សង្គម​ស៊ីវិល៖​ ក្តីបារម្ភ​កើត​មាន​ជាថ្មី​ទៀត​ចំពោះ​​ការ​ពិគ្រោះយោបល់ជាមួយពលរដ្ឋ​ ក្រោយការសម្រេចរបស់រដ្ឋាភិបាលផ្តល់ដីសម្បទានសេដ្ឋកិច្ចឡើងវិញ

រូបផែនទីបង្ហាញពីព្រំដែនដីសម្បទាននៅខេត្តស្ទឹងត្រែង ដែលត្រូវបានរដ្ឋាបាលសម្រេចផ្តល់ដល់ក្រុមហ៊ុនអភិវឌ្ឍន៍ បន្ទាប់ពីផ្អាកការផ្តល់ដីសម្បទានជិតមួយទសវត្សរ៍ក្រោយមក។ (រូបថតដោយលីកាដូ)

អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​ជាក់​លាក់​ និង​មាន​ការប្រឹក្សា​យោបល់​ជា​មួយ​ប្រជា​ពល​រដ្ឋ​ មុន​សម្រេច​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មីៗ​បន្ថែម​ទៀត ​ឲ្យ​ទៅ​ក្រុមហ៊ុន​ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច​ និង​សង្គម ឬ​វិវាទ​ដីធ្លី។​

កាល​ពី​ខែ​មីនា ​ឆ្នាំ​ ២០២២ ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ធ្វើ​សម្បទាន​សេដ្ឋកិច្ច​ថ្មី​មួយ​ទំហំ​ ៩,៧៨៨​ហិកតា​ នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង ឲ្យទៅ​ក្រុមហ៊ុន​ T.S.M.W. ​នៅ​ក្នុង​ការ​ជួល​រយៈ​ពេល​ ៥០ ​ឆ្នាំ​ ​ដោយ​ផ្ទេរពី​ក្រុមហ៊ុន​ឈ្មោះ​ Horizon Development​ Agriculture Development Co., Ltd។ ​នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្សលីកាដូ​ស្តីពី៖​ «ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មី​នាំ​ឲ្យ​មាន​ជម្លោះ​ និង​ចោទ​ជា​សំ​ណួរ»។​

អ្នក​តស៊ូ​មតិ​ក្នុង​ការ​ស្វែង​រក​ការដោះស្រាយ​វិវាទ​ដីធ្លី​បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​កង្វះ​តម្លា​ភាព​ និង​ការ​សិក្សា​ពីផល​ប៉ះ​ពាល់​លើ​ស្ថានភាព​រស់​នៅ​របស់ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​ ទាក់​ទិន​នឹង​ការ​ចាប់ផ្តើម​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​សា​ជាថ្មី​នេះ។​

អ្នក​សម្រប​សម្រួល​គម្រោង​កែ​ទម្រង់​ដីធ្លី​របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​លោក ​វ៉ាន់ សុផាត​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ រាល់​ការ​ផ្តល់​សម្បទាន​ដី​ ក៏​ដូច​ជា​គម្រោង​អភិវឌ្ឍន៍​នានា​ ត្រូវ​តែ​មាន​ការ​សិក្សា​ពី​ផល​ប៉ះពាល់​ទៅ​លើ​បរិស្ថាន​ ប្រជា​ពល​រដ្ឋ​ និង​ផល​ប៉ះ​ពាល់​ផ្សេងៗ​ទៀត។​

បើ​តាម​អ្នក​សម្រប​សម្រួល​គម្រោង​រូប​នេះ​ ការ​ខក​ខាន​បំពេញ​នូវ​តម្រូវ​ការទាំង​នេះ​ជា​ការ​អនុវត្ត​មិន​ស្រប​តាម​នីតិ​វិធី ខណៈ​ថា​ ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ថ្មី​មិនគួរកើត​មាន​ទៀត​ឡើយ​ ដោយ​លើក​ហេតុផល​ថា​ វា​នាំ​ឱ្យ​មាន​ផល​វិបាក​ដល់​ប្រជា​ពល​រដ្ឋ​ច្រើន​ជាង​ផល​ចំណេញ។​

លោក​បញ្ជាក់​ថា៖​ «អ៊ីចឹង​សរុប​សេចក្តី​មក​ ការ​[ផ្តល់ដី]​សម្បទាន​សេដ្ឋកិច្ច​នេះ​ត្រូវ​តែ​ មាន​ការ​ផ្តល់​ដំណឹង​ជូន​ប្រជា​ពល​រដ្ឋ​ ហើយ​នឹង​ការ​មិន​ប្រឹក្សា​ជា​មួយ​ប្រជា​ពល​រដ្ឋ​គឺ​ជា​ការ​ផ្តល់​សម្បទាន​មួយ​ដែល​ខុសពី​នី​តិវិធីការ​ផ្តល់​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ ក៏ដូច​ជា​ខុស​នីតិវិធី​ក្នុង​ការ​វាយ​តម្លៃ​ហេតុផល​ប៉ះ​ពាល់​បរិស្ថាន​និង​សេដ្ឋ​កិច្ច​ជា​មុន»។​

ស្រដៀង​គ្នា​នេះ​ដែរ​ នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​សមាគម​សិទ្ធិ​មនុស្ស​លីកាដូ​ លោក ​អំ សំអាត​ លើក​ឡើង​ថា ​រដ្ឋាភិបាល​បាន​ផ្អាក​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ កាលពី​ឆ្នាំ​ ២០១២ ​ដោយ​សារ​តែ​មាន​ផ្ទុះ​ការ​តវ៉ា​ពី​ប្រជា​ពលរដ្ឋ​ជាច្រើន​ ហើយ​បង្ក​ជាក្តី​បារម្ភ​ដល់​រដ្ឋាភិបាល​ថា​ ខ្លាច​មាន​បដិវត្តន៍​ដី​ធ្លី។​

ទោះ​ជាយ៉ាង​ណាក្តី​ លោក​មាន​ការ​ភ្ញាក់​ផ្អើល ​ពីព្រោះ​ថា​ កាល​ពី​ឆ្នាំ​ ២០២២​ រដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​សម្បទាន​សេដ្ឋកិច្ច​ថ្មី​មួយ​សា​ជាថ្មី​ចំនួន​ជាង​ ៩​ ពាន់​ហិកតា​ នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង។​

បើ​តាម​លោក ​អំ សំអាត ​ក្តី​បារម្ភ​នៅ​តែ​មាន​ចំពោះការ​អនុវត្ត​មិន​បាន​ត្រឹម​ត្រូវ​របស់​រដ្ឋា​ភិបាល​ ជាពិសេស​ការ​ផ្តល់​ដី​សម្បទាន​ថ្មី​នេះ​ បានធ្វើ​ឲ្យប៉ះ​ពាល់​ដល់​ប្រជា​ពល​រដ្ឋ​ប្រមាណ​ ៤០០ ​គ្រួសារ​រួច​ទៅ​ហើយ ដោយ​ការ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ឆ្ពោះ​ទៅ​កាន់​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះថា៖​ «យើង​មាន​បទ​ពិសោធន៍​ច្រើន​ហើយ​ ទាក់ទង​នឹង​សម្បទាន​សេដ្ឋកិច្ច​នេះ ​គឺ​ប្រជា​ពល​រដ្ឋ​ ក្រៅ​តែពី​រង​គ្រោះ​ដោយ​សារ​បាត់​បង់​ដីធ្លី​ហ្នឹង​ ក៏​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់​ ប្រឈម​មុខ​នឹង​អំពើ​ហិង្សា​ផ្សេងៗ​និង​ការ​ចាប់ខ្លួន។ ​យើង​សូម​ឲ្យ​អាជ្ញាធរ​ និង​រដ្ឋាភិបាល​ពិនិត្យ​និង​ដោះ​ស្រាយ​ជូន​ប្រជា​ពល​រដ្ឋ​ដោយ​សន្តិវិធី​ជាង​មុន»។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការលីកាដូ អ្នក​ភូមិពុំ​បាន​ទទួល​ព័ត៌​អ្វី​សោះ​ឡើយ​ មុន​ពេល​ដែល​ក្រុមហ៊ុន​ T.S.M.W. ​ចាប់​ផ្តើម​ប្រតិបត្តិ​ការ​គម្រោង​របស់​ខ្លួន​ ខណៈ​គិត​ត្រឹម​ថ្ងៃទី​ ៤ ​ខែ​មករា ​ឆ្នាំ​ ២០២៣ ​ប្រជាពល​រដ្ឋ​នៅ​តំបន់​នោះ​បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​ចំនួន​ ៥ ​លើក​មក​ហើយ។​

នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​ស្ទឹងត្រែង ​លោក ​ម៉ែន គុង ​ប្រាប់​វីអូអេ​ថា​ រដ្ឋាភិបាល​សម្រេច​ប្រគល់​ដី​ឲ្យ​ក្រុមហ៊ុន​នោះ​ជា​ការ​ដោះដូរ​ជាមួយ​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ក្នុង​ខេត្ត​ក្រចេះ​ ដែល​រដ្ឋាភិបាល​សម្រេច​ផ្តល់​ឲ្យ​ ហើយថា​ ការ​ដោះ​ដូរដី​សម្បទាន​នេះ​មិន​មាន​ផល​ប៉ះ​ពាល់អ្វី​ឡើយ​ដល់​ប្រជា​ពល​រដ្ឋ​ ក៏​ដូច​ជា​បរិស្ថាន។​

លោក​បញ្ជាក់​ថា៖​ «នេះ​ជា​ក្រុមហ៊ុន​របស់​កូរ៉េ​មួយ​ ដែល​រាជ​រដ្ឋាភិបាល​ចេញ​ ស.ជ.ណ​. ប្រគល់​ដី​ដែល​ប៉ះប៉ូវ​សង​គាត់​វិញ​ ហើយ​គាត់​អាច​ដូរ​ទីតាំង​ពី​ខាង​ខេត្ត​ក្រចេះ​មក​ស្ទឹង​ត្រែងវិញ។ ​ហើយ​មិន​មាន​ផល​ប៉ះ​ពាល់អី​ជាមួយ​ប្រជា​ជនទេ ​ព្រោះ​ថា​ ដី​ដែល​ប្រគល់​ជូន​គាត់​ហ្នឹង​ គឺជាដី​ដែល​បាន​កាត់​ចេញ​ពីដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ផ្សេងៗ​ ដែល​គាត់​ពុំ​ទាន់​អនុវត្ត​ផែន​ការ​មេ​របស់​គាត់»។​

គួរ​បញ្ជាក់​ថា​ ក្រុមហ៊ុន ​Horizon Development ​ធ្លាប់​ទទួល​បាន​ដីសម្បទាន​សេដ្ឋ​កិច្ច​ក្នុង​ខេត្ត​ក្រចេះ​ កាល​ពី​ឆ្នាំ​ ២០១០​ ដោយ​ក្រុមហ៊ុន​នេះ​បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ជម្លោះ​ដីធ្លី​ជាមួយ​ប្រជា​ពល​រដ្ឋ​រាប់​រយ​គ្រួសារ​នៅ​ទីនោះ។ ​អាជ្ញាធរ​បាន​សម្រេច​លុប​ចោល​ដី​សម្បទាន​សេដ្ឋកិច្ច​វិញ​ កាលពី​ឆ្នាំ​ ២០១៤ ​ក្រោយ​ក្រុមហ៊ុន​បរាជ័យ​នៅ​ក្នុង​ការ​ដាំដុះ​នៅ​លើដី​នោះ។​ នេះ​បើយោង​តាម​អង្គការ​លីកាដូ៕