ក្រុមមេដឹកនាំសហជីពសំខាន់ៗក្នុងប្រទេសកម្ពុជានៅថ្ងៃពុធនេះ បានធ្វើពិធីសាសនារំឭកខួបឃាតកម្មលើលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ ដែលត្រូវបានគេបាញ់ស្លាប់ក្នុងពេលលោកកំពុងឈរនៅក្នុងតូបកាសែតមួយ ក្រៅវត្តលង្កាក្នុងទីក្រុងភ្នំពេញ កាលពី១៦ឆ្នាំមុន។
ការបាញ់សម្លាប់លោក ជា វិជ្ជា កើតមានឡើង បន្ទាប់ពីលោកបានទទួលរងការព្រមានសម្លាប់និងការគំរាមកំហែងពីជនមិនស្គាល់មុខជាបន្តបន្ទាប់ ចំពោះសកម្មភាពសហជីពដ៏សកម្មរបស់លោក ដើម្បីទាមទារអត្ថប្រយោជន៍បន្ថែមដល់កម្មកររួមមានទាំងការទាមទារដំឡើងប្រាក់ឈ្នួលផងដែរនោះ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា មានប្រសាសន៍ក្នុងពិធីរំឭកដល់ការបាញ់សម្លាប់លោក ជា វិជ្ជា ថា លោកជា វិជ្ជា បានទទួលការបណ្តុះបណ្តាលថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់លើជំនាញគីមីពីអតីតសហភាពសូវៀត តែដោយលោកមានចិត្តអាណិតកម្មករ លោកក៏បានលះបង់ជំនាញនោះ ហើយចូលរួមចលនាសហជីព និងបានក្លាយជាប្រធានសហជីពសេរីកម្មករនៅឆ្នាំ១៩៩៩។
«នៅពេលដែលគាត់ដឹកនាំ ចាប់ដឹកនាំឡើងជាប្រធាននៅឆ្នាំ១៩៩៩បាទ អីចឹងឃើញថា មានការគាំទ្រច្រើន រហូតមកបាញ់សម្លាប់ នៅថ្ងៃ២២ មករា ២០០៤។ អីចឹង គាត់បានបន្សល់ទុក គុណូបការៈ ហើយថ្ងៃនេះ យើងមកគោរពវិញ្ញាណក្ខន្ធ មករំឭកនូវគុណូបការៈរបស់គាត់និងវីរៈភាពរបស់គាត់ ដែលគាត់បានបន្សល់ទុក»។
លោក រ៉ុង ឈុន ដែលជាអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) មកពីកូតាគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយមុនការបោះឆ្នោតជាតិឆ្នាំ២០១៨ ប្រាប់ VOA ថា រដ្ឋាភិបាលមិនទាន់បានវែកមុខរកឃាតករដែលបានសម្លាប់លោក ជា វិជ្ជា នៅឡើយ។
«ខ្ញុំមិនអស់សង្ឃឹមទេ ថ្វីដ្បិតតែ១៦ឆ្នាំ យើងមិនទាន់ទទួលបានយុត្តិធម៌សម្រាប់ លោកជា វិជ្ជា តែក្នុងនាមខ្ញុំផ្ទាល់ នៅតែតស៊ូយ៉ាងស្វះស្វែងធ្វើម៉េច ដើម្បីរកយុត្តិធម៌ជូនលោកជា វិជ្ជា ទោះបីពេលនេះ មិនទាន់បានទទួលយុត្តិធម៌ តែនៅថ្ងៃក្រោយ យើងនឹងទទួលបានយុត្តិធម៌»។
ក្រៅពីលោក រ៉ុង ឈុន មានមេដឹកនាំសហជីពធំៗជាច្រើននាក់ទៀត ក្នុងនោះមានលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា និងលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬហៅកាត់ថា IDEA។ ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល និងសកម្មជនសិទ្ធិមនុស្សប្រមាណមួយរយនាក់និងព្រះសង្ឈក៏បានចូលរួមក្នុងពិធីនេះដែរ។
ក្រុមកងកម្លាំងសន្តិសុខនិងមន្ត្រីនគរបាលជាង៥០នាក់ ត្រូវបានដាក់ពង្រាយ នៅក្បែរទីតាំងនៃកន្លែងតម្កល់រូបសំណាកលោក ជា វិជ្ជា ដែលស្ថិតនៅផ្នែកខាងលិចនៃវិមានឯករាជ្យក្នុងទីក្រុងភ្នំពេញ។ ក៏ប៉ុន្តែការប្រារព្ធពិធីរំឭកដល់ការស្លាប់របស់លោក ជា វិជ្ជា បានធ្វើឡើងដោយសន្តិវិធី ដោយគ្មានការប្រឈមមុខជាមួយកងកម្លាំងសន្តិសុខ។ ក្រុមសកម្មជនបានអុជធូបនិងដាក់កម្រងផ្កានៅមុខទីតម្កល់រូបសំណាកលោក ជា វិជ្ជា ដែលនៅមិនឆ្ងាយពីរបងវត្តលង្កា។
លោក ជា វិជ្ជា ត្រូវបានខ្មាន់កាំភ្លើងបាញ់ទាំងកណ្តាលថ្ងៃកាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅពេលលោកកំពុងទិញកាសែតនៅក្នុងតូបលក់កាសែតមួយក្រៅវត្តលង្កា ដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
មួយសប្តាហ៍ក្រោយមក ឃាតកម្មជនសង្ស័យពីររូបដែលក្រុមសង្គមស៊ីវិលហៅថា ជា«ឃាតករសិប្បនិមិ្មតគឺលោក ប៊ន សំណាង និងលោក សុខ សំអឿន» ត្រូវបានចាប់ខ្លួន។ ក្រោយការឃុំខ្លួនអស់ជាច្រើនឆ្នាំ អ្នកទាំងពីររូប ត្រូវបានរកឃើញថាគ្មានទោសកំហុស និងត្រូវបានដោះលែងឲ្យមានសេរីភាពវិញ តាមដីកាសម្រេចរបស់តុលាការកំពូលនៅចុងឆ្នាំ២០១៣។
ស្តាប់បទសម្ភាសន៍ VOA ជាមួយភរិយារបស់លោក ជា វិជ្ជា
Your browser doesn’t support HTML5
លោកស្រី ជា គឹមនី ភរិយាសពលោកជា វិជ្ជា បានប្រាប់ VOA តាមទូរស័ព្ទពីប្រទេសហ្វាំងឡង់ នៅមុនថ្ងៃធ្វើពិធីរំឭកខួបនៃឃាតកម្មលើស្វាមីលោកស្រីថា រយៈពេល១៦ឆ្នាំកន្លងមកនេះ យុត្តិធម៌នៅតែមិនទាន់មានសម្រាប់ស្វាមីលោកស្រី។
លោកស្រីបានប្រៀបប្រដូចការស្លាប់ស្វាមីលោកស្រីទៅនឹងការបាញ់សម្លាប់អ្នកវិភាគលោក កែម ឡី ដែលលោកស្រីអះអាងថា មានការចាប់ខ្លួនឃាតករសិប្បនិម្មិត្តមកទទួលទោសដូចគ្នា។
«រឿងរ៉ាវមិនខុសពី លោកគ្រូកែម ឡី ប៉ុន្មានទេច៎ា ការរៀបចំធ្វើសកម្មភាព ចាប់អ្នកដែលអត់មានកំហុស យកទៅដាក់នៅពន្ធនាគារឲ្យគ្នារងគ្រោះ ជំនួសអ្នកដែលពិតប្រាកដនោះណ៎ា! ច៎ាវាអត់មានទេ ហើយអីចឹងវារឿងរ៉ាវ វាដូចតែគ្នា»។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ប្រាប់ VOA នៅថ្ងៃពុធនេះថា កិច្ចស៊ើបអង្កេតនៅបន្ត ប៉ុន្តែសមត្ថកិច្ចមិនទាន់មានព័ត៌មានណាមួយ ដែលអាចបើកផ្លូវឲ្យបន្តរកអ្នកនៅពីក្រោយខ្នងនៃការបាញ់សម្លាប់លោកជា វិជ្ជា នោះទេ។
«ដូច្នេះខ្ញុំសុំយកឱកាសនេះ ដើម្បីថ្លែងអំពាវនាវសុំឲ្យមានព័ត៌មានថ្មី ព័ត៌មានណាដែលស្វែងអាចអាចបន្តទៅរក ស្វែងរកចាប់ខ្លួនជនល្មើសហ្នឹង អាហ្នឹងជាការល្អត្រឹមត្រូវណាស់។ គ្រាន់តែជាការអំពាវនាវឬក៏ស្អីជាការ....ទៅមើល មិន មិនអាចនឹងរកលទ្ធផលឃើញទេ»។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃរូបនេះ ក៏បានច្រានចោលសេចក្តីរាយការណ៍ដែលលើកឡើងថា មានមន្ត្រីរបស់រដ្ឋាភិបាលជាអ្នកនៅពីក្រោយសំណុំរឿងនេះដែរ។
«រដ្ឋាភិបាល មន្ត្រីរដ្ឋាភិបាល អ្នកនៅពីក្រោយ នោះមន្ត្រីច្រើនគគោគគរដី ចាប់នរណា ឥឡូវនរណាថាឲ្យពិតមក ហ្នឹងហើយ សូម សូមឲ្យមានព័ត៌មានពិត ក្នុងកិច្ចសហប្រតិបត្តិការហ្នឹង»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានអំពាវនាវឲ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធរកឃាតករពិតប្រាកដដែលបានសម្លាប់លោកជា វិជ្ជា ហើយក៏ស្នើឲ្យបញ្ឈប់ការប្រើប្រាស់អំពើហិង្សាមកលើមេដឹកនាំសហជីព។
សហភាពអឺរ៉ុបដែលកំពុងតែពិនិត្យសើរើប្រព័ន្ធឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬ (Everything But Arms) សម្រាប់ប្រទេសកម្ពុជាក៏បានពណ៌នាក្នុងរបាយការណ៍របស់ខ្លួន អំពីឃាតកម្មលើមេដឹកនាំសហជីពបីនាក់ គឺមានលោក ជា វិជ្ជា និងលោករស់ សុវណ្ណរ៉េត ដែលត្រូវបានគេសម្លាប់ក្នុងឆ្នាំ២០០៤ និងលោក ហ៊ី វុទ្ធី ដែលត្រូវបានគេសម្លាប់ក្នុងឆ្នាំ២០០៧។
របាយការណ៍សហភាពអឺរ៉ុប បានបញ្ជាក់ឲ្យដឹងថា អង្គការពលកម្មអន្តរជាតិ ឬហៅថា (ILO) បានទទូចដល់ប្រទេសកម្ពុជា ឲ្យធ្វើសេចក្តីសន្និដ្ឋានលើកិច្ចស៊ើបអង្កេត និងនាំយកជនល្មើសមកកាត់ទោស ដើម្បីបញ្ចប់ស្ថានភាពនិទណ្ឌភាពដែលចេះតែរីកធំនៅក្នុងប្រទេស។
ជាការឆ្លើយតបរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ទោះបីក្រសួងនិងស្ថាប័នពាក់ព័ន្ធផ្សេងៗ បានចូលរួមក្នុងកិច្ចស៊ើបអង្កេតក្នុងរយៈពេលដ៏យូរក៏ដោយ តែពេលវេលាដែលបានចំណាយយូរនោះត្រូវផុតកំណត់ ហើយបានធ្វើឲ្យកិច្ចស៊ើបអង្កេតកាន់តែស្មុគស្មាញ។ រដ្ឋាភិបាលអះអាងថា ខ្លួនកំពុងស្នើសុំកិច្ចសហការ និងការគាំទ្រពេញលេញពីរាល់ភាគីពាក់ព័ន្ធសម្រាប់ការស៊ើបអង្កេត ហើយក៏គ្មានអ្វីដែលត្រូវចំណេញចំពោះការពន្យារពេលនៃកិច្ចស៊ើបអង្កេតនេះដែរ។ នេះបើតាមរបាយការណ៍សហភាពអឺរ៉ុប។
បច្ចុប្បន្ន សហគមន៍អឺរ៉ុបកំពុងតែសិក្សាលើរបាយការណ៍ឆ្លើយតបរបស់រដ្ឋាភិបាលកម្ពុជាមុននឹងសម្រេចលើឋានៈពន្ធអនុគ្រោះពន្ធ EBA នៅត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នំា២០២០។
តាមរយៈឋានៈអនុគ្រោះពន្ធនេះ គឺទំនិញរបស់កម្ពុជាបានរួចពន្ធក្នុងទឹកប្រាក់ជិត៧០០លានដុល្លារក្នុងមួយឆ្នាំៗ ហើយបើសហភាពអឺរ៉ុបសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ច គឺនឹងចូលជាធរមាននៅខែសីហាឆ្នាំ២០២០៕