អង្គការ​សុខភាព​ពិភពលោក៖ ការ​ប្រែប្រួល​អាកាសធាតុ​អាច​បង្កើន​ការ​រាល​ដាល​ជំងឺ

រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​បាញ់​ថ្នាំ​សម្លាប់​សត្វមុខ​នៅ​ភូមិ Las Penitas នៅតំបន់ Talara ប្រទេស​ប៉េរូ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។

អង្គការ​សុខភាព​ពិភពលោក ( WHO )​ និយាយ​ថា «វិធានការ​បន្ទាន់»​ គឺ​ចាំបាច់​ដើម្បី​ស្រាវជ្រាវ​ពី​របៀប​ដែល​ការ​ប្រែប្រួល​អាកាសធាតុ​បង្ក​ឱ្យ​មាន​ជំងឺ​គ្រុន​ចាញ់ ​និង​ជំងឺ​តំបន់​ត្រូពិក​ដែល​កន្លង​មក​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ឬ​ហៅ​កាត់​ថា​ NTDs (Neglected Tropical Diseases)។

​WHO ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ចុង​ខែ​ឧសភា​ថា​ ​ការ​កើន​ឡើង​សីតុណ្ហភាព​កំពុង​បង្កើន​ការ​រីក​រាល​ដាល​នៃ​ជំងឺ ​ដែល​បណ្តាល​មកពី​សត្វល្អិត​ខាំ​ដែល​មាន​មេរោគ។

​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ថែម​ថា ​ការ​ប្រែប្រួល​អាកាសធាតុ​ពង្រីក​វិសាល​ភាព​ខាង​ភូមិសាស្ត្រ​សម្រាប់​សត្វល្អិត​ ដូច​ជាមូស​ ​បង្កើន​លទ្ធភាព​ជំងឺ​នានា​ដូចជា​ជំងឺ​គ្រុនចាញ់​នឹង​រីករាល​ដាល​ដល់​តំបន់​ថ្មី​ដែល​មិន​ទាន់​បាន​រៀបចំ​ការពារ។

​អង្គការ​សុខភាព​ពិភព​លោក​បាន​និយាយ​ថា​ ការ​ពិនិត្យ​ឡើង​វិញ​របស់​ក្រុម​ការងារ​របស់​ខ្លួន​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​និង​ ជំងឺ​NTDs និង​ជំងឺ​គ្រុន​ចាញ់​ គូស​បញ្ជាក់​ថា​ មិន​មាន​ទិន្នន័យ​គ្រប់គ្រាន់​ដើម្បី​ព្យាករ​អំពី​ការ​ប្រែប្រួល​អាកាស​ធាតុ​បង្កើន​ជំងឺ​គ្រុនចាញ់ ​និង ​ជំងឺ​NTDs។

​ការ​ពិនិត្យ​ឡើង​វិញ​បាន​វិភាគ​អត្ថបទ​ជាង​ ៤ម៉ឺន២​ពាន់។​ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ជំងឺ​មួយ​ចំនួន​ដូច​ជា​ជំងឺ​គ្រុនចាញ់​ត្រូវ​បាន​សិក្សា​យ៉ាង​លម្អិត ​ប៉ុន្តែ​ជំងឺ​ផ្សេង​ទៀត​មិន​ត្រូវ​បាន​ពិនិត្យ​ឱ្យ​បាន​គ្រប់​គ្រាន់​ទេ។​

លោក​វេជ្ជបណ្ឌិត ​Ibrahima Socé Fall ​នាយកកម្មវិធី​NTD​ សកល​របស់​អង្គការ​សុខភាព​ពិភព​លោក​បាន​និយាយ​ថា ​«ការ​ត្រួត​ពិនិត្យ​ដ៏​សំខាន់ ​និង​ទាន់​ពេល​វេលា​នេះ​ បង្ហាញ​ពី​និន្នាការ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ ហើយ​តម្រូវ​ឱ្យ​ចាត់​វិធាន​ការ​បន្ទាន់។​ ប្រសិន​បើ​យើង​ចង់​ការពារ ​និង​ត្រៀម​ខ្លួន​យក​ជ័យ​ជម្នះ​ដ៏​លំបាក​ក្នុង​រយៈ​ពេល​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ ​យើង​ធ្វើ​ពី​ឥឡូវ​នេះ​ទៅ»។

​ការ​សិក្សា​បាន​និយាយ​ថា ​ការ​ស្រាវជ្រាវ​ពី​មុន​បាន​ផ្តោត​លើ​ប្រទេស​ដែល​មាន​អត្រា​ជំងឺ​ទាប​ និង​លទ្ធភាព​ទទួល​បាន​ការ​ថែទាំ​សុខភាព​មាន​កម្រិត​ខ្ពស់ ​ដោយ​មិន​បាន​គិត​ពី​តំបន់​ដែល​មាន​បន្ទុក​ជំងឺ​ច្រើន​ និង​ធនធាន​តិចតួច​នោះ​ទេ។

​អ្នកស្រី​វេជ្ជបណ្ឌិត ​Maria Neira ​ប្រធាន​នាយកដ្ឋាន​សុខភាព​សាធារណៈ​ បរិស្ថាន ​និង​កត្តា​សុខភាព​នៃ​ WHO​ បាន​និយាយ​ថា ​កង្វះ​ការ​ស្រាវជ្រាវ​នឹង​មិន​បញ្ឈប់​ WHO​ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​បណ្តាល​មកពី​អាកាស​ធាតុ​នៅ​ក្នុង​សហគមន៍​ដែល​មាន​ហានិភ័យ​ខ្ពស់​នោះ​ទេ។​

អ្នក​ស្រី ​Neira ​បាន​ប្រាប់ ​VOA​ ថា៖​ «អាទិភាព​នឹង​ផ្តល់​សម្រាប់​ប្រទេស​ងាយ​រងគ្រោះ​បំផុត។ ឥឡូវ​នេះ​ប្រទេស​នានា​ត្រូវ​ការ​ជំនួយ​ផ្នែក​ហិរញ្ញ​វត្ថុ​ ដើម្បី​ចាប់​ផ្តើម​អនុវត្ត​វិធាន​ទប់ទល់​នឹង​អាកាសធាតុ»។​

អ្នកស្រី​បាន​បន្ថែម​ថា ​WHO ​កំពុង​គាំទ្រ​ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់​ ដើម្បី​ជួយ​ដល់​ប្រព័ន្ធ​សុខាភិបាល​របស់​ពួកគេ​ រៀបចំ​ខ្លួន​ដើម្បី​ទប់ទល់​នឹង​ជំងឺ​បណ្តាល​មកពី​អាកាសធាតុ។

​«ស្ត្រី ​កុមារ ​មនុស្ស​ចាស់ ​ក្រុម​ជនជាតិ​ដើម​ភាគតិច​ និង​ជនជាតិ​ភាគ​តិច​ ជន​ចំណាក​ស្រុក​ និង​អ្នក​ក្រីក្រ​ខ្លាំង​បាន​ចូល​រួម​ចំណែក​យ៉ាង​តិច​បំផុត​ ប៉ុន្តែ​ទំនង​ជាជួប​ប្រទះ​ផល​ប៉ះពាល់​ភាគ​ច្រើន​បំផុត​នៃ​វិបត្តិ​អាកាសធាតុ​ ជាពិសេស​រួមទាំង​ការ​កើន​ឡើង​នៃបន្ទុក​ជំងឺ​គ្រុន​ចាញ់ ​ឬ​ជំងឺ​NTDs»។ ​នេះ​បើ​យោង​តាម​ការ​ពិនិត្យ​ឡើង​វិញ។​

ប្រែសម្រួល​ដោយ​លោក​ពិន ស៊ីសុវណ្ណ​