ប្រតិកម្មចំពោះការផ្លាស់ប្ដូរម្ចាស់កាសែតភ្នំពេញប៉ុស្តិ៍ និងការបណ្ដេញនិពន្ធនាយករបស់កាសែតដែលគេជឿថាជាកាសែតឯករាជ្យចុងក្រោយរបស់កម្ពុជានោះ បានបន្តកើតមានមកដល់ថ្ងៃអង្គារនេះ។ ក្រុមមន្ត្រីសិទ្ធិមនុស្ស និងអ្នកនយោបាយមកពីគណបក្សប្រឆាំងផ្ដល់ទស្សនៈចម្រុះចំពោះបើកទំព័រថ្មីនៃកាសែតភ្នំពេញប៉ុស្តិ៍ ជាមួយនឹងម្ចាស់ថ្មី ដែលជាអ្នកវិនិយោគទុនសញ្ជាតិម៉ាឡេស៊ី។
ក្រុមមន្ត្រីសិទ្ធិមនុស្ស និងអ្នកនយោបាយគណបក្សប្រឆាំងដែលត្រូវបានរំលាយកាលពីឆ្នាំមុន បង្ហាញការសោកស្ដាយ និងព្រួយបារម្ភចំពោះឯករាជ្យភាពរបស់កាសែតភ្នំពេញប៉ុស្តិ៍ (The Phnom Penh Post ) ក្រោយពីកាសែតជាភាសាអង់គ្លេសវ័យចំណាស់នេះ ត្រូវបានលក់ទៅឲ្យឈ្មួញជាជនជាតិម៉ាឡេស៊ី ដែលធ្លាប់បានធ្វើការឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលកន្លងមក តាមរយៈក្រុមហ៊ុនទំនាក់ទំនងសាធារណៈមួយឈ្មោះថា Asia PR។
ការប្ដូរម្ចាស់ថ្មីនៃកាសែតនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលក្នុងចំណោមអ្នកកាសែតដែលធ្លាប់ធ្វើការនៅប្រទេសកម្ពុជា និងអ្នកប្រើប្រាស់បណ្ដាញសង្គមនានា ដោយការបណ្ដេញចេញនិពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍គឺលោកកៃ គឹមសុង ដែលបានបម្រើការងារឲ្យកាសែតនេះអស់រយៈពេល១០ឆ្នាំមកហើយនោះ។ ដោយប្រឆាំងនឹងការបណ្ដេញចេញមិនសមហេតុផលមកលើលោក កៃ គឹមសុង អ្នកកាសែតជាច្រើននាក់ផ្សេងទៀតរបស់ស្ថាប័នព័ត៌មានដែលគ្រប់គ្រងដោយម្ចាស់មុនគឺអ្នកវិនិយោគទុនសញ្ជាតិអូស្ត្រាលី ក៏បានលាឈប់ពីការងាររបស់ពួកគេ។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូបានប្រាប់ VOA នៅថ្ងៃអង្គារនេះថា លោកមានការសោកស្ដាយចំពោះអ្វីដែលបានកើតឡើងនៅកាសែតភ្នំពេញប៉ុស្តិ៍នាពេលចុងក្រោយនេះ។
«យើងមានការសោកស្ដាយ ពីព្រោះពួកគាត់ យើងមើលទៅជាអ្នកដែលសារព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ហើយជាអ្នកសារព័ត៌មានមួយ ធ្វើការដោយឯករាជ្យ។ អីចឹង យើងមានការស្ដាយណាស់ចំពោះការបណ្ដេញចេញ ក៏ដូចជាការលាឈប់របស់ពួកគាត់ ពីព្រោះវាជាសារៈសំខាន់ណាស់ ប្រជាពលរដ្ឋយើងត្រូវការ អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ និងក្រមសីលធម៌ ជាពិសេសគឺអ្នកសរសេរព័ត៌មានដោយឯករាជ្យនេះបាទ»។
លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់ មានមន្ទិលរឿងពន្ធដាររបស់កាសែតមួយនេះ ដែលបានឈានដល់ការលក់ដូរ និងនាំដល់ការបណ្ដេញនិពន្ធនាយក និងអ្នកកាសែតពីរនាក់ផ្សេងទៀតរបស់កាសែតដែលមានវ័យចំណាស់មួយនេះ។ លោកមានប្រសាសន៍ថា ការបណ្ដេញចេញ ជាការកំណត់ព្រំដែនវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ដែលជាបន្ទុកធ្ងន់មួយដល់អ្នកកាសែត ដែលមិនប្រកាន់និន្នាការនយោបាយ។
លោកថ្លែងពីក្រៅប្រទេសកម្ពុជាតាមបណ្ដាញទំនាក់ទំនងសង្គមមកថា៖
«បើសិនជាយើងមើលឃើញថា អាអ្វីដែលជាចំណាត់ការថ្មីៗនេះ ដែលដេញនិពន្ធនាយកហ្នឹង គឺជាចំណុចមួយដែលគួរព្រួយបារម្ភ ព្រោះថាអាការដេញនិពន្ធនាយកនេះ ហាក់ដូចជាការផ្ញើសារមួយទៅដល់បុគ្គលិកឬក៏អ្នកយកព័ត៌មានទាំងអស់នៅក្នុងភ្នំពេញប៉ុស្តិ៍ហ្នឹង ឲ្យប្រយ័ត្នប្រយែង ហើយធ្វើអីបើមិនអាចធ្វើតាមវិជ្ជាជីវៈរបស់ខ្លួនអីបានទេ។ អាហ្នឹងវាជាចំណុចមួយយើងគួរព្រួយបារម្ភដែរ»។
លោកយល់ថា ជំហរឯករាជ្យរបស់កាសែតភ្នំពេញប៉ុស្តិ៍ ដែលកាលពីកន្លងមកមានការពិភាក្សាគ្នារវាងអ្នកតាមដានព័ត៌មានថា ជាកាសែតឯករាជ្យដែលនៅសេសសល់ចុងក្រោយគេនោះ នឹងត្រូវបានគេចោទសួរ នៅក្រោយការបណ្ដេញបុគ្គលិកដែលគោរពវិជ្ជាជីវៈសារព័ត៌មានរបស់ខ្លួនដោយគ្រាន់តែការចេញអត្ថបទទំព័រមុខមួយដែលភ្ជាប់ទំនាក់ទំនងរវាងម្ចាស់ថ្មីនៃកាសែតភ្នំពេញប៉ុស្តិ៍ និងមេដឹកនាំប្រទេសកម្ពុជា។
កាសែតឯករាជ្យមួយទៀតដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ដោយអ្នកកាសែតសញ្ជាតិអាមេរិកាំង គឺកាសែត The Cambodia Daily បានបង្ខំបិទទ្វាររបស់ខ្លួន ដោយមិនអាចទ្រាំទ្រនឹងសម្ពាធប្រាក់ពន្ធចំនួន៦លាន៣សែនដុល្លារសហរដ្ឋអាមេរិក។
ម្ចាស់កាសែតនេះ ធ្លាប់អះអាងថា ប្រាក់ពន្ធបានលេចឡើងមកដោយមានហេតុផលនយោបាយ។ កាសែតដែលផ្ដល់ការបណ្ដុះបណ្ដាលដល់អ្នកកាសែតខ្មែរនេះ បានបិទទ្វារការិយាល័យរបស់ខ្លួន ដោយការចេញផ្សាយអត្ថបទទំព័រមុខបញ្ជាក់ច្បាស់ៗថា កម្ពុជាបានធ្លាក់ចូលក្នុងរបបផ្ដាច់ការពេញទំហឹង។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ថ្លែងអំពីការប្រែប្រួលថ្មីរបស់កាសែតភ្នំពេញប៉ុស្តិ៍ថា៖
«យើងចង់បានប្រព័ន្ធព័ត៌មានដែលឯករាជ្យ។ យើងឃើញហើយក្រោយពីមានការបិទ ឬក៏មានបញ្ហា រហូតដល់បិទកាសែត Cambodia Daily ហើយនិងវិទ្យុផ្សាយ ដែលយើងជឿថា ជាប្រភពនៃការផ្សាយឯករាជ្យមួយចំនួន កន្លងមកហ្នឹង គឺមានការរិះគន់ថា ប្រទេសកម្ពុជាយើង គឺបាត់បង់នូវភាពឯករាជ្យនូវប្រព័ន្ធផ្សព្វផ្សាយ។ បើសិនណាជាភ្នំពេញប៉ុស្តិ៍ ដែលកន្លងទៅតែងគិតថា ជាសារព័ត៌មានមួយដែលផ្សព្វផ្សាយទូលំទូលាយ អាចជាការផ្សាយដោយមិនលម្អៀង ត្រូវបានទិញយកទៅប្រើប្រាស់ដើម្បីជាផលប្រយោជន៍នយោបាយនោះ ខ្ញុំថា មានការសោកស្ដាយជាខ្លាំង ហើយធ្វើឲ្យការរិះគន់ទៅដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជានេះកាន់តែអាក្រក់ថែមទៀតបាទ»។
អត្ថបទដែលនាំដល់ការបណ្ដេញលោក កៃ គឹមសុង ត្រូវបានចេញផ្សាយលើទំព័រមុខរបស់កាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទ ដោយមានដាក់ចំណងជើងជាភាសាអង់គ្លេសថា PR Firm linked to PM buys The Post ឬជាភាសាខ្មែរថា «ក្រុមហ៊ុន PR ដែលមានទំនាក់ទំនងនឹងនាយករដ្ឋមន្ត្រី ទិញឌឹ ប៉ុស្តិ៍»។
សេចក្ដីរាយការណ៍នោះ បានបញ្ជាក់ឲ្យដឹងថា កាសែតភ្នំពេញប៉ុស្តិ៍ ត្រូវបានលក់ទៅឲ្យលោក Sivakumar Ganapathy ដែលជាវិនិយោគិនសញ្ជាតិម៉ាឡេស៊ី និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនទំនាក់ទំនងសាធារណៈមួយ ដែលកាលពីពេលកន្លងមក បានធ្វើការឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក Sivakumar បានចេញសេចក្ដីប្រកាសទាត់ចោលខ្លឹមសាររបស់អត្ថបទទំព័រមុខដដែលនោះ។ សេចក្ដីប្រកាសរបស់លោក Sivakumar បានធ្វើឡើងមួយថ្ងៃ មុនការបណ្ដេញលោក កៃ គឹមសុង និងអ្នកកាសែតពីរនាក់ផ្សេងទៀត។ លោក កៃ គឹមសុង ត្រូវបានជំនួសដោយលោក Joshua Purushotman។ នេះបើតាមការបញ្ជាក់របស់លោក លី តៃសេង មេធាវីតំណាងឲ្យលោកSivakumar ។
បន្ទាប់ពីការបណ្ដេញចេញយ៉ាងតក់ក្រហល់ និពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍ ដែលត្រូវបានបង្កើតឡើងដោយលោក Michael Hayesកាលពីឆ្នាំ១៩៩២ បានចេញផ្សាយអត្ថបទទំព័រមុខមួយផ្សេងទៀតនៅថ្ងៃអង្គារ ដោយបានពណ៌នាពីការតវ៉ារបស់បុគ្គលិកប្រាំនាក់ ជាមួយការសុំលាឈប់។
អ្នកទាំងប្រាំរួមមានលោក Stuart White ប្រធានគ្រប់គ្រងការីនិពន្ធ អ្នកស្រី Jodie Dejonge នាយកខាងឌីជីថល អ្នកស្រី Jenni Reid ប្រធានការីនិពន្ធគេហទំព័រ លោក Brendan O'Byrne ប្រធានការីនិពន្ធព័ត៌មានសេដ្ឋកិច្ច និងលោក Ananth Baliga អ្នកកាសែតជាន់ខ្ពស់ និងលោក Marcus Holmes នាយកប្រតិបត្តិ (CEO)។
យោងតាមការផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទ បានឲ្យដឹងថា លោក Sivakumar បានចេញសេចក្ដីប្រកាសមួយកាលពីថ្ងៃអាទិត្យដោយបានបញ្ជាក់ភាពជាម្ចាស់ថ្មីរបស់កាសែតភ្នំពេញប៉ុស្តិ៍ នឹងតម្កល់ទុកកេរដំណែលរយៈពេល២៦ឆ្នាំរបស់កាសែតនេះ និងគោលការណ៍និពន្ធ ក៏ដូចជាឯករាជ្យភាពដោយគ្មានការបំពានច្បាប់និងបទបញ្ញត្តិទាំងឡាយរបស់កម្ពុជា។
ក៏ប៉ុន្តែ ក្លឹបអ្នកសារព័ត៌មានបរទេសនៅកម្ពុជា (Overseas Press Club of Cambodia) បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ដោយបានសំដែងការព្រួយបារម្ភអំពីការលក់កាសែតភ្នំពេញប៉ុស្តិ៍ទៅឲ្យអ្នកវិនិយោគម៉ាឡេស៊ី ដែលក្រុមហ៊ុនទំនាក់ទំនងសាធារណៈរបស់លោកមានជាប់ទាក់ទងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្លឹបអ្នកសារព័ត៌មានបរទេសនៅកម្ពុជា ក៏បានអំពាវនាវឲ្យលោក Sivakumar គោរពពាក្យសម្ដីរបស់លោក ដោយការអនុញ្ញាតឲ្យកាសែតភ្នំពេញប៉ុស្តិ៍ បន្តធ្វើសេចក្ដីរាយការណ៍ដ៏ល្អរបស់ខ្លួនបន្តទៀត។
លោក កៃ គឹមសុង ដែលបានបាត់បង់ការងារកាលពីថ្ងៃចន្ទ បានប្រាប់ក្រុមសហការីលោកថា កុំឲ្យអស់សង្ឃឹម ហើយត្រូវបន្តធ្វើជាអ្នកសារព័ត៌មានមិនលម្អៀងទៅមុខទៀត។
លោកថាការបាត់បង់ការងារ ក៏ជាឱកាសសម្រាប់រកការងារថ្មី។
លោកនិយាយថា៖
«អស់ភ្នំមួយ បានផ្លូវមួយខ្សែ បានផ្លូវមួយខ្សែ វាអស់ភ្នំមួយ។ បើសិនយើងបាត់opportunity[ឱកាស]មួយ អាចនឹងមានopportunityមួយផ្សេងទៀតក៏ថាបាន។ Let's hope. I don't know. ប៉ុន្តែSo far ពីថ្ងៃហ្នឹងទៅ អត់មានប្រាក់ខែ អត់ដឹងថាពេលណាបានការងារធ្វើ I don't know»។
អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ដែលបានហៅការលក់កាសែតភ្នំពេញប៉ុស្តិ៍ទៅឱ្យវិនិយោគិនម៉ាឡេស៊ីនេះ ថាជាទីបញ្ចប់នៃសេរីភាពនិងពហុភាពព័ត៌មានក្នុងប្រទេសកម្ពុជានោះ បានសរសេរនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនតែប៉ុន្មានម៉ោង ក្រោយពីការបណ្ដេញនិពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍យ៉ាងដូច្នេះថា៖
«ក្រោយពីការបិទវិទ្យុអាស៊ីសេរី និងកាសែត Cambodia Daily កាសែតភ្នំពេញប៉ុស្តិ៍ គឺជាសំឡេងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យចុងក្រោយបំផុតមួយរបស់កម្ពុជា។ នៅមុនការបោះឆ្នោតសាកល ដែលនឹងចូលមកដល់នាពេលខាងមុខនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងបន្តការបង្ក្រាបដ៏គួរឱ្យរន្ធត់របស់គាត់ ទៅលើស្ថាប័នប្រព័ន្ធផ្សព្វផ្សាយដែលមិនធ្វើតាមមាគ៌ារបស់រដ្ឋាភិបាល»។
បើយោងតាមអង្គការអ្នកកាសែតគ្មានព្រំដែននេះ សេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្លាក់ចុះរហូតដល់ទៅ១០ថ្នាក់ ហើយបច្ចុប្បន្ន ស្ថិតនៅលំដាប់លេខរៀងទី១៤២ ក្នុងចំណោមប្រទេស១៨០ លើពិភពលោក៕