ស្របពេលដែលលោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រីក្រសួងការបរទេសនៃសហរដ្ឋអាមេរិកគ្រោងនឹងបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃក្នុងប្រទេសកម្ពុជា អង្គការសង្គមស៊ីវិល និងអ្នកតាមដានការវិវឌ្ឍស្ថានការណ៍នយោបាយកម្ពុជា ស្នើឲ្យលោករដ្ឋមន្ត្រីនៃប្រទេសមហាអំណាចនេះ ជួយពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិបញ្ចេញមតិ និងការបោះឆ្នោតក្នុងប្រទេសកម្ពុជានាពេលខាងមុខដោយគ្មានភាពភ័យខ្លាច និងគ្មានអំពើហិង្សា។
យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសសហរដ្ឋអាមេរិក និងកម្ពុជា បានឲ្យដឹងថា លោក ចន ឃែរី នឹងធ្វើដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃច័ន្ទសប្តាហ៍ខាងមុខ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ក៏បានឲ្យដឹងផងដែរថា លោក ចន ឃែរី នឹងធ្វើការជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីសំខាន់ៗផ្សេងទៀតរបស់ប្រទេសកម្ពុជា។
ថ្លែងប្រាប់ VOA ក្នុងកិច្ចសម្ភាសនាថ្ងៃអង្គារនេះ អង្គការសង្គមស៊ីវិលសំខាន់ៗក្នុងប្រទេសកម្ពុជា ដែលសារទរ និងមានបំណងចូលជួបផ្ទាល់ជាមួយលោក ចន ឃែរី បានប្រាប់ VOA ថាពួកគាត់ចង់ឲ្យមានការពិភាក្សាលើបញ្ហាប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ដែលកំពុងជួបការគំរាម និងធានាឲ្យមានការបោះឆ្នោតនាពេលខាងមុខដោយគ្មានអំពើហិង្សា ក្នុងពេលជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជា។
លោក ធន សារ៉ាយ ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ឬ ADHOC បានប្រាប់ VOA ថា៖«ខ្ញុំចង់ឲ្យគាត់មានការលើកឡើងអំពីបញ្ហារួមតូចទៅៗនៃលំហរប្រជាធិបតេយ្យនៅក្នុងប្រទេសយើង ជាពិសេសគឺថាការសម្តែងមតិតាមទីសាធារណៈហ្នឹងបាទ!។ ប្រជាពលរដ្ឋខ្មែរយើងត្រូវបានឃាឃាំង បានត្រូវរឹតត្បៀត រឹតបន្តឹង ហើយជាពិសេសមានការចាប់ឃុំឃាំងដល់អ្នកដែលមានការតវ៉ាពីបញ្ហាផ្សេងៗនោះបាទ។ នេះគឺជាបញ្ហាសំខាន់ដែលចង់ឲ្យលោករដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិកនឹងលោកមេត្តាព្យាយាមនិយាយជាមួយថ្នាក់ដឹកនាំខ្មែរយើងកំពូលៗឲ្យលោកយកចិត្តទុកដាក់»។
លោក ធន សារ៉ាយ ក៏សង្ឃឹមថា លោក ចន ឃែរី នឹងអាចជួយឲ្យមានការដោះលែងអ្នកនយោបាយដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារប្រទេសកម្ពុជាផងដែរ ដើម្បីធានាឲ្យមានការបោះឆ្នោតមួយដោយគ្មានភាពភ័យខ្លាច និងយុត្តិធម៌។
លោកបានបន្ថែមថា៖«ហើយយើងខ្ញុំមានការព្រួយបារម្ភចំពោះការអំពីការដំណើរការប្រកួតប្រជែងគ្នា[ក្នុងការបោះឆ្នោត] នៅពេលខាងមុខ វាអាចនឹងមានបរិយាកាសមួយ ដែលតឹងតែងដោយសារតែមានការរឹតត្បឹតនូវសេរីភាពនៃការបញ្ចេញមតិមួយចំនួន គឺថា គួរតែមានសេរីភាពរួចផុតពីការភ័យខ្លាចនេះបាទ។ ហើយចំពោះការជាប់ឃុំឃាំងរបស់អ្នកនយោបាយនានាគឺថា សុំមេត្តាឲ្យមានការប្រញ៉ាប់ប្រញ៉ាល់នៃការដោះលែងមកបាទ ព្រោះថា បើសិនជាមិនមានការដោះលែងទេ ហើយមានការភ័យខ្លាចអញ្ចឹងដំណើរការនៃការប្រកួតប្រជែង នៅពេលខាងមុខនេះ គឺមិនមានលក្ខណៈសេរីនិងយុត្តិធម៌ទេបាទ»។
តាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសនៃសហរដ្ឋអាមេរិក ដែលចេញផ្សាយកាលពីចុងសប្តាហ៍កន្លងទៅ បានឲ្យដឹងថា លោករដ្ឋមន្ត្រី ចន ឃែរី គ្រោងជួបលោក ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ហោ ណាំហុង នាថ្ងៃអង្គារសប្តាហ៍ក្រោយ។ ក្នុងនោះលោកនឹងអាចពិភាក្សារឿងកិច្ចប្រជុំនៃប្រជាជាតិអាស៊ាន និងអាមេរិក នៅរដ្ឋ California សហរដ្ឋអាមេរិក នាខែក្រោយនេះ។ សេចក្តីប្រកាសដដែលក៏បានឲ្យដឹងផងដែរថា ជំនួបនាសប្តាហ៍ខាងមុខ គឺ«ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ទ្វេភាគី និងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចនៃប្រទេសទាំងពីរផងដែរ»។
លោកស្រី ធីតា ឃឹះ នាយិការអង្គការសីលការ (Silakha) ដែលជួយពង្រឹងសិទ្ធិស្ត្រីនៅកម្ពុជាក៏ចង់ឲ្យ លោក ចន ឃែរី លើកពីបញ្ហាការពង្រឹង ការអនុវត្តច្បាប់នៅកម្ពុជា និងការវិនិយោគក្នុងប្រទេសកម្ពុជា ដែលអាចផ្តល់ឱកាសឲ្យបានច្រើនសម្រាប់ស្ត្រីកម្ពុជា។
«ចា៎! រឿងស្ត្រីហ្នឹង គឺយើងខ្ញុំឲ្យមានការវិនិយោគឲ្យបានច្រើនបន្តិចទាក់ទិនទៅលើរឿងស្ត្រី។ បើគាត់មកធ្វើពាណិជ្ជកម្ម សូមឲ្យគាត់មានចំណុចពិសេសដើម្បីជួយស្ត្រី ហើយជាពិសេសគឺជួយជំរុញឲ្យមានគោលនយោបាយ ដែលជួយឲ្យស្ត្រី មានទទួលឱកាសច្រើននៅក្នុងការដឹកនំានៅក្នុងស្ថាប័នសាធារណៈ ចា៎!»។
រីឯលោកស្រី ចក់ សុភាព នាយិការប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR បានថ្លែងថា អង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជាកំពុងពិភាក្សាទាក់ទិននឹងចំណុចសំខាន់ៗមួយចំនួន ដើម្បីស្នើឲ្យមានការយកចិត្តទុកដាក់ និងអន្តរាគមន៍ពីថ្នាក់ដឹកនាំរបស់អាមេរិក ជាពិសេសទាក់ទិននឹងការរឹតត្បិតនៃសេរីភាពក្នុងការបញ្ចេញមតិ ប្រមូលផ្តុំ និងសេរីភាពលើប្រព័ន្ធអ៊ីនធឺណិតផងដែរ។
«សំខាន់បំផុត យើងនឹងលើកយកចំណុចបារម្ភមួយចំនួនពាក់ព័ន្ធនឹងរឿងសិទ្ធិមនុស្ស ដូចយើងដឹងអញ្ចឹង ដូចពាក់ព័ន្ធទៅនឹងការកំហឹតទៅលើសេរីភាពមូលដ្ឋានក្នុងការបញ្ចេញមតិ ក្នុងការប្រមូលផ្តុំ ក៏ក្នុងការបង្កើតសមាគមអីអញ្ចឹង។ ហ្អាហ្នឹងគឺជាចំណុចស្នូលមួយដែលយើងត្រូវលើក ហើយនឹងក៏បន្តយាយីទៅលើសកម្មជនអីហ្នឹង។ ហើយជាពិសេសខ្ញុំយល់ថា ទស្សនកិច្ចរបស់គាត់គឺវាចំពេលជំនុំជម្រះ ដែលសាលាឧទ្ធរណ៍នឹងបើកសវនាការលើករណី វ៉ន ពៅ និងសកម្មជនមួយចំនួននៃសហជីពផងដែរ។ អញ្ចឹងវាគឺឱកាសមួយដែលយើងចង់លើកពីបញ្ហាហ្នឹង»។
លោកស្រី ចក់ សុភាព ក៏បានបញ្ជាក់ពីក្តីបារម្ភផងដែរទាក់ទិននឹងច្បាប់ថ្មីៗមួយចំនួន ដូចជាច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល សេចក្តីព្រាងច្បាប់ស្តីពីសហជីព និងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងលើប្រព័ន្ធអ៊ីនធឺណិតជាដើម ដែលមានបំណងរឹតត្បិតលើសេរីភាពរបស់ពលរដ្ឋកម្ពុជា។
លោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃអង្គារនេះថាដំណើរទស្សនកិច្ចរបស់លោក John Kerry នឹងជួយពង្រឹងចំណងមិត្តភាពនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមំាផងដែរ៕