បេក្ខជនប្រធានាធិបតីពីខាងគណបក្សប្រជាធិបតេយ្យគឺលោកស្រី Hillary Clinton និងគូរប្រជែងរបស់លោកស្រីពីខាងគណបក្សសាធារណរដ្ឋគឺលោក Donald Trump សុទ្ធតែកំពុងព្យាយាមដណ្តើមការគាំទ្រពីប៉ូលិស នៅគ្រាដែលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងមន្ត្រីអនុវត្តច្បាប់ និងពលរដ្ឋអាមេរិកាំង ដើមកំណើតអាហ្វ្រិក។
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA គឺអ្នកស្រី Zlatica Hoke បានរាយការណ៍ថា លោកស្រី Clinton បានជួបជាមួយមន្ត្រីអនុវត្តច្បាប់ដែលនាំមុខគេ មកពីទាំងប្រទេស ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលលោក Trump បានធ្វើទស្សនកិច្ចនៅស្ថានីយប៉ូលិសក្នុងមូលដ្ឋានមួយនៅរដ្ឋ North Carolina ។
លោក Trump បានថ្លែងសុន្ទរកថានៅក្រុង Charlotte នៃរដ្ឋ North Carolina ដោយសម្ដែងការគាំទ្ររបស់លោក ចំពោះពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ជាប្រវត្តិសាស្ត្រនៅរដ្ឋ Louisiana ប៉ុន្តែ នៅពេលដែលលោក ប្តូរប្រធានបទទៅរករបៀបវារៈនយោបាយរបស់លោកនោះ លោក Trump បានផ្តល់អាទិភាពខ្ពស់ទៅលើច្បាប់ និងសណ្តាប់ធ្នាប់វិញ។
លោក Trump បានថ្លែងអំពីភាពគួរឲ្យសង្វែងនៃស្ថានភាពសន្តិសុខ សេដ្ឋកិច្ច សុខុមាលភាពនិងអនាគតរបស់អាមេរិក ដោយបានស្តីបន្ទោសទៅលើគណបក្សប្រជាធិបតេយ្យ ជាពិសេសទៅលើ លោកស្រី Clinton ដែលលោកបានហៅម្តងហើយម្តងទៀតថា ជាមនុស្សកុហក។
លោក Trump ថ្លែងថា ប្រសិនបើលោកជាប់ឆ្នោត ក្លាយជាប្រធានាធិបតី នោះភាពវឹកវរ និងអំពើហិង្សា នឹងចប់យ៉ាងឆាប់រហ័ស។
ក្រុមអ្នករិះគន់ និយាយថា លោក Trump បានបង្ខំចិត្តប្ដូរគណៈគ្រប់គ្រងយុទ្ធនាការរកសំឡេងឆ្នោតរបស់លោក ប៉ុន្តែលោកអះអាងថា លោកមិនចង់ឲ្យគេបង្ខំរូបលោកឲ្យធ្វើដូចអ្នកនយោបាយទូទៅនោះទេ។
លោកស្រី Clinton មានប្រសាសន៍ថា គណៈគ្រប់គ្រងយុទ្ធនាការថ្មីរបស់លោក Trump មិនអាចប្តូរលោក Trump បានទេ ដោយលោកស្រីថ្លែងថា លោក Trump អាចជួល និងបណ្ដេញនរណាក៏បាន ឲ្យតែលោកចង់ ចេញពីយុទ្ធនាការរបស់លោក។
លោកស្រី ថ្លែងថា គេអាចឲ្យលោក Trump អានពាក្យថ្មីៗពីផ្ទាំងកញ្ចក់ដែលបង្ហាញអក្សររត់នោះបាន ប៉ុន្តែ លោក Trump នៅតែជាមនុស្សដដែល។
យុទ្ធនាការរបស់លោកស្រី Clinton ក៏បានផ្ដោតទៅលើការអនុវត្តច្បាប់ផងដែរ។ ប៉ុន្តែ នៅក្នុងជំនួបរបស់លោកស្រី ក្នុងទីក្រុងញូវយ៉ក ជាមួយមន្ត្រីអនុវត្តច្បាប់កំពូលៗមួយចំនួននៅក្នុងប្រទេសនោះ លោកស្រី ក៏បានសង្កត់បញ្ជាក់ពីភាពចាំបាច់ក្នុងការភ្ជាប់គម្លាត និងការបែកចែករវាងប៉ូលិស និងសហគមន៍ដែលពួកគេបម្រើផងដែរ៕