នៅក្នុងការប្រកួតប្រជែងបោះឆ្នោតប្រធានាធិបតីស.រ.អា ការបោះឆ្នោតបឋមនៅតាមរដ្ឋនឹងត្រូវបញ្ចប់នៅក្នុងសប្តាហ៍នេះ ដោយមានរដ្ឋ California ដែលជារដ្ឋមានប្រជាជនច្រើនជាងគេបំផុត ជារង្វាន់ធំបំផុត។
ការបោះឆ្នោតបឋមនៅថ្ងៃអង្គារស្អែកនេះ អាចដោះស្រាយសំណួរនៅសេសសល់តែមួយគត់នៅក្នុងរដូវកាលបោះឆ្នោតបឋមប្រធានាធិបតីឆ្នាំ២០១៦ ថាតើលោកស្រី Hillary Clinton ឬមួយលោក Bernie Sanders ដែលនឹងទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។
លោកស្រី Clinton បានផ្ដួលលោក Sanders នៅក្នុងការបោះឆ្នោតបឋមខាងគណបក្សប្រជាធិបតេយ្យនៅកោះ Puerto Rico កាលពីថ្ងៃអាទិត្យដោយធ្វើឲ្យលោកស្រីខិតកាន់តែជិតទៅរកការតែងតាំងពីគណបក្សរបស់លោកស្រីនៅទីបំផុត។
ការស្ទង់មតិបង្ហាញថា មានការប្រកួតប្រជែងប្រកិតគ្នានៅក្នុងរដ្ឋ California ដែលជារដ្ឋមួយដែលលោកស្រី Clinton និងលោក Sanders ចង់មានជ័យជម្នះយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ បេក្ខជនទាំងពីរនាក់នេះបានផ្តោតការវាយប្រហារភាគច្រើនរបស់ពួកគេទៅលើលោក Donald Trump ដែលត្រូវបានសន្មតថា ជាអ្នកទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ។
នៅក្នុងសុន្ទរកថាមួយស្តីពីគោលនយោបាយការបរទេស ដែលលោកស្រីបានថ្លែងកាលពីសប្តាហ៍មុន លោកស្រី Clinton បានមានប្រសាសន៍ថា «គំនិតរបស់ លោក Donald Trump មិនមែនគ្រាន់តែប្លែកប៉ុណ្ណោះទេ គំនិតទាំងនេះគ្មានការទាក់ទងគ្នាដោយសមហេតុផលឡើយ ដែលអាចនាំឲ្យមានគ្រោះថ្នាក់ថែមទៀតផង។ គាត់មិនមែនគ្រាន់តែមិនបានធ្វើការប្រុងប្រៀបប៉ុណ្ណោះទេ គាត់ជាមនុស្សមានចិត្តឆេវឆាវដែលមិនស័ក្តិសមនឹងកាន់តំណែងមួយដែលតម្រូវឲ្យមានការចេះដឹង ស្ថិរភាព និងការទទួលខុសត្រូវខ្ពស់ឡើយ»។
លោក Sanders ដែលជាសមាជិកព្រឹទ្ធសភាស.រ.អាប្រចាំរដ្ឋ Vermont បានមានប្រសាសន៍នៅក្នុងការឃោសនាបោះឆ្នោតមួយកាលពីថ្ងៃសុក្រថា «តើអ្នកធ្វើអ្វីនៅពេលអ្នកគ្មានចម្លើយពិតប្រាកដដល់បញ្ហាពិតប្រាកដនោះ អ្នកឲ្យអ្នកឯទៀតទទួលកំហុសជួសអ្នក។ យើងនឹងមិនឲ្យលោក Trump បំបែកបំបាក់យើងបានទេ»។
លោក Trump បានធ្វើការវាយប្រហារតាមពាក្យសម្តីតបតវិញដោយបរិហាររិះគន់ការប្រើប្រាស់សារអេឡិចត្រូនិចឯកជនរបស់លោកស្រី Clinton ក្នុងឋានៈលោកស្រីជារដ្ឋមន្ត្រីការបរទេសក្នុងអណត្តិទីមួយរបស់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា៕