និស្សិត​បញ្ចប់​ការ​សិក្សា​ឆ្នាំ​២០២៤​និយាយ​ពី​ការ​ខកខាន​ព្រឹត្តិការណ៍​ជីវិត​សំខាន់ៗ​អំឡុង​ពេល​សិក្សា​មហាវិទ្យាល័យ

រូបឯកសារ៖ និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ពាក់​ក្រណាត់​សម្គាល់​ឆ្នាំ​បញ្ចប់​ការសិក្សា​របស់ខ្លួន នៅ​សាកលវិទ្យាល័យ​ Southern California កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

នៅថ្ងៃរសៀលថ្មីៗនេះមួយ លោក Grant Oh រត់កាត់ក្នុង​បរិវេណ​សាកលវិទ្យាល័យ Southern California នៅពេល​ដែលលោក​កំពុង​ព្យាយាម​យក​ឈ្នះ​ការ​ប្រណាំង​ឆ្លង​ឧបសគ្គមួយ។ ពេលមួយនោះ លោក​បានប្រទះ​នឹង​រនាំង​បិទខ្ទប់​របស់​ប៉ូលិស​មួយ​ហើយ​មួយទៀត​នៅ​តាមផ្លួវទៅ​បន្ទប់ស្នាក់​នៅ​របស់​លោក​ ខណៈ​ដែល​មន្ត្រី​ប៉ូលិស​កំពុងចាប់​ខ្លួន​បាតុករ​ដែលកំពុងបាតុកម្ម​ប្រឆាំង​នឹង​សង្រ្គាមរវាង​អ៊ីស្រាអែល​និង​ហាម៉ាស់។

ស្ថានភាពចលាចល​នេះ ជា​ចំណុច​កំពូលចុងក្រោយ​នៃ​ជីវិត​សិក្សានៅ​មហាវិទ្យាល័យ​មួយដែល​បាន​ចាប់​ផ្តើម​អំឡុងពេល​ជំងឺរាតត្បាត ដែលមាន​ភាព​ចលាចល​ឥតឈប់ឈរ​ដោយសារ​ការប្រយុទ្ធ​ដើម្បីភាពប្រក្រតី។ លោក Oh បានខកខាន​មិនបាន​ចូល​រួម​ពិធីជប់លៀង​និង​ពិធី​បញ្ចប់​ការ​សិក្សា​ថ្នាក់វិទ្យាល័យ​ដោយ​សារ​កំណើន​ការរីករាលដាលជំងឺកូវីដ​១៩​ កាលពី​ឆ្នាំ​ ២០២០។

លោក​បាន​ចាប់​ផ្តើម​ថ្នាក់​រៀន​តាមប្រព័ន្ធអនឡាញ​នៅ​មហាវិទ្យាល័យ។ ពេល​នេះ​យុវជន​អាយុ​ ២០ ឆ្នាំ​រូប​នេះ ​បាន​ខកខាន​ពិធី​សំខាន់​មួយ​ទៀត​ក្នុង​ជីវិត​គឺ សាកលវិទ្យាល័យ Southern California ​បាន​លុបពិធី​ចែក​សញ្ញា​បត្រដ៏​សំខាន់​ដែល​ត្រូវបាន​គេ​រំពឹង​ថា​នឹង​មាន​មនុស្ស​ប្រមាណ​៦៥,០០០​នាក់ចូលរួម។

ពិធី​ទទួល​សញ្ញាបត្រ​របស់​លោក​តែមួយ​ដែល​លោក​បាន​ចូល​រួម ​គឺ​នៅ​អនុវិទ្យាល័យ​ដែលគ្មាន​មួក​និង​ឈុត​ទទួល​សញ្ញា​ប័ត្រ​ទេ។

លោក Oh បាន​និយាយថា៖ ​«វាមិនគួរ​ឲ្យ​ជឿ​ទេ។ ខ្ញុំ​ចាំ​ថា​ពេលចាប់​ផ្តើម​ឆ្នាំ​សិក្សា​ទី ១ រុស្ស៊ី​ចាប់ផ្តើម​ឈ្លាន​ពាន​អ៊ុយក្រែន​ ហើយ​បាតុកម្ម Black Lives Matter ​ជំងឺកូវីដ ​និង​ការរើសអើងខ្លាចជាតិសាសន៍​ផ្សេង​ កើត​ឡើង​បន្ទាប់​ពីខ្ញុំ​រៀនចប់​ថ្នាក់​ទី​ ១២​។ ខ្ញុំ​នៅ​តែ​ភ្ញាក់​ផ្អើល​ដែល​យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​មាន​កំហឹង​ខ្លាំង និងសុខចិត្ត​បំផ្លាញ​ខ្លួន​ឯង»។

រូបឯកសារ៖ សកម្មជន​ធ្វើបាតុកម្ម​ប្រឆាំង​ការ​ឈ្លានពាន​រុស្ស៊ី​លើ​អ៊ុយក្រែន​នៅបរិវេណ​សេតវិមាន​ ក្នុងរដ្ឋ​ធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Oh ដែល​នឹង​ទទូល​សញ្ញា​ប័ត្រ​ផ្នែក​ការលើក​កម្ពស់​សុខភាព និងការ​បង្ការ​ជំងឺ បន្ថែម​ថា ​ការ​ខក​ខាន​ពេលវេលាដ៏គួរឱ្យចងចាំ​មួយ​របស់​លោក​មិន​សំខាន់​ដូច​អ្វី​ដែល​កំពុង​កើត​ឡើង​ទេ។ លោក​និយាយ​ថា៖ «មនុស្ស​កំពុង​បាត់បង់​ជីវិត»។

បរិវេណ​មហាវិទ្យាល័យជា​ទីតាំង​ពេញ​និយម​សម្រាប់​បាតុកម្ម​តាំង​ពី​ជំនាន់​ទាមទារសិទ្ធិ​ស៊ីវិល​ដល់​សង្រ្គាម​វៀត​ណាម​ និង​បាតុកម្ម​ប្រឆាំង​របប​អាផាថេត​នៅ​អាហ្វ្រិក​ខាង​ត្បូង។ ប៉ុន្តែ​អ្នក​ជំនាញ​និយាយ​ថា និស្សិត​បច្ចុប្បន្ន​នេះ​ក៏​មានភាព​តានតឹង​បន្ថែម​ ដោយសារ​ពួកគេ​បាន​ឆ្លង​កាត់​ការ​រស់នៅ​ដោយដាច់ពីគេ​និង​ការ​ភ័យ​ខ្លាច​ជំងឺ​រាតត្បាត និង​ឥទ្ធិពល​ពី​បណ្តាញ​សង្គមប្រចាំថ្ងៃ ​ដែលកំពុង​ផ្សព្វផ្សាយ​ទង្វើខុសរបស់​ពិភពលោក​នានាយ៉ាងខ្លាំងខ្លាមិនដូច​ពេលណាទាំងអស់។

វា​មិន​ត្រឹម​តែ​ការ​ខកខាន​ព្រឹត្តិការណ៍ជីវិតសំខាន់ៗ​ទេ។ ការ​សិក្សា​នានា​បង្ហាញ​ថា​ យុវជន Generation Z ​ទទួលរង​គ្រោះ​ពី​នៃការថប់បារម្ភ និង​ជំងឺធ្លាក់​ទឹកចិត្ត​ខ្ពស់ជាង​យុវជន​ Millennials នេះបើ​យោងតាមអ្នកស្រី ​Jean Twenge ​ដែល​ជា​អ្នក​ជំនាញ​ចិត្ត​សាស្ត្រ​និង​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​រដ្ឋ San Diego ​ដែល​អ្នកស្រីបាន​និពន្ធ​សៀវ​ភៅ​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា «Generations»។ អ្នកស្រី​និយាយ​ថា​ ភាព​អវិជ្ជមាន​ដែល​បាន​រីកសាយនៅ​លើបណ្តាញសង្គម​ក្នុង​ល្បឿន​លឿននិង​ទំធំជាង​ភាព​វិជ្ជមាន​ ជាមូលហេតុចម្បង។

អ្នកស្រី​និយាយ​ថា៖ «Gen Z មាន​ភាព​ទុទិដ្ឋិនិយម​ខ្លាំង​ជាង Millennials។ សំណួរ​ទៅថ្ងៃ​មុខ​នោះ​គឺ​ថា ​តើ​ពួកគេ​នឹង​ប្រើ​ភាព​ទុទិដ្ឋិនិយម​នេះ​ដើម្បី​ការ​ផ្លាស់ប្តូរ​វិជ្ជមានជាក់​លាក់​ឬទេ ឬ​តើ​ពួកគេ​ប្រើ​វា​ដើម្បី​បង្កើត​ការបំផ្លាញនិងភាពវឹកវរ?»

បាតុករ​បាន​បោះតង់​ធ្វើបាតុកម្ម​នៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​នានា​ដូចជា​សាកលវិទ្យាល័យ Harvard សាកលវិទ្យាល័យ MIT សាកលវិទ្យាល័យ Stanford និង​សាកល​វិទ្យាល័យ​ Texas ក្នុងក្រុង Austin ដោយ​បង្កើន​ភាព​តានតឹង​ ខណៈ​ដែល​សាលា​ជាច្រើន​កំពុងរៀបចំ​សម្រាប់​ពិធី​ប្រគល់​សញ្ញា​ប័ត្រក្នុង​រដូវផ្ការីកនេះ។ និស្សិតរាប់រយ​នាក់​ត្រូវបាន​ចាប់​ខ្លួន​នៅទូទាំង​ប្រទេស។ ដោយ​បាន​ធ្វើ​តាម​បាតុកម្ម​នៅ​សាកលវិទ្យាល័យ Columbia និស្សិត​នៅតាម​មហាវិទ្យាល័យ​មួយ​ចំនួន​ទៀត​ក្នុង​សហរដ្ឋ​អាមេរិក​បាន​បង្កើត​ជា​ជំរុំគាំទ្រ​ជនជាតិ​ប៉ាឡេស្ទីន ​ហើយសន្យា​ថា​នឹង​មិន​រើ​ចេញ​ទេ​ រហូត​ទាល់តែ​ការទាមទារ​របស់​ពួកគេត្រូវបានបំពេញតាម។

​បរិវេណ​សាកល​វិទ្យាល័យ​នឹង​ត្រូវបាន​បិទ​ក្នុង​ឆមាស​នេះ​នៅ​សាកល​វិទ្យាល័យ California State Polytechnic នៅ​ទីក្រុង Humboldt។ សាកល​វិទ្យាល័យនេះបាន​ចរចា​ជាមួយ​និស្សិត​ដែល​បានជាប់ក្នុង​ការរាំង​ខ្ទប់​នៅ​ខាង​ក្នុងអគារ​មួយ​កាលពីថ្ងៃទី​ ២២ ខែមេសា ដែល​ពួកគេ​បាន​ច្រានចោល​ការប៉ុនប៉ង​របស់​ប៉ូលិស​ដើម្បី​បណ្តេញ​ពួកគេ​ចេញ។

សាកលវិទ្យាល័យ Southern California ​បាន​ប្រកាស​កាលពីថ្ងៃទី ​២២ ខែ​មេសា ​ថា​ខ្លួន​នឹង​លុប​ចោល​ពិធី​បញ្ចប់​ការសិក្សាធំ​របស់​ខ្លួន ​បន្ទាប់​ពី​បាតុកម្ម​បាន​ផ្ទុះ​ឡើង មិនត្រឹម​តែ​ដើម្បី​សង្រ្គាម​អ៊ីស្រាអែល​ទេ តែ​គឺ​ដោយសារ​ការ​សម្រេចចិត្ត​របស់​សាលា​កាលពីដើម​ខែ​មេសា​ក្នុង​ការ​លុប​ចោល​សុន្ទរកថានិស្សិត​ឆ្នើម​របស់​ខ្លួន​គឺអ្នក​នាង Asna Tabassum ​ដែល​បាន​បង្ហាញ​ការ​គាំទ្រ​សម្រាប់​ជនជាតិ​ប៉ាឡេស្ទីន។ មន្ត្រី​សាកល​វិទ្យាល័យបាន​លើកហេតុផល​ពី​ការ​បារម្ភ​ផ្នែក​សន្តិសុខ។

រូបឯកសារ៖ និស្សិត​និង​សកម្មជន​ដែលគាំទ្រ​ប៉ាឡេស្ទីន​ធ្វើ​បាតុកម្ម​នៅក្នុង​បរិវេណ​សាកលវិទ្យាល័យ Columbia ក្នុងទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។

លោក Oh ​និយាយ​ថា​៖ «​ដោយ​ព្យាយាមបំបិទ​សំឡេង​របស់​អ្នកនាង Asna ​វា​បាន​ធ្វើ​ឲ្យ​គ្រប់យ៉ាង​កាន់តែ​អាក្រក់»។ លោក​បាន​បន្ថែម​ថា ​លោក​សង្ឃឹម​ថា​ វា​នឹងគ្មាន​អំពើ​ហិង្សានៅ​ក្នុង​ថ្ងៃបញ្ចប់​ការសិក្សា​នៅ​ថ្ងៃទី​ ១០ ខែឧសភា ​នៅពេល​ដែល​ពិធីតូចៗនឹង​ត្រូវបាន​រៀប​ចំ​ដោយ​ដេប៉ាតឺម៉ង់​សិក្សា​ផ្សេងៗ។​

កញ្ញា​ Maurielle McGarvey ​បាន​បញ្ចប់​ការ​សិក្សា​វិទ្យាល័យ​ក្នុង​ឆ្នាំ​ ២០១៩ ដូច្នេះ​នាងបាន​ចូល​រួមពិធី​បញ្ចប់​ការ​សិក្សា ប៉ុន្តែ​នាង​បាន​ផ្អាក​មួយ​ឆ្នាំ​ពេល​ដែល​សាកល​វិទ្យាល័យ​ជាច្រើន​បង្កើត​ថ្នាក់​រៀន​អនឡាញ។ កញ្ញា McGarvey ​ដែល​នឹង​ទទួល​សញ្ញា​បត្រ​ផ្នែក​ការសរសេរ​រឿង​សិក្សា​បន្ទាប់​បន្សំ​ផ្នែកការសិក្សាអំពី​យេនឌ័រ និង​យុត្តិធម៌​សង្គម ​នៅសាកលវិទ្យាល័យ Southern California បាន​ហៅ​វា​ថាជា​រឿង​ «គួរឲ្យ​ឈឺចាប់» ហើយ​នាង​បាននិយាយ​ថាសាកលវិទ្យាល័យ​បាន​ដោះស្រាយស្ថានភាព​នេះមិនត្រឹម​ត្រូវ។ នាង​បាននិយាយ​ថា ​ប៉ូលិសមាន​ដំបង បាន​ស្រែក​ដាក់​នាង​ពេល​នា​ងកំពុង​កាន់បដា​មួយ​នៅពេល​នាង​និង​បាតុករ​ផ្សេង​ទៀត​កំពុង​អធិដ្ឋាន​បែបសាសនា​ជី្វហ្វ។

កញ្ញា​ McGarvey និយាយថា៖ «​វា​ជា​បទពិសោធន៍​ដែលធ្លាក់ចុះជារួម​មួយ។ ការ​ដក​ចេញ​ភាព​ប្រក្រតី​ចុងក្រោយ​បង្អស់នេះ​ កើតមាន​បន្ទាប់​ពីការរឹតបន្តឹង​ចម្លែក​ៗ និងការ​ផ្លាស់ប្តូរទំនៀម​ទម្លាប់ និង​ប្រពៃណីជា​ច្រើន​»។​

កញ្ញា McGarvey ​បាន​និយាយ​ថា ​សារ​អ៊ីម៉ែល​របស់​សាកលវិទ្យាល័យ​ដែល​ប្រកាស​ពីការ​លុបចោលពីធីបញ្ចប់ការសិក្សា​នោះ បាន​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ដោយ​មាន​ដាក់​រូប​ថត​របស់​និស្សិតបញ្ចប់​ការសិក្សាកន្លងមក​បោះ​មួក​របស់​ពួក​គេយ៉ាង​សប្បាយ​រីករាយ។ កញ្ញា​និយាយ​ថា៖ «វា​ធ្វើ​ឲ្យ​រឿង​នេះ​កាន់​តែឈឺចាប់»។

និស្សិត​នៅ​សាកលវិទ្យាល័យ​ផ្សេង​ទៀត​ក៏​មិន​សប្បាយ​ចិត្ត​ដែរ។

និស្សិតស្រី កញ្ញា Abbie Barkan ​ដែល​មាន​អាយុ​ ២១ ​ឆ្នាំ​មកទីក្រុង Atlanta ​រដ្ឋ Georgia និង​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ Texas ក្នុង​ពេល​ពីរ​សប្តាហ៍​ទៀត​ផ្នែក​សារព័ត៌មាន និង​ជាមនុស្ស​ម្នាក់​ក្នុង​ចំណោម​និស្សិត​ជី្វហ្វ​ ដែល​បាន​បក់ទង់ជាតិស្រែក​ប្រឆាំង​នឹង​បាតុករគាំទ្រ​ប៉ាឡេស្ទីន​នៅ​ក្នុង​បរិវេណ​សាលា​កាលពី​ថ្ងៃ​ទី​ ២២​ ខែ​មេសាបាន​និយាយ​ថា​៖ «ពិន្ទុ​របស់​យើង​ក៏បានរងគ្រោះ»។

និស្សិតឆ្នាំទី ៤ ​ម្នាក់​ទៀត​នៅ​សាកល​វិទ្យាល័យ Minnesota ​កញ្ញា Sarah Dawley ​ដែល​បាន​ចូល​រួមបាតុកម្ម​គាំទ្រប៉ាឡេស្ទីន​ រីករាយ​ដែល​គម្រោង​កម្មវិធី​បញ្ចប់​ការ​សិក្សា​នៅ​សាលា​នាង​មិន​បាន​ប្តូរ។ ប៉ុន្តែ​នាង​បាន​និយាយថា នាង​មាន​អារម្មណ៍​មិន​ល្អ​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​មុន។ នាង​រន្ធត់​ចិត្ត​នៅពេល​ដែល​មហាវិទ្យាល័យ​បាន​កោះ​ហៅ​ប៉ូលិស។ ប៉ុន្តែ​នាង​បាន​និយាយ​ថា ​នាង​មានក្តីសង្ឃឹម​ដែល​បាន​ឆ្លង​កាត់​ជំងឺ​រាតត្បាតនិង​ក្លាយជា​ផ្នែកនៃ​សហគមន៍​មួយ​ដែល​ក្រោកឈរ​ឡើង​គាំទ្រអ្វី​ដែល​ពួកគេ​ជឿ។

កញ្ញា Dawley និយាយ​ថា៖ «​ខ្ញុំ​គិត​ថា​ មនុស្ស​ជាច្រើននឹង​បន្ត​ធ្វើ​រឿង​ដ៏​អស្ចារ្យ​ដោយសារ​អ្វីដែល​កើតឡើង​ទាំង​នេះ យើង​ពិត​ជា​យក​ចិត្ត​ទុកដាក់​លើ​បញ្ហាសង្គមយ៉ាងខ្លាំង»៕

ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ