្សា​ទុកដដែល​មិនបិទ​បញ្ចប់​ទេ​ដោយ​គ្រាន់តែ​រកជនដៃដល់​មិន​ទាន់​បាន​ហើយ​ការស៊ើបអង្កេត​គឺ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ៕