អ្នកតស៊ូមតិប្រឆាំងនឹងអំពើពុករលួយនៅកម្ពុជា ថ្លែងថា ពលរដ្ឋខ្មែរ មានកាតព្វកិច្ចចូលរួមបោះឆ្នោតជ្រើសរើស បេក្ខជនណា ដែលស្អប់និងប្ដេជ្ញាប្រយុទ្ធប្រឆាំងអំពើពុករលួយ។
Your browser doesn’t support HTML5
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានមានប្រសាសន៍បែបនេះក្នុងកម្មវិធី «Hello VOA» កាលពីថ្ងៃច័ន្ទ ទី១១ ខែឧសភា៖
«ប្រជាពលរដ្ឋយើង ត្រូវតែចូលរួមក្នុងការប្រឆាំង ទប់ស្កាត់ ហើយចូលរួមស្អប់អំពើពុករលួយ។ ចូលរួមសួរនូវសំណួរ នៅពេលដែលយើងសង្ស័យថា មន្ត្រីសាធារណៈប្រព្រឹត្តអំពើពុករលួយ ហើយជាឱកាសមួយនៅពេលបោះឆ្នោត ត្រូវបោះឆ្នោត ដោយមានលក្ខខ័ណ្ឌមួយថា បេក្ខជន ដែលយើងបោះឆ្នោត ជាមនុស្សដែលមានការទទួលខុសត្រូវ មានសុចរិតភាព មានតម្លាភាព ហើយត្រូវតែជាអ្នកស្អប់អំពើពុករលួយ និងប្ដេជ្ញាប្រឆាំងអំពើពុករលួយដាច់ខាត»។
ការថ្លែងបែបនេះ ធ្វើឡើងនៅមុនពេលដែលប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤របស់ខ្លួននៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
គណបក្សនយោបាយចំនួន១២ បានចុះឈ្មោះចូលរួមប្រកួតប្រជែង ដើម្បីដណ្ដើមតំណែងជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន១១៥៧២ នៅទូទាំង១៦៤៦ ឃុំសង្កាត់ក្នុងប្រទេសកម្ពុជា៕