ក្រុមតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ សម្រេចមិនចូលរួមប្រជុំសភាជាតិ នាព្រឹកថ្ងៃសុក្រនេះ ដោយសារបារម្ភពីសន្តិសុខផ្ទាល់ខ្លួន ហើយគណបក្សនេះអះអាងថា គណបក្សកាន់អំណាចមិនបានបង្ហាញឆន្ទៈដោះស្រាយបញ្ហានយោបាយជាមួយខ្លួន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅឯទីស្នាក់ការកណ្ដាលគណបក្សនាព្រឹកថ្ងៃសុក្រនេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សជំទាស់ លើកឡើងថា ការសម្រេចមិនចូលប្រជុំសភានាព្រឹកនេះ គឺធ្វើឡើងដោយមិនបានព្រាងទុកនោះទេ។ លោកថា ការសម្រេចចិត្តនេះ ដោយសារគណបក្សសង្គ្រោះជាតិ ទទួលបានការគំរាមកំហែងលើសុវត្ថិភាព និងសន្តិសុខរបស់ក្រុមតំណាងរាស្ត្រ និងគណបក្សនេះយល់ថា គណបក្សកាន់អំណាចមិនបានបង្ហាញឆន្ទៈដោះស្រាយបញ្ហានយោបាយជាមួយខ្លួន។
លោក យឹម សុវណ្ណ ថ្លែងបញ្ជាក់ថា៖
«យើងចង់បានដំណោះស្រាយជាក់ស្តែង។ យើងបានបង្ហាញសុឆន្ទៈទៅគណបក្សកាន់អំណាចថា លោកប្រធានស្តីទីអញ្ជើញទៅចុះឈ្មោះបោះឆ្នោត។ ហើយគណបក្សសង្គ្រោះជាតិ ហើយតំណាងរាស្ត្រទាំងអស់នឹងទៅចូលរួមប្រជុំ។ យើងចង់បានការជួបជជែកគ្នា ដោះស្រាយបញ្ហាការចូលរួមសកម្មភាពនយោបាយថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ សិទ្ធិសេរីភាពសកម្មជនគណបក្ស ក៏ដូចជាតំណាងរាស្ត្រព្រឹទ្ធសភាដែលកំពុងជាប់ពន្ធនាគារ ហើយនឹងសកម្មជនសិទ្ធិមនុស្ស គឺជាដំណោះស្រាយដែលយើងចង់បាន។ ក៏ប៉ុន្តែមកទល់ពេលនេះ បក្សកាន់អំណាចមិនបានបង្ហាញនូវឆន្ទៈនយោបាយណាមួយ ដែលធ្វើឲ្យឈានទៅរកភាពប្រក្រតីវិញនោះទេ»។
ដោយមិនបានបកស្រាយឲ្យបានច្បាស់លាស់នោះទេ គណបក្សជំទាស់លើកឡើងបន្តថា ការគំរាមកំហែងនេះមានលក្ខណៈដូចគ្នានឹងករណីវាយដំតំណាងរាស្ត្របក្សជំទាស់២រូបនៅក្នុងបរិវេណរដ្ឋសភាកាលពីខែតុលា ឆ្នាំ២០១៥ដែរ។ ហើយគណបក្សនេះថា ការគំរាមកំហែងថ្មីដែលទើបនឹងទទួលបានថ្មី មានសភាពធ្ងន់ធ្ងរជាងមុនទៀត។
នៅក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៥ ដែលមានតែតំណាងរាស្ត្រពីគណបក្សកាន់អំណាចចូលរួម នាព្រឹកថ្ងៃសុក្រនេះបានបោះឆ្នោតអនុម័តលើច្បាប់វិជ្ជាជីវៈសុខាភិបាល ដោយសំឡេង៦៧លើ៦៧ និងអនុម័តច្បាប់ស្តីពីការងារពាណិជ្ជកម្មសមាគមអាស៊ាន។ រីឯកាលបរិច្ឆេទនៃការប្រជុំសភាលើកក្រោយទៀតមិនទាន់កំណត់នៅឡើយទេ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងថា ការមិនចូលសភារបស់តំណាងរាស្ត្រគណបក្សជំទាស់នាព្រឹកនេះ គឺជាការជំទាស់នឹងសេចក្តីសម្រេចរបស់គណៈកម្មការអចិន្ត្រៃយ៍របស់រដ្ឋសភា និងជាការប្រឆាំងនឹងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។ លោក សុខ ឥសាន យល់ថា ការយកសុវត្ថិភាពរបស់តំណាងរាស្ត្រជាហេតុផលមិនចូលសភានេះគ្រាន់តែជាលេសគេចវេសពីការទទួលខុសត្រូវរបស់គណបក្សជំទាស់ប៉ុណ្ណោះ។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះថ្លែងប្រាប់ VOA ថា៖
«សម្តេច ហ៊ុន សែន បានផ្តើមគំនិតធ្វើឲ្យសភាពការណ៍ល្អប្រសើរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ គាត់បានចង្អុលណែនាំថា បើចង់មានមតិអី ត្រូវចូលសភាទើបមានប្រសិទ្ធភាពជាងការនិយាយនៅក្រៅ។ ប៉ុន្តែពាក្យដែលគាត់និយាយថា បន្ទន់ឥរិយាបថនោះគឺចង់ឲ្យបក្សប្រជាជនចូលប្រជុំជាមួយគាត់ ដើម្បីដោះលែងអ្នកជាប់ទោសរបស់គាត់តែប៉ុណ្ណោះ។ ចឹងទេ យើងមិនអាចយករឿងគណបក្សនយោបាយ រំលោភសមត្ថកិច្ចតុលាការបានទេ។ ការចង់បានរបស់គាត់នេះ មិនអាចទៅរួចទេ យើងមិនអាចយកវប្បធម៌និទណ្ឌភាពមកជំនួសឲ្យនីតិរដ្ឋបានទេ»។
លោក អ៊ូ វីរៈ អ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជា និងជាប្រធាននៃវេទិកាអនាគត បង្ហាញការសោកស្តាយដែលស្ថានការណ៍នយោបាយនៅមានភាពតានតឹង និងមិនមានកិច្ចព្រមព្រៀងណាមួយដែលអាចឲ្យគណបក្សទាំង២អាចជជែកគ្នាក្នុងសភា ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋបាន។
«ជារឿងមួយសោកស្តាយដែលនយោបាយនៅមានភាពតានតឹង។ បក្សទាំង២គួរបន្តជជែកគ្នាទៀតទៅ ក្រែងលោបើមិនបានចូលថ្ងៃនេះ ចូលថ្ងៃក្រោយ។ វាជារឿងមួយដែលប្រជាជនចង់បានទាំងអស់គ្នា តាមធម្មតារឿងប្រទេសជាតិ គាត់អត់ចង់ឲ្យអ្នកនយោបាយឈ្លោះគ្នាទេ។ ចំណាប់អារម្មណ៍រវាងអ្នកនយោបាយ មិនគួររវាងគ្នាទៅវិញទៅមកទេ គួរយកប្រជាជនជាធំ»។
លោក អ៊ូ វីរៈ បន្ថែមថា រដ្ឋាភិបាលគប្បីធានាសុវត្ថិភាពតំណាងរាស្ត្រពីគ្រប់គណបក្សដើម្បីបង្កឲ្យបរិយាកាសចរចាក្នុងសភាមានភាពប្រសើរជាងនេះ។
បន្ទាប់ពីគណបក្សជំទាស់ធ្វើពហិការមិនចូលប្រជុំសភាអស់រយៈពេលជាច្រើនខែ កាលពីថ្ងៃទី២៧ ខែកញ្ញាកន្លងទៅ សមាជិកសភាគណបក្សប្រឆាំង បានចូលរួមប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាជាមួយសមាជិកសភាគណបក្សកាន់អំណាច។ ក៏ប៉ុន្តែកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ កាលពីថ្ងៃទី២៧ ខែកញ្ញានោះ មិនទទួលបានលទ្ធផលអ្វីជាដុំកំភួននោះទេ ក្រៅពីការបន្តជជែកលើការដកអភ័យឯកសិទ្ធិតំណាងរាស្ត្រគណបក្សប្រឆាំង២រូបនោះទេ៕