ក្រុម​ឃោសនា​បោះឆ្នោត​របស់​លោកស្រី Clinton នឹង​ចូលរួម​រាប់​សន្លឹក​ឆ្នោត​ឡើងវិញ​នៅ​ក្នុង​រដ្ឋ Wisconsin

រូបភាពឯកសារ៖ បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​អ្នកស្រី Hillary Clinton ថ្លែង​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​កាល​ពី​ថ្ងៃទី​០៩ វិច្ឆិកា​២០១៦។

ក្រុមឃោសនាបោះឆ្នោត​របស់​អតីត​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ លោកស្រី Hillary Clinton បាន​ប្រកាស​ថា នឹង​ចូលរួម​ក្នុង​ការរាប់​សន្លឹក​ឆ្នោត​ឡើងវិញ​ ដែល​ផ្តួចផ្តើម​ឡើង​ដោយ​អតីត​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​បៃតង លោកស្រី Jill Stein នៅ​ក្នុង​រដ្ឋ Wisconsin ដែល​ស្ថិត​នៅ​ប៉ែក​កណ្តាល​ភាគ​ខាង​លិច។ ​

លោក Marc Elias មេធាវី​ខាង​យុទ្ធនាការ​បោះឆ្នោត​របស់​លោកស្រី Clinton បាន​និយាយ​នៅ​ក្នុង​សារ​មួយ​ដែល​បង្ហោះ​លើ​គេហទំព័រ Medium.com កាល​ពី​ថ្ងៃ​សៅរ៍​ថា ការសម្រេចចិត្ត​ចូលរួម​ក្នុង​ការរាប់​សន្លឹកឆ្នោត​ឡើង​វិញ​នៅ​រដ្ឋ Wisconsin គឺ​កើតឡើង​ក្រោយ​ពេល​យុទ្ធនាការ​បោះឆ្នោត​របស់​លោកស្រី Clinton បាន​ទទួល​សំណើ​រាប់​រយ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ។

លោក Elias បាន​មាន​ប្រសាសន៍​ថា ក្រុម​ឃោសនា​បោះឆ្នោត​របស់​លោកស្រី Clinton ក៏​នឹង​ចូលរួម​រាប់​សន្លឹក​ឆ្នោត​ក្នុង​រដ្ឋ Michigan និង​រដ្ឋ Pennsylvania ដែរ ប្រសិន​បើ​គេ​រៀបចំ​រាប់​សន្លឹក​ឆ្នោត​ឡើងវិញ​ដូចគ្នា​នេះ។

ជ័យជំនះ​នៅ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​លោក Trump ទៅ​លើ​គូប្រជែង ដែល​រួមមាន​លោកស្រី Clinton លោកស្រី Stein និង​បេក្ខជន​ដទៃទៀត​បាន​ដំណើរការ​ទៅ​មុខ​មួយ​ភាគធំ ប៉ុន្តែ​លោក​ទទួល​បាន​ជ័យជំនះ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ក្នុង​រដ្ឋ Wisconsin រដ្ឋ Pennsylvania និង​រដ្ឋ Michigan។ លោក Trump បាន​ឈ្នះ​ក្នុង​រដ្ឋ​ទាំង​៣​នោះ​ជាមួយ​នឹង​សន្លឹក​ឆ្នោត​គាំទ្រ​ចំនួន​តែ​១សែន​៧​ពាន់​សន្លឹក​ប៉ុណ្ណោះ។​

លោក Elias បាន​និយាយ​ថា «ភស្តុតាង​អំពី​លទ្ធភាព​នៃ​ការលួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ឬ​ការព្យាយាម​ពី​ខាង​ក្រៅ​ក្នុង​ការកែប្រែ​បច្ចេកវិទ្យា​រាប់​សន្លឹក​ឆ្នោត​ត្រូវ​បាន​រកឃើញ»។ ប៉ុន្តែ​ដោយសារ​តែ​ជ័យជំនះ​បន្តិចបន្តួច ជាមួយ​នឹង​ការជ្រៀតជ្រែក​ពី​បរទេស​នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី សេចក្តីសម្រេច​មួយ​ក៏​បាន​ធ្វើ​ឡើង​ដើម្បី​ច្រានចោល​មូលហេតុ​នៃ​ការជ្រៀតជ្រែក​ពី​ខាង​ក្រៅ​ចោល៕