នៅពេលដែលប្រទេសជាច្រើននៅជុំវិញពិភពលោកកំពុងជួបប្រទះនឹងឱនភាពនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនោះ ការតស៊ូស៊ីវិលដោយអហិង្សាអាចបង្ការការសម្លាប់រង្គាល និងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យឋិតថេរបានយូរ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់មជ្ឈមណ្ឌលអន្តរជាតិស្ដីពីជម្លោះអហិង្សា ឬ International Center on Nonviolent Conflict ដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
កាលពីពេលថ្មីៗនេះ ប្រជាជននៅប្រទេសរុស្ស៊ី ទីក្រុងហុងកុង និងកន្លែងផ្សេងៗទៀត បាន និងកំពុងធ្វើបាតុកម្ម ឬធ្វើការតវ៉ាផ្សេងៗដើម្បីទាមទារ សិទ្ធិសេរីភាព និងកិត្តិយសប្រឆាំងនឹងរដ្ឋាភិបាលដែលគាបសង្កត់ និងបំពានមកលើពួកគេ។
ជាទូទៅការតវ៉ាទាំងនេះ មិនថាជាការតវ៉ាដោយហិង្សា ឬការតវ៉ាដោយអហិង្សា ដល់ចំណុចណាមួយ ពួកគេនឹងត្រូវបានបង្ក្រាបដោយកងកម្លាំងប្រដាប់អាវុធនៃរដ្ឋាភិបាលរបស់ពួកគេ។ ការបង្ក្រាបមានទំហំធំឬតូច ក៏អាស្រ័យទៅលើទំហំនៃការរើបម្រាស់ដែរ។ នេះបើតាមរបាយការណ៍ដដែលរបស់មជ្ឈមណ្ឌលអន្តរជាតិស្ដីពីជម្លោះអហិង្សា។
អ្នកជំនាញលើកឡើងថា នៅក្នុងស្ថានភាពបែបនេះ សំណួរមួយថាតើពេលណា ឬដោយវិធីណា ដែលសហគមន៍អន្តរជាតិ រដ្ឋាភិបាលបរទេស ឬអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ត្រូវជួយអន្តរាគមន៍ ផ្ដល់ជំនួយ ឬផ្ដល់ការគាំទ្រដល់ក្រុមអ្នកតវ៉ាទាំងនោះ សុទ្ធតែអាចបង្កផលវិបាកដល់គ្រប់ភាគីទាំងអស់។ ពេលខ្លះ ផលវិបាកអាចមានទំហំធំដល់ថ្នាក់បាត់បង់ជីវិតមនុស្សរាប់ពាន់នាក់ទៀតផង។
កាលពីឆ្នាំ ២០១១ ដោយទទួលបានដំណឹងថា រដ្ឋាភិបាលលីប៊ី ដែលគ្រប់គ្រងដោយលោក Muammar Qaddafi រៀបចំផែនការសម្លាប់ប្រជាជនស៊ីវិលនៅក្នុងទីក្រុង Benghaziនោះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តឲ្យមានការធ្វើអន្តរាគមន៍ជួយសង្គ្រោះជនស៊ីវិលទាំងនោះ។ ក្រោយមក ក្រុមទ័ពបរទេសដែលដឹកនាំដោយកងទ័ព NATO បានចូលលុកលុយប្រទេសលីប៊ី ក្នុងនាមជាទ័ពអន្តរាគមន៍ជួយសង្គ្រោះ និងបង្កឲ្យមានការកាប់សម្លាប់រង្គាល ដែលធ្វើឲ្យជនជាតិលីប៊ីរាប់ពាន់នាក់ស្លាប់បាត់ជីវិត។
តាមផ្លូវច្បាប់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានសិទ្ធិធ្វើដូច្នេះ សម្អាងលើលទ្ធិអនុ្តរជាតិមួយដែលមានឈ្មោះថា៖ “Responsibility to Protect (RtoP)” ឬ «ទំនួលខុសត្រូវក្នុងការការពារ» ដែលត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិផ្ទាល់ នៅក្នុងឆ្នាំ ២០០៥។
លទ្ធិអន្តរជាតិនេះបានចែងថា៖ «រដ្ឋនីមួយៗមានទំនួលខុសត្រូវក្នុងការការពារប្រជាពលរដ្ឋរបស់ខ្លួនពីរបបប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម ការសម្លាប់ផ្ដាច់ពូជជនជាតិណាមួយ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។ នៅឆ្នាំ ២០០៩ លទ្ធិអន្តរជាតិស្ដីពី «ទំនួលខុសត្រូវក្នុងការការពារ (RtoP)» នេះ ត្រូវបានបំបែកចេញជាបីចំណុចសំខាន់ៗ ដែលចំណុចទីបីបានចែងថា៖ «ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាចអនុញ្ញាតឲ្យមានការអន្តរាគមន៍ពីខាងក្រៅ បើរដ្ឋាភិបាលណាមួយបរាជ័យក្នុងការទទួលខុសត្រូវការពារប្រជាជនរបស់ខ្លួន»។
ដោយសារតែលទ្ធិអន្តរជាតិស្ដីពី «ទំនួលខុសត្រូវក្នុងការការពារ (RtoP)» នេះ មានចន្លោះប្រហោង ដែលបណ្ដាលឲ្យមានការកាប់សម្លាប់រង្គាលលើជនស៊ីវិល ដូចករណីប្រទេសលីប៊ី ទើបលោក Peter Ackerman និងលោក Hardy Merriman មកពីមជ្ឈមណ្ឌលអន្តរជាតិស្ដីពីជម្លោះអហិង្សា ឬ International Center on Nonviolent Conflict បានបញ្ចេញរបាយការណ៍មួយ ស្នើឲ្យជំនួសលទ្ធិអន្តរជាតិស្ដីពី «ទំនួលខុសត្រូវក្នុងការការពារ (RtoP)» ជាមួយលទ្ធិអន្តរជាតិថ្មីមួយដែលលោកទាំងពីរឲ្យឈ្មោះថា៖ “Right to Assist (RtoA)” ឬ «សិទ្ធក្នុងការជួយ»។
របាយការណ៍ដែលចេញកាលពីខែឧសភា ឆ្នាំ២០១៩ ដែលមានចំណងជើងថា៖ “Preventing Mass Atrocities: From a Responsibility to Protect (RtoP) to a Right to Assist (RtoA) Campaigns of Civil Resistance” ឬជាភាសាខ្មែរថា៖ «ការបង្ការការសម្លាប់រង្គាល៖ ពីទំនួលខុសត្រូវក្នុងការការពារ (RtoP) ទៅជាសិទ្ធក្នុងការជួយ (RtoA) យុទ្ធនាការតស៊ូស៊ីវិលដោយអហិង្សា» នេះ ស្នើឲ្យមានការអនុវត្តលទ្ធិអន្តជាតិស្ដីពី «សិទ្ធក្នុងការជួយ (RtoA)» ដែលផ្ដល់អំណាចស្របច្បាប់ឲ្យដល់ភាគីខាងក្រៅក្នុងការផ្ដល់ជំនួយ ដល់ចលនាតស៊ូស៊ីវិលដោយអហិង្សានានា ដែលមានគោលដៅស្ដារ និងអនុវត្តលទ្ធិប្រជាធិបតេយ្យ។
របាយការណ៍កម្រាស់ ៥៩ទំព័រនេះបានឲ្យដឹងថា មានការសម្លាប់រង្គាលពីរភាគបី បានកើតឡើងនៅចន្លោះឆ្នាំ ១៩៤៥ ដល់ឆ្នាំ ២០១០ ក្រោមរូបភាពជាសង្គ្រាមស៊ីវិល។ បើសិនជាពិភពលោកចង់កាត់បន្ថយការសម្លាប់រង្គាល នោះវាចាំបាច់ត្រូវតែមានការកាត់បន្ថយលទ្ធភាពនៃជម្លោះហិង្សាផ្ទៃក្នុង នៅក្នុងប្រទេសនីមួយៗជាមុនសិន។
លោក Hardy Merriman ប្រធានមជ្ឈមណ្ឌលអន្តរជាតិស្ដីពីជម្លោះអហិង្សា បញ្ជាក់ថា ការផ្ដល់ជំនួយទៅដល់ចលនាតស៊ូស៊ីវិលនេះ មិនមែនធ្វើឡើងតាមរយៈការនាំចូលរបស់របរអ្វីមួយពីបរទេសចូលក្នុងប្រទេសមួយនោះទេ ប៉ុន្តែទម្រង់នៃការផ្ដល់ជំនួយនេះគឺធ្វើឡើងនៅក្នុងប្រទេសដែលត្រូវការជំនួយនោះ តាមរយៈចំណុចប្រាំយ៉ាង៖ ១) ការអប់រំសាធារណៈអំពីការតស៊ូស៊ីវិល ២) ការកសាងសមត្ថភាពសម្រាប់យុទ្ធនាការតស៊ូស៊ីវិល ៣) ការកាត់បន្ថយផលប៉ះពាល់នៃការបង្ក្រាប និងរំខាន ៤)ការបង្កើនតម្លៃនៃការបង្ក្រាប និង ៥) ការជំរុញឲ្យមានការផ្លាស់ប្ដូរនយោបាយប្រកបដោយស្ថិរភាព។
លោក Hardy Merriman ក៏បានអះអាងថា លទ្ធិអន្តរជាតិស្ដីពី «ទំនួលខុសត្រូវក្នុងការការពារ (RtoP)» ដែលត្រូវបានអនុម័តទៅលើប្រទេសលីប៊ី កាលពីឆ្នាំ២០១១ ទំនងជានឹងមិនត្រូវបានគេអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិម្ដងទៀតទេ។
លោក Hardy Merriman បាននិយាយថា៖ «វានឹងមិនត្រូវបានគេអនុម័តទៀតទេ។ ចាប់តាំងពីឆ្នាំ ២០១១ មក យើងបានឃើញការសម្លាប់រង្គាលនៅក្នុងប្រទេសស៊ូដង់ មីយ៉ាន់ម៉ា សាធារណរដ្ឋអាហ្វ្រិកកណ្ដាល និងកន្លែងផ្សេងៗទៀត ដែលលទ្ធិអន្តរជាតិស្ដីពី «ទំនួលខុសត្រូវក្នុងការការពារ (RtoP)» មិនត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិយកមកប្រើនោះទេ»។
របាយការណ៍ដដែលបង្ហាញថា ទាំងការតស៊ូហិង្សា និងការតស៊ូអហិង្សាអាចបង្កើនអស្ថិរភាពសង្គមដូចគ្នា ប៉ុន្តែភាគច្រើននៃការសម្លាប់រង្គាល កើតឡើងចេញពីការតវ៉ាដោយហិង្សា។
លោក Hardy Merriman បាននិយាយថា៖ «បើសិនជាមានការទាមទារឲ្យមានការផ្លាស់ប្ដូរ ហើយការប្រើអំពើហិង្សាជាជម្រើសតែមួយគត់សម្រាប់អ្នកតវ៉ា ដល់ពេលណាមួយ ពួកគេនឹងជ្រើសរើសវា»។
លោកបានស្នើមានការផ្សព្វផ្សាយឲ្យប្រជាជនបានដឹងពីជម្រើសនៃការតស៊ូស៊ីវិលអហិង្សា ដែលជាជម្រើសមួយទៀតដ៏មានប្រសិទ្ធភាព និងស័ក្ដិសមសម្រាប់មនុស្សជាច្រើន។
លោកបញ្ជាក់ថា នរណាក៏ដឹងដែរថា ការតវ៉ាដោយប្រើហិង្សាអាចប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំងរហូតឈានដល់ការបាត់បង់ជីវិត ប៉ុន្តែសម្រាប់ការតវ៉ាដោយអហិង្សា មនុស្សរាប់លាននាក់អាចចូលរួមចលនានេះ ហើយពួកគេអាចត្រឡប់ទៅផ្ទះវិញបានដោយសុវត្ថិភាព បន្ទាប់ពីការតវ៉ាបានបញ្ចប់៕