មន្ត្រីអង្គការសង្គមស៊ីវិលជំរុញឱ្យមានការផ្តន្ទាទោសឧកញ៉ាម្នាក់ដែលចាក់ថ្មចូលផ្ទៃទន្លេមេគង្គក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ទៅតាមនីតិវិធីដើម្បីទប់ស្កាត់សកម្មភាពរំលោភបំពានបែបនេះបន្តទៀត។
ការជំរុញរបស់ក្រុមសង្គមស៊ីវិលធ្វើឡើងបន្ទាប់ពីរូបភាពនៃការចាក់ថ្មចូលក្នុងផ្ទៃទន្លេមេគង្គ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានចែកចាយលើបណ្តាញសង្គមកាលពីសប្តាហ៍មុន។
លោក ហេង គឹមហុង ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជាប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា អាជ្ញាធរគួរចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលដែលបានចាក់ថ្មចូលផ្ទៃទន្លេនេះ។ លោកថា ការផ្តន្ទាទោសគឺជារឿងសំខាន់ដើម្បីបញ្ជាក់ថា អាជ្ញាធរពិតជាយកចិត្តទុកដាក់ចំពោះការចាត់វិធានការលើការរំលោភទ្រព្យសម្បត្តិសាធារណៈ និងដើម្បីលុបបំបាត់វប្បធម៌និទណ្ឌភាព។
លោកនិយាយថា៖ «ការកាយ [ថ្ម] ចេញជារឿងត្រឹមត្រូវ ប៉ុន្តែការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ និងបញ្ញត្តិទោសដែលមានកំណត់ក្នុងច្បាប់ពិសេសទាំងអស់ហ្នឹងក៏មិនគួរត្រូវបានលើកលែងដែរ។ ដូច្នេះខ្ញុំទទូច ហើយអំពាវនាវថា រដ្ឋាភិបាល អាជ្ញាធរមូលដ្ឋានបន្តនីតិវិធីនេះ ដើម្បីកុំឱ្យមានគំរូអាក្រក់ទៅដល់អ្នកដទៃទៀតដែលហ៊ានរំលោភដីសាធារណៈរបស់រដ្ឋយ៉ាងដូច្នេះ»។
ក្រៅពីជំរុញឱ្យមានការអនុវត្តច្បាប់លើបុគ្គលដែលរំលោភបំពានផ្ទៃទន្លេ លោក ហេង គឹមហុង ក៏ស្នើឱ្យមានការដាក់វិន័យរដ្ឋបាលទៅលើអាជ្ញាធរមូលដ្ឋាន និងមន្ត្រីថ្នាក់ស្រុក ដើម្បីកុំឱ្យមានការធ្វេសប្រហែសក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីធ្វើឱ្យមានការទទួលខុសត្រូវខ្ពស់ទាក់ទងនឹងការគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈឱ្យបានល្អប្រសើរ។
បើតាមលោក ហេង គឹមហុង ការរំលោភបំពានទ្រព្យសម្បត្តិសាធារណៈរដ្ឋបែបនេះតែងកើតមានជារឿយៗ ដោយមានទាំងការរំលោភយកផ្ទៃទន្លេ ផ្ទៃបឹង និងសមុទ្រជាដើម។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាពក៏ស្នើឱ្យអាជ្ញាធរខេត្តកំពង់ចាមចាត់ការតាមនីតិវិធី និងត្រូវបង្ហាញតម្លាភាពទាក់ទងនឹងការអនុវត្តវិធានការទាំងនោះឱ្យប្រជាពលរដ្ឋបានដឹង។
លោកប្រាប់វីអូអេថា៖ «កាលណាតែការអនុវត្តច្បាប់ អត់បាន អត់មានប្រសិទ្ធភាព វាអាចធ្វើឱ្យអស្ថិរភាពកើតឡើង អាចធ្វើឱ្យមានការទាមទារ ការតវ៉ា ឬក៏ជម្លោះក្នុងសង្គម អាចកើតមានឡើង។ រឿងទាំងអស់នេះ ដែលគេប្រឹងប្រែងក្នុងការអនុវត្តច្បាប់។ អ៊ីចឹងអាជ្ញាធរ និងរាជរដ្ឋាភិបាលគួរតែពង្រឹងការអនុវត្តច្បាប់នេះ និងត្រូវតែអនុវត្តច្បាប់ទៅលើអ្នកចាក់លុបយកទន្លេ យកបឹងទាំងអស់ហ្នឹង»។
កាលពីថ្ងៃទី ២២ ខែកុម្ភៈ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា ជនល្មើសបានចាក់ថ្មចូលផ្ទៃទន្លេប្រវែង១៣០ម៉ែត្រដោយពុំមានច្បាប់អនុញ្ញាត ចាប់តាំងពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៤ មក ខណៈម្ចាស់ដីគ្រោងចាក់ថ្មបណ្តោយទន្លេប្រវែងជិត ៣០០ ម៉ែត្រ។ រដ្ឋបាលខេត្តក៏បានប្រាប់បុគ្គលដែលចាក់ថ្មចូលផ្ទៃទន្លេនេះ ឱ្យកាយយកថ្មដែលបានចាក់ចូលផ្ទៃទន្លេឱ្យអស់ក្នុងរយៈពេល ៧០ ថ្ងៃ ដោយមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ។
រដ្ឋបាលខេត្តកំពង់ចាមអះអាងក្នុងសេចក្តីប្រកាសព័ត៌មាននោះថា រដ្ឋបាលកំពុងសិក្សាផ្លូវច្បាប់ដើម្បីស្នើដាក់បន្ទុកទៅលើជនលើ្មស។
ចំណែកក្រសួងធនធានទឹក និងឧតុនិយមលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញកាលពីថ្ងៃទី ២៣ ខែកុម្ភៈថា ការចាក់ថ្មចូលផ្ទៃទន្លេដើម្បីចាក់ខ្សាច់លុបនេះនឹងបង្កឧបសគ្គ ឬធ្វើឱ្យមានការរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ហើយជាបទល្មើសដែលមានបញ្ញត្តិក្នុងមាត្រា ៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក ដែលត្រូវផ្តន្ទាទោសជាប្រាក់ពី៥លានរៀលទៅ ១០ លានរៀល ឬ/និងដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ ឆ្នាំ។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ គេមិនទាន់ឃើញមានចំណាត់ការបែបណានៅឡើយចំពោះឧកញ៉ា ទន់ ឆៃអ៊ាង។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក ហេង វណ្ណនី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត និងលោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ បាននៅឡើយទេ។
វីអូអេក៏មិនទាន់អាចសុំការអត្ថាធិប្បាយពីឧកញ្ញា ទន់ ឆៃអ៊ាង អគ្គនាយកក្រុមហ៊ុន ព្រីមៀរ៍ផាក បានដែរ។
ក្រោយមានប្រតិកម្មពីអាជ្ញាធរ និងក្រសួងជាបន្តបន្ទាប់ គេឃើញឧកញ៉ា ទន់ ឆៃអ៊ាង ចេញមុខអះអាងក្នុងវីដេអូឃ្លីបមួយដែលផ្សាយតាមសារព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី ២៦ ខែកុម្ភៈនេះថា លោកគឺជាអ្នកចាក់ថ្មចូលផ្ទៃទន្លេនេះ ដោយមិនបានសុំច្បាប់អនុញ្ញាតណាមួយឡើយ។ ក្នុងវីដេអូនោះ លោកធានាថានឹងកាយថ្មចេញពីផ្ទៃទន្លេវិញ និងទទួលខុសត្រូវចំពោះមុខច្បាប់។
លោកមេធាវី សេក សោភ័ណ ប្រាប់វីអូអេថា ទន្លេ ស្ទឹង បឹង បួរ សុមុទ្ទគឺជាទ្រព្យសម្បត្តិរដ្ឋ ដោយមិនមានអាជ្ញាយុកាល និងមិនអាចផ្ទេរជាកម្មសិទ្ធឯកជនបានទេ លុះត្រាតែទ្រព្យសម្បត្តិរដ្ឋនោះលែងជាប្រយោជន៍សាធារណៈ ដោយមានការវាយតម្លៃផលប៉ះពាល់ត្រឹមត្រូវ តាមរយៈច្បាប់អនុប្បយោគ៕