លោកស្រី គ្លីនតុន អតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតលើកទី១របស់គណបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋ Nevada ដោយបានផ្តួលលោក Bernie Sanders សមាជិកព្រឹទ្ធសភារដ្ឋ Vermont ដោយសំឡេងឆ្នោតដ៏ច្រើនលើសលុបគឺ៥២,៧ភាគរយទល់នឹង៤៧,៣ភាគរយនៅក្នុងការប្រកួតប្រជែងដើម្បីក្លាយជាប្រធានាធិបតីថ្មី។
ពួកអ្នកវិភាគនិយាយថា ជ័យជម្នះរបស់លោកស្រីគ្លីនតុន បង្ហាញថាបណ្តាញគាំទ្រថ្នាក់ជាតិរបស់លោកស្រីនៅតែខ្លាំង ហើយលោក Sanders ត្រូវតែធ្វើការអំពាវនាវដល់ពួកអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យឲ្យហួសពីមនុស្សក្មេងៗដែលបានបង្កើតយុទ្ធនាការណ៍ឃោសនាបោះឆ្នោតរបស់លោក។
នៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធាណរដ្ឋ មានការប្រកៀកប្រកិតគ្នានៅក្នុងរដ្ឋ South Carolina ដោយលោក Donald Trump បានទទួលជ័យជម្នះយ៉ាងខ្លាំងលើគូប្រកួតប្រជែងរបស់លោកដោយបានទទួលសំឡេងឆ្នោត៣២,៥ភាគរយ។ លោកMarco Rubio និងលោក Ted Cruz បានស្ថិតនៅក្នុងលំដាប់ទី២ដោយម្នាក់ៗទទួលបានសំឡេងឆ្នោតប្រហែល២២ភាគរយ។ លោក Rubio បានបញ្ចប់ដោយមានការគាំទ្រកើនបន្តិច។
បន្ទាប់ពីជ័យជម្នះដ៏ធំនៅក្នុងរដ្ឋ New Hampshire កាលពី១១ថ្ងៃមុន ជ័យជម្នះនេះ ហាក់ដូចជាធ្វើឲ្យមហាសេដ្ឋីអចលនៈទ្រព្យក្លាយជាបេក្ខជននាំមុខរបស់គណបក្សសាធារណរដ្ឋ។
លោក Trump បានធ្វើសុន្ទរកថាទៅកាន់ហ្វូងមនុស្សយ៉ាងកុះករនៅក្នុងទីក្រុង Spartanburg នៃរដ្ឋ South Carolina រួមជាមួយលោកស្រី Melania ភរិយារបស់លោកនិងអ្នកស្រី Ivanka កូនស្រីរបស់លោកដែលបាននិយាយយ៉ាងខ្លីដែរ។ លោក Trump បានស្វាគមន៍បេក្ខជនផ្សេងទៀតដោយនិយាយថា វាជាការប្រកួតប្រជែងដំណែងប្រធានាធិបតីដ៏លំបាកមួយ ក៏ប៉ុន្តែជាការល្អនៅពេលដែលលោកអ្នកឈ្នះ៕