សេចក្តីព្រាងអនុសញ្ញាស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនឹងត្រូវដាក់ឲ្យពិភាក្សានៅអង្គការសហប្រជាជាតិនាបុរីញូវយ៉ក នាពេលខាងមុខនេះ។ អនុសញ្ញានេះក៏កំពុងបង្កក្តីបារម្ភដល់អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ក្នុងនោះមានអង្គការក្នុងប្រទេសកម្ពុជាផងដែរ ជុំវិញផលប៉ះពាល់ខាងសិទ្ធិមនុស្ស ប្រសិនបើសេចក្តីព្រាងនេះត្រូវបានអនុម័តដោយមិនមានការកែសម្រួលឲ្យបានត្រឹមត្រូវជាមុន។
សេចក្តីព្រាងដែលមានកម្រាស់ ៤១ទំព័រ ត្រូវបានដាក់ទៅកាន់អង្គសន្និបាតអង្គការសហប្រជាជាតិកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ ហើយនឹងត្រូវឆ្លងកាត់ការជជែកដេញដោលនៅក្នុងគណៈកម្មការពិសេសមួយទទួលបន្ទុកការទប់ស្កាត់ការប្រើប្រាស់ព័ត៌មាន និងបច្ចេកវិទ្យាទំនាក់ទំនងសម្រាប់ប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម។ ការជជែកគ្នានោះនឹងធ្វើឡើងនៅក្នុងសម័យប្រជុំបូកសរុបរបស់គណៈកម្មការនេះ ចាប់ពីថ្ងៃទី ២៩ ខែមករា ដល់ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៤។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលវីអូអេបានទទួលនៅថ្ងៃពុធនេះ អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិសំខាន់ៗចំនួន ១៩ បានលើកឡើងថា៖ «យើងជាអង្គការដែលបានចុះហត្ថលេខារួមគ្នា និងអ្នកជំនាញផ្សេងទៀត សូមអំពាវនាវឲ្យប្រតិភូនៃរដ្ឋដែលចូលរួមក្នុងសម័យប្រជុំបូកសរុបរបស់គណៈកម្មការពិសេសរបស់អង្គការសហប្រជាជាតិ ផ្តល់ការធានាឲ្យបានថា អនុសញ្ញាដែលបានតាក់តែងឡើងនេះ ត្រូវបានប្រើយ៉ាងចង្អៀតបំផុតលើការដោះស្រាយឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដោយមិនត្រូវប្រើវាជាឧបករណ៍មកបង្កផលប៉ះពាល់លើសិទ្ធិមនុស្ស។ បើគ្មានការកែប្រែអត្ថន័យសម្រាប់ដោះស្រាយភាពខ្វះចន្លោះទាំងនេះទេ អនុសញ្ញានេះគួរតែត្រូវបានច្រានចោល»។
សេចក្តីថ្លែងការណ៍បានលើកឡើងពីចំណុចសំខាន់ៗដែលបង្កក្តីបារម្ភមួយចំនួនដែលមានទៅលើការប្រើប្រាស់សិទ្ធិរបស់ពលរដ្ឋ ប្រសិនបើអនុសញ្ញានេះបានទទួលការយល់ព្រមពីរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ ដែលក្នុងនោះមានប្រទេសកម្ពុជាផងដែរ។ ចំណុចទាំងនោះ រួមមានខ្លឹមសាររបស់អនុញ្ញានៅមានលក្ខណៈធំទូលាយនៅឡើយ ទាក់ទិនការកំណត់ប្រភេទនៃបទល្មើសលើអ៊ីនធឺណិត និងមាតិកាដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម ហើយវាក៏បានបង្កើតនូវភាពមិនច្បាស់លាស់ពាក់ព័ន្ធនឹងផ្លូវច្បាប់ផងដែរ។ នេះមានន័យថា អនុសញ្ញានេះមិនទាន់មានការកំណត់ភាសាជាក់លាក់ ដើម្បីការពារអ្នកស្រាវជ្រាវខាងសន្តិសុខ អ្នករាយការណ៍អំពីការប្រព្រឹត្តអំពើពុករលួយ សកម្មជន និងអ្នកកាសែត ពីការធ្លាក់ចូលទៅក្នុងការចោទប្រកាន់បទព្រហ្មទណ្ឌយ៉ាងច្រើនលើសលប់នោះទេ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «វិសាលភាពធំធេងនេះនាំឲ្យមានការកើនឡើងនូវគ្រោះថា្នក់ដែលអនុសញ្ញានេះនឹងត្រូវបានគេប្រើដើម្បីធ្វើឲ្យមានបទឧក្រិដ្ឋលើការបញ្ចេញមតិស្របច្បាប់តាមអ៊ីនធឺណិត ដែលទំនងនឹងអាចបង្កឲ្យមានផលប៉ះពាល់នៃការរើសអើង និងវិសមភាពយេនឌ័រជាខ្លាំង»។
សេចក្តីថ្លែងការណ៍របស់អង្គការមិនមែនរដ្ឋាភិបាលខាងលើមានការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលចម្រុះជាតិសាសន៍ផ្សេងទៀត ក្នុងនោះក៏មានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)។
នាយកផ្នែកតស៊ូមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក សួន យុធ្យា យល់ស្របនឹងការលើកឡើងរបស់អង្គការក្រៅរដ្ឋាភិបាលខាងលើ ព្រោះថា វិសាលភាពនៃអនុសញ្ញានេះមានលក្ខណៈទូលាយ ដែលអាចបើកផ្លូវឲ្យអាជ្ញាធររដ្ឋអាចធ្វើអ្វីៗបានតាមតែទំនើងចិត្ត ជុំវិញការស្តាប់ ការតាមដានសកម្មភាពផ្សេងៗ លើបុគ្គលណាម្នាក់ ដែលរដ្ឋយល់ អាចនឹងប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ។ ការកំណត់ផ្សេងៗដែលមានលក្ខណៈមិនទាន់ជាក់លាក់ក្នុងសេចក្តីព្រាងអនុសញ្ញា នេះ អាចប៉ះពាល់លើឯកជនភាពរបស់បុគ្គលនីមួយៗ និងបញ្ហាជាច្រើនទៀត ទាក់ទិនការប្រើប្រាស់បណ្តាញអ៊ីនធឺណិត។
លោកថ្លែងថា៖ «ហើយនឹងមានរឿងបញ្ហាជាច្រើនទៀត ដែលជា ការព្រួយបារម្ភមែនទែន ទាក់ទងដូចជាការរិះគន់រាជរដ្ឋាភិបាលតាម វិស័យបច្ចេកវិទ្យាហ្នឹងក៏អាចថា ជាបទល្មើសបានដែរ បើសិនជាយើងមើលទៅក្នុងសេចក្តីព្រាងនៃសន្ធិសញ្ញាហ្នឹង។ អ៊ីចឹងវាជាបញ្ហាធំៗ ដែលមានការព្រួយបារម្ភដែលយើងត្រូវឲ្យមានការផ្លាស់ប្តូរ កែប្រែសន្ធិសញ្ញាហ្នឹងវិញ ដោយធ្វើម៉េចកម្រិតឲ្យបាន ឲ្យបានចង្អៀតបំផុតអំពីន័យនៃបទល្មើសបច្ចេកវិទ្យាហ្នឹង គឺធ្វើម៉េចឲ្យវាទាក់ទងតែ ជាបទល្មើសដែលកើតឡើងតាមឌីជីថល មិនអាចជាបទល្មើសកើតនៅឌីជីថលហើយយកវាមកពាក់ព័ន្ធនឹងបទលើ្មសដែលមិនកើតឡើងតាមឌីជីថលផង។ វាកើតឡើងនៅក្រៅផ្សេង បានន័យថា offline [ក្រៅបណ្តាញ]»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការបរទេសលោក អាន សុខខឿន បាននៅឡើយទេនាថ្ងៃពុធនេះ។
លោក សួន យុធ្យា នាយកផ្នែកតស៊ូមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បន្ថែមថា រដ្ឋាភិបាលកម្ពុជាគួរមានជំហរច្បាស់លាស់ ក្នុងការទាមទារឲ្យមានការកែប្រែសន្ធិសញ្ញានេះ ដើម្បីធានាថា សិទ្ធិរបស់ពលរដ្ឋមិនត្រូវបានបំពាន តាមរយៈការធ្វើសកម្មភាពតាមបណ្តាញអ៊ីនធឺណិត។
លោកថ្លែងថា៖ «រាជរដ្ឋាភិបាលត្រូវមានជំហរច្បាស់លាស់ ទាក់ទងទៅនឹងសេចក្តីព្រាងនៃសន្ធិសញ្ញាហ្នឹង ពីព្រោះ បើសិនជាសេចក្តីព្រាងនៃសនិ្ធសញ្ញាហ្នឹងចូលជាធរមានទាំងបច្ចុប្បន្នភាពអ៊ីចឹង ដូច្នេះគឺវាបង្កើតឲ្យមានការរំលោភសិទ្ធិមនុស្ស ជាជាងការការពារសិទ្ធិមនុស្ស។ ដូច្នេះរាជរដ្ឋាភិបាលប្រទេសកម្ពុជាគួរតែយកចិត្តទុកដាក់ឲ្យមែនទែនកុំបណ្តោយឲ្យសន្ធិសញ្ញាហ្នឹងបានចូលជាធរមាន ទាំងដូចមាននៅក្នុងសេចក្តីព្រាងបច្ចុប្បន្ននេះ»។
នៅប្រទេសកម្ពុជា រដ្ឋាភិបាលក៏កំពុងធ្វើសេចក្តីព្រាងច្បាប់អំពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (Cybercrime Law) ឬហៅម្យ៉ាងទៀតថា សេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មបច្ចេកវិទ្យាព័ត៌មានដែលមកដល់ពេលនេះ មិនទាន់បានក្លាយជាច្បាប់នៅឡើយ។ អង្គការសង្គមស៊ីវិលខ្លះក្នុងប្រទេសកម្ពុជាបានរិះគន់សេចក្តីព្រាងច្បាប់នេះថាវាត្រូវបានតាក់តែងឡើងដោយខ្វះការពិគ្រោះយោបល់។
យ៉ាងណាក៏ដោយ សេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ មានបទបញ្ញត្តិស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មានផ្សេងទៀត ដូចជាការលួចអត្តសញ្ញាណ ការក្លែងបន្លំ និងការលួចពាក់ព័ន្ធនឹងកុំព្យូទ័រ បទល្មើសកម្មសិទ្ធិបញ្ញា និងបទល្មើសទាក់ទងនឹងរូបភាពអាសអាភាសជាដើម៕