ក្រុមអង្គការសង្គមស៊ីវិលនៅប្រទេសកម្ពុជា ទទូចឲ្យរដ្ឋាភិបាលជំរុញឲ្យមានវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ឬហៅថា (LANGO) ដែលក្រុមអង្គការសង្គមស៊ីវិលមួយចំនួនយល់ថា មានលក្ខណៈរឹតត្បិត និងចរិតដាក់គំនាបច្រើនជាងសម្របសម្រួល និងបង្កើនទំនាក់ទំនងជាមួយរដ្ឋអំណាច។
ច្បាប់ស្តីពី «សមាគម និងអង្គការមិនមែនរដ្ឋាភិបាល» ដែលមាន៩ជំពូក និង៣៩មាត្រា ត្រូវបានអនុម័តដោយរដ្ឋសភាជាតិ កាលពីខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីមានការតវ៉ាតាំងពីឆ្នាំ២០១៣មក។ ការតវ៉ាប្រឆាំងនឹងសេចក្តីព្រាងច្បាប់នេះបានធ្វើឡើងជាបន្តបន្ទាប់ពីសំណាក់អង្គការសង្គមស៊ីវិលមួយចំនួន ដែលធ្វើការជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍសង្គមនៅកម្ពុជា។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល បានថ្លែងថា ចាប់តាំងពីការដាក់ឲ្យប្រើប្រាស់ច្បាប់នេះ អង្គការសមាគមបានបន្ថយសកម្មភាពរបស់ខ្លួន ឬខ្លះទៀតត្រូវបានបិទ ដោយសារមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។
«ពីមុនមក យើងអាចធ្វើសកម្មភាពជាច្រើន ប៉ុន្តែនៅក្រោយច្បាប់នេះចេញ យើងឃើញថា អង្គការមួយចំនួនត្រូវបានបិទ ត្រូវបានមានការលើកឡើងពាក់ព័ន្ធជាមួយនឹងសកម្មភាពរឿងនយោបាយផ្សេងៗ»។
លោក កន សាវាង្ស បន្ថែមថា មានមាត្រាសំខាន់ៗចំនួន៩ ដែលតម្រូវឲ្យមានការកែសម្រួល ហើយមាត្រាមួយក្នុងចំណោមមាត្រាទាំង៩នេះ គឺមាត្រា២៤ គួរតែលុបចោលតែម្តង ព្រោះមាត្រានេះចែងមិនច្បាស់អំពីអព្យាក្រឹតភាពរវាងអង្គការសមាគម និងគណបក្សនយោបាយ។
ច្បាប់ស្តីពី«សមាគម និងអង្គការក្រៅរដ្ឋាភិបាល» ដែលមានភាសាស្រពិចស្រពិល បានផ្តល់ឲ្យរដ្ឋាភិបាលនូវអំណាចយ៉ាងច្រើនដើម្បីបិទអង្គការក្រៅរដ្ឋាភិបាល ឬសមាគម ដែលខកខានមិនបានធ្វើទៅតាមការចុះបញ្ជី និងតម្រូវការតឹងរ៉ឹង ឬដែលគេថា ធ្វើឲ្យប៉ះពាល់ដល់សន្តិភាពសាមគ្គីភាពជាតិ ឬវប្បធម៌ជាដើម។
រដ្ឋាភិបាលកម្ពុជាលើកឡើងថា ច្បាប់នោះនឹងរារាំងអំពើភេរវកម្ម និងការលាងលុយកខ្វក់។ យ៉ាងណាមិញ ច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះ មានភាពចម្រូងចម្រាសយ៉ាងខ្លាំង ដោយគេឃើញសហភាពអឺរ៉ុប អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក ព្រមទាំងដៃគូអភិវឌ្ឍន៍សំខាន់ៗទាំងអស់ បាននិយាយប្រឆាំងនឹងច្បាប់នេះ។ អង្គការមិនរកកម្រៃជាច្រើនផ្សេងទៀតបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបោះបង់ច្បាប់នេះចោល។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រាប់ VOAនៅថ្ងៃសុក្រនេះថា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមានចេតនាដាក់ឲ្យអង្គការសមាគមស្ថិតក្រោមចំណុះក្រសួងមហាផ្ទៃ ជាជាងកិច្ចសហការ។
«មាត្រាមួយចំនួនហ្នឹង គឺបានចាត់ទុកសមាគម និងអង្គការសង្គមស៊ីវិល ក្រៅរដ្ឋាភិបាលយើងហ្នឹង ជាលក្ខណៈស្ថាប័នចំណុះឲ្យក្រសួងមហាផ្ទៃ ដែលមិនមែនជាដៃគូសហការនោះឡើយក្នុងរឿងហ្នឹង»។
កថាខណ្ឌទី១ នៃមាត្រា៩ បានចែងថា៖ «សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនឹងក្លាយជានីតិបុគ្គល ចាប់ពីថ្ងៃដែលក្រសួងមហាផ្ទៃ បានចុះបញ្ជី។ ក្រសួងមហាផ្ទៃត្រូវចម្លងឯកសារចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនេះ ទៅក្រសួងស្ថាប័នពាក់ព័ន្ធតាមការចាំបាច់»។
កថាខណ្ឌទី២ នៃមាត្រាដដែលបានសរសេរថា៖ «សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលមិនបានចុះបញ្ជី មិនត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ»។
ក្រុមអង្គការសង្គមស៊ីវិលដែលបានធ្វើសេចក្តីវិភាគលើច្បាប់នេះ បានជំទាស់នឹងមាត្រាទី៩ ដោយពួកគេបានស្នើឲ្យកែកថាខណ្ឌទី១នៃមាត្រានេះថា៖ «សមាគម អង្គការជាតិដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃរួចហើយ អាចធ្វើសកម្មភាពរបស់ខ្លួនដោយសេរី ដោយមិនចាំបាច់សុំអនុញ្ញាតពីអាជ្ញាធរណាមួយជាមុននោះទេ លើកលែងតែមានច្បាប់ផ្សេងដែលចែងពីនេះ»។
នៅត្រង់កថាខណ្ឌទី២ នៃមាត្រាដដែលនេះ ក្រុមអង្គការសង្គមស៊ីវិលស្នើសុំឲ្យកែតាមន័យដើមថា៖ «សមាគម ឬអង្គការក្នុងស្រុក ទោះជាបានចុះបញ្ជី ឬមិនបានចុះបញ្ជីគួរតែមានសិទ្ធិធ្វើសកម្មភាពដោយសេរី ដើម្បីប្រយោជន៍សហគមន៍ និងសង្គមរបស់ពួកគេ។ តែសមាគម អង្គការដែលមិនបានចុះបញ្ជី ដើម្បីក្លាយជានីតិបុគ្គល នឹងមិនអាចទទួលបានការលើកលែងពន្ធមួយចំនួនពីរដ្ឋ ដូចជាពន្ធនាំចូលឡើយ»។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) កត់សម្គាល់ថា នៅមុនរដ្ឋាភិបាលសម្រេចដាក់ឲ្យប្រើប្រាស់ច្បាប់ដ៏ចម្រូងចម្រាសនេះ រដ្ឋាភិបាលបានអះអាងថា នឹងពិនិត្យច្បាប់នេះឡើងវិញ ប្រសិនបើវាបង្កការលំបាកដល់អង្គការសមាគមនានា។
លោកបន្តថា ទន្ទឹមពេលអនុវត្តច្បាប់នេះ រដ្ឋាភិបាលក៏បានចេញលិខិតស្នាមមួយចំនួន ផ្តល់សិទ្ធិសេរីភាពឲ្យអង្គការសមាគមឲ្យធ្វើសកម្មភាពដោយមិនចាំបាច់ជូនដំណឹងដល់អាជ្ញាធរ។ ទោះជាយ៉ាងណាក្តី អាជ្ញាធរមូលដ្ឋានមិនធ្វើតាមលិខិតស្នាមនោះទេ។ លោកលើកឡើងថា មានតែបន្ថយឥទ្ធិពលច្បាប់នេះទេ ទើបអាចធ្វើឲ្យលំហរសេរីភាពសម្រាប់អង្គការស៊ីវិលបានរីកធំឡើងវិញ។
«បើអ៊ីចឹង បើសិនជា អាច្បាប់ហ្នឹង មានការកែប្រែ មានការបើកចំហរ អាហ្នឹងវាប្រសើរជាជាងលិខិតបទដ្ឋានចេញហើយ ប៉ុន្តែការអនុវត្ត វាអត់មានប្រសិទ្ធភាព»។
ក្រុមអ្នករិះគន់ ដែលជាអ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជា បានលើកឡើងកាលពីពេលកន្លងមកថា ច្បាប់ថ្មីៗ ដែលរដ្ឋាភិបាលបានរៀបរៀងឡើងនាពេលចុងក្រោយនេះ គឺមានគោលដៅធ្វើឲ្យប្រាកដថា គណបក្សកាន់អំណាចមិនបាត់បង់សំឡេងគាំទ្រច្រើន ដូចកាលបោះឆ្នោតនៅឆ្នាំ២០១៣នោះទេ។ ច្បាប់ទាំងនោះ រួមមានច្បាប់តុលាការ ច្បាប់បោះឆ្នោត និងច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាលនេះជាដើម។
ក្រុមអ្នករិះគន់យល់ថា ការបង្កើតច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាលនេះធ្វើឡើងគឺដោយសារគណបក្សកាន់អំណាចមើលឃើញថា អង្គការសមាគមមួយចំនួនដែលធ្វើការក្នុងវិស័យនយោបាយ បានទទួលថវិកាពីបរទេស ដែលបង្កឲ្យមានក្តីបារម្ភថា ចលនាប្រឆាំងនឹងរដ្ឋាភិបាលអាចនឹងផ្ទុះឡើងនៅពេលណាមួយ។ ក្រុមអ្នករិះគន់បន្តថា រដ្ឋាភិបាលកម្ពុជាបានមើលឃើញថា អង្គការសមាគមមួយចំនួនមានទំនោរគាំទ្រប្រទេសមហាអំណាចនៅលោកខាងលិច ដែលការណ៍នេះមិនបានធ្វើឲ្យគណបក្សប្រជាជនកម្ពុជាពេញចិត្តនោះទេ។
នៅត្រង់មាត្រា២៥នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ បានតម្រូវឲ្យអង្គការសមាគម ផ្តល់នូវរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមួយច្បាប់ ទៅឲ្យក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនឲ្យហួសពីដំណាច់ខែកុម្ភៈនៃឆ្នាំបន្ទាប់។ ក្រុមអង្គការសង្គមស៊ីវិល ក៏បានបង្ហាញការជំទាស់នឹងកំណត់នេះ ហើយបានទាមទារឲ្យលុបចោលមាត្រានេះចោលផងដែរ។
លោកមេធាវីជើងចាស់មួយរូបដែលតែងតែការពារក្តីពាក់ព័ន្ធនឹងសិទ្ធិមនុស្ស សុក សំអឿន ថ្លែងថា ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនេះ ក្នុងទម្រង់បច្ចុប្បន្នអ្នកធ្វើការនៅក្នុងអង្គការសមាគមយល់ថាខ្លួនមិនសូវមានសេរីភាពគ្រប់គ្រាន់ ហើយងាយនឹងត្រូវរដ្ឋាភិបាលបិទ ឬយកកំហុសណាមួយ។
ម៉្យាងទៀតលោកថា កន្លងមកច្បាប់នេះមានការអនុវត្តតឹងតែង បើទោះបីជាពាក្យពេចន៍ច្បាប់មានភាពទូលំទូលាយ។
លោក សុក សំអឿន បញ្ជាក់ថា លោកមិនទាន់អាចវាយតម្លៃថា ការពិគ្រោះរបស់រដ្ឋាភិបាលជាមួយអង្គការសង្គមស៊ីវិលនៅថ្ងៃចន្ទខាងមុខ នឹងទទួលបានលទ្ធផលជាវិជ្ជមានឬយ៉ាងណានោះទេ ប៉ុន្តែលោកសង្ឃឹមថា «ខ្មែរអាចនិយាយស្តាប់គ្នាបាន»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ខៀវ សុភ័គ មានប្រសាសន៍ថា ក្រសួងមិនទាន់ដឹងថា នឹងពិចារណាធ្វើវិសោធនកម្មលើបទបញ្ញត្តិ ឬមាត្រាណានៅឡើយទេ ដោយរង់ចាំប្រមូលយោបល់ពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលជាមុនសិន។
នៅថ្ងៃចន្ទខាងមុខនេះ ក្រសួងមហាផ្ទៃនឹងមានកិច្ចពិគ្រោះយោបល់ជាមួយតំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលអំពីសំណើធ្វើវិសោធនកម្មច្បាប់ពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន លើកឡើងនៅមុនកិច្ចពិគ្រោះយោបល់នេះថា ច្បាប់ដ៏ចម្រូងចម្រាសនេះ ត្រូវតែមានការកែសម្រួល ដើម្បីសម្រួលដល់ប្រតិបត្តិការរបស់សង្គមស៊ីវិល៕