សកម្មជន​សិទ្ធិ​ពលរដ្ឋ​និយាយ​ថា​អាស៊ាន​​មិន​អើពើ​ចំពោះ​កង្វល់​របស់​ពលរដ្ឋ

  • Steve Herman

លោក Jerald Joseph (ឆ្វេង) ថ្លែង​នៅ​ឯ​សន្និសីទ​កាសែត​​មួយ​កាល​ពី​ថ្ងៃ ទី​២ ខែ​មេសា ឆ្នាំ​២០១៥ អំពី​វេទិកា​​ពលរដ្ឋ​អាស៊ាន​នៅ​ពេល​ខាង​មុខ​ក្នុង​វត្តមាន​អ្នកស្រី Sunsanee Sutthisunsanee (ឆ្វេង)។ (Steve Herman/VOA News)

បណ្តា​អង្គការ​សិទ្ធិ​ពលរដ្ឋ​នៅអាស៊ី​អាគ្នេយ៍​បាន​សម្តែង​ក្តី​បារម្ភ​កាន់​តែ​ច្រើន​ឡើង​ថា​សំឡេង​របស់​ពួក​គេ​ត្រូវ​អង្គការ​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឬអាស៊ាន​មិន​អើពើ​ បើ​ទោះ​បីប្រទេស​ម៉ាឡេស៊ី​ដែល​ជា​ប្រធាន​អង្គការ​អាស៊ាន​ឆ្នាំ​នេះ បាន​ប្ដេជ្ញា​ថា​នឹង​បង្កើតតំបន់​«អាស៊ាន​ដែល​យក​ពលរដ្ឋ​ជា​ធំ‍» (people-centered ASEAN) ក្តី។

នៅ​ពេល​អង្គការ​អាស៊ាន​ប្រារព្ធ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​២៦នៅ​ទី​ក្រុង​គូឡាឡាំពួ​នៅ​ចុង​ខែ​មេសា​នេះ សន្និសីទសង្គម​ស៊ីវិល​និង​វេទិកា​ពលរដ្ឋ​អាស៊ាន​នឹង​រួម​គ្នា​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ដែល​នឹងរិះគន់​អង្គការ​តំបន់​មួយ​នេះ។

ពួក​គេ​នឹង​ប្រាប់​ដល់​មេដឹកនាំ​អាស៊ាន​ថារាល់​អនុសាសន៍​ដែល​អង្គការ​សង្គម​ស៊ីវិល​បាន​ដាក់​ជូន​ចាប់​តាំង​ពី​ឆ្នាំ​២០០៥​«មិន​ត្រូវ​បាន​គេ​យក​ទៅ​អនុវត្ត​ឬ​ប្រើប្រាស់​ក្នុង​របៀបដ៏​មាន​ន័យ​ណា​មួយ​ទេ‍»។‍

ពួក​គេ​ថា​ការណ៍​នេះ​គឺ​ដោយ​សារ​អង្គារ​អាស៊ាន​«ផ្តល់​អាទិភាព​ដល់​ផលប្រយោជន៍​របស់​សហគ្រាសធំៗ​និង​ក្រុម​អ្នក​ធំ​រួម​ទាំង​សហគ្រាស​រដ្ឋ​ ហើយ​មើល​រំលង​ផល​ប្រយោជន៍​របស់​ពលរដ្ឋ‍»។‍‍​

កិច្ច​ប្រជុំ​កំពូល​អាស៊ានរយៈ​ពេល​៤​ថ្ងៃ​នេះ​នឹង​ត្រូវ​ប្រព្រឹត្ត​ធ្វើ​នៅរាជធានី​ប្រទេស​ម៉ាឡេស៊ី​ចាប់​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា​ខាង​មុខ។

នៅ​មុន​ពេល​កិច្ច​ប្រជុំ​នេះ​មក​ដល់ ចាប់​ពី​ខែ​កុម្ភៈ​មក មាន​មនុស្ស​ជាង​១០០​នាក់​ដោយ​រួម​មាន​អ្នក​កាសែត​ល្បីៗ​ផង ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទដឹកនាំ​ការ​បះបោរ។

លោក Jerald Joseph ជា​សកម្មជន​ម៉ាឡេស៊ី​និង​ជា​ប្រធាន​គណៈកម្មការ​អចិន្ត្រៃយ៍នៃ​អង្គការ​វេទិកា​ពលរដ្ឋ​អាស៊ាន (Asean People’s Forum)។ លោក​ថ្លែង​ថា លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak ត្រូវ​ឆ្លើយ​សំណួរ​ដ៏​សំខាន់​មួយ​ក្នុង​នាម​លោក​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​អាស៊ាន​នេះ។

«តើ​លោក​អាច​ជា​ប្រធាន​(អាស៊ាន)​យ៉ាង​ដូច​ម្តេច​ ដោយ​ទុក​ឲ្យ​របៀបរៀបរយ​សង្គម​ត្រូវ​ធ្លាក់​ដុន​ដាបក្នុង​របៀប​យ៉ាង​ដូច្នេះ? ហើយ​ខ្ញុំ​គិត​ថា​វា​ផ្ទុយ​នឹង​គោលការណ៍​នៅ​ក្នុង​ធម្មនុញ្ញ​អំពី​ការ​គោរព​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ដែល​មាន​ចែង​នៅ​ក្នុង​ធម្មនុញ្ញ​អាស៊ាន»។

កិច្ច​ប្រជុំ​កំពូល​របស់​មេដឹកនាំ​អាស៊ាន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​ប្រជុំ​មិន​សូវ​មាន​លទ្ធផលដោយ​សារ​អង្គការ​នេះ​គោរព​តាម​គោលនយោបាយ​មិន​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​រដ្ឋ​ជា​សមាជិក​របស់​ខ្លួន។

ប៉ុន្តែ​កិច្ច​ប្រជុំ​របស់​អង្គការ​សង្គម​ស៊ីវិល​អាស៊ាន​វិញ​ដែល​ធ្វើ​ឡើង​នៅ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​ផ្លូវការ មិន​រារែក​ក្នុង​ការ​លើក​យក​បញ្ហាសំខាន់ៗ​និង​រសើប​របស់​អាស៊ាន​មក​ពិភាក្សា​ទេ រួម​ទាំងបញ្ហា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផង​ដែរ។

នៅ​ក្នុង​សប្ដាហ៍​នេះ ក្រុម​អង្គការ​នេះ​នឹង​តតាំង​ជាមួយ​ប្រទេស​ឡាវ​ក្នុង​រឿង​ការ​បាត់​ខ្លួន​សកម្មជន​ល្បី​មួយ​រូប​គឺ​លោក Sombath Somphone។ ពួក​គេ​ក៏​ចង់​ឲ្យ​បណ្ដា​រដ្ឋ​អាស៊ាន​ទាំង​អស់​ដោះស្រាយ​ក្តី​បារម្ភ​អំពី​បរិស្ថាន​ទាក់ទង​នឹង​ការ​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​តាម​បណ្ដោយ​ទន្លេ​មេគង្គ​និង​ការ​រំលោភ​សិទ្ធិពលករ​ចំណាក​ស្រុក​និង​ជន​ភៀស​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ករណី​ប្រទេស​ថៃ​ដែលបាន​និង​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​របប​យោធា​ចាប់​តាំង​ពី​ខែ​ឧសភា​ឆ្នាំ​មុន​មក ក៏​នឹង​ត្រូវ​គេ​លើក​ឡើង​ជា​ពិសេស​ផង​ដែរ។

ថ្វី​បើច្បាប់​អាជ្ញា​សឹក​ថៃ​ដែល​មាន​អាយុ​ជិត​១០​ខែ​នោះ​ត្រូវ​បាន​គេ​ដក​ចេញ​កាល​ពី​ថ្ងៃ​ពុធ​ក្តី​ ក៏​នាយករដ្ឋមន្ត្រី​និង​ជាមេទ័ព​គឺ​លោក Prayuth Chan-ocha​ ភ្លាមៗ​នោះ​បាន​ផ្តល់​អំណាច​យ៉ាង​ទូលំទូលាយ​ដល់​រូប​លោក​ផ្ទាល់​ក៏​ដូច​ជា​មន្ត្រី​យោធា​ផ្សេង​ទៀត​ តាម​រយៈ​ការ​ចេញ​បញ្ជា​សន្តិសុខ​ថ្មី​មួយ។

សិទ្ធិ​បញ្ចេញ​មតិ​និង​សិទ្ធិ​ជួប​ប្រជុំ​គ្នា​ត្រូវ​បាន​រិត​ត្បិត​នៅ​ក្រោម​ច្បាប់​អាជ្ញា​សឹក​នេះ។ ពួក​សកម្មជន​ថៃ​ឥឡូវ​នេះ​មិន​ដឹងទេ​ថាខ្លួន​អាច​និយាយ​និង​អាច​ធ្វើ​សកម្មភាព​អ្វី​បាន​នោះ​។

អ្នកស្រី Sunsanee Sutthisunsanee តំណាង​ប្រទេស​ថៃ​នៅឯ​វេទិកា​ពលរដ្ឋ​អាស៊ាន​ បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយនៅ​ក្រុង​បាងកកកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​សកម្មជន​សិទ្ធិមនុស្ស​ថៃ​នឹងចាត់​ទុក​សម្ដីលោក​នាយករដ្ឋមន្ត្រី​ថៃ Prayuth Chan-ocha ថា​ជា​ការណ៍​ពិត ដែល​លោក​បាន​អះអាង​ថា​លោកមិន​មាន​ចេតនា​នឹង​រំលោភ​អំណាច​ដ៏​ទូលំទូលាយ​របស់​លោក​នោះ​ទេ។

«លោក​នាយករដ្ឋមន្ត្រី​របស់​យើង​មាន​ប្រសាសន៍​ថា​ ប្រសិន​បើ​យើង​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ រឿង​អ្វី​ត្រូវ​បារម្ភ​នោះ? យើង​មិន​មាន​ធ្វើ​អ្វី​ខុស​ទេ ហេតុ​អ្វី​ត្រូវ​ធ្វើ​អ្វី​ឲ្យ​ត្រូវ? ដូច្នេះ​ខ្ញុំ​គិត​ថា​យើង​នឹង​បន្តលើកឡើង​អំពី​បញ្ហាការ​បារម្ភ​អំពី​រឿង​សិទ្ធិ​មនុស្ស​នេះ‍»។

អង្គការឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch បាន​ហៅ​សេចក្ដី​សម្រេច​របស់​របប​យោធា​ថៃ​ក្នុង​ការ​យក​មាត្រា​៤៤​នៃ​ធម្មនុញ្ញ​អន្តរកាលមក​អនុវត្ត​ថា​ជា​សកម្មភាព​ដែល​កត់​សម្គាល់​«ការ​ធ្លាក់​កាន់​តែ​ជ្រៅ​ទៅៗ​របស់​ប្រទេស​ថៃ​ចូល​ទៅ​ក្នុង​របប​ផ្តាច់ការ‍»។

ក្រុម​អង្គការ​សិទ្ធិ​ពលរដ្ឋ​អាស៊ាន​ក៏​ចង់​ឲ្យ​គេ​បន្ត​តាមដាន​ប្រទេស​មីយ៉ាន់ម៉ា​ឬ​ភូមា ខណៈ​ដែល​នៅ​ប្រទេសនេះ​មាន​ការ​បង្ក្រាប​ហិង្សា​លើ​ក្រុម​និស្សិត​និង​មាន​អរិភាពកើន​ឡើង​ប្រឆាំង​នឹង​ក្រុមជនជាតិ​ភាគ​តិច។

គណៈប្រតិភូ​ដែល​ចូល​រួម​វេទិកា​ពលរដ្ឋ​អាស៊ាន​និយាយ​ថា​ខណៈ​ដែល​តំបន់​អាស៊ាន​កាន់​តែ​ខិត​ជិត​ទៅ​រក​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់​ ប្រទេស​សមាជិក​អាស៊ាន​ជា​ច្រើន​នៅ​បន្ត​រិត​ត្បិត​សិទ្ធិ​មនុស្ស​និងមាន​នយោបាយ​ដើរ​ថយ​ក្រោយ​វិញ៕

ប្រែសម្រួល​ដោយ សឹង សុផាត