អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួនបានជំរុញរដ្ឋាភិបាលឱ្យអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឱ្យបានពេញលេញ ទាក់ទងនឹងការគោរពសិទ្ធិមនុស្ស និងត្រូវធានាដំណើរការបោះឆ្នោតមួយដែលត្រឹមត្រូវ សេរី និងយុត្តិធម៌។
នៅថ្ងៃទី២៣ ខែតុលា អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួន បានជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីប្រារព្ធខួបលើកទី៣១ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា នេះ ក្រោមប្រធានបទ «ធានាការបោះឆ្នោតដោយសេរី និងយុត្តិធម៌ដើម្បីគោរពសិទ្ធិមនុស្សក្នុងការកំណត់អនាគត និងនយោបាយរបស់ពួកគេ»។
នៅក្នុងពិធីនោះ លោក គឹម ឈន នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែល បានថ្លែងថា ដោយសារតែមានការបោះឆ្នោត ដែលរៀបចំឡើងតាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ទើបធ្វើឱ្យកម្ពុជាអាចចៀសវាងនូវសង្គ្រាម។
ប៉ុន្តែលោកកត់សម្គាល់ថា បច្ចុប្បន្ននេះ ដំណើរការបោះឆ្នោតនៅកម្ពុជាមិនទាន់គោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ពេញលេញនៅឡើយទេ ដែលឈរលើគោលការណ៍សេរី និងយុត្តិធម៌ ព្រោះប្រជាពលរដ្ឋនៅមានការភ័យខ្លាចទាក់ទងការប្រើប្រាស់សិទ្ធិសេរីភាពជាមូលដ្ឋាន។ លោកបន្ថែមថា គណបក្សចូលរួមប្រកួតប្រជែងការបោះឆ្នោតបន្តរងគំនាប ការគំរាមកំហែង និងអំពើហិង្សា។
លោកថ្លែងថា៖ «សួរថាមុនយើងនិយាយថាការបោះឆ្នោតមួយសេរី ការបោះឆ្នោតមួយយុត្តិធម៌ យើងផ្អែកទៅលើអី? ធម្មតានៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គេក៏មានកំណត់អំពីនីតិវិធីមួយចំនួននៅក្នុងការកំណត់អំពីលក្ខខណ្ឌ (ដែលថា)អ្វីទៅសេរីនិងយុត្តិធម៌ហ្នឹងដែរ។ ប៉ុន្តែរហូតមកដល់ពេលនេះ យើងឃើញថា ភាគីដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ហាក់បីដូចជាពុំទាន់ពេញចិត្ត និងការទទួលខុសត្រូវរបស់អាជ្ញាធររៀបចំការបោះឆ្នោត ដែលរៀបចំដោយកម្ពុជាខ្លួនឯងផ្ទាល់ទេ»។
លោក គឹម ឈន បន្ថែមថា កាលពីសម័យអ៊ុនតាក់ ដែលបង្កើតឡើងក្រោយមានកិច្ចព្រមព្រៀងសន្តិភាព ការរៀបចំការបោះឆ្នោតមានភាពល្អប្រសើរ ដោយភាគីពាក់ព័ន្ធអាចស្រុះស្រួលគ្នាក្នុងការរៀបចំរដ្ឋាភិបាលបាន ប៉ុន្តែបច្ចុប្បន្ននេះ បញ្ហាជាច្រើននៅបន្តកើត ដូច្នេះតួអង្គសំខាន់នៅក្នុងកិច្ចការបោះឆ្នោតនេះ គឺជាស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប គួរកែលម្អនូវចំណុចខ្វះខាតទាំងអស់ ដើម្បីធានាដំណើរការបោះឆ្នោតអាចប្រកបដោយភាពត្រឹមត្រូវ សេរី និងយុត្តិធម៌។
លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ថ្លែងក្នុងវេទិកាកាលពីថ្ងៃអាទិត្យថាស្ថាប័នកំពូលទាំង៣ របស់កម្ពុជា មានតួនាទីសំខាន់ក្នុងការធានានូវការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទាក់ទងការគោរពសិទ្ធិមនុស្ស ការបោះឆ្នោត និងតុលាការឯករាជ្យ។
លោកបញ្ជាក់ថា៖ «ស្ថាប័នទាំង៣ ហ្នឹង ជាអ្នកត្រូវធានាឱ្យកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ត្រូវអនុវត្តឱ្យបានពេញលេញ ឱ្យបានត្រឹមត្រូវ ទាក់ទងទាំងរឿងធ្វើម៉េចឱ្យមានការគោរពសិទ្ធិមនុស្ស ទាក់ទងការបោះឆ្នោត ឱ្យមានតុលាការឯករាជ្យ ហើយជាពិសេសទាក់ទងរឿង អព្យាក្រឹតភាព បូរណភាពទឹកដីជាដើម»។
លោកបន្ថែមថាភាគីពាក់ព័ន្ធ ដែលរួមមានប្រទេស១៨ហត្ថលេខីនៃកិច្ចព្រមព្រៀង គណបក្សនយោបាយ និងប្រជាពលរដ្ឋ ក៏ដើរតួនាទីសំខាន់ក្នុងការធ្វើយ៉ាងណាឱ្យកិច្ចព្រមព្រៀងនេះអាចអនុវត្តបានពេញលេញ ជាពិសេសទាក់ទងការបោះឆ្នោត។
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ថ្លែងថា កម្ពុជាមិនទាន់អនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសបាននៅឡើយទេ ដោយសារជម្លោះនយោបាយនៅតែបន្តកើតមាន ជាពិសេសវោហារសាស្ត្រនយោបាយ ដូច្នេះអ្នកនយោបាយគួរតែងាកមកចរចាគ្នា ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា។
លោកថ្លែងក្នុងពិធីរំឭកខួប ៣១ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសថា៖ «៣១ឆ្នាំកន្លងមកនេះ យើងមើលស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ខ្ញុំកត់សម្គាល់ខ្លីៗទេថា តើអនុវត្តបានពេញលេញទេ? យើងខ្ញុំជម្រាបថាមិនបានពេញលេញទាល់តែសោះ។ អ្វីដែលតម្រូវដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបាននិយាយយ៉ាងម៉េច ...គឺដើម្បីបញ្ចប់ជម្លោះ បញ្ចប់សង្គ្រាម [និង]គោលដៅធំបំផុតគឺផ្សះផ្សាជាតិ។ តើមានការផ្សះផ្សាជាតិហើយឬនៅបច្ចុប្បន្ននេះ? អ៊ីចឹងយើងទាំងអស់គ្នាចង់បានការផ្សះផ្សាជាតិ រួបរួមជាតិ ដើម្បីអភិវឌ្ឍប្រទេសជាតិដែរឬទេ? បើចង់សូមឱ្យអ្នកនយោបាយបញ្ចប់វោហារសាស្ត្រក្នុងការវាយប្រហារឌឺដងដាក់គ្នា វិលតុចរចា ដើម្បីបង្កើតសន្តិភាពពិតប្រាកដជូនប្រជាពលរដ្ឋខ្មែរ»។
លោក ថាច់ សេដ្ឋា បន្ថែមថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ នៅតែរស់រវើក បើទោះបីរដ្ឋាភិបាលអះអាងថាស្មារតីនៃកិច្ចព្រមព្រៀងនេះត្រូវបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជាក្តី។ លោកបន្តថាកម្ពុជាបានដើរផ្ទុយពីកិច្ចព្រមព្រៀងនេះ ទាក់ទងនឹងការគោរពសិទ្ធិនយោបាយ និងលទ្ធិប្រជាធិបតេយ្យ។
លោកបញ្ជាក់ថា៖ «គោលការណ៍ប្រជាធិបតេយ្យមិនមែនបោះឆ្នោតឱ្យដឹកនាំ រដ្ឋាភិបាលហើយ ពេលដែលបានអំណាចយកកម្លាំងមកវាយប្រជាពលរដ្ឋនោះទេ [គឺ]បោះឆ្នោតឱ្យរៀបចំរដ្ឋាភិបាល ដើម្បីឱ្យរដ្ឋាភិបាលការពារប្រជាពលរដ្ឋ ហើយបើយើងនៅពេលប្រជាពលរដ្ឋធ្វើបាតុកម្មទាមទារអីមួយ ប្រើតែដំបង [និង]ចាប់ដាក់គុក សូម្បីតែចម្រៀងស្នេហាជាតិ ក៏ចាប់ដាក់គុកដែរ សូម្បីពាក់ម៉ាសឱ្យមាន់ ក៏ចាប់ដាក់គុកដែរ ស៊ីនំបញ្ចុកក៏ជាប់គុកដែរ កន្លែងហ្នឹងហើយកន្លែងណាដែលគោរពសិទ្ធិប្រជាពលរដ្ឋ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ធាតុរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញរួចរាល់ហើយ ដែលកម្ពុជាកំពុងអនុវត្តសព្វថ្ងៃនេះ។
ក្នុងវេទិកាសំណេះសំណាលជាមួយប្រជាកសិករ ដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអាទិត្យ លោក ហ៊ុន សែន បានថ្លែងថា៖ «គេថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនត្រូវបានគោរព ដោយសារកិច្ចព្រមព្រៀងប៉ារីសហ្នឹងវាបានលម្អិតទៅក្នុងរដ្ឋធម្មនុញ្ញសព្វថ្ងៃដែលយើងកំពុងអនុវត្ត។ កំពុងអនុវត្តរាល់ថ្ងៃ អនុវត្តរដ្ឋធម្មនុញ្ញ ហើយរដ្ឋធម្មនុញ្ញចេញពីណា? វាចេញមកពីកិច្ចព្រមព្រៀងប៉ារីស ដែលបោះឆ្នោតដំបូង សភានោះ គឺជាសភាធម្មនុញ្ញ បង្កើតរដ្ឋធម្មនុញ្ញហើយបានសភាក្លាយទៅជាសភាជាតិបង្កើតរាជរដ្ឋាភិបាល»។
លោក ហ៊ុន សែន បន្តថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនបានបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាទេ តែនយោបាយ ឈ្នះ-ឈ្នះ របស់លោកទៅវិញទេ ដែលធ្វើឱ្យកម្ពុជាមានសន្តិភាព។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានធ្វើឱ្យខ្មែរ ៤ភាគី ឈប់បាញ់គ្នា នាំឲ្យមានសន្តិភាព ធានាបូរណភាពដែនដី អធិបតេយ្យភាពជាតិ និងការដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ និងនីតិរដ្ឋ៕