អ្នកសារព័ត៌មានប្រជាពលរដ្ឋដែលកំពុងបំពេញការងារតាមបណ្តាខេត្ត និងរាជធានី ស្នើឱ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធចូលរួមសហការ និងបើកលំហសេរីភាពក្នុងការប្រមូលព័ត៌មាន ក្រោយពួកគេអះអាងថា តែងរងការបំភិតបំភ័យ និងការគំរាមកំហែង។
កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា(CCIM) បានរៀបចំវេទិកាប្រចាំឆ្នាំស្តីពី «ការលើកកម្ពស់ការងារពលរដ្ឋសារព័ត៌មាន និងបណ្តាញអ្នកសារព័ត៌មានឯករាជ្យ» ។
លោកសួន វុត្ថា អ្នកសារព័ត៌មានពលរដ្ឋប្រចាំខេត្តស្វាយរៀងប្រាប់វីអូអេថា រាល់ពេលលោកចុះទៅប្រមូលព័ត៌មាននៅតាមសហគមន៍ ឬតាមខេត្ត ជាពិសេសព័ត៌មានក្តៅ ឬព័ត៌មានរសើប គឺលោកតែងតែទទួលរងការគំរាមកំហែង និងការរារាំងពីសមត្ថកិច្ចក្នុងតំបន់ ដោយពេលខ្លះរហូតដល់មានការប្តឹងផ្តល់ ឬចាប់ឃុំខ្លួនលោកដើម្បីសួរចម្លើយ បញ្ជូនទៅតុលាការទៀតផង។
លោកថា៖ «ខាងអាជ្ញាធរគឺគាត់មិនសូវឱ្យយើងជាពលរដ្ឋអ្នកសារព័ត៌មានដោយសារទី១ យើងមិនមានកាតសម្គាល់ខ្លួនពីក្រសួងព័ត៌មានដូចអ្នកសារព័ត៌មានអាជីពដទៃទេ អ៊ីចឹងទៅគាត់មិនសូវផ្តល់តម្លៃឱ្យពលរដ្ឋអ្នកសារព័ត៌មានទេ»។
លោកបន្ថែមថា រដ្ឋាភិបាលគួរបើកលំហសេរីភាពក្នុងការប្រមូល និងរាយការណ៍ដល់ពលរដ្ឋអ្នកសារព័ត៌មានក្នុងការរួមចំណែកផ្សព្វផ្សាយពីបញ្ហាសង្គមដល់ប្រជាលរដ្ឋ និងរដ្ឋាភិបាល។
លោកបន្ថែមថា៖ «ខ្ញុំចង់ឃើញរដ្ឋាភិបាលគួរតែផ្តល់លទ្ធភាពឱ្យពលរដ្ឋអ្នកសារព័ត៌មាន ឬអ្នកសារព័ត៌មានហ្នឹងឱ្យគាត់បានផ្សព្វផ្សាយពីបញ្ហាសង្គម ឬបញ្ហាដែលកើតឡើងនៅមូលដ្ឋានឱ្យជូនទៅដល់គាត់ឱ្យបានដឹងទៅ ព្រោះអីកាលណាដែលពលរដ្ឋរួមគ្នាផ្សព្វផ្សាយព័ត៌មានពិត រដ្ឋាភិបាលក៏ទទួលបានព័ត៌មានពិតដែរ»។
លោក សួន វុត្ថា ក៏បានបង្ហាញក្តីបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក ក៏ដូចជាអ្នកសារព័ត៌មានផ្សេងទៀត ប្រសិនបើបញ្ហាបែបនេះនៅតែបន្តកើតឡើង និងមិនមានដំណោះស្រាយ។
អ្នកសារព័ត៌មានពលរដ្ឋមួយរូបទៀតកញ្ញា ប៊ូ សុភា ប្រាប់វីអូអេដែរថា បញ្ហាប្រឈមរបស់កញ្ញាក៏ដូចពលរដ្ឋអ្នកសារព័ត៌មាន ឬអ្នកសារព័ត៌មានវិជ្ជាជីវៈផ្សេងទៀតដែរ គឺតែងទទួលរងការបំភិតបំភ័យ ឬការរារាំងពីសមត្ថកិច្ចអំឡុងពេលចុះទៅថតរូប ឬប្រមូលព័ត៌មានអំពីបទឧក្រិដ្ឋអ្វីមួយ។
កញ្ញាបន្ថែមថា កាលពីថ្មីៗនេះម៉ូតូរបស់កញ្ញាត្រូវបានជនមិនស្គាល់អត្តសញ្ញាណដុតបំផ្លាញចោល អំឡុងពេលធ្វើដំណើរទៅយកព័ត៌មានទាក់ទងនឹងបទល្មើសព្រៃឈើ នៅតំបន់សំរោង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
កញ្ញាថា៖ «បើនិយាយជារួមទៅការដុតម៉ូតូនេះវាអាចនិយាយថាវាជាការគំរាមកំហែងដែរ [...] ទោះជាដុតក្នុងនាមជាអ្នកសារព័ត៌មាន វាក៏ជារូបភាពគំរាមកំហែងនៃឧក្រិដ្ឋកម្មព្រៃឈើហ្នឹងដូចគ្នា»។
កញ្ញាក៏ចង់ឱ្យអ្នកពាក់ព័ន្ធទាំងអស់បង្កើនការការពារអ្នកសារព័ត៌មានទាំងអាជីព និងអ្នកសារព័ត៌មានប្រជាពលរដ្ឋដើម្បីអាចបន្តការងារសម្រាប់ប្រយោជន៍សាធារណៈ។
បើតាមរបាយការណ៍របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា(CCIM) គិតត្រឹមឆ្នាំ២០២៣ ពលរដ្ឋអ្នកសារព័ត៌មានដែលបានឆ្លងកាត់ការបណ្តុះបណ្តាលពី CCIM នៅគ្រប់រាជធានីខេត្តមានចំនួន៤៣១នាក់ ក្នុងនោះ១៥០នាក់ជាស្រ្តី។
អ្នកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ប្រាប់វីអូអេនៅថ្ងៃពុធនេះថា អ្នកសារព័ត៌មានពលរដ្ឋមានតួនាទីសំខាន់ក្នុងការនាំយកព័ត៌មាន ឬបញ្ហាផ្សេងៗនៅតាមសហគមន៍របស់ពួកគេរៀងៗខ្លួន ទៅឱ្យរាជរដ្ឋាភិបាល និងសាធារណជនបានដឹងដើម្បីរកដំណោះស្រាយ។ អ្នកស្រីថា សមត្ថកិច្ចគួរតែចូលរួមសហការ បើកចិត្ត និងកុំរារាំងពួកគេក្នុងពេលចុះទៅយកព័ត៌មាន។
នាយិកាប្រតិបត្តិរូបនេះលើកឡើងថា៖ «សម្រាប់អជ្ញាធរមូលដ្ឋានគាត់គួរតែបើកចិត្តឱ្យបងប្អូនពលរដ្ឋអ្នកសារព័ត៌មានហ្នឹងនៅក្នុងការចុះទៅយកព័ត៌មានដោយសេរីដោយមិនមានការបៀតបៀន មានការយាយីដោយសារនៅក្នុងរដ្ឋធម្មនុញ្ញរបស់យើងក្នុងមាត្រា៤១ ក៏មានចែងដែរ អញ្ចឹងហើយសូមកុំធ្វើការ ធ្វើទុក្ខបុកម្នេញទៅដល់បងប្អូនពលរដ្ឋអ្នកសារព័ត៌មាន»។
អ្នកស្រីបន្ថែមថា មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកំពុងរៀបចំសំណើសុំជួបក្រសួងព័ត៌មានដើម្បីលើកឡើងពីបញ្ហាប្រឈមទាំងអស់ ព្រមទាំងរកដំណោះស្រាយសមស្រប ធ្វើយ៉ាងណាឱ្យអ្នកសារព័ត៌មានមានសេរីភាពលេញលេញក្នុងការចុះប្រមូលព័ត៌មានដោយគ្មានការបៀតបៀន និងភ័យខ្លាចពីសំណាក់អាជ្ញាធរ។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ប្រាប់វីអូអេថា សិទ្ធិសេរីភាពនៃការបញ្ចេញមតិ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា ហើយរដ្ឋាភិបាលតែងតែការពារ និងលើកកម្ពស់សេរីភាពសារព័ត៌មាន។ លោកថា ការបញ្ចេញមតិនានាត្រូវតែស្របទៅតាមច្បាប់។
លោកបញ្ជាក់ថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការសហការគ្នាក្នុងការផ្តល់ព័ត៌មាន ទទួលបាននូវព័ត៌មាន និងរាយការណ៍ព័ត៌មានដោយសុច្ចរិតភាព ដោយភាពស្មោះត្រង់ ដើម្បីលើកកម្ពស់ការទទួលបាន និងការផ្សព្វផ្សាយព័ត៌មាន សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាយើង»។
កម្ពុជាស្ថិតនៅលំដាប់លេខរៀងទី ១៤៧ ក្នុងចំណោមប្រទេសចំនួន ១៨០ ដែលមានន័យថា សេរីភាពសារព័ត៌មាននៅកម្ពុជាបន្តសិ្ថតក្នុងស្ថានភាពអាក្រក់ ដោយសារការកើនឡើងនៃការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលមកលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ នេះបើតាមសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០២៣៕