អង្គការសមាគមនិងសហគមន៍សរុបជាង១០០ស្ថាប័ន នៅថ្ងៃអង្គារនេះ បានហៅការហាមឃាត់របស់អាជ្ញាធរប្រឆាំងនឹងសកម្មភាពរបស់ក្រុមប្រជាពលរដ្ឋដែលការពារព្រៃឡង់ថា ប៉ះពាល់យ៉ាងខ្លាំងដល់ការអភិរក្សព្រៃនេះ។
យោងតាមសេចក្តីថ្លែងការណ៍ដែលបង្ហោះដោយអង្គការសិទ្ធិមនុស្សលីកាដូ ចុះថ្ងៃទី២៥ ខែកុម្ភៈ អង្គការទាំងនោះបានសម្ដែង«ការសោកស្ដាយ និងហួសចិត្តជាខ្លាំង»ដោយថា អាជ្ញាធរបានរឹតត្បិតក្នុងការហាមឃាត់សមាជិកសហគមន៍ ព្រះសង្ឃ និងសកម្មជនបរិស្ថានរាប់រយនាក់ ដែលធ្វើដំណើរចូលទៅកាន់តំបន់ការពារព្រៃឡង់ កាលពីចុងសប្ដាហ៍មុន។
ពួកគេបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការប្រើប្រាស់មន្រ្តីឧទ្យានុរក្សប្រដាប់ដោយកាំភ្លើងរបស់ក្រសួងបរិស្ថាន ដើម្បីរារាំងសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ពីការប្រារព្ធពិធីបុណ្យបំបួសដើមឈើប្រចាំឆ្នាំនៅក្នុងព្រៃ គឺជាការរឹតត្បិតមិនសមហេតុផលទៅលើសេរីភាពនៃការដើរហើរនិងបង្អាក់ការខិតខំប្រឹងប្រែងអភិរក្សព្រៃឈើ»។
បើតាមសេចក្តីថ្លែងការណ៍នោះ បណ្ដាញសហគមន៍ព្រៃឡង់បានបង្ហាញសាធារណជនឲ្យឃើញថា ជាអ្នកឃ្លាំមើល និងតស៊ូមតិដោយមានប្រសិទ្ធភាព និងក្លាហានជាងគេ អស់រយៈពេលជាង២០ឆ្នាំចុងក្រោយនេះ។
បណ្ដាញសហគមន៍នេះមានចម្រុះនូវសមាជិកសហគមន៍ជាច្រើនដែលជីវិត និងជីវភាពរស់នៅរបស់អ្នកទាំងនេះ ផ្សាភ្ជាប់គ្នាយ៉ាងខ្លាំងជាមួយព្រៃឈើ ហើយអ្នកទាំងនេះត្រូវការចូលទៅកាន់តំបន់នេះ ដើម្បីការពារព្រៃឈើ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នោះ។
លោក ហឿន សុភាព តំណាងបណ្ដាញសហគមន៍ព្រៃឡង់នៅខេត្តកំពង់ធំ បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ដដែលថា៖ «កាលពីមុន យើងអាចចូលទៅព្រៃឡង់ដោយសេរីដើម្បីធ្វើសកម្មភាពរបស់យើងក្នុងការការពារព្រៃនេះ។ ប៉ុន្តែថ្មីៗនេះ យើងមានការលំបាកកាន់តែខ្លាំងឡើងៗ ហើយក្រសួងរឹតត្បិតសកម្មភាពរបស់ពួកយើងច្រើនឡើងៗផងដែរ»។
លោក សុខ ប្លោក តំណាងក្រុមស្នូលព្រៃឡង់ក្នុងខេត្តកំពង់ធំ បានថ្លែងប្រាប់VOAនៅថ្ងៃអង្គារនេះថា ក្រុមរបស់លោកដែលមានម៉ូតូជាង៤០គ្រឿង និងគោយន្ត១០គ្រឿង ត្រូវបានហាមឃាត់នៅត្រង់ឃុំដងកំាបិត ស្រុកសណ្តាន់ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ដោយកម្លាំងមន្រ្តីបរិស្ថានរាប់សិបនាក់។ លោកបន្តថា មន្រ្តីបរិស្ថានបានសួររកលិខិតអនុញ្ញាតពីក្រុមរបស់លោក។
លោកមានប្រសាសន៍ថា៖ «ខ្ញុំអត់ដឹងយ៉ាងម៉េចដែរ ដោយសារគេអត់បានប្រាប់ហេតុផលយើង គេគ្រាន់តែថាគេយកបញ្ជាពីថ្នាក់លើ ហើយមួយវិញទៀត អ្វីដែលគេអះអាងថាគេមកឃាត់យើង គឺគេចង់បានលិខិតដែលស៊ីញ៉េចេញពីប្រធានមន្ទីរឬក៏ចៅហ្វាយខេត្ត»។
បើតាមតំណាងក្រុមស្នូលនៃសហគមន៍ព្រៃឡង់រូបនោះ ក្រុមប្រជាពលរដ្ឋមានបំណងចូលទៅព្រៃឡង់ ដើម្បីធ្វើពិធីរំឭកគុណ និងបំបួសដើមឈើ ហើយតំបន់នោះ ពួកគេធ្លាប់ឆ្លងកាត់រួចទៅហើយ។ លោកយល់ថាការហាមឃាត់នេះ គឺជាការរឹតត្បិតនិងបំបិទសេរីភាពរបស់ប្រជាពលរដ្ឋ។
បើតាមសារដែលបង្ហោះលើហ្វេសប៊ុករបស់ក្រសួងបរិស្ថាននៅថ្ងៃទី២២ ខែកុម្ភៈ ក្រសួងបានលើកឡើងថាក្រុមសហគមន៍ព្រៃឡង់បានព្យាយាមចូលទៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃព្រៃឡង់ ដែលជាតំបន់សំបូរ ដោយប្រព័ន្ធអេកូឡូស៊ី សត្វព្រៃគ្រប់ប្រភេទ ដែលត្រូវហាមឃាត់ការចូលដោយគ្មានច្បាប់អនុញ្ញាត។
លោក អំ សំអាត នាយករងកម្មវិធីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថា មិនទាន់មានការកំណត់ច្បាស់លាស់អំពីតំបន់ស្នូលព្រៃឡង់នៅឡើយទេ។
លោកបានថ្លែងប្រាប់VOAថា៖ «យើងមិនទាន់បានឃើញឯកសារណាមួយ ដែលទាក់ទងនឹងការកំណត់តំបន់ស្នូលនៃតំបន់ព្រៃឡង់នៅឡើយទេ មកទល់ពេលនេះ»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ប្រាប់VOAនៅថ្ងៃអង្គារនេះថាកន្លងទៅ ក្រសួងតែងតែផ្តល់ការសហការល្អជាមួយបណ្តាញសហគមន៍ព្រៃឡង់ក្នុងការងារចុះល្បាត និងអភិរក្សធនធានធម្មជាតិនៅដែនជម្រកសត្វព្រៃនៅព្រៃឡង់។ ប៉ុន្តែលោកបានចោទប្រកាន់បណ្តាញសហគមន៍ព្រៃឡង់ថា«បានធ្វើសកម្មភាពដែលមានភាពមិនស្មោះត្រង់ក្នុងកិច្ចសហការ» ក្នុងនោះរួមមាន«ការព្យាយាមចិញ្ចឹមទំនាស់លើបញ្ហាព្រៃឡង់ តាមរយៈការលួចចូលល្បាតដោយអនាធិបតេយ្យ លួចប្រើប្រាស់Appsដែលគ្មានការទទួលស្គាល់ជាផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ច បំភ្លៃលើទិន្នន័យនៃបទល្មើសធនធានធម្មជាតិ រាប់គល់ឈើមួយដើមថាជាបទល្មើសមួយដែលគ្មានលក្ខណៈវិទ្យាសាស្ត្រ»។
អ្នកនាំពាក្យរូបនោះបញ្ជាក់បន្ថែមថា សហគមន៍ព្រៃឡង់មិនបានចុះបញ្ជីស្របច្បាប់នោះទេ ដូច្នេះក្រសួងបរិស្ថាន ក៏មិនអាចសហការជាមួយបានដែរ។
លោកមានប្រសាសន៍ថា៖ «យើងសហការជាមួយសហគមន៍ សមាគមអង្គការទាំងអស់ដែលចុះបញ្ជីត្រឹមត្រូវ។ បណ្តាញសហគមន៍ព្រៃឡង់មានទម្រង់ជាអង្គការក្រៅរដ្ឋាភិបាល ប៉ុន្តែមិនបានចុះបញ្ជីនោះទេ ទោះក្រសួងបរិស្ថានណែនាំជាច្រើនដងរួចមកហើយក្តី»។
លោក អំ សំអាត នៃអង្គការលីកាដូ មានប្រសាសន៍ថាសហគមន៍មូលដ្ឋាន ក៏ដូចជាសហគមន៍ការពារព្រៃឡង់ អាចធ្វើសកម្មភាពនេះបាន ដោយសារនៅក្នុងច្បាប់អង្គការសមាគម មិនមាននិយាយអំពីសហគមន៍មូលដ្ឋានទេ ដែលតម្រូវឲ្យមានការចុះឈ្មោះនៅក្រសួងមហាផ្ទៃ។
លោកមានប្រសាសន៍ថា៖ «អញ្ចឹងសហគមន៍មូលដ្ឋាន គាត់អាចធ្វើការដើម្បីការអភិវឌ្ឍមូលដ្ឋានរបស់គាត់ នៅក្នុងសហគមន៍របស់គាត់បាន ដើម្បីធ្វើការអភិវឌ្ឍ ឬក៏កិច្ចការពារធនធានធម្មជាតិ និងបរិស្ថាន»។
ទោះជាយ៉ាងណា លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា សហគមន៍មូលដ្ឋានត្រូវចុះបញ្ជីឲ្យបានត្រឹមត្រូវ ក្រោមច្បាប់អង្គការសមាគម ដែលរងការរិះគន់ពីសំណាក់អង្គការសង្គមស៊ីវិល ដែលជំរុញឲ្យលុបច្បាប់នេះចោល។
លោកមានប្រសាសន៍ថា៖ «មិនមែនថាខុសច្បាប់ទេ ចង់ថាឲ្យស្ថិតនៅក្រោមច្បាប់ទៅ។ សូមអបអរសាទរហើយគំនិតហ្នឹង សកម្មភាពហ្នឹង មានផលប្រយោជន៍ដល់សង្គមជាតិ និងប្រទេសជាតិហើយ ក៏ប៉ុន្តែសូមឲ្យគាត់ស្ថិតនៅក្រោមច្បាប់ផង គាត់កាត់តែល្អទៅទៀត»។
លោក ខៀវ សុភ័គ បន្តថាសហគមន៍ទាំងនោះអាចចុះឈ្មោះ ក្រោមអង្គការឬសមាគមណាមួយ ដែលជាអ្នកផ្តល់ថវិកាដល់ពួកគេ៕