អង្គការ​សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​ឱ្យ​ពលរដ្ឋ​បាន​ចូលរួម​ទប់ស្កាត់​បទល្មើស​ព្រៃឈើ

រូបឯកសារ៖ មន្ត្រី​ឧទ្យានុរក្ស​បង្ហាញ​សកម្ម​ភាព​ល្បាត​ព្រៃ​​ឲ្យ​អ្នក​សារព័ត៌មាន​បាន​ឃើញ​នៅ​ទីស្នាក់ការ​ត្រពាំង​ធ្មៀរ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែពក​ក្នុង​ស្រុក​កោះញែក​ ខេត្ត​មណ្ឌល​គិរី កាលពី​ថ្ងៃទី​១៧ មករា ឆ្នាំ២០២១។ (អូន ឆេងប៉រ/វីអូអេ)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ក្នុង​វិស័យ​បរិស្ថាន​បាន​អំពាវនាវរួមគ្នាឱ្យ​រដ្ឋាភិបាល​កម្ពុជានិង​ភាគី​ពាក់​ព័ន្ធ​ ក៏ដូចជាពលរដ្ឋ​នៅ​តាម​សហគមន៍​ ​មាន​លទ្ធភាព​កាន់​តែ​ច្រើន​ក្នុង​ការចូល​ទៅល្បាត​ព្រៃ​ ដើម្បី​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍រួម​មួយ​ដើម្បី​ប្រារព្ធ​ទិវា​ព្រៃ​ឈើ​ពិភព​លោក​ខួប​លើក​ទី​ ១៣​ ឆ្នាំ​ ២០២៤​។

កញ្ញា ប៉ាញ ចិន្តា អនុប្រធាន​គម្រោង​បរិស្ថាន​ ជេអេសស៊ី អង្គការ​ជេស្វីតសឺវឺស​កម្ពុជា​ ដែល​ចូលរួម​ធ្វើ​សេចក្តីថ្លែងការណ៍​ជាមួយ​អង្គការ​ដទៃ​ទៀត ​ប្រាប់​វីអូអេ​ថា បន្ទាប់​ពី​មាន​ការហាម​ឃាត់​មិន​ឱ្យ​ពលរដ្ឋ​សហគមន៍​ចូល​រួម​ចំណែក​ការពារ​ធនធាន​ធម្មជាតិ​ កញ្ញា​សង្កេត​ឃើញ​ថា​ បទ​ល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់មាន​ព្រៃ​ឈើ​ ដូច​ជាព្រៃ​ឡង់​មាន​កា​រកើនឡើង​កាន់​តែ​ច្រើន​។

កញ្ញា​ថ្លែងថា៖ «តាម​ការសង្កេត​ឃើញ​ និង​តាម​ការធ្វើ​ការ​ជាក់​ស្តែង​គឺតំបន់​ដែល​យើង​ធ្វើ​ការនោះ​គឺ​ព្រៃ​ឡង់​ ដែល​យើង​គិត​ថា កំពុង​រង​ការកាប់​បំផ្លាញ​ធ្ងន់ធ្ងរ​ ហើយ​កំពុង​តែ​បិទ​សិទ្ធិ​ដល់​សហគមន៍​ដែល​អត់​ឱ្យ​គាត់​ចូល​ល្បាត​ដូច​មុន​។ កាល​ពី​មុន​មាន​សិទ្ធិ​សហគមន៍​បណ្តាញ​ព្រៃ​ឡង់​ គាត់​អាច​ចុះ​ល្បាត​ការពារ​ព្រៃ​។ តែ​ឥឡូវ​សព្វ​ថ្ងៃ​នេះ​ រដ្ឋាភិបាល​អត់​អាច​ឱ្យ​ពួកគាត់​ចូល​ដូច​មុន​បាន​ទៀត​ទេ។ អ៊ីចឹង​ឃើញ​មាន​បទ​ល្មើស​កើត​ឡើង​ច្រើន​ជាង​មុន​ដែរ​»។

កញ្ញា​សង្ឃឹម​ថា រដ្ឋាភិបាល​អាណិត្ត​ថ្មី​នឹង​ទទួល​យក​ការស្នើសុំ​នេះ ដើម្បី​រួមចំណែក ដល់​ការ​បញ្ឈប់​សកម្ម​ភាព​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​។

សេចក្តី​ថ្លែងការណ៍​ដែល​មាន​ការ​ចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល​ចំនួន ​៧ ​ស្ថាប័ន ដែលធ្វើ​ឡើង​ក្រោម​មូល​បទ​ស្តីពី​ «និរន្តរ​ភាព​ព្រៃ​ឈើ​ដើម្បី​មនុស្ស​ជាតិ» ថ្លែង​ថា រាជរដ្ឋាភិបាល​ ជា​ពិសេស​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន​ មេត្តា​បើក​លំហសេរីភាព​ឱ្យ​ សហគមន៍​មូល​ដ្ឋាន​ ក៏​ដូច​ជា​ក្រុម​សង្គម​ស៊ីវិល​ អាច​ចូល​រួម​ការពារ​ព្រៃ​ឈើ​ ដោយ​អាច​ចូល​ល្បាត​ព្រៃ​ឡើង​វិញដោយ​ «​សេរី​ និង​គ្មាន​ការ​គំរាម​កំហែង​ និង​បំភិត​បំភ័យ​ក្នុង​គ្រប់​រូបភាព​»។

សេចក្តី​ថ្លែងការណ៍​ដដែល​បន្ត​ថា ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​បារម្ភ​ជាខ្លាំង​ចំពោះ​ការ​មិន​ទាន់​អនុវត្ត​ឱ្យ​បាន​ពេញ​លេញ​គ្រប់​ជ្រុង​ជ្រោយ​ទៅ​លើ​គោល​នយោបាយ​ស្តីពី​កិច្ចការពារ​ព្រៃ​ឈើ​ ការ​ព្រងើយ​កន្តើយ​ និង​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​នូវ​រាល់​សំណូមពរ​ ក៏​ដូច​ជា​ក្តី​កង្វល់​នានា​ដែល​បាន​លើក​ឡើង​ដោយ​សាធារណជន​ ជុំវិញ​បញ្ហា​វិនាសកម្ម​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

បើតាម​សេចក្តី​ថ្លែងការណ៍ដដែលនោះ​ ការ​កែ​ប្រែ​ដី​តំបន់​ការពារ​ទៅ​ជា​ទម្រង់​ដី​សម្បទាន​កិច្ច​ និង​អនុ​ប្រយោគ​ក្នុង​រូបភាព​ជួល អំណោយ និង​ផ្ទេរ​កម្ម​សិទ្ធិ នៅ​តែ​បន្ត​កើត​មាន​ឡើង​ ដោយ​សកម្មភាព​នេះ​បាន​ធ្វើ​ឱ្យ​គម្រប​ព្រៃ​ឈើ​របស់​ប្រទេស​កម្ពុជា​រយៈ​ពេល​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​បាន​បន្ត​ធ្លាក់​ចុះ​រហូត​ដល់​ ១៤,២៩% ត្រឹម​ឆ្នាំ​ ២០១៨។ និន្នាការ​នៃ​ការទន្ទ្រាន​ដី​យក​មក​ធ្វើ​ជា​កម្ម​សិទ្ធិ​ឯកជន​ ដោយ​ខុស​ច្បាប់​ បាន​បន្ត​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​ ដល់​តំបន់​ព្រៃ​ឈើ​ តំបន់​ការពារ​ធម្មជាតិ​ តំបន់​ព្រៃ​លិច​ទឹក​នៃ​បឹង​ទន្លេ​សាប និង​ព្រៃ​សហគមន៍​។

ប្រធាន​កម្មវិធី​បណ្តាញ​ និង​តស៊ូ​មតិ​នៃ​អង្គការ​ភាព​ជា​ដៃ​គូ​ដើម្បី​បរិស្ថាន និង​ការអភិវឌ្ឍ​លោក សាន់ ម៉ាឡា ប្រាប់​វីអូអេ​ថា ​ក្រសួង​បរិស្ថាន និង​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ គួរតែ​ពង្រឹង​ការយក​ចិត្ត​ទុក​ដាក់​បន្ថែម ​ក្នុង​ការបំពេញ​ការងារ​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​កុំឱ្យ​មាន​ការប្រព្រឹត្តិ​បទ​ល្មើស​អំពើ​ពុក​រលួយ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​។

លោក​បន្ថែម​ថា ប្រសិន​បើ​អាជ្ញាធរ​រដ្ឋ​ទទួល​យក​ការ​ស្នើសុំ​ពី​ខាង​អង្គការ​សង្គម​ស៊ីវិល​ឱ្យ​ចូល​រួម​ការ​ពារ​ធនធាន​ធម្មជាតិ​ទាំង​អស់​នោះ វា​នឹង​ធ្វើ​ឱ្យ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​កាន់​តែ​ថយ​ចុះ។

លោក​ថ្លែង​ថា​៖ «ប្រសិន​បើ​អាជ្ញាធរ​រដ្ឋ​បើក​ចិត្ត​ឱ្យ​ទូលាយ​ ធ្វើការ​មាន​តម្លាភាព​និង​ទទួលយក​អង្គការ​សង្គម​ស៊ីវិល​ សកម្មជន​បរិស្ថាន​ ក៏​ដូចជា​សហគមន៍​មូលដ្ឋាន​ជា​ដៃ​គូ​ក្នុង​ការអនុវត្ត​ការងារ ខ្ញុំ​ច្បាស់​ថា យើង​ប្រាកដ​ជា​អាច​រួម​គ្នា​ដោះស្រាយ​បញ្ហា​បាន។ ប៉ុន្តែ​បើ​រដ្ឋាភិបាល​គិត​មុខ​មាត់​ខ្លួន​ជា​ធំ ជា​ពិសេស​នៅ​តែ​បន្ត​ការ​ស្មុគស្មាញ​ដល់​យើង​ទាំង​អស់​គ្នា​ នោះ​ជាតិ​ច្បាស់​ជា​ខាត​ព្រៃ​ឈើ​របស់​យើង​ច្បាស់​ជាវិនាស​ហិនហោច​នៅ​ថ្ងៃ​មុខ​ជាក់​ជា​មិន​ខាន​ឡើយ»។

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក ខ្វៃ អាទិត្យា ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថា ប្រជាពលរដ្ឋ​ទាំង​អស់​មាន​សិទ្ធិ​ក្នុង​ការ​ចូលរួម​ការពារ​អភិរក្ស​ធនធាន​ធម្មជាតិ ជីវៈចម្រុះ និង​សត្វ​ព្រៃ ដោយ​លោក​ថា​បញ្ហា​បរិស្ថាន​គឺ​ជា​បញ្ហា​រួម​។

បើ​តាម​អ្នកនាំពាក្យ​រូបនេះ ក្រសួង​បរិស្ថាន​បាន​និង​កំពុង​ធ្វើ​យុទ្ធនាការ​ការពារ​ភាព​បៃតង​របស់​កម្ពុជា​ ដោយ​ការ​ដាំកូនឈើ​ឱ្យ​បាន​យ៉ាង​តិច​ ១លាន​ដើម ​ចាប់​ពី​ឆ្នាំ​ ២០២៤​ នេះ ដោយ​សាធារណេជន​អាច​យក​ទៅ​ដាំ​នៅ​តាម​លំនៅឋាន តំបន់​មូលដ្ឋាន វត្តអារាម និង​តំបន់​ព្រៃរេចរឹល​ជាដើម ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​បង្កើន​គម្របព្រៃឈើ ​៦០% នៅ​ឆ្នាំ​ ២០៥០ និង​កម្ពុជា​ក្លាយ​ជា​ប្រទេស​អព្យាក្រឹត​កាបូន។

ក្រុម​អង្គការ​ស៊ីវិល​ដែល​ធ្វើការ​លើ​ការងារ​បរិស្ថាន​ក៏​អំពាវនាវ​ទៅ​កាន់​ក្រសួង​ពាក់ព័ន្ធ​ ឱ្យ​ពង្រឹង​ការ​អនុវត្ត​ការងារ​របស់​មន្ត្រី​ឧទ្យានុ​រក្ស​ និង​ត្រូវ​ផ្តន្ទា​ទោស​លើ​មន្ត្រី​ ឬក៏អាជ្ញាធរ​មូលដ្ឋាន​រូប​ណា ​ដែល​ហ៊ាន​ទទួល​លុយ​ពី​បទ​ល្មើស​ព្រៃ​ឈើ​ ហើយ​បើមាន​ការ​ធ្វេស​ប្រហែស​ផ្នែក​វិជ្ជាជីវៈ​ មន្ត្រី​ទាំង​នោះត្រូវ​ទទួល​ខុស​ត្រូវ​ផ្នែក​រដ្ឋបាល​ ដោយ​ខាន​ពុំ​បាន​ ដើម្បី​កាត់​ផ្តាច់បណ្តាញ​ឧក្រិដ្ឋ​កម្ម​ព្រៃ​ឈើ​ ។

គួរ​បញ្ជាក់​ថា ​ក្នុង​ចន្លោះ​ពី​ឆ្នាំ​ ២០០១​ ដល់​ឆ្នាំ​ ២០២២​ ពោល​គឺ​រយៈ​ពេល​ ២០ ​ឆ្នាំចុងក្រោយ​នេះ​ ​កម្ពុជា​បាត់បង់​គម្រប​ព្រៃ​ឈើ​សរុប​ប្រមាណ​ ២​លាន ​៧​សែន​ហិកតា ​ឬ​ស្មើ​នឹង​ ៣១%​ នៃ​គម្រប​ព្រៃ​ឈើ​សរុប​ក្នុង​ប្រទេស។​ នេះ​បើ​តាម​របាយ​ការណ៍​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់៕